ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ខេត្ត​កំពង់ធំ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ឈប់​គំរាម​កំហែង និង​ចាប់​ខ្លួន​ពួក​គេ

2019-06-25
RFA

ពលរដ្ឋ​នៅ​ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខែត្រ​កំពង់ធំ លើក​គ្នា​តវ៉ា​នៅ​សាលា​ឃុំ រឿង​អាជ្ញាធរ​ខេត្ត​ដក​ដី​ពួក​គាត់​យក​ទៅ​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០១៩។ រូប៖ ពលរដ្ឋ
ពលរដ្ឋ​នៅ​ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខែត្រ​កំពង់ធំ លើក​គ្នា​តវ៉ា​នៅ​សាលា​ឃុំ រឿង​អាជ្ញាធរ​ខេត្ត​ដក​ដី​ពួក​គាត់​យក​ទៅ​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០១៩។ រូប៖ ពលរដ្ឋ


ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​ ៥០គ្រួសារ​ក្នុងចំណោម​ពលរដ្ឋ​ជាង​ ៤៧០​គ្រួសារ រស់នៅ​ឃុំ​ដូង​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ខេត្ត​កំពង់ធំ​ អះអាង​ថា​ មក​ទល់​ពេល​នេះ​ ពួកគេ​មិនទាន់​ហ៊ាន​វិល​ទៅ​រស់នៅ​ភូមិ​កំណើត​វិញ​ទេ​ ​ដោយសារ​ភ័យខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន។ ក្រុម​ពលរដ្ឋ​អំពាវនាវ​អាជ្ញាធរ​ខេត្ត​នេះ​ បញ្ឈប់​យក​កម្លាំង​ប្រកាប់​អាវុធ​គំរាម​កំហែង​ ឆែកឆេរ​លំនៅឋាន​ និង​ចាប់​ខ្លួន​ពួក​គេ​ ហើយ​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​តវ៉ា​ទាមទារ​ដីធ្លី​បាន​ពេញលេញ។

ក្រុម​ពលរដ្ឋ​ប្រមាណ​ ៥០គ្រួសារ​ ក្នុងចំណោម​ពលរដ្ឋ​ជាង​ ៤រយ​គ្រួសារ​ រស់នៅ​ក្នុង​ភូមិ​ចំនួន​ ៥ ក្នុង​ឃុំ​ដូង​ ហាក់​ស្ទាក់ស្ទើរ​មិន​ហ៊ាន​វិល​ទៅ​រស់​នៅ​ស្រុក​កំណើត​វិញ​ទេ ព្រោះ​មិន​ទុក​ចិត្ត​អាជ្ញាធរ​ថា នឹង​មិន​ចាប់ខ្លួន​ពួកគេ​បន្ថែម​ទៀត​។ អ្នកភូមិ​ថា​ ដីស្រែ​ចម្ការ​របស់​ពួកគាត់​ជាច្រើន​ហិកតារ​ កំពុង​ត្រូវ​បាន​អាជ្ញាធរ​យក​គ្រឿងចក្រ​ឈូស​ឆាយ​ ពុះ​ចែក​ជា​ដីសម្បទាន​សង្គមកិច្ច​ ដោយ​គ្មាន​ការ​ឯកភាព​ពី​ម្ចាស់ដី។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត​ រស់នៅ​ភូមិ​ដង​តាឯក​ លោកស្រី​ ប៊ី​ គុណ​ ឲ្យដឹង​នៅ​ថ្ងៃ​ទី២៤​ មិថុនា​ថា​ គ្រួសារ​លោកស្រី​មាន​ដីស្រែ​ ៦ហិកតារ​ ជា​ដី​កេរ​ដូនតា​ ត្រូវ​បាន​អាជ្ញាធរ​ច្បាម​យក​ទាំងអស់​ ដោយ​មិន​ផ្ដល់​សំណង​អ្វី​ទាំង​អស់​ ហើយ​ពួក​គេ​បាន​បង្ខំចិត្ត​តវ៉ា​ និង​ប្ដឹង​ទាមទារ​ច្រើន​លើក​មក​ហើយ​ តែ​គ្មាន​ដំណោះ​ស្រាយ។ លើស​ពី​នេះ​ លោកស្រី​ក៏​មិន​ហ៊ាន​វិល​ទៅ​ផ្ទះវិញ​ទេ​ ដោយ​ខ្លាច​ក្រែង​អាជ្ញាធរ​ចាប់​ខ្លួន។ លោក​ស្រី​ត្អូញត្អែរ​ថា​ គ្រួសារ​លោក​ស្រី​ នឹង​ជួប​ការ​លំបាក​ផ្នែក​ជីវភាព​កាន់​តែ​ធ្ងន់ធ្ងរ​ និង​ខ្វះ​ស្បៀងអាហារ​ ប្រសិន​បើ​អាជ្ញាធរ​មិន​ប្រគល់​ដី​ជូន​ពួក​គេ​បង្កបង្កើន​ផល​វិញ​ទេ៖ «តាំង​ពី​យាយ​តា​រហូត​មក​ដល់​ឪពុក​ខ្ញុំ ឪពុក​ខ្ញុំ​រហូត​ដល់​អស់​បុណ្យ​ហើយ សុទ្ធតែ​ដី​ដូន​តា​ទាំង​អស់​ពលរដ្ឋ​ទាំង​អស់​គ្នា តែ​អាជ្ញាធរ​ថា​ដី​ព្រៃ តែ​​ប្រជា​ពលរដ្ឋ ដែល​អាស្រ័យផល​អត់​មាន​ព្រៃ​ទេ រស់​ដោយសារ​ដី​ស្រែ​ហ្នឹង បើ​គេ​យក​ទៅ​អស់​ខ្ញុំ​បាន​អី​រស់​ទៀត»

ពលរដ្ឋ​ម្នាក់ទៀត​ គឺ​លោកស្រី​ ម៉ុង​ ហេង​ រៀបរាប់​ថា​ ក្រុម​គ្រួសារ​លោកស្រី​មាន​ដី ១៨ហិកតារ​ ជា​ដី​កេរ​ដូនតា​ បន្សល់​ច្រើន​ជំនាន់​មក​ហើយ។ លើស​ពី​នេះ​ ដីស្រែ​ជិត​ ២០ហិកតារ​ទាំងនេះ​ បងប្អូន​លោកស្រី​ ៦នាក់​ បាន​បង្កបង្កើនផល​ចិញ្ចឹមជីវិត​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ​។ លោក​ស្រី​ថា​ ​អាជ្ញាធរ​បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ដី​ទាំង​អស់​ ដើម្បី​បម្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច​ ចែក​ជូន​ពលរដ្ឋ​ផ្សេង​ ដោយ​គ្មាន​សំណង។ រី​ឯ​គ្រួសារ​លោកស្រី​បាន​ស្រែក​តវ៉ា​ និង​ពឹង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ដោះ​ស្រាយ​ជា​ច្រើន​ដង​ ក៏​ប៉ុន្តែ​គ្មាន​លទ្ធផល។ លោកស្រី​ចោទ​ថា​ អាជ្ញាធរ​តែង​តែ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​គំរាម​កំហែង​ ពលរដ្ឋ​ ក្នុង​ន័យ​បំភិតបំភ័យ​មិន​ឲ្យ​ពួក​គេ​ងើប​តវ៉ា​ទាមទារ​ដីធ្លី៖ «ដោយ​សារ​តែ​ការ​គំរាម នៅ​តែ​តាម​ចាប់ និង​តាម​ប្រមាញ់ ខ្ញុំ​មិន​ដឹង​ថា ចូល​ស្រុក​យ៉ាង​ទេ។ ណា​មួយ​ខ្ញុំ​នឹក​កូន កូន​ខ្ញុំ​តូច​ទើប​តែ​អាយុ ១ឆ្នាំ​គត់។ ខ្ញុំ​ពិបាក​ក្នុង​ការ​ធ្វើ​ចិត្ត​ណាស់។ ដី​ខ្ញុំ​គេ​ឈូស​ឆាយ​អស់​ហើយ ហើយ​ក៏​ចែកចាយ​ឲ្យ​អ្នក​ស្រុក​អស់​ហើយ​ដែរ។ បើ​ដេញ​ខ្ញុំ​ពី​ផ្ទះ ហើយ​ដី​ខ្ញុំ​មិន​ទាន់​ដោះ​ស្រាយ​ផង បែរ​ជា​យក​ទៅ​ចែក​អ្នក​ស្រុក ចំពោះ​ខ្ញុំ​ជា​ម្ចាស់ តើ​គិត​យ៉ាង​ណា ពួក​គាត់​ធ្វើ​បែប​នេះ គឺ​ខុស​ច្បាប់​ទាំង​ស្រុង»

កាលពី​ចុង​ខែ​ឧសភា ឆ្នាំ២០១៩​ ស្ត្រី​មាន​ជម្លោះដីធ្លី​ម្នាក់​ឈ្មោះ អ៊ាង សុម៉េង វ័យ ៣១ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ដល់​ផ្ទះ នៅ​គ្រា​ដែល​កំពុង​បញ្ចុក​បាយ​ឪពុក​ចាស់​ជរា ដែល​ដេក​ឈឺ​នៅ​ផ្ទះ​ ហើយ​មក​ទល់​ពេល​នេះ​ស្ត្រី​នោះ​ កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ធំ។ អាជ្ញាធរ​អះអាង​ថា​ ការ​ចាប់​ខ្លួន​នេះ​ ពុំ​មែន​ពាក់ព័ន្ធ​រឿង​តវ៉ា​ដីធ្លី​ទេ​ គឺ​ចោទ​ពី​បទ​ បង្ក​របួស​ស្នាម​ដោយ​ចេតនា​ លើ​តៃកុង​ត្រាក់ទ័រ​ ៣នាក់​ ដែល​កំពុង​ប្រើ​គ្រឿងចក្រ​បំផ្លាញ​ដីធ្លី​ពលរដ្ឋ។

អាជ្ញាធរ​ខេត្ត​កំពង់ធំ​បង្ហាញ​ថា គម្រោង​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​នេះ​ សម្រាប់​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​រស់នៅ​ឃុំ​ដួង​ មាន​ទំហំ​ ៣.០០០ហិកតារ​ និង​បាន​កាត់​ឆ្វៀល​ផល​ប៉ះពាល់​រួច​នៅសល់​ត្រឹម​ ១.៩០០ហិកតារ។ មក​ទល់​ពេល​នេះ​ ពលរដ្ឋ​ក្រីក្រ​ ដែល​ចុះ​ឈ្មោះ​ វាយ​តម្លៃ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​មាន​ជាង​ ៥៣០​គ្រួសារ​ ដោយ​ទទួល​បាន​ដី​លំនៅឋាន​ ទទឹង​ ៣០ម៉ែត្រ​បណ្ដោយ​ ៤០ម៉ែត្រ​ និង​ដី​កសិកម្ម​ទំហំ​ ២ហិកតារ​ស្មើៗ គ្នា។ គម្រោង​នេះ​ ឧបត្ថម្ភ​ថវិកា​ដោយ​ធនាគារ​ពិភពលោក (World Bank) ដែល​ចុះ​សិក្សា និង​វាយ​តម្លៃ​ផល​ប៉ះពាល់​តាំង​ពី​ឆ្នាំ២០០៩ ហើយ​បច្ចុប្បន្ន​កំពុង​ឈូស​ឆាយ​ស្ថាបនា​សាលារៀន មណ្ឌលសុខភាព ផ្លូវ ផ្តល់​ជំនាញ​កសិកម្ម និង​ផ្តល់​ស័ង្កសី​ជា​ដើម។

អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​តំណាង​ធនាគារ​ពិភពលោក (World Bank) ប្រចាំ​កម្ពុជា ដើម្បី​សុំ​ការ​បំភ្លឺ​ទាក់ទិន​ជំនួយ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នេះ​បាន​ថា យ៉ាង​ណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៤ មិថុនា។

អភិបាល​ខេត្ត​កំពង់ធំ​ លោក​ សុខ​ លូ​ បដិសេធ​ថា​ អាជ្ញាធរ​ និង​សមត្ថកិច្ច ពុំ​បាន​តាម​ដាន​ ឃ្លាំ​មើល​ និង​ចាប់​ខ្លួន​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ទេ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ម្នាក់​កន្លង​ទៅ​ ពុំ​មែន​រឿង​វិវាទ​ដីធ្លី​ទេ​ គឺ​ពាក់ព័ន្ធ​ប្រើ​ហិង្សា​ ទៅ​​លើ​អ្នក​បើកបរ​គ្រឿងយន្ត​ ហើយ​ជនរងគ្រោះ​ បាន​ប្ដឹង​ទៅ​តុលាការ។ លោក​ថា​ អាជ្ញាធរ​នឹង​បន្ត​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ជូន​ពលរដ្ឋ​ ប្រសិនបើ​ពលរដ្ឋ​សហការ​ និង​ពិត​ជា​មាន​ដី​នៅ​តំបន់​នោះ​មែន៖ «ការ​ចាប់​ខ្លួន​កន្លង​មក​នេះ ពុំ​មែន​ពាក់ព័ន្ធ​រឿង​ដី​ធ្លី​ទេ គឺ​ពាក់ព័ន្ធ​គាត់​ប្រើ​អំពើ​ហិង្សា ទៅ​លើ​អ្នក​បើកបរ​គ្រឿង​យន្ត​ផ្សេងៗ នេះ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ដែល​ខាង​ជន​រង​គ្រោះ​គេ​ប្ដឹង​មក ចំណាត់​ការ​របស់​តុលាការ ពុំ​មាន​ពាក់ព័ន្ធ​បញ្ហា​ដី​ធ្លី​ទេ»

អភិបាលខេត្ត​រូប​នេះ​អះអាង​បន្ថែម​ថា​ អាជ្ញាធរ​ខេត្ត​បាន​បង្កើត​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ​ ដោយ​បាន​ពិនិត្យ​លទ្ធភាព​ជាក់​ស្ដែង​ថា តើ​ពលរដ្ឋ​មាន​ដី​ពិតប្រាកដ ឬ​អត់​ ហើយ​បច្ចុប្បន្ន​នៅ​សល់​ពលរដ្ឋ​តិច​តូច​ប៉ុណ្ណោះ​ ដែល​មិន​ទាន់​ដោះ​ស្រាយ​រួច។ តែ​យ៉ាង​ណា​ លោក​មិន​បញ្ជាក់​លម្អិត​ថា​ នៅ​សល់​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ទេ៖ «ការ​និយាយ​ថា ដី​ធ្វើ​តាំង​ពី​ដូន​តា​មក គឺ​មិន​ពិត​ទេ ហើយ​ការ​និយាយ​ថា ធ្វើ​តាំង​ពី ៧៩ និង ៨០ គ្មាន​ពី​ណា​ទៅ​ដល់​ទេ ហើយ​ប្រសិន​ជា​បង​ប្អូន​ធ្វើ​មាន​ស្នាម​ស្រែ ជញ្ជ្រាំង​ស្រូវ​អី​ហ្នឹង គឺ​ក្រុម​ការងារ​នឹង​ដោះ​ស្រាយ​ជូន ប៉ុន្តែ​ធាតុ​ពិត​វា​អត់​មាន។ ពិនិត្យមើល បើ​គាត់​មាន​ដី​នៅ​កន្លែង​ហ្នឹង​មែន យើង​នឹង​កាត់​ឆ្វៀល​ជូន​គាត់ និង​សូម​ឲ្យ​គាត់​ដូរ​ទីតាំង»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (Licadho) លោក អំ សំអាត សង្កេត​ឃើញ​ថា ក្រុម​ការងារ​លោក បាន​ចុះ​ស្រាវជ្រាវ​ជម្លោះ​ដី​ធ្លី​នេះ រក​ឃើញ​បញ្ហា​មួយ​ចំនួន​ រួម​មាន​ ពលរដ្ឋ​មួយ​ចំនួន​បាន​កាន់​កាប់​ និង​ប្រើប្រាស់​ដី​នៅ​តំបន់​នោះ​ ជា​យូរ​មក​ហើយ ពោល​គឺ​ក្រោយពី​សម័យ​ខ្មែរ​ក្រហម​។ លោក​ថា ដី​នៅ​តំបន់​នោះ​មាន​ផ្នែក​ខ្លះ​ជា​ដី​ព្រៃ និង​ផ្នែក​ខ្លះ​ជា​ដី​ស្រែ​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​មុន​ពេល​មាន​គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច។ ហេតុនេះ​ អាជ្ញាធរ​ខេត្ត​ត្រូវ​សិក្សា​ ស្រាវជ្រាវ​រឿង​នេះ​ឲ្យ​ស៊ីជម្រៅ​ និង​ជាក់​លាក់ ដើម្បី​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ត្រឹម​ត្រូវ៖ «យើង​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​ច្បាស់​លាស់​ជា​ពិសេស សម្បទាន​ដី​សង្គម​កិច្ច​ហ្នឹង ត្រូវ​ធានា​ថា ជា​ដី​ទំនេរ និង​ប្រើប្រាស់ និង​គ្រប់គ្រង​ដោយ​រដ្ឋបាល​ខេត្ត ប្រាកដ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ដី​ពលរដ្ឋ​ផ្សេង ហើយ​មាន​បាតុភាព​តវ៉ា និង​ទាមទារ​កើត​ឡើង»

មន្ត្រី​នាំ​ពាក្យ​សមាគម អាដហុក លោក​ ស៊ឹង​ សែន​ករុណា​ យល់ថា ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​នេះ​ ប៉ះ​ចំ​ដី​កសិកម្ម​ពលរដ្ឋ​ អាជ្ញាធរ​ខេត្ត​នេះ​ គួរតែ​ផ្អាក​គម្រោង​នេះ​ ដោយ​ត្រូវ​ចុះ​សិក្សា​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​ និង​ត្រូវ​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​ដាច់​ស្រឡះ​សិន​ ទើប​ចាប់​ផ្ដើម​អនុវត្ត​បន្ត​ទៀត។ លោក​ថា​ ការ​ដាក់​កម្លាំង​ប្រដាប់​អាវុធ​គំរាម​កំហែង​រឿង​ជម្លោះ​ដី​ធ្លី​នេះ​ ពុំ​មែន​ជា​ដំណោះ​ស្រាយ​ត្រឹម​ត្រូវ​តាមច្បាប់​ទេ​ ផ្ទុយទៅវិញ​នឹង​ធ្វើឲ្យ​ពលរដ្ឋ​កាន់តែ​ងើប​ការ​តវ៉ា​ ហើយ​រឿង​រាវ​កាន់​តែ​វែង​ឆ្ងាយ៖ «យើង​គួរ​តែ​មើល​ហេតុផល នៃ​ការ​ប្រើ​ប្រាស់​ដី​របស់​គាត់​ផង ជា​ជាង​យើង​ចេះ​តែ​ធ្វើ​ការ​អនុវត្ត​ទៅ ហើយ​ទៅ​ប៉ះ​ទង្គិច​ប្រជា​ពលរដ្ឋ។ ពលរដ្ឋ​ការពារ​ដី​ធ្លី​របស់​គាត់ ហើយ​បែរ​ជា​រឿង​ទុក្ខ​ទោស ការ​ចោទ​ប្រកាន់ ជា​រឿង​អយុត្តិធម៌​សម្រាប់​គាត់ ព្រោះ​យើង​ជា​អាជ្ញាធរ ហើយ​ពួក​គាត់​ការពារ​ទ្រព្យ របស់​ពលរដ្ឋ ដែល​ប្រើប្រាស់​ហ្នឹង»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នេះ​ និង​ត្រូវ​បញ្ឈប់​ការ​គំរាមកំហែង​ និង​យកកម្លាំង​ប្រដាប់​អាវុធ​ឃ្លាំមើល​ពលរដ្ឋ​ ដែល​លោក​ចាត់ទុកថា​ ជា​អំពើ​រំលោភ​សិទ្ធិ​ពលរដ្ឋ។

កាល​ពី​ដើម​ខែ​មិថុនា ពលរដ្ឋ​ ៥០គ្រួសារ​ បាន​ទៅ​សម្ងំ​ រត់​ពួន​ក្នុង​ព្រៃ​ក្បែរ​ភូមិ​ដោយសារ​ភ័យ​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន​រឿង​ជម្លោះដីធ្លី​នេះ​ ក៏​ត្រូវ​សមត្ថកិច្ច​ប្រដាប់​អាវុធ​ យក​កាំភ្លើង​បាញ់​ឡើង​លើ​ ដើម្បី​ដេញ​ពួក​គាត់​ឲ្យ​ចេញពី​ព្រៃ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles