ចៅក្រម​ខេត្ត​ព្រះ​សីហនុ​ចោទ​និង​ឃុំ​ខ្លួន​ជនជាតិ​ចិន​បួន​នាក់​ជុំវិញ​ករណី​បាក់​អគារ

កម្ពុជា


អាជ្ញាធរបន្តស្វែងរកមនុស្សក្នុងគំនរអគារបាក់នៅក្រុងព្រះសីហនុ ខណ:ក្រុមគ្រួសារកំពុងរង់ចាំដំណឹង។ ចំនួនមនុស្សស្លាប់បានបន្តកើនឡើង ដែលរហូតមកដល់រសៀល​ថ្ងៃ​អាទិត្យ​ទី​​២៣ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ មនុស្សយ៉ាងតិច១៨នាក់ ត្រូវបានបញ្ជាក់ដោយអាជ្ញាធរថាបានស្លាប់ និង២៤នាក់ បានរងរបួស។(ស៊ុន ណារិន/VOA)


25 មិថុនា 2019
អូន ឆេងប៉រ
វីអូអេខ្មែរ

បន្ទាប់ពី​មានហេតុ​ការណ៍​បាក់​រលំ​ការដ្ឋាន​សំណង់​អគារ​ខុសច្បាប់​មួយ​កន្លែងនៅ​ខេត្ត​ព្រះ​សីហនុ​ ​ដែល​បាន​បណ្ដាលឲ្យមាន​អ្នក​ស្លាប់​ជិត៣០នាក់​ ​នៅដើម​សប្ដាហ៍​នេះ​ ​តុលាការ​ខេត្ត​បាន​សម្រេច​ចោទប្រកាន់​ ​និង​ឃុំខ្លួន​ជនជាតិ​ចិន​បួន​រូប​ដែល​មាន​ទំនួល​ខុសត្រូវ​នៅនឹង​ការដ្ឋាន​កើត​ហេតុ​នេះ។

​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​ ​បាន​សម្រេច​ចោទ​ប្រកាន់​និង​ឃុំខ្លួន​ជនជាតិ​ចិន​បួន​រូប​ ​ពាក់ព័ន្ធ​នឹង​ករណី​បាក់​រលំ​ការដ្ឋាន​សំណង់​អគារ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ​ដែល​បាន​ប្រល័យ​ជីវិត​កម្មករ​កម្មការនី​២៨រូប​ ​និង​បណ្ដាលឲ្យ​មនុស្ស​២៦នាក់​ផ្សេងទៀត​រង​របួស។

​បណ្ដា​ទីភ្នាក់ងារ​ព័ត៌មាន​ក្នុង​ស្រុក​នា​នា​ដែល​ស្និទ្ធ​នឹង​រដ្ឋអំណាច​បាន​ផ្សព្វផ្សាយ​ក្រដាស​ដីកា​បួន​ច្បាប់​ចុះ​ថ្ងៃទី​២៤​ ខែ​មិថុនា​ ​ទាក់ទិន​នឹង​វិធានការ​ផ្លូវ​ច្បាប់​ជា​បឋម​ប្រឆាំង​ជនជាតិ​ចិន​ទាំងបួន​ ​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ផ្ទាល់​ចំពោះ​គ្រោះ​មហន្តរាយ​ដែល​បាន​កើត​ឡើង​ខាងលើ។

​លោក​ ​សុក ហេង​ ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ពន្ធនា​គារ​ខេត្ត​ ​ឃុំខ្លួន​ជនជាតិ​ចិន​ ​ឈ្មោះ​ ​Cheng​ ​Kun​ ​វ័យ៣៩ឆ្នាំ​ ​ដែល​ជា​វិនិយោគិន​លើ​គម្រោង​អគារ​ដែល​បាក់​រលំ​ខាងលើ​ ​និង​លោក​ ​Deng​ ​Xin​ ​Gui​ ​វ័យ៤៨ឆ្នាំ​ ​ជា​ថៅកែ​ម៉ៅការ​សំណង់​ ​ពី​បទ​«​មនុស្ស​ឃាត​ដោយ​អចេតនា​ ​បង្ក​ឲ្យ​មានរបួស​ដោយ​អចេតនា​ ​និង​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​បង្ក​ការ​របួស​ស្នាម​ដល់​អ្នកដទៃ»។​

​ចៅក្រម​ស៊ើប​សួរ​ដដែល​ក៏បាន​សម្រេច​បញ្ជា​ឲ្យ​ឃុំខ្លួន​ ​អ្នកស្រី​ ​Xie Ya Ping​ ​វ័យ៤៣ឆ្នាំ​ ​ជា​អ្នក​មើល​ការ​ខុសត្រូវ​ក្នុង​ការដ្ឋាន​និង​លោក​ ​Gao Yu​ ​វ័យ២៩ឆ្នាំ​ ​ជាជាង​សំណង់។​ ​អ្នក​ទាំង​ពីរ​ត្រូវ​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​ ​និង​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ ​ពី​បទ​ ​«សមគំនិត​ក្នុង​អំពើ​មនុស្សឃាត​ដោយ​អចេតនា​ ​សមគំនិត​ក្នុង​អំពើ​បង្ក​ឲ្យ​មានរបួស​ដោយ​អចេតនា​ ​និង​សម​គំនិត​ក្នុង​ការ​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​បង្ក​ការ​របួស​ស្នាម​ដល់​អ្នក​ដទៃ»។

​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ​ដែល​មាន​កម្លាំង​ចម្រុះ​ប្រមាណ​១ពាន់​នាក់​ ​បាន​បិទ​បញ្ចប់​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ ​បន្ទាប់​ពី​បាន​ចំណាយ​ពេល​ជាង​៦០ម៉ោង​ ​ចាប់​តាំងពី​ព្រឹក​ព្រហាម​ថ្ងៃ​សៅរ៍​ ​គាស់កកាយ​សាកសព​ជនរងគ្រោះ​ជា​កម្មករ​ចំនួន​២៨នាក់​និង​អ្នករបួស​២៦នាក់​ ​បូករួម​ទាំង​អ្នក​រស់រាន​មាន​ជីវិត​ពីរ​នាក់​ដែល​សង្គ្រោះ​បាន​ចុងក្រោយ​ ​នា​ល្ងាច​ថ្ងៃ​ចន្ទ។

​ទាក់ទិន​នឹងការ​បាក់​អាគារ​សំណង់​របស់​ចិន​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ក៏​បាន​សម្រេច​បណ្ដេញ​លោក​ទេស​រដ្ឋមន្ត្រី​ ​ញឹម វណ្ណដា​ ​ពី​ដំណែង​ជា​អនុប្រធាន​ទីមួយ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ជុំវិញ​ការ​ឆ្លើយតប​ដោយ​ ​«ខ្វះ​ទំនួល​ខុសត្រូវ​និង​ភូតភរ​»​ ​ក្នុង​ការដឹកនាំ​ប្រតិ​បត្តិ​ការ​ជួយ​សង្គ្រោះ​ខាង​លើ។​ រីឯ​លោក​ ​យន្ត​ ​មីន​ ​អភិបាល​ខេត្ត​ក៏បាន​លាលែង​ពី​ដំណែង​ដែរ។

លោក​ ​យន្ត មីន​ ធ្លាប់​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ​គម្រោង​សំណង់​កើត​ហេតុខាងលើ​ ​បាន​ធ្វើ​ឡើង​ដោយ​មិន​មានច្បាប់​អនុញ្ញាត​ ​ហើយ​បើ​ទោះជា​អាជ្ញា​ធរ​ធ្លាប់​បាន​ហាម​ឃាត់​ពីរ​ដង​រួចមក​ហើយ​ ​ក៏​សំណង់​ការដ្ឋាន​នេះ​នៅតែ​ប្រព្រឹត្តទៅ​រហូត​ជួប​គ្រោះ​ថ្នាក់​មហន្តរាយ​នេះ​តែម្ដង។

​បន្ទាប់ពី​មាន​ករណី​បាក់​រលំ​អគារ​នេះ​ ​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បាន​សម្រេច​បង្កើត​គ​ណៈ​កម្មា​ការ​ចម្រុះ​មួយ​ ​ដើម្បីធ្វើ​អធិការ​កិច្ច​លើ​បណ្ដា​សំណង់​តូច​ធំ​នា​នា​ ​នៅ​ក្នុង​ខេត្ត​ដែល​ទទួល​ការ​វិនិ​យោគ​យ៉ាង​ជោគជាំ​ពី​សំណាក់​ប្រទេស​ចិន​ នៅ​លើ​វិស័យ​បនល្បែង​កាស៊ីណូ​ ​ទេសចរណ៍​សំណង់​និង​អចលនទ្រព្យ៕​

What Next?

Recent Articles