មន្ត្រី​សិទ្ធិ​មនុស្ស​ទទូច​ឲ្យ​រដ្ឋាភិបាល​​ដាក់​ចេញ​ផែន​ការ​សកម្មភាព​ច្បាស់​លាស់​ដើម្បី​រក្សា​ឋានៈ​អនុគ្រោះពន្ធ​ ​EBA

នយោបាយ



រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរមើលកម្មការិនី​ម្នាក់កំពុង​ធ្វើការ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់រោងចក្រកាត់ដេរមួយកន្លែង នៅជាយក្រុងភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។


18 មិថុនា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ

ក្រុម​មន្ត្រី​គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្ម​ និង​ការទូត​ នឹង​ចេញ​របាយ​ការណ៍​ពាក់​ព័ន្ធ​នឹង​បេសកកម្ម​ស្វែង​រក​ការណ៍​ពិត​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ និង​នយោបាយ​នៅ​កម្ពុជា​ នៅ​ខែ​សីហា​​ខាង​មុខ​ ហើយ​ភាគី​កម្ពុជា​មាន​ពេល​មួយខែ​ សម្រាប់​ការ​ជំទាស់។

ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​គណៈ​កម្មការ​អឺរ៉ុប​ជុំ​ទី​ពីរ​ក្រោម​ក្រប​ខណ្ឌ​នៃ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កម្ពុជា​បាន​បញ្ចប់​ទៅ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុងស្រុក​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​មាន​ភាព​ហ្មត់​ចត់​ចំពោះ​ចំណាត់​ការ​របស់​ខ្លួន​ ក្នុង​ដំណើរ​ការ​ស្តារ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ឡើង​វិញ​ ឬ​ក៏​រដ្ឋាភិបាលបាន​ត្រឹម​តែ​ចេញ​សេចក្តី​ប្រកាស​បង្ហាញ​ការ​តាំង​ចិត្ត​ តែ​គ្មាន​សកម្មភាព​នោះ។

​កាល​ពី​សប្តាហ៍​មុន ​ក្រុម​មន្ត្រី​គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​និង​កិច្ចការបរទេស​បាន​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការណ៍​ពិតនៅ​កម្ពុជា​ ដើម្បី​វាយ​តម្លៃ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ឲ្យប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយនេះ​ ​ក្នុង​ការ​បន្ត​ទទួល​បាន​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ «អ្វីៗ​ទាំង​អស់​លើក​លែង​តែ​អាវុធ»​ ឬ​ហៅ​ថា​ EBA។

លោក​ ​មឿន តុលា​ ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ ​ឬហៅ​ថា​ Central បាន​ឲ្យ​ដឹង​ថា​ ​សហភាព​អឺរ៉ុប​មិនបាន​បង្ហាញ​ចេតនា​ចង់​ដក​កម្ពុជា​ពី​ប្រព័ន្ធ​ EBA​ នោះ​ទេ​ ហើយ​អ្វី​ដែល​សហគមន៍​នេះ​ចង់​បាន​ពី​កម្ពុជា​នោះ​ គឺ​ការ​ឈប់​គាប​សង្កត់​សិទ្ធិ​នយោបាយ​លើ​ពល​រដ្ឋ​កម្ពុជា​ ​និង​សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេង​ទៀត​តែប៉ុណ្ណោះ។

«ខ្ញុំ​មើល​ចេតនា​របស់​សហគមន៍​អឺរ៉ុប​ ដូច​ជា​មិន​ចង់​ដក​ដែរ​ទេ​ មែន​ទែន​ទៅ​ណ៎ា​ បើ​ខ្ញុំ​មើល​ទៅ​ ខ្ញុំ​ ការ​វិភាគ​របស់​ខ្ញុំ​ទៅ។​ អ៊ីចឹង​នៅ​ក្នុង​ពាក់​កណ្តាល​ខែ​៨​នេះ​ គេ​នឹង​រៀបចំ​ជា​របាយការណ៍​ ហើយ​គេ​ថា​ កម្ពុជា​ហ្នឹង​គឺ​មាន​ពេល​មួយ​ខែ​ ​ក្នុងការ​តវ៉ា​ទៅ​លើ​អា​ finding ​របស់​គេ»។

អ្នក​ការពារ​សិទ្ធិ​ពលករ​រូបនេះ​ និយាយ​បន្ថែម​ថា ​រដ្ឋាភិបាល​ល្មម​ដល់​ពេល​ រៀបចំ​ផែនការ​សកម្ម​ភាព​ ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​របស់​សហគមន៍​អឺរ៉ុប​ដោយ​ជំហាន​ដំបូង​ គឺ​ការ​ផ្តល់​សេរីភាព​ពេញ​លេញ​ដល់​អ្នក​ធ្វើ​នយោបាយ​ និង​បើក​លំហរ​ដល់​សារព័ត៌មាន​ឯករាជ្យ។

«សកម្ម​ភាព​ដែល​ត្រូវ​តែ​ដោះភ្លាម​ៗ​ គឺ​ដូច​ខ្ញុំ​និយាយ​ចឹង​ គឺ​ថា​ដោះ​លែង​អ្នក​ទោស​នយោបាយ​ បើក​សិទ្ធិ​ឲ្យ​មាន​វិទ្យុ​ ឬក៏​សារព័ត៌មាន​ដែល​អាច​ គេ​អាច​បំពេញ​កិច្ច​ការ​របស់​ខ្លួន​បាន​ នៅ​ក្នុង​ប្រ​ទេស​អ៊ីចឹង​ទៅ​ ​អាហ្នឹង​ហើយ​រឿង​ខ្លះ​មួយ​ចំនួន​ គឺ​ប្រហែល​ជា​អាច​ត្រូវ​ការ​ដោះ​រយៈពេល​មធ្យម​ និង​រយៈពេល​វែង​ អាហ្នឹង​ដែល​អារឿង​ដីធ្លី​ រឿង​អីហ្នឹង​ ដែលៗ​ ត្រូវ​ដោះ»។

ក្នុង​ពេល​បិទ​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការណ៍​ពិត​ជុំ​ទីពីរ​នៅ​កម្ពុជា​ ក្រុម​មន្ត្រី​គណៈ​កម្មការ​អឺរ៉ុប​ផ្តល់​ការ​អធិប្បាយ​ក្នុងសេចក្តី​ប្រកាស​មួយ​ថា​ បេសកកម្ម​របស់​ខ្លួន​បាន​ពិនិត្យ​លើ​បញ្ហា​ដែល​ជា​ការ​បារម្ភ​ចំនួន​បួន​សំខាន់ៗ​ ក្នុង​នោះ​មាន​សិទ្ធិ​នយោបាយ​ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​សេរីភាព​នៃ​ការ​បង្កើត​សមាគម​ សិទ្ធិ​ក្នុង​ការ​ចងក្រង​និង​ការ​ចរចា​ប្រាក់​ឈ្នួល​ ហើយ​និង​ការ​បាត់បង់​កម្មសិទ្ធិ​ដីធ្លី​ ដែល​បង្ក​ដោយ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ជា​ពិសេស​ក្នុង​វិស័យ​ផលិត​ស្ករ​ស។

សេចក្តី​ប្រកាស​ចុះថ្ងៃ​ទី​១១​ ខែ​មិថុនា​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ «គោល​បំណង​របស់​សហភាព​អឺរ៉ុប​ គឺ​ដោះស្រាយ​ការ​បារម្ភ​នានា​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ការងារ។​ សហភាព​អឺរ៉ុប​ប្តេជ្ញា​នឹង​ធ្វើការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ដើម្បី​សម្រេច​បាន​គោល​បំណង​នេះ»។

សេចក្តី​ប្រកាស​ដដែល​បាន​សង្កត់​ធ្ងន់​ថា៖ «ប្រទេស​កម្ពុជា​ត្រូវ​តែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជាក់​ស្តែង​ និង​គួរ​ឲ្យ​ជឿជាក់​បាន​ចំពោះ​បញ្ហា​ដែល​ជា​ការ​បារម្ភ​ ដើម្បី​បញ្ចៀស​ពី​ការ​ដក​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ​នេះ»។

រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន បាន​ជួប​និង​ពិភាក្សាជាមួយគណៈប្រតិភូ សហភាពអឺរ៉ុប ដឹកនាំដោយ ឯកឧត្តម Jean-Christophe Belliard អគ្គលេខាធិការរង នៃមន្ទីការបរទេសសហភាពអឺរ៉ុប នៅរាជធានីភ្នំពេញ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។ (រូបថតដោយ MFA.IC)

រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន បាន​ជួប​និង​ពិភាក្សាជាមួយគណៈប្រតិភូ សហភាពអឺរ៉ុប ដឹកនាំដោយ ឯកឧត្តម Jean-Christophe Belliard អគ្គលេខាធិការរង នៃមន្ទីការបរទេសសហភាពអឺរ៉ុប នៅរាជធានីភ្នំពេញ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។ (រូបថតដោយ MFA.IC)


លោក​ ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​ ប្រាប់ VOA ​ថា​ រដ្ឋាភិបាល​រមែង​តែបង្ហាញ​ការ​តាំង​ចិត្ត​របស់ខ្លួន​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប។ ក៏​ប៉ុន្តែ​ រដ្ឋាភិបាល​មិនបាន​ធ្វើ​សកម្ម​ភាព​ជាក់​លាក់​ ដើម្បី​បំពេញ​ការ​ចង់​បាន​របស់​សហគមន៍​អឺរ៉ុប​នោះ​ទេ។

«រដ្ឋាភិបាល​យើង​ ឬ​ក៏កម្ពុជា​យើង​គួរ​តែ​បង្ហាញ​អំពី​ឆន្ទៈ​ពិត​ប្រាកដ​នៅ​ក្នុង​ការ​ដោះ​ស្រាយបញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​ ឬ​ក៏​កែ​លម្អ​ប្រជាធិបតេយ្យ​ ឬក៏​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ហ្នឹង​ ឲ្យ​បាន​ល្អ​ប្រសើរ​ដូច​ជា​ ទាក់​ទង​នឹង​ការ​រឹតត្បិត​ ឬ​ក៏​ការ​គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចូលរួម​ជីវភាព​នយោបាយ​របស់​អតីត​គណបក្ស​ប្រឆាំង​ជាដើម»។

លោក​លើក​ឡើង​បន្ថែម​ថា​ តួអង្គ​សំខាន់​បំផុត​ ដែល​អាច​រក្សា​បាន​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ ​EBA ​របស់​សហភាព​អឺរ៉ុប​នៅ​ពេលនេះ​ គឺ​មាន​តែ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ។

​«អាទាំង​អស់​នេះ​ អ្វី​ក៏ដោយ​ វា​អាស្រ័យ​ទៅ​លើ​រដ្ឋាភិ​បាល​ អាស្រ័យ​ទៅលើ​គណបក្ស​ ដែល​កាន់​អំណាច​ហ្នឹង​ហើយ​ ជា​កូនសោរ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ»។

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​ កេត សោផាន់​ អ្នក​នាំពាក្យ​ក្រសួងការ​បរទេស​ តែ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។

យ៉ាងណាក្តី ​អ្នក​នាំពាក្យ​រូបនេះ​ ធ្លាប់​បញ្ជាក់​ VOA ​ក្រោយ​ជំនួប​របស់​លោក​ ប្រាក់​ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជានិង​ប្រតិភូ​គណៈ​កម្មការ​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្ម​ និង​កិច្ចការ​បរទេស​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​ការ​រក្សា​ទុក​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះពន្ធ ​EBA​ ដើម្បី​ជ្រោម​ជ្រែង​កម្មករ​ដែល​ធ្វើការ​នៅ​ក្នុង​ឧស្សហកម្ម​កាត់​ដេរ​នៅ​កម្ពុជា​ប្រមាណ​ ៧០​ម៉ឺន​នាក់។

តាម​ការ​បញ្ជាក់​របស់​គណៈ​កម្មការ​អឺរ៉ុប​ ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​ធំ​ជាង​គេ​បំផុត​ទីពីរ​ ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ដែល​ស្មើ​នឹង​ ១៨ភាគរយ​នៃ​ការ​នាំចូល​ទាំង​អស់​ទៅ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​នៅ​ក្រោម​ប្រព័ន្ធ​ដដែល​នេះ​ក្នុង​ឆ្នាំ​២០១៨។

សហភាព​អឺរ៉ុប​បាន​នាំ​ចូល​ទំនិញ​នាំចេញ​របស់​កម្ពុជា​មាន​តម្លៃ​សរុប​ ៥,៣ពាន់​លាន​អឺរ៉ូ​ ក្នុង​ឆ្នាំ​២០១៨ ​ដោយ​៩៥​ភាគរយ​នៃ​ការ​នាំ​ចេញ​ទាំង​នោះ​បាន​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ EBA ​នេះ។​ សម្លៀក​បំពាក់​និង​ស្បែក​ជើង​គឺ​ស្មើនឹង​បី​ភាគ​បួន​នៃ​ការ​នាំចូល​របស់​សហភាព​អឺរ៉ុប​មកពី​ប្រទេស​កម្ពុជា​ ដែល​ការ​នាំចូល​នោះ​មាន​ទឹកប្រាក់​ស្មើនឹង​៤ពាន់​លាន​អឺរ៉ូ។

យោង​តាម​ការ​វាយ​តម្លៃ​របស់​ធនាគារ​ពិភព​លោក​កាល​ពី​ខែ​ឧសភា កម្ពុជា​អាច​នឹង​ខាត​បង់​ទឹកប្រាក់​យ៉ាង​ហោច​ណាស់​ចន្លោះ​ពី​ ៥០០​លាន​ដុល្លារ​អាមេរិក​ទៅ​ជាង​ ៦០០​ លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ ​ប្រសិន​បើ​សហ​ភាព​អឺរ៉ុប​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ EBA ​ដល់​កម្ពុជា​នោះ៕

What Next?

Recent Articles