សភា​ឯក​បក្ស​​អនុម័ត​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង​ផលិត​ផល​ប្រេង​កាត​

ដោយ​ សន ចាន់រដ្ឋា
2019-06-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កិច្ច​ប្រជុំ​សភា អនុម័ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​​ផលិតផល​ប្រេងកាត នៅ​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​រដ្ឋសភា
កិច្ច​ប្រជុំ​សភា អនុម័ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​​ផលិតផល​ប្រេងកាត នៅ​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​រដ្ឋសភា


រដ្ឋសភា​ឯក​បក្ស នៃ​របប ​លោក ហ៊ុន សែន សម្រេច​អនុម័ត​លើ​ច្បាប់​គ្រប់​គ្រង​ផលិត​ផល​ប្រេង​កាត​ដោយ​សំឡេង ​១០៨​លើ​១០៨​ នៃ​តំណាង​រាស្ត្រ​ ដែល​បាន​ចូល​រួម​ប្រជុំ​នៅ​ថ្ងៃ​ទី១៧ ខែ​មិថុនា។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​អនុម័ត​ដោយ​សភា​ឯក​បក្ស​បែប​នេះ មិន​បាន​ជជែក​សួរ​ដេញដោល​បាន​ពេញលេញ​នោះ​ទេ ដែល​ធ្វើឲ្យ​ច្បាប់​នេះ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន។

ការ​អនុម័ត​ច្បាប់​គ្រប់​គ្រង​ផលិត​ផល​ប្រេង​កាត​របស់​រដ្ឋសភា​ឯក​បក្ស​ពេល​នេះ នឹង​បើក​ផ្លូវ​ឲ្យ​របប​ក្រុងភ្នំពេញ អាច​បូម​យក​ដំណក់​ប្រេង​កាត​ដំបូង​ពី​បាត​សមុទ្រ ដែល​ត្រូវ​គេ​គ្រោង​ផលិត​នៅ​ចុង​ឆ្នាំ​២០១៩នេះ ឬ​យ៉ាង​យូរ​នៅ​ដើម​ឆ្នាំ​២០២០ ខាង​មុខ។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​អាស៊ី​សេរី​ដឹង​ថា ពេល​នេះ​លោក​កំពុង​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​នេះ ដើម្បី​ដាក់​ជូន​ប្រធាន​រដ្ឋសភា​សម្រេច​មុន​បញ្ជូន​ទៅ​ព្រឹទ្ធសភា។ អ្នក​នាំ​ពាក្យ​ដដែល​អះអាង​ថា បើ​ផ្អែក​លើ​ស្ថានការណ៍​សព្វថ្ងៃ ច្បាប់​នេះ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់​គ្រង​ប្រេង​កាត និង​ផលិត​ផល​ប្រេង​កាត៖ «ពេល​នេះ​យើង​មាន​ច្បាប់​ប្រេងកាត​ហ្នឹង ហើយ​ជា​គោល ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន ឬ ឯកជន ធ្វើ​អាជីវកម្ម​លើ​វិស័យ​ប្រេង​កាត​ហ្នឹង»

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង​ប្រេង​កាត និង​ផលិត​ផល​ប្រេង​កាត​នេះ ​មាន​៩ជំពូក និង ៧២មាត្រា។ របប​ក្រុង​ភ្នំពេញ​ចាត់​ទុក​ថា​ ​សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​សំខាន់ និង​ជា​ច្បាប់​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​គ្រប់គ្រង​ប្រេង​កាត ចំណូល​ប្រេង​កាត និង​ការ​យក​ពន្ធ​លើ​ប្រាក់​ចំណេញ​លើ​ប្រេង​កាត និង​ឧស្ម័ន។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា ការ​អនុម័ត​ច្បាប់​ក្នុង​ស្ថានភាព ដែល​សភា​ជា​ឯក​បក្ស​បែប​នេះ លោក​មិន​សូវ​មាន​ជំនឿ​លើ​គុណភាព​ច្បាប់​នេះ​នៅ​ឡើយ​ទេ។ លោក​សង្កេត​ឃើញ​ថា កន្លង​មក​គ្រាន់​តែ​ការ​បូម​ខ្សាច់​បាន​បង្ក​ផល​ប៉ះ​ពាល់​​ដល់​វត្ត​អារាម សាលារៀន និង​ពលរដ្ឋ​ជា​ដើម ដែល​ករណី​នេះ​ធ្វើ​ឲ្យ​សង្ស័យ​ពី​សមត្ថភាព​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ថា តើ​អាច​គ្រប់គ្រង និង​ដោះ​ស្រាយ​ពី​ផល​ប៉ះ​ពាល់​ដោយ​ការ​បូម​ប្រេង​នេះ​បាន​ដែរ​ទេ?«ការ​បូម​ខ្សាច់​ដែល​ជា​ប្រភេទ​មួយ ដែល​ហៅ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​យើង​មើល​ឃើញ​កម្រិត​ខ្ពស់​នៃ​ការ​កើត​ឡើង​ហានិភ័យ​នៃ​គ្រប់គ្រង រឿង​អី​ដែល​ថា​យើង​មិន​បារម្ភ ការ​រុក​រក​ការ​បូម​ប្រេង​នេះ​នាំ​ឲ្យ​មាន​ការ​ធ្លាយ​ប្រេង យើង​បារម្ភ​ពី​ការ​បំពុល​បរិស្ថាន​អី​ផ្សេងៗ ណា»

របប​ក្រុង​ភ្នំពេញ​រំពឹង​ថា ច្បាប់​ប្រេង​កាត​នេះ អាច​ជំរុញ​អភិវឌ្ឍ​វិស័យ​ប្រេងកាត​ប្រកប​ដោយ​និរន្តរភាព និង​ប្រសិទ្ធភាព ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ផល​ប្រយោជន៍ជាតិ​យូរ​អង្វែង។ ប៉ុន្តែ ឃ្លាំមើល​សង្គម​ព្រួយ​បារម្ភ​ថា សមត្ថភាព​របស់​របប​ក្រុង​ភ្នំពេញ​នៅ​ខ្វះ​ខាត​នៅ​ឡើយ ដែល​ករណី​នេះ​អាច​ធ្វើ​ឲ្យ​កម្ពុជា​ជួប​វិបត្តិ ឬ​ដូច​ប្រទេស​មួយ​ចំនួន វិបត្តិ​ដែល​គេ​ហៅ​ថា បណ្ដាសា​ប្រេង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles