សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​កំពង់ធំ​បន្ត​នាំគ្នា​ហូប​នំ​បញ្ចុក​ទោះ​បក្ស​កាន់អំណាច​ផ្អាក​សកម្មភាព​នេះ

ដោយ ថន ថារ៉ូ
2019-06-15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​សកម្មជន និង​មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅស្រុក​ស្ទោង ​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​២០១៩។ រូប​ហ្វេសប៊ុក លោក ថៃ ធីម
ក្រុម​សកម្មជន និង​មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅស្រុក​ស្ទោង ​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​២០១៩។ រូប​ហ្វេសប៊ុក លោក ថៃ ធីម


ក្រុម​សកម្មជន និង​មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ធំ បន្ត​ជួបជុំគ្នា​ហូប​នំ​បញ្ចុក ខណៈ​មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ និង​គណបក្ស​កាន់អំណាច មិន​បាន​ធ្វើ​នំ​បញ្ចុក ហើយ​កោះហៅ​ពលរដ្ឋ​មក​ហូប​ទៀត​ទេ។

សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខេត្ត​កំពង់ធំ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ថៃ ធីម ប្រាប់​ថា ការហូប​នំ​បញ្ចុក នៅ​ព្រឹក ថ្ងៃទី១៥ មិថុនា មិន​រង​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ ឬ​សមត្ថកិច្ច​ដូច​លើក​មុន​ទេ។ ដូច្នេះ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ មិន​មាន​អារម្មណ៍​ភ័យខ្លាច​ទេ​។ លោក ថា សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​កំពង់ធំ បាន​សម្រេច​គ្នា​ហើយ​ថា នឹង​រ៉ៃ​អង្គាស​លុយ​គ្នា ទិញ​នំ​បញ្ចុក​ហូប​រាល់​ចុង​សប្ដាហ៍ និង​ថ្ងៃ​ឈប់សម្រាក ដើម្បី​ពង្រឹង​ជំហរ នៅតែ​ស្រលាញ់​ស្មោះស្ម័គ្រ នឹង​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ថា នៅ​ថ្ងៃអាទិត្យ ទី​១៦ មិថុនា ក្រុម​សកម្មជន​គណបក្សប្រឆាំង នឹង​រៀបចំ ហូប​នំ​បញ្ចុក នៅ​ស្រុក​ស្ទោង៖ «មិន​មានការ​ស្លៀកពាក់​ស៊ីវិល ឬ​សមត្ថកិច្ច ចូល​មើល​ទេ ពី​ព្រឹក​មិញ គឺ​ដំណើរ​ការ​ធម្មតា មាន​តែ​អតីត​សកម្មជន និង សកម្ម​នារី គណបក្ស​សង្គ្រោះ​ជាតិ​មកពី​តាម​បណ្ដា​ឃុំ​នៃ​ស្រុក​កំពង់ស្វាយ តែ​ប៉ុណ្ណឹង​។ យើង​រៀបចំ ជា​លក្ខណៈ​ការប្រជុំ ហូប​នំ​បញ្ចុក​រវាង​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ធ្វើ​សង្ឃទាន​ទេ គឺ​ធ្វើជា​លក្ខណៈ​ជួប​អតីត​សមាជិក​តែម្ដង»

ចំណែក មន្ត្រី​ជាន់ខ្ពស់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា វិញ នៅ​សប្ដាហ៍​នេះ មិនបាន​ទៅ​ធ្វើ​ពិធី​ហូប​នំ​បញ្ចុក តាម​មូលដ្ឋាន​ទៀត​ទេ​។ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន បាន​ទេ​។ តែ​យ៉ាងណា ប្រព័ន្ធ​ឃោសនា​ក្នុងស្រុក​មួយ​ចំនួន ដែល​មាន​និន្នាការ​គាំទ្រ ឬ ស្និទ្ធ​របប​ក្រុងភ្នំពេញ និង​គេហទំព័រ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា មិនបាន​ចុះផ្សាយ​សកម្មភាព​មន្ត្រី​បក្ស​កាន់អំណាច នាំ​ពលរដ្ឋ ហូប​នំ​បញ្ចុក​ទេ នៅ​ថ្ងៃ​ទី​១៥ មិថុនា។

លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុងភ្នំពេញ បាន​ប្រកាស​ថា ការ​ហូប​នំ​បញ្ចុក​ទូទាំង​ប្រទេស ជា​ការ​សាមគ្គី​ជាតិ​។ វា​កើត​ចេញ​ដោយសារ គណបក្សប្រឆាំង ប្រើ​កម្មវិធី​ហូប​នំ​បញ្ចុក​ជា​កម្មវិធី​នយោបាយ​«​ច្រេះ​ស៊ី​ដែក » និង​គ្មាន​ប្រសិទ្ធភាព ឬ​សមត្ថភាព​ប្រឆាំង​របប​លោក​បាន​ឡើយ។

ប៉ុន្តែ អនុប្រធាន​គណបក្ស​កាន់អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃទី​១១ មិថុនា អះអាង ថា សមត្ថកិច្ច​រក​ឃើញ​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ខ្លះ យកឈ្មោះ​ថា នំ​បញ្ចុក ប៉ុន្តែ​ធាតុ​ពិត គឺជា​ការ​ប្រជុំ​គ្នា ជជែក​រឿង​នយោបាយ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​អះអាង​ថា បើ​ប្រជុំ​រឿង​នយោបាយ ដើម្បី​ត្រៀមខ្លួន​បោះឆ្នោត​ឆ្នាំ ២០២២ ឬ ឆ្នាំ ២០២៣ មិនមែន​ជា​បញ្ហា​ទេ ហើយ​ជា​រឿង​ល្អ​ទៀត ព្រោះ​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ​ការ​ហូប​នំ​បញ្ចុក ប្រជុំ​គ្នា ដើម្បី​ប្រមូល​គ្នា ចាត់តាំង​គ្នា មក​ធ្វើ​បដិវត្តន៍​ពណ៌ ផ្ដួល​រំលំ​រដ្ឋាភិបាល គឺ​ខុស។ លោក​ថា ក្រុម​ខ្លះ ជ្រក​ក្រោម​ស្លាក​នំ​បញ្ចុក ប៉ុន្តែ​ពួកគេ គ្មាន​នំ​បញ្ចុក​ទេ ពួកគេ​ហូប​បាយ ឬ​បបរ។

តាំងពី​មន្ត្រី​បក្ស​ប្រឆាំង​ប្រមូលផ្ដុំ​គ្នា​ហូប​នំ​បញ្ចុក​មក របប​ក្រុងភ្នំពេញ បាន​ធ្វើ​ទុក្ខបុកម្នេញ​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជិត​១៥០ (១៤៩)​នាក់​ហើយ នៅ​ទូទាំង​ប្រទេស ដោយ​អ្នកខ្លះ ត្រូវ​បាន​តុលាការ​កោះហៅ និង​ខ្លះ​ទៀត ត្រូវ​បាន​សមត្ថកិច្ច កោះហៅ​ទៅ​សួរនាំ និង​ឱ្យ​ធ្វើ​កិច្ចសន្យា ឈប់​ជួបជុំគ្នា ហូប​នំ​បញ្ចុក ជជែក​រឿង​នយោបាយ។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​កំពង់ធំ លោក ខន សុជា អះអាង​ថា ពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​ជួប​ប្រជុំ​គ្នា ជជែក​រឿង​នយោបាយ ហើយ​ពួកគេ មាន​សិទ្ធិ សេរីភាព ក្នុង​ការ​គាំទ្រ​គោល​នយោបាយ។ លោក​ថា បើ​ទោះ ក្រុម​សកម្មជន​បក្ស​ប្រឆាំង ឬ​ពលរដ្ឋ​ទៅ​ទៅ ហូប​នំ​បញ្ចុក​ជជែក​រឿង​នយោបាយ ក៏​គ្មាន​ច្បាប់​ណា ហាមឃាត់​សិទ្ធិ​របស់​ពួកគេ​ដែរ​។ លោក​ថា ការ​ហាម​ឃាត់​សិទ្ធិ​សេរីភាព​ពួកគេ ទើប​ជា​រឿង​ខុស​ច្បាស់៖ «អ្នកណា ក៏​ជជែក​រឿង​នយោបាយ​ដែរ យើង​ដើរ​តែ​វាយតម្លៃ​អ្នកនេះ​ត្រូវ​ច្បាប់ អ្នកនោះ ខុសច្បាប់ ដោយសារតែ​និយាយ​រឿង​នយោបាយ ខ្ញុំ​គិត​ថា មិន​តិច​ជាង​ពាក់កណ្ដាល​ប្រទេស​ទេ ហូប​នំ​បញ្ចុក​និយាយ​នយោបាយ។ ប៉ុន្តែ​សូម​បញ្ជាក់​ថា គាត់​និយាយ​រឿង​នយោបាយ គាំទ្រ​ហ្នឹង គាត់​បាន​ទៅ​ធ្វើ​សកម្មភាព​ឱ្យ​ខុសច្បាប់​ឬ​នៅ​? បើ​ត្រឹមតែ​ថា និយាយ​ក្នុង​ចិត្ត​របស់​គាត់ ថា គាត់​គាំទ្រ​គណបក្ស​នេះ គាំទ្រ​បុគ្គល​នេះ ខ្ញុំ​គិត​ថា ជា​សិទ្ធិ​របស់​គាត់​។ បើ​ឈាន​ដល់​ខុសច្បាប់​ទាល់​តែ​មាន​សកម្មភាព​ស្ដែង​ចេញពី​ពាក្យសម្ដី​នោះ​វិញ»

សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខេត្ត​កំពង់ធំ លោក ថៃ ធីម ប្រាប់​ថា ក្រុម​សកម្មជន​បក្ស​ប្រឆាំង នឹង​តែ​បន្ត​ជួបជុំគ្នា​ហូប​នំ​បញ្ចុក និង​មិន​បញ្ឈប់​សកម្មភាព​នេះ​ទេ បើ​ទោះ​ពួកគេ​រង​គំរាម​ធ្ងន់ធ្ងរ​បែប​ណា ក៏ដោយ ព្រោះ ពួកគេ​មិនបាន​ធ្វើអំពើ​ល្មើសច្បាប់ ឬ​រៀបចំ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល ដូច​ការ​ចោទប្រកាន់​ឡើយ​។ លោក​ផ្ដាំ​ទៅ​អាជ្ញាធរ​ថា ការ​ប្រមូល​គ្នា ហូប​នំ​បញ្ចុក ដោយសារ​ក្ដី នឹករលឹក គ្មាន​បាន​រៀបចំ​ផែនការ​អ្វី ទៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles