អ្នក​អភិរក្ស​រក​ឃើញ​ពងក្រពើ​ត្រី​៤៨​គ្រាប់​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ខេត្ត​កោះកុង

ដោយ សន ចាន់រដ្ឋា
2019-06-15
RFA

សំបុក​ក្រពើ​ត្រី​ចំនួន​ពីរ ដែល​មាន​ពងក្រពើ​ចំនួន ៤៨​គ្រាប់ នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ខេត្ត​កោះកុង ត្រូវ​បាន​ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល​ជលផល សមាគម​អភិរក្ស​សត្វព្រៃ និង​សហគមន៍​មូលដ្ឋាន ប្រទះឃើញ​។ Photo courtesy of WCS
សំបុក​ក្រពើ​ត្រី​ចំនួន​ពីរ ដែល​មាន​ពងក្រពើ​ចំនួន ៤៨​គ្រាប់ នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ខេត្ត​កោះកុង ត្រូវ​បាន​ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល​ជលផល សមាគម​អភិរក្ស​សត្វព្រៃ និង​សហគមន៍​មូលដ្ឋាន ប្រទះឃើញ​។ Photo courtesy of WCS


ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល​ជលផល សមាគម​អភិរក្ស​សត្វព្រៃ និង​សហគមន៍​មូលដ្ឋាន ប្រទះឃើញ​សំបុក​ក្រពើ​ត្រី​ចំនួន​ពីរ ដែល​មាន​ពងក្រពើ​ចំនួន ៤៨​គ្រាប់ នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ខេត្ត​កោះកុង។ ក្រពើ​ត្រី​នេះ​ជា​ប្រភេទ​សត្វ​ដែល​កំពុង​រង​ការ​គំរាមកំហែង​ជិត​ផុត​ពូជ​។ ក្រុម​អ្នក​អភិរក្ស​សន្និដ្ឋាន​ថា ចំនួន​ក្រពើ​ត្រី​មាន​វ័យ​ជំទង់ នៅ​កម្ពុជា​មាន​ប្រមាណ​ពី ១០០​ក្បាល ទៅ​៣០០​ក្បាល​តែ​ប៉ុណ្ណោះ។

ទីប្រឹក្សា​បច្ចេកទេស​នៃ​សមាគម​អភិរក្ស​សត្វព្រៃ ដែល​បាន​រក​ឃើញ​សំបុក​ក្រពើ​ត្រី លោក សោម ស៊ីថា ថ្លែង​ថា ក្រុម​អ្នក​អភិរក្ស​បាន​រក​ឃើញ​នៅ​ក្នុង​ត្រពាំង​មួយ​កន្លែង នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ខេត្ត​កោះកុង។ លោក​ថា​ទីតាំង​សំបុក​ពង​កូន ដែល​ក្រពើ​ត្រី​បាន​ធ្វើ​ឡើង​មក​នេះ អាច​ប្រឈម​នឹង​ការ​ខូចខាត ឬ​បាត់បង់​ដោយសារតែ​ទឹក​ព្រែក​ជន់​លិច ឬ​ដោយសារតែ​ពលរដ្ឋ​មូលដ្ឋាន ឬ​អ្នកនេសាទ​ប្រមូល​យក​ពង​ទាំងនេះ​ទៅ​បរិភោគ ឬ​លក់។ លោក​ថា ហេតុនេះ​ក្រុម​អ្នក​អភិរក្ស​បាន យក​ពង​កូន​ក្រពើ​ទាំងនេះ​ទៅ​រក្សាទុក នៅ​ក្នុង​សម្បុក​សិប្បនិម្មិត​នៅ​សហគមន៍​របស់​ប្រជាជន៖ «បាទ​! នៅ​ក្នុង​ភូមិ​ហ្នឹង យើង​ប្រើ​សម្ភារៈ​ដែល​មេ​វា​ធ្វើ​សំបុក​ហ្នឹង យក​មក​ធ្វើ​ឱ្យ​ទៅ​ធ្វើ​សិប្បនិម្មិត​នៅ​ក្នុង​ភូមិ ដើម្បី​ចៀសវាង​ទី​មួយ គឺ​ការពារ​កុំ​ឱ្យ​លិច​ទឹក ហើយ​ទី​ពីរ​ទៀត​ក្នុង​ករណី​កុំ​ឱ្យ​ប្រជាជន ឬ​អ្នក​នេសាទ​គាត់​ទៅ​ឃើញ គាត់​ប្រមូល​យក។ នៅ​ពេល​ដែល​ពង​នឹង​ញាស់​ហើយ យើង​នឹង​យក​ទៅ​លែង​ភ្លាមៗ តែម្ដង នៅ​ទីតាំង​ដែល​យើង​រក​ឃើញ​ហ្នឹង»

លោក សោម ស៊ីថា ឱ្យ​ដឹង​បន្ថែម​ថា​ក្រុម​អ្នក​អភិរក្ស​បាន​ប្រទះឃើញ​ពងក្រពើ​ត្រី​នេះ បី​ឆ្នាំ​ជាប់ៗ​គ្នា​ហើយ​។ កាលពី​ឆ្នាំ ២០១៧ ក្រុម​អ្នក​អភិរក្ស​រក​ឃើញ​មួយ​សំបុក ដែល​មាន​ពង​ចំនួន ១៩​គ្រាប់ និង​ឆ្នាំ ២០១៨ រក​ឃើញ​ចំនួន ៣​សំបុក ដែល​មាន​ពង​សរុប​ចំនួន ៧៨​គ្រាប់​។ លោក សោម ស៊ីថា សង្ឃឹម​ថា​ឆ្នាំនេះ ក្រុម​អ្នក​អភិរក្ស​នឹង​ឃើញ​ពងក្រពើ​ត្រី​នេះ​បន្ថែម​ទៀត។

ទោះជា​យ៉ាងណា ពងក្រពើ​ត្រី​ចំនួន ៧៨​គ្រាប់ ដែល​រក​ឃើញ​កាលពី​ឆ្នាំ ២០១៨ មិន​មាន​កូន​មួយ​ណា​បាន​ញាស់​ចេញ​មក​នោះ​ទេ ដោយសារតែ​ពង​ទាំងនេះ​ខូចខាត​ដោយសារ​ទឹក​ជន​លិច។

អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ បាន​បញ្ចូល​ពូជ​ក្រពើ​ត្រី​ទាំងនេះ ទៅ​ក្នុង​បញ្ជី​ក្រហម​របស់​ខ្លួន ក្នុង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ធ្ងន់ធ្ងរ ដោយសារតែ​ចំនួន​របស់​វា​បាន​ថយ​ចុះ​មក​នៅ​ប្រមាណ​មួយ​ពាន់​ក្បាល​ប៉ុណ្ណោះ​នៅ​លើ​សាកលលោក។ មូលហេតុ​ចម្បង​នៃ​ការ​ធ្លាក់​ចុះ​នេះ​ដោយសារតែ ការ​បាញ់​សម្លាប់​ក្រពើ​ត្រី ដើម្បី​យក​ស្បែក​ក្រពើ​ធ្វើ​អាជីវកម្ម។

ដោយឡែក​នៅ​កម្ពុជា​វិញ ពពួក​ក្រពើ​ត្រី​នេះ​រង​ការ​គំរាមកំហែង​ខ្លាំង​ផង​ដែរ​។ ​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​អភិរក្ស​សត្វព្រៃ ចេញផ្សាយ​នៅ​ថ្ងៃទី១៤ ខែ​មិថុនា បញ្ជាក់​ថា​ពូជ​ក្រពើ​ត្រី​កំពុង​រងគ្រោះ​ដោយសារតែ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែល​ជា​ទីជម្រក​ធម្មជាតិ​របស់​វា និង​ការ​ប្រមាញ់​ក្រពើ​ត្រី​វ័យ​ជំទង់​ដោយ​ខុសច្បាប់​។ ដោយឡែក​កាលពី ពីរ​ទសវត្សរ៍​កន្លងទៅ ក៏​ធ្លាប់​មាន​ករណី​ចាប់​យក​កូន​ក្រពើ​ត្រី​ទើប​ញាស់ ទៅ​លក់​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ទាំង​នៅ​កម្ពុជា និង​លក់​ចេញ​ទៅ​ប្រទេស​ថៃ​ផង​ដែរ។

អនុប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល លោក អ៊ិន ហ៊ុល បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ការ​ប្រមូល​ពង និង​កូន​ក្រពើ​ត្រី គឺជា​សកម្មភាព​ខុសច្បាប់។ លោក​ក៏​ស្នើ​ដល់​ពលរដ្ឋ​ដែល​កាប់​ទន្ទ្រានព្រៃ​យក​ដី​ធ្វើ​ស្រែ​ចម្ការ ឱ្យ​ឈប់​សកម្មភាព​កាប់​បំផ្លាញ​ទីជម្រក​របស់​ក្រពើ​ត្រី និង​ឈប់​ប្រមូល​ពង​កូន​របស់​ក្រពើ​ត្រី​តទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles