ចាងហ្វាង​កាសែត​ ខ្មែរ​ ថាមស៍ ​រង​ការ​ចោទ​ថា​បៀតបៀន​ផ្លូវ​ភេទ​លើ​បុគ្គលិក​ស្រី

ដោយ សុ ជីវី
2019-06-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ចាងហ្វាង​កាសែត​ខ្មែរ ថាមស៍​(Khmer Times) លោក ធី ម៉ូហាន់ (T.Mohan) រង​ការ​ចោទ​ថា បាន​បៀតបៀន​ផ្លូវ​ភេទ​លើ​បុគ្គលិក​ស្រី។ Photo courtesy
ចាងហ្វាង​កាសែត​ខ្មែរ ថាមស៍​(Khmer Times) លោក ធី ម៉ូហាន់ (T.Mohan) រង​ការ​ចោទ​ថា បាន​បៀតបៀន​ផ្លូវ​ភេទ​លើ​បុគ្គលិក​ស្រី។ Photo courtesy


ចាងហ្វាង​កាសែត​ខ្មែរ ថាមស៍ (Khmer Times) លោក ធី ម៉ូហាន់ (T.Mohan) រង​ការ​ចោទ​ថា បាន​បៀតបៀន​ផ្លូវ​ភេទ​លើ​បុគ្គលិក​ស្រី​របស់​ខ្លួន​រហូតដល់​​នាង​​លាឈប់​ពី​ការងារ។ សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ច្បាប់ ដើម្បី​រក​យុត្តិធម៌​ជូន​នារី​រងគ្រោះ​នោះ និង​លុបបំបាត់​អំពើ​បៀតបៀន​ផ្លូវ​ភេទ​នៅ​កម្ពុជា។ រីឯ​លោក ធី ម៉ូហាន់ បាន​ច្រានចោល​ការចោទប្រកាន់​នេះ។

អតីត​បុគ្គលិក​កាសែត ​ខ្មែរ​ ថាមស៍ ​ម្នាក់ ​ដែល​ជា​ជនជាតិ​ហ្វីលីពីន ​និង​ជា​អ្នក​សរសេរ​អត្ថបទ​ជីវិត កម្សាន្ត និង​សង្គម​អ្នកនាង អេព្រីល រ៉េភូសា (April Reposar) បាន​សរសេរ​លិខិត​ចំហ​មួយ​លាតត្រដាង​នូវ​រឿងអាស្រូវ​ដែល​ថា ចាងហ្វាង​កាសែត​ ខ្មែរ ថាមស៍ លោក ធី ម៉ូហាន់ បាន​បៀតបៀន​ផ្លូវ​ភេទ លើ​រូប​នាង​រហូត​ធ្វើ​ឱ្យ​រូប​នាង​ទ្រាំ​មិនបាន និង​សម្រេចចិត្ត​លាឈប់​ពី​ការងារ​ហើយ​ចាក​ចេញពី​កម្ពុជា​ត្រឡប់​ទៅ​ប្រទេស​កំណើត​នៅ​ហ្វីលីពីន​វិញ។

ក្នុង​លិខិត​ចំហ​ចុះ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៩ ដែល​ផ្ញើ​ជូន​ទៅ​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​ប្រទេស​កម្ពុជា អ្នកនាង April Reposar សរសេរ​ថា នៅ​ក្រោយ​ពិធី​ជប់លៀង​បញ្ចប់​អាណត្តិ​អតីត​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក ចច អេដហ្ការ (George Edgar) កាលពី​ថ្ងៃ​ទី​៩ ​ខែ​ឧសភា​កន្លងទៅ លោក ធី ម៉ូហាន់ បាន​បបួល​នាង​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច ហើយ​បាន​សុំ​នាង​រួមដំណេក​ដោយ​សន្យា​ថា លោក​នឹង​ជួយ​ឱ្យ​ជីវិត​នាង​ល្អ​ប្រសើរ​​តាមរយៈ​ការ​ផ្ដល់​ប្រាក់​ចំនួន ១​ពាន់​ដុល្លារ​ជួល​ ផ្ទះ​ល្វែង (Apartment) ថ្មី ឱ្យ​​នាង​ស្នាក់នៅ ​ព្រមទាំង​ការ​ផ្គត់ផ្គង់​ផ្សេងទៀត​ដល់​នាង​ប្រចាំខែ។ ប៉ុន្តែ នាង​ត្រូវតែ​ជួប​រួមដំណេក​គ្រប់​ពេល​ដែល​លោក​ត្រូវការ។ ពេលនោះ អ្នកនាង April Reposar បាន​បដិសេធ​ដោយ​ប្រាប់​ថា នាង​មាន​មិត្ត​ប្រុស​រួច​ហើយ។ នៅ​ថ្ងៃ​បន្តបន្ទាប់​មក​ទៀត​លោក ធី ម៉ូហាន់ បាន​ណាត់​នាង​ញាំ​អាហារ និង​តែងតែ​ផ្ញើ​សារ​នូវ​សំណួរ​ដដែលៗ ​និង​ស្នើ​សុំ​ឱ្យ​នាង​ពិចារណា​ឡើងវិញ ​ចំពោះ​សំណើ​របស់​លោក រហូត​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​ភ័យខ្លាច និង​សម្រេចចិត្ត​ដាក់ពាក្យ​លា​ឈប់​​ពី​ការងារ កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ខណៈ​នាង​ទើប​ចូល​ធ្វើ​ការ​មិន​ដល់​មួយ​ខែ​ផង។

ក្នុង​លិខិត​ចំហ​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​មក លោក​លោក ធី ម៉ូហាន់ បាន​ហៅ​នាង​ទៅ​សួរនាំ​ពី​រឿង​លាឈប់​ពី​ការងារ។ នាង​បាន​ប្រាប់​ត្រង់ៗ ​ថា ដោយសារតែ​ទង្វើ​របស់​លោក ធី ម៉ូហាន់ គ្មាន​វិជ្ជាជីវៈ​ និង​មិន​អាច​ទទួល​យក​បាន។ នាង​រៀបរាប់​ទៀត​ថា មុន​បណ្ដេញ​នាង​ចេញ​លោក ធី ម៉ូហាន់ ​បាន​ព្រមាន​នាង​កុំ​ឱ្យ​ប្រាប់​អ្នក​ផ្សេង​អំពី​រឿងអាស្រូវ​នេះ និង​បង្គាប់​ឱ្យ​នាង​លុប​សារ​ឆ្លើយឆ្លង​គ្នា​ទាំងអស់​ចោល ដើម្បី​កុំ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​ទាំងអស់​គ្នា។

ក្នុង​លិខិត​ដដែល​បន្ដ​ថា ក្រោយ​ពេល​ដែល​នាង​លាឈប់​ទៅ​ហើយ​នោះ នាយក​កាសែត ខ្មែរ ថាមស៍ រូប​នេះ​បែរជា​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​នាង​ទៅ​ប្រាប់​បុគ្គលិក​នៅ​ក្នុង​ស្ថាប័ន​កាសែត ​ខ្មែរ ថាមស៍ ដោយ​ចោទ​ថា នាង​បាន​ព្យាយាម​លក់ខ្លួន​ឱ្យ​គាត់​ដើម្បី​ទទួល​បាន​អនាគត​ល្អ​ប្រសើរ​ទៅវិញ​នៅ​កម្ពុជា។ លើស​ពី​នេះ​ទៀត​លោក ធី ម៉ូហាន់ ក៏បាន​បង្កើត​ព័ត៌មាន​មិន​ពិត​អំពី​នាង​ ដើម្បី​ដាក់​ឈ្មោះ​នាង​ក្នុង​បញ្ជី​ខ្មៅ​របស់​អន្តោប្រវេសន៍​កម្ពុជា​ដែល​ធ្វើ​ឱ្យ​នាង​មិន​អាច​វិល​ចូល​កម្ពុជា​បាន​ទៀត​ផង​។

អ្នកនាង April Reposar បាន​ប្រាប់​វីអូឌី (VOD) កាលពី​ទី​១៨ មិថុនា​ថា ​នាង​នឹង​មិន​បញ្ចប់​រឿង​នេះ​​ទេ ហើយ​នាង​បាន​ពឹង​ពាក់​មេធាវី​រួចហើយ ដើម្បី​ដំណើរការ​ក្ដី​នៅ​ក្នុង​រឿង​នេះ។

ចាងហ្វាង​កាសែត​ខ្មែរ ថាមស៍ លោក ធី ម៉ូហាន់ ប្រាប់​អាស៊ីសេរី​តាមរយៈ​អ៊ីម៉ែល (Email) ថា នេះ​ជា​រឿង​​មួល​​បង្កាច់​ហើយ​បុគ្គលិក​នោះ បាន​លាឈប់​និង​បាន​ចាកចេញ​កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា។ លោក​ក៏បាន​បង្វិល​សំណួរ​របស់​អាស៊ីសេរី​ឱ្យ​ទៅ​សួរ​នាយក​​ប្រតិបត្តិ​កាសែត​ ខ្មែរ ថាមស៍ គឺ​លោក កៃ គឹមសុង វិញ ប៉ុន្តែ​លោក កៃ គឹមសុង មិន​លើក​ទូរស័ព្ទ។

ទោះបីជា​លោក ធី ម៉ូហាន់ បដិសេធ​ក្ដី ប៉ុន្តែ​អ្នកនាង April Reposar ក៏​បាន​ចែករំលែក​សារ​ឆ្លើយឆ្លង ​ដែល​មាន​ឈ្មោះ​លោក ធី ម៉ូហាន់ ដែល​បាន​សុំ​នាង​រួមដំណេក​ម្ដង​ហើយ​ម្ដង​ទៀត​ដែរ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​អ្នកស្រី អ៊ូ ទេពផល្លីន ដែល​ចូលរួម​ធ្វើការ​លើកស្ទួយ​សិទ្ធិ​ស្ត្រី​ដែរ​នោះ​លើកឡើង​ថា ប្រសិនបើ​រឿង​នេះ​ជា​ការ​ពិត គឺ​ទង្វើ​លោក ធី ម៉ូហាន់ គឺជា​ការ​បៀតបៀន​ផ្លូវ​ភេទ ដូច្នេះ​អាជ្ញាធរ​កម្ពុជា​គួរតែ​ចាត់វិធានការ​ច្បាប់​ ដើម្បី​រក​យុត្តិធម៌​ជូន​រងគ្រោះ ​និង​លុបបំបាត់​អំពើ​បៀតបៀន​ផ្លូវ​ភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «រដ្ឋាភិបាល​ត្រូវតែ​ចាត់វិធានការ​ឱ្យ​បាន​រ៉ឹង​មាំ​ជៀសវាង​បំផុត គឺ​រឿង​ស្តង់ដារ​ពីរ ព្រោះ​យើង​ឃើញ​ថា​អ្នកមួយ​ចំនួន​នៅ​ក្នុង​តួនាទី​បែបនេះ​នៅ​ពេល​គាត់​ប្រព្រឹត្ត​ដូចជា​ករណី​បែក​ធ្លាយ​សារ​អំពើ​បៀតបៀន និង​ហិង្សា​អី​ផ្សេងៗ​ដូចជា​ចាត់ការ​លឿន ប៉ុន្តែ​មួយ​ក្រុម​ទៀត​រឿង​នេះ​កើតឡើង​ដូចគ្នា​ប៉ុន្តែ​ចំណាត់​ការ​គឺ​អត់​មាន ដូច្នេះ​ការអនុវត្ត​ច្បាប់​គឺ​បែងចែក​ស្តង់ដារ»

អាស៊ីសេរី​បាន​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី​លោកស្រី ម៉ាន ចិន្តា ជាច្រើនលើក​ប៉ុន្តែ​មិន ទទួល​ទូរស័ព្ទ។

លោក ម៉ូ ហាន់ គឺជា​អ្នកជំនួញ​ជនជាតិ​ម៉ាឡេស៊ី​ហើយ លោក​បាន​បង្កើត​កាសែត ​ខ្មែរ ថាមស៍ នៅ​ទីក្រុង​ភ្នំពេញ កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៤។ ចាងហ្វាង​កាសែត​ ខ្មែរ ថាមស៍ ​រូប​នេះ ​ធ្លាប់​បាន​បែក​ធ្លាយ​សារ​កាល​ពី​ដើម​ឆ្នាំ​២០១៧ ដែល​បង្ហាញ​ពី​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​របស់​លោក​ជាមួយ​ម្ចាស់​កាស៊ីណូ ណាហ្គា វើលដ៍ (NAGA World) និង​កូនប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត។ សារ​បែក​ធ្លាយ​នោះ ក៏​បង្ហាញ​ថា ម្ចាស់​កាស៊ីណូ ណាហ្គា វើលដ៍ និង​គ្រួសារ​របស់​លោក ហ៊ុន សែន គឺជា​អ្នក​ផ្ដល់​ការ​គាំទ្រ​ដល់​កាសែត ខ្មែរ ថាមស៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles