សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ទៀត​នៅ​ព្រះវិហារ​ត្រូវ​បាន​ចាប់​ខ្លួន​​ក្រោម​ចោទ​ថា ទន្ទ្រាន​ដី​ព្រៃ

ដោយ ហេង រស្មី
2019-06-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ស្រុក​វាលវែង ខេត្ត​ព្រះវិហារ លោក ប្រាក់ រិ​ន។ Print Screen
សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ស្រុក​វាលវែង ខេត្ត​ព្រះវិហារ លោក ប្រាក់ រិ​ន។ Print Screen


សមត្ថកិច្ច​ខេត្ត​ព្រះវិហារ​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ស្រុក​វាលវែង ម្នាក់​គឺ លោក ប្រាក់ រិ​ន នៅ​ព្រឹក​ថ្ងៃទី​១៦ ​មិថុនា ដោយ​ចោទប្រកាន់​ទន្ទ្រាន​ដី​ព្រៃ​នៅ​ខេត្ត​ពោធិ៍សាត់​ដោយ​ខុសច្បាប់។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា ការ​ចាប់​ខ្លួន​នេះ​គឺជា​រឿង​នយោបាយ។

កូនប្រសា​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ឃុំ​ប្រមោយ លោក យ៉ឹង ម៉ៅ ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​១៦ មិថុនា ថា មន្ត្រី​ប៉ូលិស​ស្រុក​គូលែន ខេត្ត​ព្រះវិហារ​បាន​ចាប់​ឪពុក​ក្មេក​របស់​លោក​ប្រហែល​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៦ មិថុនា ហើយ​មកទល់​ម៉ោង​ផ្សាយ​នេះ​មិន​ដឹង​បញ្ជូន​ទៅ​ទីកន្លែង​ណា​នោះ​ទេ​។​លោក​បន្ត​ថា លោក ប្រាក់ រិន បាន​ទូរស័ព្ទ​ប្រាប់​លោក​ភ្លាមៗ បន្ទាប់ពី​ចាប់ខ្លួន​ថា កុំ​ឱ្យ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​លោក​អី ព្រោះ​ប៉ូលិស​នឹង​បញ្ជូន​​ឪពុក​របស់​លោក​ទៅ​ដោះស្រាយ​នៅ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ៖ «គាត់​នៅតែ​ផ្ទះ​មើល​ក្របី​មិនដែល​បាន​ទៅ​កាប់​ព្រៃឈើ​យក​ដី​បាន​មួយ​ដុំ​ទេ គាត់​នៅ​ទីនេះ​ប្រហែល​២០​ឆ្នាំ​ហើយ អ្នកណា​ក៏​គេ​ស្គាល់​គាត់​ដែរ គាត់​មានតែ​ជួយ​គេ។ ខ្ញុំ​សោកស្ដាយ​ណាស់​ព្រោះ​គាត់​ជា​មនុស្ស​ស្លូតត្រង់​មិន​បាន​ធ្វើ​អី​ខុសច្បាប់ ហើយ​គាត់​ជា​មនុស្ស​ចាស់ ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត ដូច្នេះ​សូម​ជួយ​ដោះលែង​ឪពុក​ខ្ញុំ​ឱ្យ​មាន​សេរីភាព​វិញ​ផង ព្រោះ​បើ​គ្រួសារ​គាត់​បើ​អត់​ពី​ឪពុកក្មេក​ខ្ញុំ​ទេ គ្មាន​អ្នកណា​រក​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ទេ»

អាស៊ីសេរី​ពុំ​ទាន់​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី​១៦ មិថុនា។

ចំណែក​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​លោក ហេង ដូននី ក៏​មិន​អាច​ទាក់ទង​ដើម្បី​អត្ថាធិប្បាយ​បាន​ដែរ ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ​អធិការ​នគរបាល​ស្រុក​វាលវែង លោក ធាង ឡេង ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា សមត្ថកិច្ច​មាន​ដីកា​ពី​តុលាការ​នាំ​ខ្លួន​សកម្មជន​រូប​នេះ​ទៅ​សាកសួរ អំពី​ការទន្ទ្រាន​ដី​ព្រៃ​សហគមន៍​នៅ​ឃុំ​ប្រម៉ោយ​ដោយ​ខុស​ច្បាប់។

មន្ត្រី​ស៊ើបអង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​ពោធិ៍សាត់ លោក កែម គីមស្រ៊ន់ ចាត់​ទុក​ការ​ចាប់ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ ព្រោះ​លោក​មិន​ធ្លាប់​ទទួល​ដំណឹង​ករណី​សកម្មជន​គណបក្ស​ប្រឆាំង​ស្រុក​វាលវែង ទៅ​ទន្ទ្រានព្រៃ​សហគមន៍​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នោះ​ទេ។ លោក​បន្ត​ថា ករណី​នេះ​ជា​ការ​គំរាមកំហែង​ដល់​សកម្មជន​គណបក្ស​ប្រឆាំង​ធ្វើ​ឱ្យ​ភ័យខ្លាច​ច្រើនជាង ដើម្បី​កុំ​ឱ្យ​ពួកគេ​គាំទ្រ​លោក សម រង្ស៊ី បន្ត​ទៀត។ ទោះជា​យ៉ាងណា​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ យល់ថា ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​សកម្មជន​បក្ស​ប្រឆាំង​នេះ អាច​ដោយសារ​កាលពី​ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក ហ៊ុន សែន បាន​ព្រមាន​ម្ដង​រួច​មក​ហើយ ដោយ​ឱ្យ​សមត្ថកិច្ច​តាម​ឃ្លាំមើល​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក​វាលវែង ដែល​បាន​ដើរ​ធ្វើ​សកម្មភាព​នយោបាយ​នៅ​តាម​ព្រំដែន​នោះ៖ «បើ​មើល​ទៅ​ការចោទប្រកាន់​រឿង​ព្រៃ​នេះ​វា​មិន​សម​ទេ ព្រោះ​បើ​ចោទប្រកាន់​មិនមែន​តែ​ពួកគាត់​ទេ បើ​ចោទ​កាប់​ព្រៃ​គឺ ក្នុងស្រុក​វាលវែង​ប៉ះ​ទាំងអស់​គ្នា ដោយសារ​តែ​ព្រៃ​តំបន់​នោះ​គឺ​គ្រួសារ​ពលរដ្ឋ​ផ្សេង​គាត់​ចូលកាន់​កាប់​គ្រប់គ្នា ប៉ុន្តែ​ហេតុ​អី​បាន​គេ​ចោទ​តែ​ពួកគាត់​ទៅវិញ។ យើង​ព្រួយបារម្ភ​ខ្លាំង​ជាងគេ​គឺ​សុវត្ថិភាព​របស់​គាត់​នៅ​ពេល​ដែល​អាជ្ញាធរ​ចាប់​ទៅ​ខ្លាច​ខាង​អាជ្ញាធរ​គាត់​ធ្វើ​ទារុណកម្ម​ណាមួយ​ទៅ​លើ​ពួកគេ»

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ នៅ​ខេត្ត​ពោធិ៍សាត់​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤​នាក់​ហើយ ដែល​សមត្ថកិច្ច​ចាប់ខ្លួន រួមមាន​លោក ចាន់ សុផល លោក ទូន សំអាត លោក ណែម ណាត និង​លោក ប្រាក់ រិម ជំទប់​ទី​២​ឃុំ​ប្រម៉ោយ​ជាប់ឆ្នោត ក្នុង​នោះ​៣​នាក់​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់។ លោក ប្រាក់ រិម រត់​គេចខ្លួន​បន្ទាប់​ប៉ូលិស​ខេត្ត​ពោធិ៍សាត់​ជាច្រើន​នាក់​ទៅ​ឡោមព័ទ្ធ​ផ្ទះ​កាលពី​ថ្ងៃ​ទី​២៨ ឧសភា ខណៈ​សកម្មជន​គណបក្ស​ប្រឆាំង​ស្រុក​វាលវែង​ចំនួន​៦​នាក់​ទៀត កំពុង​រត់​គេចខ្លួន​នៅ​ទី​សុវត្ថិភាព​មិន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles