មេ​ដឹក​នាំ​សហជីព​៖ របប​ក្រុង​ភ្នំពេញ​គួរ​រក្សា​ EBA ជា​ជាង​ការ​ខំ​ដើរ​បញ្ចុះ​បញ្ចូល​​​ប្រទេស​តូចៗ ឲ្យ​ជួយ​​ទិញ​សំលៀក​បំពាក់​ពី​កម្ពុជា

ដោយ សេក បណ្ឌិត
2019-06-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​តាជីគីស្ថាន (Tajikistan) អ៊ីម៉ូម៉ាលី រ៉ាម៉ុន (Emomali Rahmon) នៅ​សាធារណរដ្ឋ​តាជីគីស្ថាន (Tajikistan) កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ២០១៩។ រូប៖ Samdech Hun Sen, Cambodian Prime Minister
លោក ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​តាជីគីស្ថាន (Tajikistan) អ៊ីម៉ូម៉ាលី រ៉ាម៉ុន (Emomali Rahmon) នៅ​សាធារណរដ្ឋ​តាជីគីស្ថាន (Tajikistan) កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ២០១៩។ រូប៖ Samdech Hun Sen, Cambodian Prime Minister


មេ​ដឹក​នាំ​សហជីព​ផ្ដល់​ទស្សនៈ​ថា របប​ក្រុង​ភ្នំពេញ​គួរ​រក្សា​ EBA ជា​ជាង​ការ​ខិតខំ​ដើរ​បញ្ចុះ​បញ្ចូល​​​ប្រទេស​តូចៗ ឲ្យ​ជួយ​​ទិញ​សំលៀក​បំពាក់​ពី​កម្ពុជា។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ អះអាង​ថា ​ប្រធានាធិបតី ប្រទេស​​តាជីគីស្ថាន (Tajikistan) និង​ ប្រធានាធិបតី​ប្រទេស​គៀគីស្ថាន (Kyrgyzstan) មាន​ចំណាប់​អារម្មណ៍​ចង់​ទិញ​ក្រណាត់ និង​សំលៀក​បំពាក់​ពី​កម្ពុជា។ អ្នក​វិភាគ​ថា របប​ក្រុង​ភ្នំពេញ ចង់​ស្រវា​ចាប់​ប្រទេស​តូចៗ ជំនួស​ អ៊ី.ប៊ី.អេ (EBA) របស់​សហភាព​អឺរ៉ុប​នោះ នឹង​គ្មាន​ផល​ចំណេញ​​អ្វី​នោះ​ទេ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់​ថា ជា​រឿង​ល្អ ដែល​រដ្ឋាភិបាល​រក​ទីផ្សារ​បន្ថែម​សម្រាប់​នាំ​ចេញ​សំលៀក​បំពាក់ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​មិន​អាច​យក​ទីផ្សារ​នាំ​ចេញ​ណា ជំនួស​សហភាព​អឺរ៉ុប ឬ ​ចំណេញ​ជាង​ការ​រក្សា ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប (EBA) និង​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហរដ្ឋ​អាមេរិក (GSP)ឡើយ។

លោក​ អាត់​ ធន់​ យល់​ថា រដ្ឋាភិបាល​គួរ​ខិត​ខំ​រក្សា ទី​ផ្សារ ​ដែល​មាន​​ស្រាប់​ ជាជាង​ស្រវា​ចាប់​ទីផ្សារ​ថ្មី ដែល​គ្មាន​ភាព​ច្បាស់​លាស់ និង​គ្មាន​សក្ដានុពល​ដូច​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក៖ «ខាង​រដ្ឋាភិបាល​ដើរ​រក​ទីផ្សារ​ថ្មីៗ ដើម្បី​ទាក់ទាញ​​ការ​វិនិយោគ ឬ​ការ​នាំ​សំលៀក​បំពាក់​ចេញ ​វា​ជា​រឿង​មួយ​ល្អ ដែល​កម្ពុជា​ត្រូវ​ការ​​ទី​ផ្សារ​នាំ​ចេញ​បន្ថែម​ទៀត។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ប្រទេស​តាជីគីស្ថាន ឬ​ប្រទេស​តូចៗ​មួយ​ហ្នឹង មិន​អាច មាន​ន័យ​ថា​ការ​នាំ​ចេញ វា​មិន​អាច​មាន​ចំនួន​ច្រើន​រហូត​ដល់​មិន​ចាប់​អារម្មណ៍​នឹង​សហភាព​អឺរ៉ុប​នោះ​ទេ ព្រោះ​នៅ​ក្នុង​សហគមន៍​អឺរ៉ុប​រហូត​ដល់​២៧​ប្រទេស ហើយ​ជា​ប្រទេស​អ្នក​មាន​ មាន​ស្តរ (Store) រាប់​ម៉ឺន​កន្លែង»

លោក ហ៊ុន សែន អះអាង​ថា ក្នុង​ពេល​លោក​​​​ដឹក​នាំ​គណៈ​ប្រតិភូ​របប​ក្រុង​ភ្នំពេញ ចូលរួម​​​កិច្ច​ប្រជុំ​កំពូល​លើក​ទី៥ នៃ​សន្និសីទ​អន្តរ​សកម្មភាព និង​វិធាន​ការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី (CICA) លោក បាន​ជួប​ប្រធានាធិបតី​ប្រទេស​តាជីគីស្ថាន (Tajikistan) និង​គៀគីស្ថាន (Kyrgyzstan) ហើយ​ពួកគេ​ បង្ហាញ​ចំណាប់​អារម្មណ៍ ​ចង់​ទិញ​ក្រណាត់ និង​សំលៀក​បំពាក់​ពី​កម្ពុជា។ ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​នោះ លោក ហ៊ុន សែន ក៏​បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​ទាំង​នោះ ដាក់​ស្ថានឯកអគ្គរដ្ឋទូត ​នៅ​ភ្នំពេញ ​ឡើង​វិញ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​បណ្ដា​ប្រទេស​ទាំង​នោះ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឲ្យ​ដឹង​ថា កម្ពុជា​មាន​លទ្ធភាព​នាំ​ចេញ តែ​សំលៀក​បំពាក់​ប៉ុណ្ណោះ។ ឯ​ក្រណាត់​វិញ កម្ពុជា​បច្ចុប្បន្ន​ក៏​នាំ​ចូល​ពី​ប្រទេស​ចិន និង​ប្រទេស​ជិត​ខាង​ដែរ​ពី​ព្រោះ​កម្ពុជា មិន​ទាន់​មាន​លទ្ធភាព​ផលិត​ក្រណាត់ ឬ​វត្ថុធាតុ​ដើម​​ ក្នុង​វិស័យ​កាត់ដេរ​ផ្សេង​ទៀត នៅ​ឡើយ​ទេ។

ទន្ទឹម​គ្នា​នឹង​លោក ហ៊ុន សែន ខិតខំ​បញ្ចុះ​បញ្ចូល​ ប្រទេស​ទាំង​ពីរ​ គឺ​ តាជីគីស្ថាន និង​ គៀគីស្ថាន ឲ្យ​ទិញ​ក្រណាត់ និង​សំលៀក​បំពាក់​ពី​កម្ពុជា របប​លោក ហ៊ុន​ សែន បាន​ធ្វើ​ព្រងើយ​កន្តើយ​មិន​ព្រម​ស្ដារ​ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ​ តាម​ការ​ចង់​បាន​របស់​សហភាព​អ៊ឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដើម្បី​ថែរក្សា​ប្រព័ន្ធ​អនុគ្រោះ ដែល​មាន​ស្រាប់​នោះ​ទេ។ លោក ហ៊ុន សែន អះអាង​ថា មិន​ខ្វល់​នឹង​ការ​ផ្ដាច់​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទេ ដោយសារ របប​លោក មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​បើក​ប្រាក់​ខែ ឲ្យ​មន្ត្រិ​រាជការ និង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង កញ្ញា លី ស្រីស្រស់ យល់​ថា រដ្ឋាភិបាល​កំពុង​ងាក​ទៅ​ចាប់​ប្រទេស​តូចៗ ដើម្បី​ជំនួស​ទី​ផ្សារ​នាំ​ចេញ​សំលៀក​បំពាក់​ទៅ​សហភាព​អឺរ៉ុប។ អ្នក​វិភាគ​ថា​ ភាគ​រយ​តិច​ណាស់ ដែល​ប្រទេស​ទាំង​នោះ យល់​ព្រម​ទិញ​សំលៀក​​បំពាក់​ពី​កម្ពុជា ហើយ​បើ​​ទោះ​ ប្រទេស​ទាំង​នោះ​ យល់​ព្រម​​ជួយ​ទិញ​ផលិតផល​ក្នុង​វិស័យ​កាត់​ដេរ ឬ ជួយ​ពង្រឹង​ពាណិជ្ជកម្ម​ផ្សេង​ ក៏​​គ្មាន​សក្ដានុពល​ដូច​​ទីផ្សារ​របស់​សហភាព​អឺរ៉ុប​ ដែល​ជា​ទីផ្សារ​ធំជាង​គេ​លើ​ពិភពលោក​ដែរ។

មុន​​ពេល​ ជួប​ប្រធានាធិបតី​ប្រទេស​តាជីគីស្ថាន និង​គៀគីស្ថាន លោក ហ៊ុន សែន បាន​ជួប​មេដឹកនាំ​ប្រទេស​ហុងគ្រី (Hungry) ហើយ​អះអាង​ថា ហុងគ្រី នឹង​ជួយ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប កុំ​ឲ្យ​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ពី​កម្ពុជា។ កញ្ញា លី ស្រីស្រស់ យល់​ថា សហភាព​អឺរ៉ុប ​ភាគច្រើន​ជា​បណ្ដុំ​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ ដូច្នេះបើ​ទោះ​ហុងគ្រី ជួយ​និយាយ​មែន ក៏​មិន​អាច​កែប្រែ​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ដែរ។ ដូច្នេះ​មាន​តែ​ការ​កែប្រែ​ស្ថានការ​រំលោភ​សិទ្ធិ​មនុស្ស​តាម​ការ​ចង់​បាន​របស់​សហភាព​អឹរ៉ុប ទើប​អាច​បញ្ចៀស​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​ធ្វើ​ឲ្យ​កម្ពុជា​ប្រសើរ​បាន៖ «អ៊ីចឹង​បើ​យើង​ចំណាយ​ពេល​​ទាំង​អស់​ហ្នឹង រៀប​ចំ ធ្វើ​យ៉ាង​ណា ឲ្យ​មាន​ការ​ជជែក​ជាមួយ​សហភាព​អឺរ៉ុប ឬ​ការ​ធ្វើ​សម្បទាន​​ចំណុច​ណា​មួយ ទាក់​ទង​នឹង​​អ្វី​ដែល​សហភាព​អឺរ៉ុប​លើក​ឡើង​ ខ្ញុំ​គិត​ថា អា​នេះ អាច​ជា​យុទ្ធសាស្ត្រ​មួយ​ស្រួល​ជាង​ ពីព្រោះ​យើង​មិន​ចាំ​បាច់​ទៅ​រក​ដៃគូ​ផ្សេង​ទេ ព្រោះ​ដៃគូ​ផ្សេង​នៅ​ពេល​ដែល​យើង​​មាន​ទំនាក់​ទំនង​ យើង​ត្រូវ​ទៅ​រក​កិច្ច​ព្រមព្រៀង​ជា​ច្រើន​​ទាំង​ពីរ​ នៅ​ពេល​ដែល​​សហភាព​អឺរ៉ុប គឺ​យើង​មាន​ហើយ គ្រាន់​តែ​យើង​មាន​លទ្ធភាព​ក្នុង​ការ​ស្ដារ​វា ដែរ​ឬ​អត់? អ៊ឺចឹង​ ខ្ញុំ​មើល​ឃើញ​ថា បើ​សិន​ជា​យើង​យក​ចិត្ត​ទុក​ដាក់ ទៅលើ​​ធ្វើ​រឿង​ទាំង​អស់​នេះ វា​អាច​ងាយ​ស្រួល​ជាង​ទៅ​រក​ដៃគូ​ថ្មី​ធ្វើ​ពាណិជ្ជកម្ម»

សហភាព​អឺរ៉ុប​នឹង​បិទ​បញ្ចប់​ដំណើរការ​តាម​ដាន និង​វាយតម្លៃ​ស្ថានការណ៍​កម្ពុជា នៅ​ពាក់​កណ្ដាល​ខែ​សីហា​ខាង​មុខ។ បន្ទាប់​ពី​នេះ សហភាព​អឺរ៉ុប​នឹង​ចេញ​របាយការណ៍​ស្ដីពី​របក​គំហើញ និង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅ​ខែ​វិច្ឆិកា។ ពេល​នោះ សហភាព​អឺរ៉ុប​នឹង​ទុក​ពេល ១ខែ ឱ្យ​របប​លោក ហ៊ុន សែន ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍​នេះ។ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០ សហភាព​អឺរ៉ុប​នឹង​សម្រេច​ចិត្តជា​ចុងក្រោយ​ថា ត្រូវ​ដក ឬ​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ហើយ​បើ​អឺរ៉ុប​សម្រេច​ដកហូត​មែន នោះ​ការ​យកពន្ធ​លើ​ទំនិញ​កម្ពុជា​នឹង​ត្រូវ​ចាប់​ផ្ដើម​ជា​ផ្លូវការ​នៅ​ខែ​សីហា ឆ្នាំ២០២០ ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "មេ​ដឹក​នាំ​សហជីព​៖ របប​ក្រុង​ភ្នំពេញ​គួរ​រក្សា​ EBA ជា​ជាង​ការ​ខំ​ដើរ​បញ្ចុះ​បញ្ចូល​​​ប្រទេស​តូចៗ ឲ្យ​ជួយ​​ទិញ​សំលៀក​បំពាក់​ពី​កម្ពុជា"

  1. Anonymous says:

    please go to CHINA and ask them to buy clothing from Cambodia . CHINA is a big market for it the reason why??? they have 1,3 billion people and they are a world supper powers also. HUN SEN do not need EU or US just CHINA alone will be more then enough. I think when you get that market from CHINA you do not have to worry about human right or any thing else . do what you want every thing is belonging to HUN families .