លោក ស ខេង បន្ទរ​តាម​លោក ហ៊ុន សែន ថា កម្ពុជា​នៅ​តែ​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក

ដោយ យន់ សាមៀន
2019-06-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។ RFA
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។ RFA


នាយករដ្ឋមន្ត្រី​ស្ដីទី​បន្ទរ​សំដី​លោក ហ៊ុន សែន ថា កម្ពុជា​នៅតែ​ចង់​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ដទៃ​ទៀត ដោយ​មិនបាន​ចាត់​ទុក​ប្រទេស​ណាមួយ​ជា​សត្រូវ​នឹង​ខ្លួន​ឡើយ។ ចំណែក អ្នកវិភាគ​យល់​ថា ប្រសិនបើ​កម្ពុជា​ពិត​ជា​មាន​ឆន្ទៈ​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​លោក​សេរី​តទៅ​ទៀត កម្ពុជា​គប្បី​គិតគូរ​ពី​បញ្ហា​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លើកឡើង​ថា កម្ពុជា​ចង់​រក្សា​ឱ្យ​បាន​សុខ​សន្តិភាព​នៅ​ក្នុង​ប្រទេស និង​ជា​មិត្ត​ល្អជា​មួយ​ប្រទេស​ក្នុង​តំបន់ និង​សកលលោក ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ទៅ​ខាង​ណាមួយ​នោះ​ទេ​៖ «យើង​យល់ថា​សម្រេច​អ៊ីចឹង វា​មាន​ផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ​។ យើង​តាម​ផ្លូវ​នេះ វា​មាន​ផលប្រយោជន៍​សម្រាប់​ប្រទេស ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​ថា ហ៊ឹះ អ្នកឯង​ធ្វើ​ហ្នឹង​ខុស​ហើយ អ្នកឯង​ធ្វើ​ហ្នឹង​មិន​ត្រូវ​ទេ​។ ដូច​សព្វថ្ងៃ​នេះ មាន​អ្នកចោទ ងាក​ទៅ​នេះ​ពេក ងាក​ទោ​នោះ​ពេក​។ ហ្នឹង​! វា​ទាក់ទង​នឹង​អធិបតេយ្យ​។ កម្ពុជា​ប្រកាន់យក​នយោបាយ​ចង់​សម្ព័ន្ធ​មេត្រីភាព ជាមួយ​បណ្ដា​ប្រទេស​ទាំងអស់​ក្នុង​សកលលោក​។ អាហ្នឹង​ជា​រួម អ៊ីចឹង​។ ជាមួយ​សហរដ្ឋអាមេរិក ក៏​យើង​ត្រូវតែ​កសាង ពង្រឹង​ពង្រីក​ទំនាក់ទំនង កុំ​និយាយ​ពី​អតីតកាល ព្រោះ​ប្រទេស​ទាំងអស់​នៅ​លើ​សកលលោក បើ​រំឭក​អី​អតីតកាល​ធ្វើ​អ្វី​មិនកើត​ទេ»

ការ​លើកឡើង​នេះ ក្រោយ​ពេល​ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយ​នឹង​សហរដ្ឋអាមេរិក មាន​ភាព​ល្អក់​កករ​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់ពី​របប​ក្រុងភ្នំពេញ​បង្ហាញ​ជំហរ​លម្អៀង​ខ្លាំង​ទៅ​រក​ប្រទេស​ចិន និង​ចោទ​សហរដ្ឋអាមេរិក​គឺជា​អ្នកគាំទ្រ​ចលនា​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ ឬ​ដែល​របប​នេះ​ហៅថា ជា​ផែនការ​បដិវត្តន៍​ពណ៌។ រដ្ឋាភិបាល​បាន​យក​លេស​នេះ ហើយ​ដើម្បី​រំលាយ​បក្ស​ប្រឆាំង និង​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា មក​ទល់​សព្វថ្ងៃ​នេះ​។

ថ្វីត្បិតតែ​របប​ក្រុងភ្នំពេញ បង្ហាញ​ឆន្ទៈ​ចង់​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​លោក​ខាងលិច​យ៉ាង​នេះ​ក៏ដោយ ប៉ុន្តែ​លោក ស ខេង បញ្ជាក់​ថា កម្ពុជា​នៅតែ​ប្រកាន់​គោលការណ៍​មិន​ឱ្យ​ប្រទេស​ដទៃ​ចូល​មក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​បាន​ឡើយ។

អ្នកវិភាគ​បញ្ហា​សង្គម​និង​នយោបាយ បណ្ឌិត មាស នី ពន្យល់​ថា ការ​មិន​ឱ្យ​ប្រទេស​ដទៃ​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​កម្ពុជា អាច​ធ្វើ​ទៅ​បាន ត្រឹម​គោលការណ៍​អាស៊ាន ប៉ុន្តែ​ក្នុង​សកលលោក នៅតែ​ឃើញ​មាន​ប្រទេស​មហាអំណាច នៅតែ​អាច​ធ្វើ​រឿង​នេះ​បាន​។ លោក មាស នី លើកឡើង​ថា កម្ពុជា​មិន​អាច​បាត់បង់​ប្រទេស​មហាអំណាច​ណាមួយ​បានទេ ហើយក៏​មិន​ត្រូវ​លំអៀង​ទៅ​ខាង​ណាមួយ​ខ្លាំង​ពេក​នោះ​ដែរ ពីព្រោះ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់ មិន​អំណោយផល​ដល់​កម្ពុជា​។ លោក មាស នី បន្ត​ថា ប្រសិនបើ​កម្ពុជា ងាក​ទៅ​ប្រទេស​មហាអំណាច​ណាមួយ នោះ​ទំនងជា​មិន​គេច​ផុត​ពី​ដាន​ប្រវត្តិសាស្ត្រ​នោះ​ទេ​៖ «ខ្ញុំ​គិត​ថា​សម្រេច​មហាអំណាច គឺ​តែងតែ​មាន​ការ​ជួយ​ដាល់​តឿន​គ្នា​ទៅវិញទៅមក​។ ហើយ​ប្រទេស​ក្នុង​ពិភពលោក​បច្ចុប្បន្ន កាលណា​និយាយ​អំពី​មិត្តភ័ក្ដិ មិត្តភាព គឺ​ត្រូវតែ​មានការ​រំឭក​ដាក់គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​មិត្តភាព​ដែល​ល្អ តែ​បើ​គ្រួសារ​មួយ​ហ្នឹង​វាយ​កូន​វាយ​ចៅ ហើយ​មិន​ឱ្យ​គ្រួសារ​ទៀត​ចូល​មក​លូកដៃ វា​នឹង​អាច​ធ្វើ​ឱ្យ​ការ​មើល​ឃើញ​កេរ្តិ៍ឈ្មោះ​របស់​គ្រួសារ​ហ្នឹង ក៏​មិន​ជា​ល្អ​ប៉ុន្មាន​ដែរ​។ នេះ​បើ​យើង​និយាយ​ឱ្យ​វា​ងាយ​យល់​អ៊ីចឹង​ណា៎»

រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្លាប់​បាន​បង្ហាញ​បំណង​ចង់​ស្ដារ​ទំនាក់ទំនង​នឹង​សហរដ្ឋអាមេរិក​ឡើងវិញ កាល​ពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​រដ្ឋាភិបាល​នេះ មិន​ទាន់​បាន​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​បាន​ពេញលេញ​នៅឡើយ​ទេ។

កាលពី​ចុងខែ​ឧសភា កន្លងមក មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​ពឹង​ប្រទេស​ជប៉ុន​ឱ្យ​ជួយ​និយាយ​ប្រាប់​សហរដ្ឋអាមេរិក​ថា របប​របស់​លោក​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ការ​វាយ​តម្លៃ​ថា កម្ពុជា​បោះបង់ចោល​សហរដ្ឋអាមេរិក ហើយ​ងាក​ទៅ​ចាប់​យក​ប្រទេស​ចិន​នោះ គឺជា​រឿង​ខុស​ទាំងស្រុង​។ លោក​បញ្ជាក់​ថា កម្ពុជា​នៅតែ​ចង់​ធ្វើជា​មិត្ត​ល្អ​របស់​អាមេរិក​ជានិច្ច ក៏ប៉ុន្តែ​លោក​ថា មិត្ត​ភាព​ល្អ​នេះ​ក៏​ត្រូវ​រក្សា​បាន​នូវ​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ​ផង​ដែរ។

លោក​បណ្ឌិត មាស នី យល់ថា រដ្ឋាភិបាល​កម្ពុជា គួរ​ងាក​មក​រក​ការ​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ទៅតាម​ការ​ចង់​បាន​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ពេលនោះ​ទំនាក់ទំនង​កម្ពុជា​ជាមួយ​បណ្ដា​ប្រទេស​លោក​សេរី នឹង​វិល​មក​រក​ភាព​ល្អ​ប្រសើរ​ឡើងវិញ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles