មេធាវី​ដាក់​ពាក្យ​ស្នើសុំ​​តុលាការ​ឱ្យ​​ពន្លឿន​ការ​ជំនុំជម្រះ​រឿង​ក្តី​អតី​ត​បុគ្គលិក​អាស៊ី​សេរី

ដោយ ទីន ហ្សាការីយ៉ា
2019-06-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក យាង សុធារិន (ឆ្វេង) លោក អ៊ួន ឈិន អតីត​បុគ្គលិក​អាស៊ីសេរី។ រូប៖ RFA
លោក យាង សុធារិន (ឆ្វេង) លោក អ៊ួន ឈិន អតីត​បុគ្គលិក​អាស៊ីសេរី។ រូប៖ RFA


មេធាវី​ការពារក្តី​ឱ្យ​អតីត​បុគ្គលិក​អាស៊ីសេរី ដាក់​លិខិត​មួយ​ច្បាប់​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​នៅថ្ងៃទី២៤ មិថុនា នេះ ដើម្បី​ស្នើសុំ​ឱ្យតុលាការ​ កំណត់​ថ្ងៃបើក​សវនាការ​សំណុំ​រឿងរបស់​កូន​​ក្តី​ ​ឱ្យ​បាន​ឆាប់​រហ័ស។ ក្រសួង​យុត្តិធម៌​បញ្ជាក់ថា សំណុំ​រឿង​ក្តីនេះនឹង​ត្រូវ​លើក​យក​មក​ជំនុំ​ជម្រះ ក្រោយ​ពេល​នីតិវិធី​នៅសាលាឧទ្ធរណ៍​ដំណើរការ​ចប់​សព្វគ្រប់។

មេធាវី​ សំ ចំរើន អះអាងប្រាប់​អាស៊ីសេរីថា រឿង​​អាទិភាព​​នៅពេល​នេះ គឺ​ការ​ស្នើសុំ​ឱ្យ​តុលាការ​ពន្លឿន​នីតិវិធី​ជំនុំ​ជម្រះ​សំណុំ​រឿង​របស់​អតីត​បុគ្គលិក​អាស៊ីសេរីទាំងពីររូប ពីព្រោះ​រឿង​ក្តីនេះ​បាន​បិទ​ការ​ស៊ើបសួរ​ជាច្រើន​ខែមក​ហើយ។ លោក​បញ្ជាក់​​ថា លោកក៏​​កំពុង​រៀប​ចំ​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀតដែរ​ ដើម្បី​ដាក់​ជូន​ចៅក្រម​ជំនុំ​ជម្រះ​ដើម្បី​ស្នើសុំ​វត្ថុចាប់​យក និងឯកសារ​ផ្លូវ​ការ​របស់​កូនក្តី ​ត្រឡប់​មក​វិញ​ ពី​ព្រោះ​របស់​របរ​ទាំងនោះ​មាន​សារៈសំខាន់​សម្រាប់​កូន​ក្តី​របស់លោក​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត។

លោក​បន្ថែម​ថា ការ​ប្តឹង​ទាស់​ទៅ​តុលាការ​កំពូល​រឿង​បញ្ឈប់​ការ​ដាក់​កូន​ក្តី​របស់​លោក​ក្រោម​ការ​ត្រួតពិនិត្យ​នោះ មិន​មែន​ជា​រឿង​​ចាំបាច់​ទៀត​ទេ ពីព្រោះ​សាលា​ឧទ្ធរណ៍​បាន​បញ្ជាក់​រួច​ហើយ​ថា កូន​ក្តី​របស់​លោក​លែង​ស្ថិត​ក្រោម​នីតិវិធី​នេះ​តទៅ​ទៀត​​ហើយ៖ «រឿង​ពីរ​ដែល​យើង​ត្រូវ​ដាក់​ទៅ។ ទី​មួយ​យើង​សុំ​ឱ្យ​កំណត់​កាល​បរិច្ឆេទ​សវនាការ​ឱ្យ​បាន​ឆាប់។ ទីពីរ​យើង​ដាក់​ពាក្យ​ស្នើសុំ​វត្ថុ​ចាប់​យក​ទៅ​ចៅក្រម​ជំនុំ​ជម្រះ​ជាមុន។ យើង​ឃើញ​ថា ចៅក្រម​ជំនុំ​ជម្រះ​ក៏​មាន​សិទ្ធិ​សម្រេច​លើ​វត្ថុចាប់​យក​ហ្នឹង​​ដែរ តែ​ចាំ​មើល​ថា​តើ​ការ​ឆ្លើយ​តប​វិញ​បែប​ណា អា​ហ្នឹង​យើង​តាម​ដាន​ត​ទៀត»

កាល​ពី​ថ្ងៃសុក្រ​ សប្ដាហ៍​មុន សាលា​ឧទ្ធរណ៍​បាន​ច្រាន​ចោល​បណ្តឹង​ទាស់​របស់​អតីត​បុគ្គលិក​អាស៊ី​សេរី ដែល​ស្នើសុំ​បញ្ឈប់​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ និង​ស្នើសុំ​វត្ថុ​ចាប់​យក​ទាំងអស់​ត្រឡប់​មក​វិញ។ ក៏​ប៉ុន្តែ​សាលា​ឧទ្ធរណ៍​បាន​បំភ្លឺថា ទាំងលោ​ក អ៊ួន ឈិន និង​លោក យាង សុធារិន មិន​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ទៀត​ឡើយ បន្ទាប់​ពី​មាន​ដីកាបញ្ជូន​រឿង​ទៅ​ជំនុំ​ជម្រះ​របស់​ចៅក្រម​ស៊ើបសួរតុលាការ​ក្រុង​ភ្នំពេញ។

មេធាវី​ សំ ចំរើន អះអាងថា លោក​បានដាក់​​លិខិតទៅ​​ប្រធាន​ក្រុម​ប្រឹក្សាជំនុំ​ជម្រះសាលា​ឧទ្ធរណ៍​​រួ​ចហើយ កាល​ពី​ថ្ងៃទី២៣ មិថុនា ដើម្បី​​ស្នើសុំ​សាលដីកាជាលាយលក្ខណ៍​អក្សរ​ក្នុង​សំណុំ​រឿង​នេះ។ លោកថា សាលដីកានេះ​មាន​ភាព​ចាំបាច់​យ៉ាង​ខ្លាំង​ ដើម្បី​បញ្ជាក់​ថា កូន​ក្តីរបស់​លោកពិត​ជា​​លែង​ស្ថិត​ក្រោមការ​ត្រួតពិនិត្យតាម​ផ្លូវ​តុលាការ​ ហើយ​ក៏​មិន​បាច់​ទៅ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជា​រៀង​រាល់​ខែ​ទៀត​នោះដែរ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ប្រសិន​បើ​មាន​ការ​សម្រេច​បែបនេះពី​សាលាឧទ្ធរណ៍ អតី​ត​បុគ្គលិក​អាស៊ី​សេរីទាំងពីរ​រូប​​ មិន​ចាំបាច់ត្រូវ​បំពេញ​លក្ខខណ្ឌ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ទៀត​ឡើយ។ ក៏ប៉ុន្តែ លោក​បញ្ជាក់ថា អ្នក​ទាំងពីរ​នៅ​តែ​ត្រូវ​ចូល​រួម​គ្រប់ដំណើរការ​​នីតិវិធី​តុលាការ​ដដែល ពីព្រោះ​អ្នក​ទាំងពីរ​មិន​ទាន់​រួច​ផុត​ពី​បទ​ចោទ​ប្រកាន់​នៅឡើយ គ្រាន់តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្នប៉ុណ្ណោះ។

អ្នក​នាំពាក្យ​រូប​នេះ​បកស្រាយ​ថា មូលហេតុ​ដែល​សំណុំ​រឿង​នេះ​ មិន​ទាន់​ត្រូវ​បាន​កំណត់​ពេល​ជំនុំ​ជម្រះ គឺដោយ​សារ​ខាង​មេធាវី ​បាន​ប្តឹង​ឧទ្ធរណ៍​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ និង​សុំ​ទាម​ទារ​វត្ថុចាប់​យក​មក​វិញ។ លោក​បញ្ជាក់ថា សំណុំ​រឿងនេះ​​នឹង​ត្រូវ​លើក​យក​មក​ជំនុំ​ជម្រះ​ ក្រោយ​បិទ​បញ្ចប់​នីតិវិធី​នៅសាលា​ឧទ្ធរណ៍ ហើយគ្មាន​​ការ​ប្តឹង​ទាស់​ទៅ​តុលាការ​កំពូលបន្ត​ទៅទៀត៖ «ករណី​ហ្នឹង បើ​គាត់​មិន​ប្ដឹង​ត​ទៅ​ទៀត​ទេ ពាក់ព័ន្ធ​នឹង​ចំណាត់​ការ​របស់​ឧទ្ធរណ៍​នេះ អា​ហ្នឹង​គេ​នឹង​រៀប​ចំ​កំណត់​ពេល​សវនាការ​ ក៏​ប៉ុន្តែ​គ្រាន់តែ​ថា កំណត់​ពេល​ណា​នោះ វា​អាស្រ័យ​ខាង​តុលាការ​ទេ។ ខ្ញុំ​ក៏​មិន​ដឹង​ថា ពេល​ណា​ដែរ អា​ហ្នឹង​ខាង​តុលាការ​គេ​ជា​អ្នក​សម្រេច។“​

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​​ចៅក្រម អ៊ឹម វណ្ណៈ ដែល​ជា​អ្នក​កាន់​សំណុំ​រឿង​នេះ ក៏​ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ឡើយ នៅថ្ងៃទី២៤ មិថុនា។

ទោះជា​យ៉ាងណា មេធាវី សំ ចំរើន អះអាង​ថា ច្បាប់​មិន​បាន​កំណត់​ថា ទាល់​តែ​បិទ​បញ្ចប់​នីតិវិធី​មុន​អង្គ​សេចក្តី ទើប​អាច​បើក​សវនាការ​ជំនុំ​ជម្រះ​រឿងក្តី​នោះ​ឡើយ។ លោក​កត់​សម្គាល់​ថា ការ​ធ្វើ​បែបនេះ​ គ្រាន់​តែ​ជា​ទម្លាប់​នៃ​ការ​អនុវត្ត​ការងារ​​​របស់​តុលាការ​កម្ពុជា​ប៉ុណ្ណោះ៖ «មិន​មាន​លក្ខណៈ​ណា​មួយ​ដែល​រឿង​លើ​អង្គ​សេចក្ដី ​ត្រូវ​រង់​ចាំ​សេចក្ដី​សម្រេច​របស់​សភា​ស៊ើបសួរ​អី​ហ្នឹង​ទេ ព្រោះ​អី​យើង​មើល​ ជា​រឿង​ដាច់​ដោយ​ឡែក​ពី​គ្នា​តើ។ អាច​ដំណើរការ​ព្រម​គ្នា​ក៏​បាន​ដែរ (ហាក់)ដូច​ជា​មិន​មាន​ទំនាស់​ផល​ប្រយោជន៍ ឬ​ក៏​មាន​ការ​​ពាក់ព័ន្ធ​គ្នា​ខ្លាំង​រហូត​ដល់​ថ្នាក់​ត្រូវ​រង់​ចាំ​គ្នា​នោះ​ទេ។ ខ្ញុំ​ជា​មេធាវី​ ពិនិត្យ​ឃើញ​ថា តុលាការ​ក៏​អាច​ដំណើរ​ការ​រឿង​ក្តី​ទាំងពីរ​​ក្នុង​ពេល​តែមួយ​បាន​ដែរ»

អតីត​បុគ្គលិក​អាស៊ី​សេរី​លោក​ អ៊ួន ឈិន​ និង​លោក​ យាង សុធារិន ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ” ដែល​អាច​ប្រឈម​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់១៥ ឆ្នាំ។ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​​អនុញ្ញាត​ឱ្យ​អ្នក​ទាំងពីរ​បាន​​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​​ កាល​ពី​ចុង​ខែ​សីហា ឆ្នាំ២០១៨ កន្លងទៅ បន្ទាប់​ពី​បាន​ឃុំខ្លួន​ពួក​គេ​អស់​រយៈ​ពេល​ជាង ៩ខែ។

អតីត​បុគ្គលិក​អាស៊ី​សេរី លោក យាង សុធារិន ថ្លែងថា លោក និង​លោក អ៊ួន ឈិន នឹង​ប្រើ​គ្រប់​មធ្យោបាយ​ផ្លូវច្បាប់ ដើម្បី​ទទួល​បាន​យុត្តិធម៌​ក្នុង​សំណុំ​រឿង​នេះ។ លោក​បញ្ជាក់​ថា អ្វី​ដែល​ពួក​លោក​ត្រូវ​ធ្វើ​ជា​បន្ត​បន្ទាប់ តាម​រយៈ​មេធាវី​នោះ មាន​ជាអាទិ៍ ការ​ស្នើសុំ​វត្ថុ​ចាប់​យក ការ​ស្នើសុំ​លិខិត​ឆ្លង​ដែន និង​ឯកសារ​ផ្លូវ​ការ​ ព្រម​ទាំង​ការ​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​ជាន់ខ្ពស់​ជា​ដើម៖ «ពួក​យើង​ខ្ញុំ​ហ្នឹង​ គឺ​ចង់​ឱ្យ​បាន​ទាំង​សម្ភារៈ បាន​ទាំង​លិខិត​ស្នាម​ ហើយ​បាន​ទាំង​ពន្លឿន​នីតិវិធី​ជំនុំជម្រះ ហើយ​បណ្ដឹង​សារទុក្ខ​ក៏​យើង​នៅ​តែ​ប្តឹង​ដែរ។ និយាយ​រួម​ យើង​នឹង​ធ្វើ​ទាំងអស់​កិច្ចការ​ទាំងនេះ។”

សំណុំ​រឿង​អតីត​បុគ្គលិក​អាស៊ី​សេរី​នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា វាយ​តម្លៃ​ថា ជា​រឿង​មិន​សម​ហេតុ​ផល និង​អយុត្តិធម៌​ ពីព្រោះ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន ​បាន​លាឈប់​ពី​ការងារ​តាំងពី​អាស៊ី​សេរី​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ​ កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៧ មក​ម៉្លេះ។ ក៏​ប៉ុន្តែ​អាជ្ញាធរ​របបលោក ហ៊ុន សែន នៅ​តែ​ចាត់​ការ​រឿង​នេះ ដោយ​ប្តូរ​ការ​ចោទ​ប្រកាន់​ពី​រឿង​ “ការ​បង្កើត​ស្ទូឌីយោ​ថត​ចម្រៀង​ដោយ​គ្មាន​ការ​អនុញ្ញាត” ទៅ​ជា​រឿង​ឧក្រិដ្ឋ​ធ្វើ​​ចារកម្ម​ទៅវិញ។

សហគមន៍​ជាតិ និង​អន្តរជាតិ​ស្នើ​យ៉ាង​ទទូច​ដល់​របប​លោក ហ៊ុន សែន ឱ្យ​ទម្លាក់​ចោល​ការ​ប្រកាន់​លើ​អ្នក​ទាំង​ពីរ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ទៅ​លើ​ស្ថាប័ន​ និង​អ្នក​សារព័ត៌មាន បន្ត​ទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment