សាលាឧទ្ធរណ៍​នឹង​ជម្រះ​បណ្ដឹង​សុំ​លើក​លែង​ការ​ត្រួត​ពិនិត្យ​លើ​អតីត​បុគ្គលិក​អាស៊ី​សេរី​នៅ​ថ្ងៃ​សុក្រ​នេះ

ដោយ ហេង រស្មី
2019-06-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា (ស្ដាំ)។ Photo: RFA
អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា (ស្ដាំ)។ Photo: RFA


សាលាឧទ្ធរណ៍​គ្រោង​បើក​សវនាការ​ជំនុំ​ជម្រះ​បណ្តឹង​ទាស់​របស់​បុគ្គលិក​អាស៊ីសេរីនៅថ្ងៃសុក្រ ទី២១ មិថុនា។ សវនាការ​នេះ ផ្តោត​លើ​ករណី​ពីរ គឺ​ការ​​ស្នើ​សុំ​ឱ្យ​តុលាការលើក​លែង​ការ​ត្រួតពិនិត្យ និងការ​ស្នើ​​សុំ​ឱ្យតុលាការ​​ប្រគល់​ឧបករណ៍​​ឱ្យអតី​ត​បុគ្គលិក​អាស៊ីសេរី​វិញ។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា សាលាឧទ្ធរណ៍​គួរ​តែ​យល់​ព្រម​តាម​សំណើ​របស់​អតីតបុគ្គលិក​អាស៊ីសេរី ដើម្បី​ឱ្យ​ពួក​គេ​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ និង​មាន​សេរីភាព​ក្នុង​ការ​ដើរហើរ។

មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​បុគ្គលិក​អាស៊ី​សេរី​លោក សំ ចំរើន ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅថ្ងៃទី១៨ មិថុនា​ថា សវនាការ​នៅ​សាលាឧទ្ធរណ៍​នេះ គឺ​ជា​ប្ដឹង​ទាស់​នឹង​ដីកា​ដំណោះស្រាយ​របស់​ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ ដែល​សម្រេច​ឱ្យ​កូន​ក្ដី​របស់​លោក​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ និង​ការ​​បន្ត​រក្សា​ទុក​ឧបករណ៍​របស់​ពួក​គេ​នៅ​ក្នុង​ដៃ​តុលាការ។ លោក​បញ្ជាក់​ថា លោក និង​កូន​ក្ដី​ទាំងពីរ​នឹង​ចូល​រួម​ក្នុង​សវនាការ​នេះ ហើយ​រំពឹង​ថា សាលាឧទ្ធរណ៍​នឹង​សម្រេច​តាម​ការ​ស្នើសុំ​របស់​មេធាវី៖ «យើង​ជា​អ្នក​សុចរិត​ អ៊ីចឹង​យើង​មិន​គួរ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ទេ រហូត​មក​ដល់​ពេល​ហ្នឹង។ អ៊ីចឹង​យើង​សុំ​លុប​ការ​ត្រួតពិនិត្យ​ហ្នឹង ហើយ​ទាក់ទង​នឹង​សវនាការ​ដែល​ថា នឹង​ដេញ​ដោល​រក​ខុស​រក​ត្រូវ អា​ហ្នឹង​ទៅ​តាម​ដំណើរ​ហ្នឹង​ទៅ។ គំនិត​យើង​ប្ដឹង (ទាស់) នឹង​ដីកា​ដំណោះ​ស្រាយ​ គឺ​បែប​ហ្នឹង។ ហើយ​ចំណុច​មួយ​ទៀត គឺ​ពាក់ព័ន្ធ​នឹង​វត្ថុ​ចាប់​យក។ យើង​គិត​ថា វត្ថុ​ចាប់​យក​ផ្សេងៗ ដូច​ជា កាមេរ៉ា ជា​អី​ហ្នឹង វា​មិន​ពាក់ព័ន្ធ​​នឹង​បទ​ល្មើស​ទេ អ៊ីចឹង​មិន​គួរ​នឹង​ទុក​ចោល​ទេ។”

អតីត​បុគ្គលិក​អាស៊ី​សេរី​ពីរ​រូប គឺ​លោក​ អ៊ួន ឈិន​ និង​លោក​ យាង សុធារិន ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​​ កាលពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ២០១៧ កន្លង​ទៅ​ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ស្ទូឌីយូ​ថត​ចម្រៀង​ដោយ​គ្មាន​ការ​អនុញ្ញាត។ ក៏​ប៉ុន្តែ​ក្រោយ​មក​ អាជ្ញាធរ​បែរ​ជា​​ចោទ​អ្នក​ទាំង២ ពី​បទ ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ” ​ ដែល​ជា​បទឧក្រិដ្ឋ​ចារកម្ម​ទៅ​វិញ។ បទ​ចោទ​នេះ​​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ ឆ្នាំ ប្រសិន​បើ​តុលាការ​សម្រេច​ឱ្យ​ពួក​លោក​មាន​ទោស​មែន​នោះ។

អ្នក​ទាំង​ពីរ​​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ កាល​ពី​ចុង​ខែ​សីហា ឆ្នាំ២០១៨ កន្លងទៅ ក្រោយ​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង ៩ខែ។ ក៏​ប៉ុន្តែ​សេរីភាព​ដែល​ទទួល​បាន​នេះ មាន​លក្ខណៈ​រឹតត្បិត​នៅឡើយ​ ព្រោះ​តុលាការ​បាន​ដាក់​អ្នក​ទាំង​ពីរ​ក្រោម​ការ​ត្រួតពិនិត្យ និង​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ឡើយ ហើយ​សម្ភារៈ​ដែល​ត្រូវ​បាន​រឹបអូស​ជា​វត្ថុ​តាង​នោះ ​ក៏​តុលាការ​មិន​ទាន់​ប្រគល់​ឱ្យ​អ្នក​ទាំងពីរ​វិញ​ដែរ។

លោក អ៊ួន ឈិន ថ្លែង​ថា លោក​មាន​ការ​លំបាក​ផ្នែក​ជីវភាព​យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​គ្មាន​ឧបករណ៍ ដូច​ជា ម៉ាស៊ីន​ថត​រូប និង​កុំព្យូទ័រ​កាត់ត​វីដេអូ​ជា​ដើម ដែល​លោក​ត្រូវ​ការ​ជា​ចាំបាច់​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ លោក​បញ្ជាក់​ថា កាល​ពី​ខែ​មុន លោក​បាន​ជួប​ប្រទះ​ការ​ខ្វះ​ខាត​ ដោយ​គ្មាន​ថវិកា​បង់​ថ្លៃ​សាលា​ឱ្យ​កូន​បាន​គ្រប់គ្រាន់​ឡើយ។ លោក​សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នឹង​ប្រគល់​ឧបករណ៍​ទាំង​ឡាយ​ ដែល​លោក​ចាត់​ទុក​ស្មើ​នឹង​ឆ្នាំង​បាយ​នោះ​ឱ្យ​លោក​វិញ ព្រម​ទាំង​បញ្ឈប់​ការ​ត្រួត​ពិនិត្យ​ទាំង​ឡាយ​លើ​រូប​លោក ដើម្បី​ឱ្យ​លោក​មាន​សេរីភាព​គ្រប់​គ្រាន់​ ដូច​ពលរដ្ឋ​ទូទៅ៖ «យើង​ឮ​ចាស់​ទុំ​ដែល​គាត់​រស់​ឆ្លង​កាត់​សម័យ​ខ្មែរ​ក្រហម ដែល​គាត់​ហៅ​ថា អា ពត ហ្នឹង ចេញ​ពី​អា ពត មក គឺ​បាត​ដៃ​ទទេ ក​វែក ក​ឆ្នាំង ហើយ​ស្ថានភាព​ខ្ញុំ​រាល់​ថ្ងៃ បើ​គិត​ទៅ​ វា​ដូច​កម្សត់​ជាង​ហ្នឹង​ផង ព្រោះ​អី​កាល​នោះ​កម្សត់​ទាំងអស់​គ្នា ដល់​ពេល​ខ្ញុំ​នេះ​ ដូច​ជា​កម្សត់​តែ​ម្នាក់​ឯង តែ​ម្នាក់​ពីរ​នាក់​ប្អូន សុធារិន អ៊ីចឹង។ ខ្ញុំ​អត់​មាន​លុយ​អត់​មាន​កាក់ ហើយ​ចង់​ទៅ​ធ្វើ​ការងារ​ដែល​ខ្ញុំ​ចង់​ធ្វើ​ហ្នឹង​ឡើង​វិញ ចង់​មាន​ស្ទូឌីយូ គឺ​ខ្ញុំ​ធ្វើ​អត់​កើត។ សំខាន់​ឯកសារ​ស្អីៗ ហ្នឹង គឺ​មិន​មាន​ជាប់​នឹង​ខ្លួន​ទេ សូម្បី​តែ​កាត​គ្រីស​ម៉ូតូ​ស្អីៗ​ ហ្នឹង ក៏​អត់​មាន​នៅ​នឹង​ខ្លួន​ដែរ។ យើង​ចង់​លក់​ដូរ​​ម៉ូតូ​ លក់​អី ក៏​លក់​មិនបាន។ ថ្ងៃមុន​ ខ្ញុំ​ទៅ​លក់​ម៉ូតូ​មួយ​ដើម្បី​ចង់​ដោះ​ដូរ​យក PassApp មក​រត់ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ហើយ​យើង​ក៏​ពិបាក​លក់ ពិបាក​ដូរ​ដែរ»

ចំណែក​ លោក យាង សុធារិន វិញ​ ក៏​ស្នើ​យ៉ាង​ទទូច​ឱ្យ​សាលាឧទ្ធរណ៍​ទម្លាក់​ចោល​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​លើ​រូប​លោក​ផង​ដែរ ដោយ​សារ​នីតិវិធី​នេះ បាន​រឹតត្បិត​យ៉ាង​ខ្លាំង​ដល់​សេរីភាព​ក្នុង​ការ​ដើរហើរ និង​ការ​បំពេញ​ការងារ​របស់​លោក​។ លោក​បន្ត​ថា បច្ចុប្បន្ន​លោក​មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៅ​សួរ​សុខ​ទុក្ខ​ឪពុក​ម្ដាយ​វ័យ​ជរា​របស់​លោក​ នៅ​ឯ​ស្រុក​កំណើត​ ក្នុង​ខេត្ត​ព្រះត្រពាំង ដែន​ដី​កម្ពុជា​ក្រោម​បាន​ឡើយ។ ម្យ៉ាង​វិញ​ទៀត លោក​ក៏​​មិន​អាច​​ចូល​រួម​កម្មវិធី​បណ្ដុះបណ្ដាល​ ឬ​សិក្ខាសាលា​ ពង្រឹង​​សមត្ថភាព​នៅ​ក្រៅ​ប្រទេស​បាន​ដែរ បើ​ទោះបី​ជា​មាន​ការ​អញ្ជើញ​ពី​អ្នក​រៀប​ចំ​កម្មវិធី​ក៏​ដោយ៖ «ឪពុក​ម្ដាយ​ខ្ញុំ​គាត់​ជរា​ អ៊ីចឹង​គាត់​ឡើង​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ ក៏​អត់​បាន អ៊ីចឹង​យើង​អត់​ទាន់​បាន​ជួប​គ្នា​ផ្ទាល់​ទេ តាំងពី​ខ្ញុំ​ចេញ​ពី​ពន្ធនាគារ​ អា​ហ្នឹង​ទី​មួយ។ ទីពីរ មាន​ការ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ខ្លីៗ ដែល​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស កន្លះ​ខែ មួយ​សប្ដាហ៍ ឬក៏​មួយ​ខែ​អី​ហ្នឹង ខ្ញុំ​ក៏​គ្មាន​ឱកាស​ទៅ​ដែរ។ ទោះ​បី​ជា​ខ្ញុំ​មាន​សមត្ថភាព​ដាក់​ទៅ​អាច​ជាប់ ក៏​ប៉ុន្តែ​ដោយ​សារ​តែ​ការ​តាម​ដាន​របស់​តុលាការ ហាម​ឃាត់​មិន​ឱ្យ​ខ្ញុំ​ចេញ​ក្រៅ​ប្រទេស គឺជា​ការ​បាត់​បង់​នូវ​ឱកាស​សម្រាប់​ខ្ញុំ។ ខ្ញុំ​សង្ឃឹមថា សាលាឧទ្ធរណ៍​នឹង​ពិចារណា​ទៅ​លើ​ផល​វិបាក​ផ្សេងៗ ដែល​កំពុង​តែ​កើត​ឡើង​ចំពោះ​យើង​ខ្ញុំ​ទាំង​ពីរ​នាក់ ហើយ​នឹង​មិន​ដាក់​យើង​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​បន្ថែម​ទេ»

កាល​ពី​ពេល​ថ្មីៗនេះ តំណាង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​អ្នក​ទាំងពីរ​ ដោយ​ឥត​លក្ខខណ្ឌ និង​បើក​សិទ្ធិ​ឱ្យ​ពួក​គេ​ទាម​ទារ​សំណង និង​ការ​ជួស​ជុល​សំណង​ក្នុង​សំណុំ​រឿង​នេះ​វិញ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដក​សិទ្ធិ​សេរីភាព​ដោយ​បំពាន​ តាម​រយៈ​ការ​ឃុំ​ខ្លួន និង​ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។

អង្គការ​សហប្រជាជាតិ​សម្អាង​លើ​ហេតុ​ផល ៣យ៉ាង គឺ​ទី​មួយ គ្មាន​មូលដ្ឋាន​ច្បាប់​ណាមួយ​ដែល​អាច​យក​មក​ប្រើប្រាស់​បាន​ដើម្បី​ធ្វើ​យុត្តិកម្ម​ពី​ការ​ដក​ហូត​សេរីភាព​របស់​ពួក​គេ​ឡើយ។ ទី​ពីរ ការ​ឃុំ​ខ្លួន​អ្នក​ទាំងពីរ ​ផ្ដើម​ចេញ​ពី​ការ​អនុវត្ត​ដោយ​សន្តិវិធី​នូវ​សិទ្ធិ​សេរីភាព​ផ្នែក​​គំនិត និង​ការ​បញ្ចេញ​មតិ ហើយ​ទីបី គឺ​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌។

អ្នក​នាំ​ពាក្យ​សមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ស្នើ​ឱ្យ​សាលា​ឧទ្ធរណ៍​ពិចារណា​ធ្វើ​តាម​សំណើ​របស់​អតីត​បុគ្គលិក​អាស៊ី​សេរី​ទាំងពីរ​រូប​ ព្រោះ​លោក​មើល​ឃើញ​ថា អ្នក​ទាំង​ពី​រ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ដើរហើរ និង​ឧបករណ៍​ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​យក​មក​បម្រើ​​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត។ ក្រៅ​ពី​នេះ លោក​ក៏​ស្នើ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​កំណត់​ពេល​ជំនុំ​ជម្រះ​រឿង​ក្តី​អ្នក​ទាំងពីរ​ឱ្យ​បាន​ឆាប់​ផង​ដែរ ចៀសវាង​ការ​អូស​បន្លាយ​សំណុំ​រឿង​កាន់​តែ​យូរ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍ និង​សិទ្ធិ​សេរីភាព​របស់​អ្នក​ទាំង​ពីរ៖ «យើង​មិន​ចង់​ឱ្យ​សំណុំ​រឿង​ចេះ​តែ​មាន​ភាព​អូស​បន្លាយ​អ៊ីចឹង​ទេ ល្មម​នឹង​បើក​សវនាការ​ហើយ ហើយ​បើ​អត់​មាន​រក​ឃើញ​នូវ​ការ​ដាក់​បន្ទុក​ណាមួយ​ទៅលើ​ពួក​គាត់​ទេ (តុលាការ​ត្រូវ) ធ្វើ​ការ​ទម្លាក់​បទ​ចោទ​ទៅ​ដើម្បី​ឱ្យ​ពួក​គាត់​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​ការងារ​ចិញ្ចឹមជីវិត ចិញ្ចឹម​គ្រួសារ​របស់​ពួកគាត់»

សំណុំ​រឿង​លើ​អង្គ​សេចក្ដី​របស់​លោក​ អ៊ួន ឈិន និង​លោក យាង សុធារិន ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​ក្រុង​ភ្នំពេញ​នៅឡើយ។ ចៅក្រម​ស៊ើបសួរ​បាន​បិទ​បញ្ចប់​នីតិវិធី​ស៊ើបសួរ​តាំង​តែ​ពី​ចុង​ខែ​កុម្ភៈ​មក​ម្ល៉េះ និង​បាន​ចេញ​ដីកា​ដំណោះ​ស្រាយ​បញ្ជូន​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ ក៏ប៉ុន្តែ​រហូត​មក​ដល់ពេល​នេះ តុលាការ​មិន​ទាន់​កំណត់​ពេល​បើក​សវនាការ​រឿង​នេះ​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles