លោក ហ៊ុន សែន​ ថាវត្តមាន​វិនិយោ​គិន​ចិន​ជា​ភ័ព្វ​សំណាង​របស់​កម្ពុជា​និង​ប្រកាស​ថ្កោល​ទោស​អ្នក​រិះ​គន់​

ដោយ វណ្ណ សុគន្ធា
25/06/2019
RFI

media
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់ទីកន្លែងកើតហេតុ
@សហការី


លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ នៅ​យប់​មិញ​នេះ បាន​ប្រកាស​បិទ​បញ្ចប់​ប្រតិបត្តិ​ការ​រុករក និង ជួយ​សង្រ្គោះ​ជន​រងគ្រោះ​ដោយ​សារ​តែ​ការ​បាក់​រលំ​អាគារ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​។ តុល្យការ​ចុង​ក្រោយ មាន​អ្នក​ស្លាប់​ចំនួន​២៨ នាក់ និង រង​របួស​ចំនួន​២៦​នាក់​។ ពី​កន្លែង​បាក់​រលំ​អាគារ លោក ហ៊ុន សែន បាន​ថ្លែង​ការពារ​ការ​វិនិយោគ​របស់​ចិន​ដោយ​អះអាង​ថា វត្ត​មាន​របស់​វិនិយោគិន​ចិន ជា​ភ័ព្វ​សំណាង​របស់​កម្ពុជា និង បាន​ប្រកាស​ថ្កោល​ទោស​អ្នក​រិះគន់​ដែល​បាន​ចោទ​រដ្ឋា​ភិបាល​កម្ពុជា​ថា ជា​អាយ៉ង​របស់​ចិន​។

ឆ្លើយ​តប​នឹង​សំណួ​របស់​អ្នក​កាសែត​នៅ​ក្នុង​សន្និសិទ​កាសែត​បិទ​បញ្ចប់​ប្រតិបត្តិ​ការ​រុក​រក​ជន​រង​គ្រោះ​ដោយ​សារ​ការ​បាក់​អាគារ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​លើក​ឡើង​ថា​បញ្ហា​បាក់​អា​គារ​នេះ​ត្រូវ​ក្រុម​ប្រឆាំង​យក​ទៅ​ធ្វើ​ជា​បញ្ហា​នយោបាយ ដើម្បី​វាយ​ប្រហារ​មក​លើ​រដ្ឋាភិបាល​ពាក់​ព័ន្ធ​នឹង​ការ​វិនិយោគ​របស់​ចិន​។ ប៉ុន្តែ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​អះអាង​ថា បើ​ទោះ​អ្នក​វិនិយោគ​បរទេស​ណា​ក៏​ដោយ​ពេល​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ហើយ​ជួប​ឧប្បត្តិហេតុ​បែប​នេះ គឺ​ដូច​តែ​គ្នា​ទេ​។ ដូច​នេះ​ហើយ លោក​ប្រាប់​កុំ​ឱ្យ​រិះគន់​ទៅ​លើ​វិនិយោគិន​ចិន ព្រោះ​បើ​តាម​លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​គឺ​ថា​នៅ​ពេល​នេះ​ប្រទេស​ណា​ក៏​គេ​ចង់​បាន​ការ​វិនិយោគ​របស់​ចិន​ដែរ ហើយ​កម្ពុជា​មាន​ភ័ព្វ​សំណាង​ដែល​ទាញ​បាន​វិនិយោគិន​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។

ការ​លើក​ឡើង​របស់​លោក ​ហ៊ុន​ សែន នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​អ្នក​រិះ​គន់​មួយ​ចំនួន​បាន​បរិហារ​ទៅ​លើ​អ្នក​វិនិយោគ​របស់​ចិន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ថា មិន​បាន​គោរព​ច្បាប់​របស់​កម្ពុជា​ទើប​បណ្តាល​ឱ្យ​ជន​ជាតិ​ខ្មែរ​រង​គ្រោះ​ស្លាប់ និង របួស​ជា​ច្រើន​នាក់​បែប​នេះ​។ ប៉ុន្តែ អ្វី​ជា​ការ​កត់​សម្គាល់ ការ​រិះគន់​លើ​ការ​វិនិយោគ​របស់​ចិន​នេះ មិន​មែន​ជា​រឿង​ថ្មី​ថ្មោង​នោះ​ទេ​។ កន្លង​មក មាន​ទាំង​ក្រុម​អតីត​បក្ស​ប្រឆាំង អ្នក​វិភាគ ព្រម​ទាំង​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម ជា​ពិសេស អ្នក​និយម​លេង​បណ្ដាញ​សង្គម​តែ​ម្តង​បាន​រិះគន់​ថា ចិន​កំពុង​ធ្វើ​អាណានិគម​លើ​កម្ពុជា រដ្ឋា​ភិបាល​កម្ពុជា​កំពុង​លក់​ដី​ឱ្យ​ចិន និង កំពុង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​ជា​ដើម​។

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ការ​រិះគន់​នេះ ដោយ​បាន​ប្រកាស​ថ្កោល​ទោស​អ្នក​ទាំង​នេះ​ដែល​បាន​យក​ការ​វិនិយោគ​របស់​ចិន​មក​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា ជា​អាយ៉ង​របស់​ចិន​។ សម្រាប់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន អ្នក​ដែល​រិះគន់​បែប​នេះ​គឺ​ជា​អ្នក​ដែល​មិន​ចង់​ឃើញ​កម្ពុជា​មាន​ភាព​រីក​ចម្រើន ខណៈ​ដែល​លោក​បង្ហាញ​ថា ការ​វិនិយោគ ​និង ភ្ញៀវ​ទេសចរ​ចិន បាន​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​ម្ចាស់​ស្រុក​។

ហេតុ​ដូច្នេះ​ហើយ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​អំពាវ​នាវ​កុំ​ឱ្យ​យក​បញ្ហា​ដែល​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​នេះ ធ្វើ​ជា​បញ្ហា​ធំ​បំផ្លាញ​នូវ​ទំនាក់​ទំនង​រវាង​កម្ពុជា និង ចិន និង បំផ្លាញ​បរិយាកាស​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​។ លោក​នាយក​រដ្ឋ​មន្រ្តី បាន​សង្កត់​ធ្ងន់​ថា បើ​អ្នក​វិនិយោគ​ចិន​ធ្វើ​ខុស គឺ​ត្រូវ​ចាត់​ការ​តាម​ច្បាប់​របស់​កម្ពុជា​៕

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន​ ថាវត្តមាន​វិនិយោ​គិន​ចិន​ជា​ភ័ព្វ​សំណាង​របស់​កម្ពុជា​និង​ប្រកាស​ថ្កោល​ទោស​អ្នក​រិះ​គន់​"

  1. Anonymous says:

    that what I say … sorry HUN SEN do not think every thing you doing is always right and the other people thinking is wrong. you said you love democracy I tell you what this is democracy. please do not kill the other people who have deference way of thinking. take it.. if you think it is wrong and just do what you think it right . sorry I do not think every thing you do was right I knew you lace of some thing?????? I admitted you are so good at fighting whit your enemy that was your main job. some time I laugh my ass off because I knew it was 100% wrong. sorry to say this kind of word.