សហគមន៍​ព្រៃ​ឡង់​ចេញ​សេចក្ដី​ថ្លែងការណ៍​ បារម្ភ​ពី​ការ​កើន​ឡើង​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ​

ដោយ ជាតិ ចំណាន
2019-06-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ដើមឈើ​ផលិត​ជ័រ​ទឹក​របស់​សហគមន៍​ព្រៃឡង់ នៅ​តែ​រង​ការ​កាប់​រំលំ​ជា​បន្ត រហូត​មក​ដល់​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ សហគមន៍
ដើមឈើ​ផលិត​ជ័រ​ទឹក​របស់​សហគមន៍​ព្រៃឡង់ នៅ​តែ​រង​ការ​កាប់​រំលំ​ជា​បន្ត រហូត​មក​ដល់​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ សហគមន៍


សហគមន៍​ព្រៃ​ឡង់​ បួន​ខេត្ត​ នៅ​ថ្ងៃ​ទី១៧ មិថុនា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម បង្ហាញ​ពី​កង្វល់​ជា​ច្រើន​ពាក់ព័ន្ធ​ការ​កាប់​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ ពីសំណាក់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ និង​ពលរដ្ឋ​មួយ​ចំណូល​ថ្មី។ សេចក្ដី​ថ្លែងការណ៍​បាន​បង្ហាញ​ពី​ភាព​អសកម្ម​របស់​មន្ត្រី​ឧទ្យានុរក្ស​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន មិន​បំពេញ​តួនាទី​គាំពារ​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព។

សហគមន៍​ព្រៃ​ឡង់​ទាំង ៤ខែ​ រួម​មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ​ និង​ខេត្ត​កំពង់ធំ បង្ហាញ​ក្ដី​បារម្ភ​ជា​ថ្មី​ទៀត ទាក់ទិន​ករណី​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ដឹក​ជញ្ជូន​ឈើ​យ៉ាង​សកម្ម​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់។ ពួក​គេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ និង​ក្រសួង​បរិស្ថាន​ ពិនិត្យ​ឡើងវិញ​ ពី​ភារកិច្ច​មន្ត្រី​ឧទ្យានុរក្ស និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន ដែល​ពួក​គេ​ចោទ​ថា​ មន្ត្រី​ទាំង​នោះ​ គ្មាន​សុឆន្ទៈ​ការពារ​ព្រៃ​ឈើ​ទាល់​តែ​សោះ។

សេចក្ដី​ថ្លែងការណ៍​ ២ទំព័រ​បង្ហាញ​ពី​ កត្តា​ចម្បង​មួយ​ចំនួន​ នាំឲ្យ​បទល្មើស​ព្រៃឈើ​កើន​ឡើង​ច្រើន​រួមមាន​ ការអនុញ្ញាត​ឲ្យ​គោយន្ត​ដឹកជញ្ជូន​ឈើ​ជា​រៀងរាល់ថ្ងៃ​ ការ​កាប់​រាន​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ​ ពីសំណាក់​បុគ្គល​មានអំណាច​ និង​ពលរដ្ឋ​ចំណូល​ថ្មី​ អនុញ្ញាត​ឲ្យ​មាន​រោងម៉ាស៊ីន​អារ​ច្រៀក​ឈើ​ និង​បន្ទះ​ក្ដារ​ ដោយក្រុម​ហ៊ុន ស៊ី បាយអូថេក (Ci-Biotech Co., Ltd) នៅ​ជាប់​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ក្នុង​ខេត្ត​ក្រចេះ។ អាជ្ញាធរ​មូលដ្ឋាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ប្រជាជន​កាប់​ឈើ​ក្នុង​ព្រៃ​អភិរក្ស​ក្រោម​ហេតុ​ផល​ធ្វើ​ផ្ទះ ប្រើ​អាវុធ​ច្នៃ​បរបាញ់​សត្វព្រៃ​ និង​ការ​ធ្វើអាជីវកម្ម​រ៉ែ​មាស​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ជា​ដើម។

អ្នក​សម្របសម្រួល​សហគមន៍​ព្រៃ​ឡង់​ ខេត្ត​ស្ទឹងត្រែង​ កញ្ញា​ ឈាង​ លី​ ឲ្យ​ដឹង​ថា ញត្តិ​នេះ​សហគមន៍​ព្រៃ​ឡង់​នឹង​ដាក់​ទៅ​ក្រសួង​បរិស្ថាន​ និង​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី ដើម្បី​ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​នេះ ឱ្យ​ពិនិត្យ​ឡើង​វិញ​ ពី​គោលនយោបាយ​អភិរក្ស​ព្រៃ​ឡង់​ និង​ភារកិច្ច​របស់​មន្ត្រី​ជំនាញ។ លោក​សង្កត់ធ្ងន់​ថា​ មន្ត្រី​ឧទ្យានុរក្ស​ និង​សមត្ថកិច្ច​ចម្រុះ​ដែល​ពង្រាយ​ជាប់​ដែន​ជម្រក​សត្វ ព្រៃ​ឡង់​ មិន​បាន​បំពេញ​ករណី​កិច្ច​ ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ត្រឹម​ត្រូវ​តាម​ក្រប​ខណ្ឌ​ច្បាប់​នោះ​ទេ៖ «និយាយ​រួម​ បួន​ខេត្ត​ហ្នឹង​ដឹក​ឈើ​ចេញ​អធិកអធម​មែនទែន​ ដឹក​តាម​គោយន្ត​ និង​តាម​រថ​យន្ត​ប៉ាកុង ចូល​ក្នុង​ទឹកដី​ខេត្ត​ក្រចេះ​ច្រើន​ ដោយក្រុម​ហ៊ុន ស៊ីបាយអូថេក។ ចូល​ទប់ស្កាត់​បានតែ​ទប់ស្កាត់​ដែរ​ដូច​ថា ពេល​សហគមន៍​ និង​មន្ត្រី​ឧទ្យានុរក្ស​ចុះ​ទៅ​ វា​ស្ងាត់​ ផ្អាក​​ធ្វើ​សកម្មភាព​​ដល់​​ពេល​​ចេញ​​មក​វិញ​​អីចឹង​​ទៅ​ គេ​ចាប់​ផ្ដើម​ធ្វើសកម្មភាព​ទៀត»

សហគមន៍​ព្រៃ​ឡង់​ ស្នើ​ឲ្យ​រដ្ឋាភិបាល​ ដោះ​ស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ រួម​មាន បញ្ឈប់​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​គ្រប់​រូប​ភាព​ ឆ្លង​កាត់​មុខ​ស្នាក់​ការ​ឧទ្យានុរក្ស​របស់ក្រ​សួង​បរិស្ថាន។ បញ្ឈប់​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ប្រជាជន​ចូល​កាប់​ឈើ​ធ្វើ​ផ្ទះ ស្នើ​ក្រសួង​បរិស្ថាន​ត្រូវ​មាន​យុទ្ធសាស្ត្រ​ និង​ឆន្ទៈ​ជាក់លាក់​ ទប់​ទល់​បទ​ល្មើស​ព្រៃ​ឈើ​ ដោយ​ត្រូវ​បញ្ឈប់​ការ​នាំ​ចូល​ម៉ាស៊ីន​អារ​ឈើ​គ្រប់​ប្រភេទ​ និង​ដក​ហូត​ទុក​ ឈប់​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ រោងម៉ាស៊ីន​អារ​ឈើ​សិប្បកម្ម​កែច្នៃ​ឈើ​ និង​ការ​រុករក​រ៉ែ​ក្នុង​ព្រៃ​អភិរក្ស។

អាស៊ី​សេរី​មិនទាន់​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក​ នេត្រ ភត្ត្រា ដើម្បី​សុំ​ការ​បំភ្លឺ​ពាក់ព័ន្ធ​សេចក្ដី​ថ្លែងការណ៍​នេះ​បាន​ថា​យ៉ាងណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៧ មិថុនា។ ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ីផាន មិន​លើក​ទូរស័ព្ទ។

កាលពី​ឆ្នាំ​ ២០១៨​ មន្ត្រី​ឧទ្យានុរក្ស​ សហគមន៍​ព្រៃ​ឡង់​ និង​អាជ្ញាធរ​មូលដ្ឋាន​បង្ហាញ​លទ្ធផល​ឃាត់​ចាប់​បទ​ល្មើស​ព្រៃ​ឈើ​ ដោយ​រឹបអូស​ រណារ​យន្ត ឬ ត្រង់សឺន័រ បាន​ ៩៨គ្រឿង កាំភ្លើង​ច្នៃ ២១ដើម​ អន្ទាក់​សត្វ​ព្រៃ ៥៨១អន្ទាក់​ ធ្វើ​កិច្ច​សន្យា​ជាមួយ​ម្ចាស់​គោយន្ត ១៣គ្រឿង​ ឧបករណ៍​ឆក់ ២គ្រឿង​ ឈើ​អារ​ច្រៀក​រួច​ជិត ៦០ម៉ែត្រ​គូប (៥៩.៤៥) ឈើ​ឃ្លំ ៧៤ដើម​ និង​គល់ឈើ​ទើប​កាត់​ជាង ៧រយ​(៧១៤) គល់។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​ នៃ​សមាគម អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា​ នេះ​ពុំ​មែន​ជា​លើក​ទី១ទេ​ ដែល​សហគមន៍​ព្រៃ​ឡង់​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បែប​នេះ​ ក៏ប៉ុន្តែ​ក្រសួង​បរិស្ថាន​នៅតែ​មិន​ទាន់​អាច​ ដោះ​ស្រាយ​ឲ្យ​មានប្រសិទ្ធភាព។ លោក​ផ្ដល់​មតិ​ថា​ សហគមន៍​គួរ​តែ​ ភ្ជាប់​របាយការណ៍​នេះ​ ប្ដឹង​បរិហារ​មន្ត្រី​ពាក់ព័ន្ធ​ដែល​ទទួល​ខុសត្រូវ​ អភិរក្ស​ព្រៃ​ឈើ​ ទៅ​តុលាការ។ លើស​ពី​នេះ សហគមន៍​ក៏​មាន​សិទ្ធិ​ប្ដឹង រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លោក​ សាយ សំអាល់ បាន​ដែរ​ ទាក់ទិន​ករណី​បណ្ដោយ​ឲ្យ​មាន​បទ​ល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ៖ «សហគមន៍​គួរតែ​ត្រូវ​រៀន​សូត្រ​ ពី​បណ្ដឹង​បរិហារ​ឲ្យបាន​ច្រើន​ ហើយ​យើង​ត្រូវ​ប្រមូល​ឯកសារ​ដាក់​ក្នុង​ស្ថាប័ន​អយ្យការ​ ដើម្បី​ទុក​ជា​ឯក​សារ​បណ្ដឹង​នៅ​នោះ។ ពេលណា​មិន​ដោះស្រាយ​ដើម្បីឲ្យ​យើង​មាន​ទម្ងន់​បន្ត​ទៀត​ យើង​ឃើញ​យើង​ដាក់។ បើ​យើង​ដឹក​អត្តសញ្ញាណ​ជនល្មើស​ជា​ឧកញ៉ា និង​ក្រុមហ៊ុន​ គួរតែ​ដាក់​បណ្ដឹង​ទៅ​ ជនល្មើស​ប្រព្រឹត្ត​ផ្ទាល់​ក៏​ត្រូវ​តែ​ប្ដឹង​ដែរ»

ទោះ​យ៉ាងណា​ កញ្ញា​ ឈាង​ លី​ សង្កេតឃើញ​ថា​ គ្រប់​ច្រក​ និង​ផ្លូវចូល​ព្រៃ​ឡង់​សុទ្ធ​មាន​ស្នាក់​ការ​បរិស្ថាន​ ក៏​ប៉ុន្តែ​ក្រុម​អ្នក​កាប់​ឈើ​ នៅ​តែ​អាច​ដឹក​ជញ្ជូន​ឈើ​មុខ​ស្នាក់​ការ​បរិស្ថាន​បាន។ កញ្ញា​សង្កេតឃើញ​ថា​ នៅ​គ្រា​ដែល​ក្រុម​អ្នក​កាប់​ឈើ​ យក​រណា​យន្ត​ និង​គោយន្ត​ចូលព្រៃ​ឡង់​ ក៏​មន្ត្រី​ឧនុរក្ស​ទាំងនោះ​មិន​រារាំង​ដែរ​៖ «H061719SM​-A2​ខ្ញុំ​គិត​ថា​ បើ​នៅតែ​អីចឹង​ទៀត​ អនាគត​ទៅ​មុខ​ ប្រហែល​ព្រៃ​ឡង់​មិន​សល់​អី​ទេ។ បើ​មន្ត្រី​អាជ្ញាធរ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​មិន​ជួយ​ធ្វើ​អន្តរាគមន៍​ទេ​ នៅតែ​បណ្ដោយ​អីចឹង​ទៀត​ ខ្ញុំ​គិត​ថា ព្រៃ​ឡង់​ប្រហែល​មិន​អាច​សល់​ទេ។ គោយន្ត​ដឹក​តាម​ស្នាក់​ការ​បរិស្ថាន​ តែ​គាត់​អត់​ឃើញ​ អន្តរាគមន៍ ឬ​អើពើ​អី ឬ​គាត់​បញ្ឈប់​កុំ​ឲ្យ​ដឹង​អីចឹង»

សហគមន៍​ព្រៃ​ឡង់​បន្ថែម​ថា​ ក្រុម​ជនជាតិ​ដើម​ភាគតិច​ជាង ២សែន​នាក់ (២៥០.០០០នាក់) ដែល​រស់នៅ​ក្នុង​ភូមិ​ចំនួន ៣៤០ភូមិ​ ជាប់​តំបន់​ព្រៃ​ឡង់​ទាំង ៤ខេត្ត​ នឹង​ប្រឈម​ផល​ប៉ះ​ពាល់​ជីវភាព​ដោយ​ផ្ទាល់ និង​ប្រយោល​ ជា​ពិសេស​មុខ​របរ​ចិញ្ចឹម​ជីវិត​ពួក​គេ ដែល​អាស្រ័យ​ផល​ និង​រក​អនុផល​ព្រៃ​ឈើ​ ប្រសិន​បើ​ព្រៃ​ឡើង​វិនាស​ហិនហោច​នៅ​ថ្ងៃ​ខាង​មុខ។

ព្រៃ​ឡង់​ឋិត​ក្នុង​ចន្លោះ​ខេត្ត​ចំនួន​បួន គឺ​ខែត្រ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខែត្រ​កំពង់ធំ ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​ជា​ដែន​ជម្រក​សត្វ​ព្រៃ​កាល​ពី​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០១៦ មាន​ផ្ទៃ​ដី​ជាង​ ៤៣ម៉ឺន​ហិកតារ (៤៣១.៦៨៣​ហិកតារ) ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដែល​មាន​កាតព្វកិច្ច​ធានា​គាំពារ​បរិស្ថាន​ ការ​អភិរក្ស​ជីវចម្រុះ និង​កិច្ចការពារ​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles