តុលាការ​សម្រេច​ឃុំខ្លួន​ម្ចាស់​ក្លឹប​កម្សាន្ត លុច្សសារី នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ)

ដោយ សុ ជីវី
2019-06-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្លឹប​កម្សាន្ត​លុច្សសារី។ Screenshot
ក្លឹប​កម្សាន្ត​លុច្សសារី។ Screenshot


តុលាការ​សម្រេច​ឃុំខ្លួន​ម្ចាស់​ក្លឹប​កម្សាន្ត​លុច្ស​សារី (Luxurious) នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៦ ខែ​មិថុនា​ ក្រោម​បទចោទប្រកាន់​ជួញដូរ​ចាត់ចែង​ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារជាតិ​ញៀន។ មន្ត្រី​សង្គម​ស៊ីវិល​ស្វាគមន៍​និង​ស្នើសុំ​ឱ្យ​អាជ្ញាធរ​បន្ត​បង្ក្រាប​គ្រឿងញៀន​តាម​ក្លឹប​កម្សាន្ត​និង​ចាប់​មេខ្លោង​ចែកចាយ​គ្រឿង​ញៀន​ធំៗ មក​ផ្ដន្ទាទោស​ឱ្យ​បាន​តឹងរ៉ឹង​ទៀត​ទើប​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក កូយ សៅ​ បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​ម្ចាស់​ក្លឹប​កម្សាន្ត​លុច្ស​សារី​ នៅ​ថ្ងៃទី១៧ខែមិថុនា​ ដើម្បី​រង់ចាំ​ជំនុំជម្រះ​នៅ ពេល​ក្រោយ។

ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បង្ហាញ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ហួន ទូច អាយុ ៤០ឆ្នាំ សញ្ជាតិ​ខ្មែរ​មាន​មុខ​របរ​ ជា​ពាណិជ្ជករ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង​ ប៉ុន្តែ​ទីលំនៅ​បច្ចុប្បន្ន​នៅ​បន្ទប់​ជួល​ក្នុង​ភូមិ​ទ្រា​សង្កាត់​ ស្ទឹងមានជ័យ​រាជធានី​ភ្នំពេញ។ ជន​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ជួញដូរ​ ចាត់ចែង​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារជាតិ​ញៀន​ប្រព្រឹត្ត​នៅ​ក្នុង​ក្លឹប​កម្សាន្ត​លុច្ស​សារី​ស្ថិត​ក្នុង​ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី៤​ ខែ​មិថុនា​តាម​មាត្រា ៤២ និង​មាត្រា ៤៤ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក​ ស ថេត​ ប្រាប់​អាស៊ី​សេរី​ថា ​ជន​សង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មិថុនា​ នៅ​ទីប្រជុំជន​ស្រុក​កំរៀង ខេត្ត​បាត់ដំបង​បន្ទាប់​ពី​ជន​សង្ស័យ​បាន​ដឹង​ខ្លួន​ជា​មុន​ និង​បាន​រត់​គេច​ខ្លួន​ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ចុះ​ឆែកឆេរ​គ្រឿង​ញៀន​នៅ​ក្លឹប​កម្សាន្ត​លុច្ស​សារី​កាលពី​ថ្ងៃទី៨​ ខែ​មិថុនា​។ លោក​បញ្ជាក់​ថា​ សមត្ថកិច្ច​មិន​ចង់​ចំណាយ​ពេល​វេលា​យូរ​ក្នុង​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​នោះ​ទេ​ប៉ុន្តែ​ដោយសារ​ជនសង្ស័យ​រត់​គេច​ខ្លួន៖ «យើង​ចាប់​បញ្ជូន​ទៅ​តុលាការ​ទៅ​ហើយ​ដើម្បី​តុលាការ​ធ្វើការ​សាកសួរ​ អ៊ីចឹង​ទៅ​ណា។ ចាំ​មើល​លទ្ធផល​យ៉ាងម៉េច​អា​នឹង​លើ​តុលាការ​ព្រោះ​យើង​អនុវត្ត​តាម​ដីកា​របស់​តុលាការ​បញ្ជា​មក​ដើម្បី​ឱ្យ​យើង​តាម​ចាប់​បុគ្គល​ម្នាក់​នេះ»

កាលពី​ថ្ងៃ​ទី៨ ខែ​មិថុនា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក​ ស ថេត​ បាន​ដឹក​នាំ​កម្លាំង​ចុះ​ឆែកឆេរ​គ្រឿងញៀន​នៅ​ក្លឹប​កម្សាន្ត​លុច្ស​សារី​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​មនុស្ស​ជាង ៤រយ​នាក់​និង​រឹប​អូស​បាន​សារធាតុ​ញៀន​ចំនួន​បាន ១៦២.៧ក្រាម។ក្រោយ​ការសាកសួរ​ និង​ធ្វើតេស្ត​រក​សា​ធារ​ធាតុ​ញៀន ​គឺ​តុលាការ​សម្រេច​ឃុំ​ខ្លួន​មនុស្ស ១៧នាក់​ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ៥នាក់​ពាក់ព័ន្ធ​ការ​សម្រួល​ឱ្យ​មាន​ការ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​ក្លឹប។ សមត្ថកិច្ច​ក៏​សម្រេច​បណ្ដេញ​ជនជាតិ​បរទេស ៣១នាក់​ភាគ​ច្រើន​ជា​ជនជាតិ​ចិន​ និង​វៀតណាម​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​គ្រឿងញៀន។ ដោយ​ឡែក​មនុស្ស ២៩៨នាក់​ត្រូវ​បាន​ដោះ​លែង​វិញ ហើយ​មនុស្ស ៦២នាក់​ផ្សេង​ទៀត ត្រូវ​បាន​សម្រេច​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​ដើម្បី​បន្សាប​គ្រឿងញៀន។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត ស្វាគមន៍​ចំពោះ​ការ​បង្ក្រាប​គ្រឿងញៀន​របស់​សមត្ថកិច្ច​បន្ត​វែក​មុខ​រក​ជន​ ដែល​នៅ​ពី​ក្រោយ​ការ​នាំ​ចូល​គ្រឿងញៀន​នេះ​និង​ដាក់​ទោស​ទណ្ឌ​ឱ្យ​បាន​តឹងរ៉ឹង​បំផុត​ទើប​អាច​កាត់​បន្ថយ​ករណី​គ្រឿង​ញៀន​នេះ​បាន៖ «យើង​ទទួល​ស្គាល់​ថា​ ការ​បង្ក្រាប​គ្រឿង​ញៀន​ធំៗ វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​សម្រាប់​សមត្ថកិច្ច។ទន្ទឹម​បញ្ហា​នេះ​យើង​ក៏​សូម​លើក​ទឹក​ចិត្ត​ថា សូម​ឱ្យ​មាន​ការ​អនុវត្ត​ ឬ​ការ​បង្ក្រាប​នេះ​បន្ត​ទៅ​ទៀត​ទោះ​ពី​ជា​ក្លឹប​កម្សាន្ត​ណា ឬ​កន្លែង​ណា​ក៏​ដោយ​ ដែល​មាន​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ធំៗ ត្រូវ​តែ​បង្ក្រាប​ដោយ​មិន​គិត​អំពី​តួនាទី ឬ​ឋានន្តរសក្ដិ​អ្នក​ដែល​ពាក់​ព័ន្ធ​នោះ​ទេ គឺ​ធ្វើ​ម៉េច​ត្រូវ​តែ​បង្ក្រាប​ឱ្យ​បាន»

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ដាក់​ចេញ​បញ្ជា​ឱ្យ​មន្ត្រី​និង​កង​កម្លាំង​ទាំង​អស់​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​តាម​បណ្ដា​ក្លឹប និង​ទីតាំង​កម្សាន្ត​នានា ​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ២០១៩ ព្រោះថា​ទីតាំង​កន្លែង​កម្សាន្ត​ ដែល​លួច​លាក់​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​នេះ ​គឺជា​កន្លែង​ដែល​បំពុល​ និង​ពង្វក់​ស្មារតី​យុវជន​ឱ្យ​ដើរ​ផ្លូវ​ខុស​ ហើយ​បំផ្លាញ​អនាគត​ពួក​គេ។

កាលពី​ថ្ងៃ​ទី២៣ កុម្ភៈ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​បិទ​ក្លឹប​កម្សាន្ត រ៉ក់ (Rock) និង​ប្រមូល​គ្រឿងញៀន​ជាង ៥០គីឡូ​ក្រាម និង​ឃាត់​ខ្លួន​មនុស្ស​ជាង ៣០០នាក់ ប៉ុន្តែ​សមត្ថកិច្ច​សម្រេច​ដោះ​លែង​មនុស្ស​ចំនួន ២៨១នាក់ និង​បញ្ជូន​ជន​សង្ស័យ ១៧នាក់​ទៅ​តុលាការ។ បន្ទាប់​មក​សមត្ថកិច្ច​ក៏បាន​ចាប់​ខ្លួន​ម្ចាស់​ក្លឹប​កម្សាន្ត រ៉ក់ គឺ​លោក​ឧកញ៉ា គិត ធាង តាម​បញ្ជា​របស់​លោក ហ៊ុន សែន ក្រោយ​មាន​កា​រិះ​គន់​ខ្លាំងៗ ពី​សាធារណជន។ ប៉ុន្តែ​ឧកញ៉ា​រូប​នេះ​មិន​បាន​ស្ថិត​ក្នុង​ពន្ធនាគារ​នោះ​ទេ លោក​ត្រូវ​បាន​សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​ចេញ​មក​រស់នៅ​ក្នុង​បន្ទប់ វីអាយភី (VIP) ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀត​តាំងពី​ថ្ងៃ​ទី១ ខែ​មេសា​រហូត​មក​ក្រោម​ហេតុផល​ថា មាន​ជំងឺ​ត្រូវ​ព្យាបាល។

ក្រោយ​ការ​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​ក្លឹប​កម្សាន្ត​រ៉ក់​នោះ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​រក​ឃើញ​ថា ក្លឹប​កម្សាន្ត និង​បារ​បារាំង​ចំនួន​ជាង ១.២០០កន្លែង​ប្រើប្រាស់​គ្រឿងញៀន​ដែរ។ ប៉ុន្តែ​សមត្ថកិច្ច​គ្រាន់​តែ​បង្គាប់​ឱ្យ​ម្ចាស់​ក្លឹប​ទាំង​នោះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើ​ប្រាស់​គ្រឿងញៀន​ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles