មន្ត្រី​សិទ្ធិមនុស្ស​ថា បាតុកម្ម​នៅ​ហុងកុង​ជា​គំរូ​នៃ​ការអនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​សង្គម​ប្រជាធិបតេយ្យ

ដោយ មាន ឫទ្ធិ
2019-06-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង
ស្ដាប់ ឬទាញ​យក​បទសម្ភាសន៍​បន្ថែម​ជាមួយ​លោក គឹម សុខ ពី​បញ្ហា​នេះ
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ​ហុងកុង​ប្រឆាំង​នឹង​​ច្បាប់​បត្យាប័ន កាល​ពី​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០១៩។ AFP
សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ​ហុងកុង​ប្រឆាំង​នឹង​​ច្បាប់​បត្យាប័ន កាល​ពី​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០១៩។ AFP


ស្ដាប់ ឬទាញ​យក​សំឡេង

ស្ដាប់​បទសម្ភាសន៍​បន្ថែម​ជាមួយ​លោក គឹម សុខ ពី​បញ្ហា​នេះ

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ អះអាង​ថា បាតុកម្ម​តវ៉ា​នៅ​ហុងកុង គឺជា​គំរូ​នៃ​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។ ពួកគេ​ចង់​ឃើញ​កម្ពុជា​ក្លាយ​ជា​សង្គម​មួយ​ដែល​រដ្ឋាភិបាល​ឱ្យ​តម្លៃ​ដល់​មតិយោបល់​របស់​ប្រជាពលរដ្ឋ ដូចជា​រដ្ឋាភិបាល​ហុងកុង​ដែរ។ ទោះជា​យ៉ាងណា របប​លោក ហ៊ុន សែន ថា បាតុកម្ម ឬ​ការ​តវ៉ា​ណាមួយ អាច​កើតមាន​ទៅ​បាន លុះត្រាតែ​មានការ​អនុវត្ត​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ​ហុងកុង​នៅ​ពេល​នេះ គឺជា​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ដែល​មាន​ចែង​នៅ​ក្នុង​គោលការណ៍​ប្រជាធិបតេយ្យ។ លោក​កោតសរសើរ​ពលរដ្ឋ​ហុងកុង ដែល​ហ៊ាន​ងើប​តវ៉ា​ប្រឆាំង​នឹង​សេចក្ដី​ព្រាងច្បាប់​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ខ្លួន​។ លោក​បន្ត​ថា បាតកុម្ម​នេះ​អាច​ផ្ដល់​មេរៀន​ពីរ​សំខាន់​ដល់​កម្ពុជា គឺ​ទី​មួយ ការ​ចេះ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ក្នុងនាម​ជា​ពលរដ្ឋ​សកម្ម និង​ភាព​អត់ធ្មត់​របស់​អាជ្ញាធរ​ក្នុង​ការ​ទប់ទល់​នឹង​ក្រុម​បាតុករ​។ ម្យ៉ាងវិញទៀត លោក​ថា នេះ​ក៏​ជា​ការ​ដាស់តឿន​ដល់​អ្នកដឹកនាំ​រដ្ឋ​នីមួយៗ ឱ្យ​គិត​ពី​ប្រយោជន៍​ពលរដ្ឋ​ខ្លួនឯង មុននឹង​បង្កើត​ច្បាប់​អ្វីមួយ​ផង​ដែរ៖ «កម្ពុជា​យើង ការ​ធ្វើ​បាតុកម្ម ធ្វើ​អី​កន្លង​មក​នេះ គឺ​អាជ្ញាធរ​តែងតែ​ប្រើប្រាស់​អំពើ​ហិង្សា​ដើម្បី​បង្ក្រាប ដើម្បី​ជា​ការ​ទប់ស្កាត់ រហូតដល់​មានការ​បាត់បង់​ជីវិត​។ អ៊ីចឹង​យើង​មើល​របៀប​នៃ​ការទប់ស្កាត់ របៀប​នៃ​ការអនុវត្ត​ច្បាប់​របស់​ហុងកុង​ហ្នឹង វា​ជា​គំរូ​មួយ​ដែរ ដើម្បី​ឱ្យ​កម្ពុជា​យើង​កាត់បន្ថយ​ហានិភ័យ ឬ​គ្រោះថ្នាក់​ដោយសារ​ការ​បង្ក្រាប​ទៅ​លើ​ការ​ធ្វើ​បាតុកម្ម»

កាល​ពី​ដើម​ខែ​មិថុនា​នេះ ប្រជាពលរដ្ឋ​ហុងកុង​ជាង​មួយ​លាន​នាក់​បាន​ផ្ទុះ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ធ្វើ​បត្យាប័ន ឬ​ការ​បញ្ជូន​ជនសង្ស័យ​ពី​ហុងកុង​ទៅកាន់​ប្រទេស​ចិន ដែល​ស្នើ​ឡើង​ដោយ​ប្រមុខ​ដឹកនាំ​ហុងកុង អ្នកស្រី ការី ឡាំ (Carrie Lam)​។ ពលរដ្ឋ​ហុងកុង​បាន​រិះគន់​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ថា ព្យាយាម​បំពេញ​តាម​បំណង​របស់​រដ្ឋាភិបាល​ចិន​ប៉េកាំង ជាជាង​ការ​ស្ដាប់​កង្វល់​របស់​ពលរដ្ឋ​ខ្លួនឯង​។ ការ​តវ៉ា​នេះ​បាន​ឈាន​ដល់​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កងកម្លាំង​ប្រឆាំង​កុប្បកម្ម បណ្តាល​ឱ្យ​មាន​អ្នករបួស​ជិត​១០០ នាក់ កាលពី​ថ្ងៃ​ទី​១២ មិថុនា​កន្លងទៅ។

ក្រោយ​ហេតុការណ៍​នេះ សភា​ហុងកុង​បានសម្រេច​លើក​ពេល​ពិនិត្យ​សេចក្ដី​ព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​ទៅ​ថ្ងៃក្រោយ​វិញ ហើយ​ស្ថានការណ៍​ហាក់​បាន​ស្ងប់ស្ងាត់​ជាង​មុន​បន្តិច ក៏ប៉ុន្តែ​ក្រុម​បាតុករ​បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការ​ផ្ទុះ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី​ទៀត ប្រសិនបើ​ថ្នាក់ដឹកនាំ​ហុងកុង​នៅតែ​ចិញ្ចឹម​ចិត្ត​លើក​យក​សេចក្ដី​ព្រាងច្បាប់​នេះ​ទៅ​ពិភាក្សា​តទៅ​ទៀត​នោះ​។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ថ្លែងថា លោក​មិន​ចាប់អារម្មណ៍ ហើយក៏​មិន​វាយតម្លៃ​ចំពោះ​បាតុកម្ម​តវ៉ា​នេះ​ដែរ ព្រោះ​មិន​ស្ថិត​ក្នុង​រង្វង់​អធិបតេយ្យ​របស់​កម្ពុជា​។ លោក​បន្ថែម​ថា ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​ចង់​ធ្វើបាតុកម្ម ចាំបាច់​ត្រូវតែ​សុំ​ការអនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​ដែនដី​ជា​មុន​សិន ជាពិសេស​គឺ​ត្រូវតែ​អនុវត្ត​តាម​ច្បាប់​ស្ដីពី​បាត​កម្ម៖ «ខ្ញុំ​អត់​បាន​ចាប់អារម្មណ៍​នឹង​ការងារ​នៅ​ក្រៅ​ប្រទេស​ខ្មែរ​ផង ពីព្រោះ​មិន​ចង់​វាយតម្លៃ​ទៅលើ​កិច្ច​ការងារ​អ្នកដទៃ​ទៀត​ទេ​។ យើង​ប្រកាន់​ជំហរ​មិន​ជ្រៀតជ្រែក»

អាជ្ញាធរ​របប​លោក ហ៊ុន សែន ធ្លាប់​មាន​ប្រវត្តិ​បង្ក្រាប​បាតុកម្ម​ដោយ​ប្រើ​អំពើ​ហិង្សា និង​អាវុធ​ពិត ដែល​បណ្ដាល​ឱ្យ​បាតុករ​ជាច្រើន​នាក់ បាត់បង់​ជីវិត និង​រង​របួស​ធ្ងន់​-​ស្រាល​។ ករណី​ទាំងនោះ​មាន​ជាអាទិ៍ ការ​បង្ក្រាប​បាតុកម្ម​ទាមទារ​ឱ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី​ឆ្នាំ​១៩៩៧ ការ​បាញ់​បង្ក្រាប​ក្រុម​កម្មករ​ដែល​តវ៉ា​ដំឡើង​ប្រាក់ខែ និង​ការ​បង្ក្រាប​ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ដើម​ឆ្នាំ​២០១៤ ជាដើម​។ មក​ដល់​ពេល​នេះ អាជ្ញាធរ​របប​ក្រុងភ្នំពេញ​លែង​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ ឬ​ការ​ដង្ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​ណាមួយ​នៅ​រាជធានី​ភ្នំពេញ​ទៀតហើយ បើ​ទោះ​បី​ជា​អ្នក​រៀបចំ​កម្មវិធី​នោះ គឺជា​ក្រុម​ឯករាជ្យ​មិន​ពាក់ព័ន្ធ​គណបក្ស​នយោបាយ ដូចជា អង្គការ សមាគម សហជីព ឬ​ប្រជាពលរដ្ឋ​ក៏ដោយ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែង​ថា ចំណាត់​ការ​របៀប​នេះ គឺជា​ការអនុវត្ត​ផ្ទុយ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ និង​ច្បាប់​របស់​កម្ពុជា​។ លោក​បន្ត​ថា អាជ្ញាធរ​កម្ពុជា​គួរតែ​បើក​សិទ្ធិ​សេរីភាព​ឱ្យ​បាន​ទូលំទូលាយ​ដល់​ការ​ជួបប្រជុំ និង​ការ​តវ៉ា​ផ្សេងៗ​របស់​ពលរដ្ឋ ដូច​ករណី​អាជ្ញាធរ​ហុងកុង​នេះ​ដែរ៖ «កាលណា​គេ​សម្ដែង​មតិ​ហើយ គេ​មាន​គោលការណ៍ គេ​មានការ​ស្នើសុំ គេ​មាន​អនុសាសន៍​ផ្សេងៗ គេ​ប្រគល់​អាហ្នឹង​ទៅ​ឱ្យ​អាជ្ញាធរ ឬក៏​ភាគី​ពាក់ព័ន្ធ​ហ្នឹង ហើយ​យើង​យក​អាហ្នឹង​ទៅ​។ អាជ្ញាធរ​ធ្វើការ​ការពារ​ទៅ ធ្វើការ​សម្រួល​ឱ្យ​គាត់​ទៅ អាហ្នឹង​វាចប់​ការងារ​ទាំងអស់​ហ្នឹងហើយ​។ ពេល​ដែល​គេ​បើក​ឱ្យ​មាន​ការ​ជជែក ការ​តវ៉ា​អី​ហ្នឹង វា​ជា​ចំណុច​ល្អ​ក្នុង​ការ​សម្ដែង​មតិ​ដោយ​សន្តិវិធី ហើយ​យើង​ទម្លាប់​ក្នុង​ការ​អនុវត្ត​ទាំងអស់​គ្នា​ទៅ កិច្ច​ការងារ​ហ្នឹង​វា​បាន​ប្រសើរ​តទៅ​មុខ​ទៀតហើយ»

ដែនដី​ហុងកុង ទើបតែ​ត្រូវ​បាន​ចក្រភព​អង់គ្លេស​ប្រគល់​ឱ្យ​ប្រទេស​ចិន​វិញ កាលពី​ឆ្នាំ​១៩៩៧ កន្លង​ទៅ​នេះ​ប៉ុណ្ណោះ បន្ទាប់ពី​បាន​កាប់​កាប់​អស់​រយៈពេល​១៥៦ ឆ្នាំ។ ក៏ប៉ុន្តែ​តំបន់​ដែន​កោះ​មួយ​នេះ នៅ​ស្ថិត​ក្រោម​លក្ខន្តិកៈ​ជា​តំបន់​រដ្ឋបាល​ពិសេស​នៅឡើយ ពោល​គឺ​មាន​សភា រដ្ឋាភិបាល និង​តុលាការ ក្នុង​ទម្រង់​ជា​ប្រជាធិបតេយ្យ ដាច់​ចេញ​ពី​អំណាច​កណ្ដាល​នៅ​ប៉េកាំង​។ រដ្ឋាភិបាល​ចិន​ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ​២០៤៧ ខាងមុខ ទើប អាច​គ្រប់គ្រង​តំបន់​ស្វយ័ត​នេះ​បាន​ពេញដៃ។

ទោះជា​យ៉ាងណា ជាច្រើន​ឆ្នាំ​មកនេះ ក្រុង​ប៉េកាំង​មិនបាន​បណ្ដោយ​ឱ្យ​ហុងកុង​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត​នោះ​ទេ ដោយ​ពួកគេ​បាន​បញ្ជ្រាប​ឥទ្ធិពល​នយោបាយ និង​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​លើ​តំបន់​នេះ​។ បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ហុងកុង ជាពិសេស​យុវជន តែងតែ​ក្រោក​តវ៉ា​ជា​ញឹកញាប់​ដើម្បី​ប្រឆាំង​នឹង​មហិច្ឆតា​របស់​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន ពីព្រោះ​ពួកគេ​មិន​ចង់​ឱ្យ​ហុងកុង​ក្លាយ​ជា​អាណាខេត្ត​របស់​ចិន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles