តុលាការ​ខេត្ត​សៀមរាប​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ចិន ៧​នាក់ ​បើក​​ល្បែង​​ស៊ីសង​​ខុស​ច្បាប់​​តាម​ប្រព័ន្ធ​អ៊ីនធឹណិត

ដោយ​ សន ចាន់រដ្ឋា
2019-06-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជនជាតិចិន ៧នាក់ ដែល​ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ២០១៩ នៅ​ចំណុច​ប៊ូទិក (Boutique) ស្ថិត​នៅ​ក្នុង​សង្កាត់​ស្លក្រាម ក្រុងសៀមរាប។ រូប៖ ហ្វេសប៊ុក​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ
ជនជាតិចិន ៧នាក់ ដែល​ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ២០១៩ នៅ​ចំណុច​ប៊ូទិក (Boutique) ស្ថិត​នៅ​ក្នុង​សង្កាត់​ស្លក្រាម ក្រុងសៀមរាប។ រូប៖ ហ្វេសប៊ុក​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ


ចៅក្រម​ស៊ើបសួរនៃសាលាដំបូង​ខេត្តសៀមរាប​ចេញដីកាបង្គាប់​ឱ្យឃុំខ្លួន​ជនជាតិចិន ៧​នាក់ ពីបទ​បើកកន្លែង​​​លេង​ល្បែង​ស៊ីសង​​ដោយ​ខុស​ច្បាប់​តាមប្រព័ន្ធអ៊ីនធឺណិត។

ជនជាតិចិនទាំង ៧នាក់​នេះ ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា នៅ​ចំណុច​ប៊ូទិក (Boutique) ស្ថិត​នៅ​ក្នុង​សង្កាត់​ស្លក្រាម ក្រុងសៀមរាប។

របាយការណ៍​របស់សមត្ថកិច្ច​ផ្សាយ​នៅ​លើ​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ឱ្យដឹងថា ក្នុង​ពេល​ចុះ​ប្រតិបត្តិការ​សមត្ថកិច្ច​ប្រទះ​ឃើ​ញ​ជនជាតិ​ចិន​ទាំង ៧នាក់​នេះកំពុង​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង

សមត្ថកិច្ច​ក៏​បាន​ដក​ហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​កុំព្យូទ័រ​យួរ​ដៃ​ចំនួន ៨គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន ១៥គ្រឿង រួម​នឹង​សម្ភារៈ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត។

សង្គម​ស៊ីវិលមើល​ឃើញ​ថា​ចំណាត់ការ របស់អាជ្ញាធរកម្ពុជា​ ហាក់​គ្មាន​ប្រសិទ្ធភាព ចំពោះ​ជន​ជាតិ​ចិន ដែល​ប៉ុនប៉ង​ប្រើប្រាស់ទឹក​ដី​កម្ពុជា ដើម្បី​ប្រព្រឹត្តិ​បទ​ល្មើស​នៅ​ឡើយ​ទេ។

នាយក​ប្រតិបត្តិ​សម្ពន្ធ​គណនេយ្យភាព​​សង្គម​កម្ពុជា​លោក សន ជ័យ ថ្លែង​ថា ចំណាត់​ការ​របស់​សមត្ថកិច្ច ដែល​បង្ក្រាប​ជន​ជាតិ​ចិន​បាន​ហើយ រូច​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ផ្ដន្ទាទោស ប៉ុន្តែ​ជន​ជាតិ​ចិនទាំង​នោះតែង​តែ​បញ្ជូន​ទៅ​អនុវត្តន៍ទោស​ប្រទេស​ចិន​ទៅ​វិញ។ លោក​យល់​ថា អាច​មក​ពី​មូលហេតុ​នេះ​ហើយ ដែល​នាំ​ឱ្យ​ជន​ជាតិ​ចិន​ទាំង​នេះមិន​រាង​ចាល និង​នៅ​តែបន្ត​ប្រព្រឹត្ត​បទ​ល្មើសដដែល​នៅ​កម្ពុជា ដែល​មូលហេតុ​នេះ​អាច​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍​ឈ្មោះ​កម្ពុជានៅ​លើ​ឆាក​អន្តរជាតិ។

លោក សន ជ័យ ស្នើ​ដល់​រដ្ឋាភិបាល​គួរ​មាន​វិធានការ​ថ្មី ចំពោះ​ជនជាតិ​ចិន​​ ជា​ជាង​ការ​បញ្ជូន​ជនជាតិ​ចិន ដែល​មានទោស​នៅ​កម្ពុជា ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ។ លោក​ក៏​ចង់​ឃើញ​ស្ថានទូត​ចិននៅ​កម្ពុជាបើក​ចំហរ​ព័ត៌មាន​នៃ​ការ​អនុវត្ត​ទោស ចំពោះ​ជន​ជាតិ​ចិន​ដែល​បញ្ជូន​ចេញ​ពី​កម្ពុជា បង្ហាញ​ជា​សាធារណៈឱ្យ​ពលរដ្ឋ​ខ្មែរ​បាន​ឃើញ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles