សមត្ថកិច្ច ថា​មន្រ្តីច្រកទ្វារក្អមសំណរ ៣នាក់ បាន​ប្រើ​ថ្នាំគ្រវីលាយស្រា​ឲ្យនារី​​ខារ៉ាអូខេ​ផឹក​​

ជនសង្ស័យ៣នាក់ក្នុងចំណោម៥នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ក្រោយករណីនារីបម្រើការងារនៅហាងខារ៉ាអូខេយីហោ ម៉ីម៉ី ម្នាក់បានស្លាប់ ៣នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីត្រូវបានភ្ញៀវមួយក្រុមមានគ្នា ៥នាក់លាយថ្នាំឲ្យផឹកជាមួយភេសជ្ជៈ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

សមត្ថកិច្ចខេត្តកណ្ដាល​ អះអាងថា កំពុងរៀបចំបញ្ជូនជនសង្ស័យទាំង ៤នាក់ ទៅតុលាការ ក្រោយពីពួកគេឃុបឃិតគ្នាលាយថ្នាំគ្រវី​ជាមួយស្រាឱ្យនារីខារ៉ាអូខេម្នាក់ផឹករហូតដល់ស្លាប់កាលពីម្សិលមិញនេះ។

អធិការស្រុកលើកដែក ខេត្តកណ្ដាល លោក អាំង ធូ ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះ ថា ជនសង្ស័យដែលបានឃុបឃិតគ្នាលាយថ្នាំជាមួយស្រាឱ្យស្ត្រីបម្រើការងារនៅហាងខារ៉ាអូខេផឹកនោះ មានចំនួន ៥នាក់ ប៉ុន្តែ សមត្ថកិច្ចឃាត់ខ្លួនបានតែចំនួន ៤នាក់ ដោយម្នាក់ទៀតបានរត់គេចខ្លួន។

លោកបន្តថា ជនសង្ស័យទាំង ៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ គឺមានមន្ត្រីនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរនៃក្រសួងមហាផ្ទៃចំនួន ៣នាក់ ។

លោក អាំង ធូ បន្តថា ក្រោយពីសាកសួររួចមក សមត្ថកិច្ចកំពុងរៀបចំឯកសារដើម្បីបញ្ជូនជនសង្ស័យទាំង ៤នាក់ទៅតុលាការ។

លោក ថា៖ «ឥឡូវសមត្ថកិច្ចយើងកំពុងតែបំពេញនីតិវិធីបន្ថែម អ្វីដែលយើងកំពុងរុករកហ្នឹង។ អ៊ីចឹង យើងបានលទ្ធផលវិជ្ជមានច្រើន ដែលជនសង្ស័យបានបន្សល់ទុកនៅកន្លែងខារ៉ាអូខេហ្នឹង មានថ្នាំ ថ្នាំនោះ គេហៅថា ថ្នាំអ៊ិចស្តារស៊ី [ប្រភេទ] ថ្នាំគ្រវី។ នៅទេ [មិនទាន់បញ្ជូនទៅណាទេ] នៅឃុំខ្លួននៅស្រុកលើកដែកនៅឡើយទេ ចាំបំពេញនីតិវិធីចប់នឹងជម្រាបជូនទៅលោកព្រះរាជអាជ្ញា យើងបញ្ជូនទៅតុលាការតែម្ដង»

លោកបន្តថា បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងស្វែងរកជនសង្ស័យម្នាក់ទៀតដែលបានរត់គេចខ្លួន ផងដែរ។

នាយិកាអង្គការយ៉េនឌី និងអភិវឌ្ឍន៍ដើម្បីកម្ពុជា​ (GADC) លោកស្រី រស់ សុភាព ជំរុញទៅរដ្ឋាភិបាលឱ្យដាក់ទោសមន្ត្រីនគរបាល និងអ្នកពាក់ព័ន្ធផ្សេងទៀតទៅតាមច្បាប់ឱ្យធ្ងន់ធ្ងរ ដើម្បីកុំឱ្យករណីនេះកើតឡើងដដែល។

លោកស្រីថា៖ «បើយើងមិនធ្វើអ៊ីចឹងទេ ​មន្ត្រីផ្សេងទៀតនឹងធ្វើដដែល [ប្រព្រឹត្ត] អ៊ីចឹង [ការប្រព្រឹត្ត] គំរូហ្នឹងឯង វាមិនល្អ [ទៅថ្ងៃក្រោយ]។ អ៊ីចឹង តាមយោបល់ខ្ញុំ រាជរដ្ឋាភិបាល ពិចារណាទៅអ៊ីចឹង។ បើមិនអ៊ីចឹងទេ មិនរាងចាលទេ»។

កាលពីម្សិលមិញ សមត្ថកិច្ចបានចុះទៅឆែកឆេរទីតាំងខារ៉ាអូខេ «ម៉ីម៉ី» ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ដោយឃាត់ខ្លួនបុរស ៤នាក់ និងម្នាក់ទៀតបានរត់គេចខ្លួ​ន។

ការឃាត់ខ្លួននេះ  ធ្វើឡើងបន្ទាប់ពីបុរសទាំង ៤នាក់ បានដាក់ថ្នាំលាយជាមួយស្រាឱ្យនារីបម្រើការងារនៅទីនោះផឹករហូតដល់ស្លាប់ម្នាក់ និង ៣នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles