អ្នក​ឃ្លាំមើល​ថា ចៅក្រម និង​ព្រះ​រាជ​អាជ្ញា​​ ដែល​​រួម​ចំណែក​​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ មិន​គួរ​ដំឡើង​ឋានន្តរសក្ដិ​ទេ

ដោយ ហេង រស្មី
2019-06-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប៉ូលិស​ឈរ​ការពារ​នៅ​ខាង​មុខ​ច្រក​ចូល​សាលា​ដំបូង​រាជធានី​ភ្នំពេញ ខណៈ​តុលាការ​កំពុង​សាកសួរ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ៥​រូប នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ២០១៤។ RFA
ប៉ូលិស​ឈរ​ការពារ​នៅ​ខាង​មុខ​ច្រក​ចូល​សាលា​ដំបូង​រាជធានី​ភ្នំពេញ ខណៈ​តុលាការ​កំពុង​សាកសួរ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ៥​រូប នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ២០១៤។ RFA


អ្នក​ឃ្លាំមើល​សង្គម​ និង​ពលរដ្ឋ យល់​ថា ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម មិន​គួរ​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ដំឡើង​តួនាទី​ ចៅក្រម និង​ព្រះរាជអាជ្ញា​មួយ​ចំនួន ដែល​មាន​ស្នាដៃ​ខាង​ធ្វើ​ទុក្ខ​បុក​ម្នេញ​សំឡេង​រិះគន់ ជន​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី និង​រួម​ចំណែក​បំផ្លាញ​​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ។

ចំណែក​អ្នក​នាំ​ពាក្យ​​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម ប្រាប់​ថា ការ​សម្រេច​ដំឡើង​តួនាទី​ដល់​មន្ត្រី​ស្ថាប័ន​តុលាការ​ គឺ​ផ្អែក​លើ​សមត្ថភាព​​ធ្វើ​ការ​ងារ​ ដែល​ច្បាប់​ចែង​ឲ្យ​ដំឡើង​ឋានន្តរ​សក្ដិ ឬ​ប្រាក់ខែ រាល់ ២ ឬ​៣ឆ្នាំ​ម្ដង។

សង្គម​ស៊ីវិល​ឃ្លាំមើល​ និង​ពលរដ្ឋ​ ចាត់​ទុក​ថា ការ​ដំឡើង​តួនាទី ឋានន្តរសក្ដិ និង​ប្រាក់​ខែ ដល់​ចៅក្រម និង​ព្រះរាជ​អាជ្ញា ដែល​តែង​ចូលរួម​សកម្មភាព​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ ជា​វប្បធម៌​អាក្រក់ ដែល​​ធ្វើ​ឲ្យ​មន្ត្រី​តុលាការ​ផ្សេង​ទៀត យក​គំរូ​តាម​ ដើម្បី​ឆាប់​ទទួល​បាន​ងារ និង​បុណ្យ​សក្ដិ​លឿន។

អនុ​ប្រធាន​អង្គការ​ លីកាដូ ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស លោក អំ សំអាត សង្កេត​ឃើញ​ថា ​ការ​ដំឡើង​ឋានន្តរសក្ដិ ដល់​មន្ត្រី​តុលាការ​នៅ​កម្ពុជា ខុស​ពី​បណ្ដា​ប្រទេស​លទ្ធិ​ប្រជាធិបតេយ្យ ព្រោះ​កម្ពុជា​ ចៅក្រម និង​ព្រះរាជអាជ្ញា​ ដែល​រង​ការ​រង​ការ​រិះគន់​ និង​កាន់​សំណុំ​រឿង​នយោបាយ សង្គម​​សង្គម​ស៊ីវិល សហជីព ដីធ្លី ច្រើន​​​ត្រូវ​​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ដំឡើង​ឋានន្តរសក្ដិ និង​ប្រាក់ខែ។ លោក អំ សំអាត ថា នេះ​ជា​វប្បធម៌​អាក្រក់ ដែល​លើក​ទឹក​ចិត្ត​ឲ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា​មួយ​ចំនួន អនុវត្ត​តាម ដើម្បី​ប្ដូរ​យក​ឋានន្តរសក្ដិ ប៉ុន្តែ​នាំ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​ទាំង​មូល​រង​ការ​រិះគន់​ពី​មហាជន និង​សហគមន៍​អន្តរជាតិ​ថា រង​និន្នាការ​នយោបាយ​ខ្លាំង៖ «ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​ទៅ​ជា​ប្រព័ន្ធ​តុលាការ​ឯករាជ្យ ដែល​ធានា​អំពី​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ ហើយ​ធានា​អំពី​ការ​ការពារ និង​ការ​ស្វែង​រក​យុត្តិធម៌ ​នៅ​ក្នុង​សង្គម​ អា​នោះ​ ជា​ការ​សំខាន់ ​ជាជាង​ការ​ដំឡើង​ឋានន្តរ​សក្ដិ​ទៅ មាន​ការ​រិះគន់ និង​គេ​ថា ជា​ការ​លើក​ទឹក​ចិត្ត អ្នក​ដែល​មាន​ស្នាដៃ បម្រើ​ទៅ​លើ​រដ្ឋាភិបាល​​កន្លងមក​ទៅ​វិញ»

ព្រះ​មហាក្សត្រ​ កាល​ពី​ថ្ងៃ​ទី១៣ ខែ​មិថុនា បាន​ត្រាស់​បង្គាប់​តែង​តាំង និង​ផ្ទេរ​តំណែង ​ចៅក្រម​ចំនួន​ ៣៩នាក់ ព្រះរាជអាជ្ញា ៩នាក់ និង​បាន​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរសក្ដិ​ដល់​ចៅក្រម ៤៥នាក់​ផ្សេង​ទៀត ឡើង​ជា​ឧត្ដម​ចៅក្រម វរ​ចៅក្រម និង​អនុ​ចៅក្រម។

ចៅក្រម​ និង​ព្រះរាជ​អាជ្ញា​ ធ្លាប់​រង​ការ​រិះគន់​ថា តែង​ចេញ​មុខ​ធ្វើ​ទុក​បុក​ម្នេញ​សំឡេង​រិះគន់ អ្នក​វិភាគ​នយោបាយ​ សង្គម​ស៊ីវិល សហជីព អតីត​អ្នក​កាសែត ​ជន​រងគ្រោះ​ដីធ្លី ​និង​ធ្វើ​ខុស​វិជ្ជាជីវៈ ក៏​មាន​ឈ្មោះ ក្នុង​ការ​ដំឡើង​ឋានន្តរសក្ដិ​ដែរ ដូច​ជា ព្រះរាជអាជ្ញា​រង​ លោក លី សុផាន់ណា ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ព្រះរាជ​អាជ្ញា​​នៃ​មហា​អយ្យការ​អម​សាលា​ឧទ្ធរណ៍។ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ លោក សុក កែវ​បណ្ឌិត ដែល​ធ្លាប់​រង​ការ​ប្ដឹង​ពី​សមាគម​សិទ្ធិ​មនុស្ស អាដហុក កាល​ឆ្នាំ២០១៥ ត្រូវ​បាន​ផ្ទេរ​មក​នៅ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ចៅក្រម​សាលា​ដំបូង​​ខេត្ត​ស្វាយរៀង​ លោក សុវណ្ណ ច័ន្ទន៍​គ្រឹះស្នា ដែល​ចេញ​ដីកា​ឲ្យ​ឃុំ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ (facebook) ម្នាក់ កាល​ពី​ខែ​ឧសភា ត្រូវ​បាន​​ដំឡើង​ឋានន្តរ​សក្ដិ ពី​អនុ​ចៅក្រម​ថ្នាក់​លេខ២ មក​​ថ្នាក់​លេខ១។ ចៅក្រម​​​​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង រិទ្ធី ដែល​​ដោះលែង​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ម្នាក់ ​ស្រវឹង​ស្រា​ បើក​រថយន្ត​បុក​រថយន្ត​ពលរដ្ឋ​ពី​ក្រោយ ហើយ​បន្ត​បើក​រត់ និង​ដក​កាំភ្លើង​គំរាម​បាញ់​ ពេល​សមត្ថកិច្ច​ដេញ​ចាប់ ​កាល​ពី​ឆ្នាំ២០១៨ ក៏​ត្រូវ​ស្នើ​សុំ​ឲ្យ​ដំឡើង​ឋានន្តរសក្ដិ ពី​អនុ​ចៅក្រម​ថ្នាក់​លេខ៣ មក​ថ្នាក់​លេខ២ ដែរ។

អ្នក​នាំ​ពាក្យ​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម លោក សំ ប្រជាមានិត ប្រាប់​អាស៊ី​សេរី​ថា ការ​ស្នើ​សុំ​ដំឡើង​ឋានន្តរសក្ដិ ប្រាក់​ខែ ផ្ទេរ​ភារកិច្ច​ចៅក្រម ព្រះរាជអាជ្ញា គឺ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១២ មិថុនា ក្នុង​ព្រះ​បរម​រាជវាំង ក្នុង​សម័យ​ប្រជុំ​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម ដែល​មាន​ព្រះ​មហាក្សត្រ​ចូល​រួម។ លោក​ថា ការ​ដំឡើង​ឋានន្តរសក្ដិ ប្រាក់​ខែ តួនាទី​ គឺ​ជា​គោលការណ៍​ច្បាប់ នៅ​​ពេល​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម ត្រួត​ពិនិត្យ​ថា មន្ត្រី​តុលាការ​បំពេញ​តួនាទី​បាន​ល្អ រយៈ​ពេល​២​ឆ្នាំ​ឡើង​ទៅ៖ «ការ​គ្រប់​គ្រង់​​រដ្ឋបាល​ គឺ​ថា ចៅក្រម​ ព្រះ​រាជអាជ្ញា​ ដែល​លោក​បំពេញ​ភារកិច្ច​ តួនាទី បាន​ល្អ ​ក្នុង​រយៈ​ពេល ២ឆ្នាំ​ ចាប់​ពី ២ឆ្នាំ​ឡើង​ទៅ គឺ​ត្រូវ​តែ​ពិនិត្យ ​ដំឡើង​កាំ​ប្រាក់​បៀវត្ស​ ឋានន្តរសក្ដិ ជូន ហើយ​ជា​គោលការណ៍​​សម្រាប់​ពិនិត្យ។ ប៉ុន្តែ​បើ​ចៅក្រម មាន​កំហុស​ឆ្គង​ណា​មួយ ដែល​សម្រេច​ដោយ​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម ឬ​ក្រុម​ប្រឹក្សា​វិន័យ នោះ​យើង​មាន​នីតិវិធី​ទៀត​ណា។ អ្វី​ដែល​ខ្ញុំ​លើក​ឡើង​ គឺ​ថា ឲ្យ​តែ​ដល់​ពេល (ពិនិត្យ) អតីត​ភាព​ គឺ​គាត់​ត្រូវ​បាន​ទទួល​ដូច​មន្ត្រី​រាជការ​ធម្មតា អ៊ីចឹង»

ពលរដ្ឋ​​ រង​ការ​កោះ​ហៅ​ពី​តុលាការ​ក្នុង​សំណុំ​រឿង​ជម្លោះ​ដីធ្លី នៅ​បុរី​កីឡា​ម្នាក់ គឺ​​អ្នកស្រី ភោគ សុភីន ចាត់​ទុក​ថា​ ការ​ដំឡើង​បុណ្យ​សក្ដិ​ដល់​មន្ត្រី​តុលាការ ដែល​ធ្លាប់​កោះហៅ​ពលរដ្ឋ​ក្រីក្រ​ទៅ​គំរាម​កំហែង ជា​ការ​បង្ក​ភាព​ឈឺ​ចាប់​បន្ថែម​ទៀត ដល់​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី។ អ្នកស្រី ភោគ សុភីន សង្កេត​ឃើញ​ថា មិន​មែន​តែ​មន្ត្រី​តុលាការ​ទេ សូម្បី​ប៉ូលិស​នៅ​មូលដ្ឋាន ដែល​តែង​ឃ្លាំមើល​ ចេញ​មុខ​រារាំង អុក​ឡុក សម្លុត​គំរាម​កំហែង អ្នក​រងគ្រោះ​ដីធ្លី ក៏​ឆាប់​​ត្រូវ​បាន​ដំឡើង​បុណ្យ​សក្ដិ​ដែរ៖ «មិន​មាន​ដំណោះស្រាយ​ហើយ គាត់​បែរ​ជា​ដំឡើង​បុណ្យ​សក្ដិ បក្ខ​ពួក​របស់​គាត់ ព្រះរាជអាជ្ញា។ មិន​ថា បក្ខ​ពួក​របស់​គាត់​ទេ សូម្បី​តែ​ប៉ូលិស​តាម​ដាន​ពួក​ខ្ញុំ​រាល់​ថ្ងៃ​ហ្នឹង​ណា ក៏​គាត់​ដំឡើង​ឋានន្តរសក្ដិ​ឲ្យ​ដែរ។ ពួក​ខ្ញុំ​រងគ្រោះ គ្មាន​ដំណោះស្រាយ ហើយ​អ្នក​ណា តាមដាន​ពួក​ខ្ញុំ​ស្អិត គឺ​គាត់​ដំឡើង​បុណ្យ​សក្ដិ​ឲ្យ​ហើយ»

អនុ​ប្រធាន​អង្គការ លីកាដូ ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស លោក អំ សំអាត យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឲ្យ​មាន​ភាព​ឯករាជ ជា​ការ​ល្អ​ប្រសើរ​ជាង​រាល់​ពេល​ដំឡើង​ឋានន្តរ​សក្ដិ​ ឲ្យ​ចៅក្រម ព្រះរាជ​អាជ្ញា តែង​រង​ការ​រិះគន់។ លោក​ថា ការ​រិះគន់​ និង​ការ​ស្នើសុំ​ឲ្យ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ មិន​មែន​តែ​ក្រុម​សង្គម​ស៊ីវិល ឬ​​សំឡេង​ប្រឆាំង​ទេ សូម្បី​អង្គការ​សហប្រជាជាតិ​ ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កែ​ទម្រង់​ឲ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ដែរ។ លោក​ថា ដើម្បី​ឲ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ សំខាន់​បំផុត រដ្ឋាភិបាល​ត្រូវ​កែ​ច្បាប់​ឲ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ បទដ្ឋាន​អន្តរជាតិ ធានា​ថា ច្បាប់​នោះ ជា​ច្បាប់​បម្រើ​ពលរដ្ឋ​មិនមែន​ជា​ឈ្នាន់​នយោបាយ និង​ត្រូវ​ធ្វើ​យ៉ាង​ណា ឲ្យ​មន្ត្រី​តុលាការ​ឈប់​រង​ឥទ្ធិពល​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles