អ្នក​វិភាគ​សង្គម​និយាយ​ថា​ ក្នុង​ជំនួប​ជាមួយ​នាយក​រដ្ឋមន្រ្តី​សង្ហបូរី​​សម្តី​របស់​លោក​ ហ៊ុន សែន ​ដូច​សម្តី​លោក ​ខៀវ សំផន​

អ្នក​វិភាគ​សង្គម​និយាយ​ថា​ ក្នុង​ជំនួប​ជាមួយ​នាយក​រដ្ឋមន្រ្តី​សង្ហបូរី​​សម្តី​របស់​លោក​ ហ៊ុន សែន ​ដូច​សម្តី​លោក​ ខៀវ សំផន


By

ឌឹ ខេមបូឌា ដេលី

អ្នក​វិភាគ​នយោបាយ​សង្គម​លោក ​គឹម សុខ ​អះអាង​ថា​ ទី​បំផុត​លោក​ហ៊ុន សែន​បាន​ទទួល​ស្គាល់​សម្ដី​លោក​ លី​ សៀនឡុង​ ហើយ​លោក​ ហ៊ុន សែន ​និយាយ​ដូច​លោក​ ខៀវ សំផន​ អ៊ីចឹង​ដែរ។​

អ្នក​វិភាគ​រូប​នេះ​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ​ទី​បំផុត​ លោក​ ហ៊ុន សែន​ ព្រម​ទទួល​ស្គាល់​ការណ៍​ពិត​ដែល​ពិភពលោក​ដឹង​ឮ​​ ខណៈ​លោក​ ​លី សៀនឡុង​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​សិង្ហបុរី​ នៅតែ​ប្រកាន់​ពាក្យ​សម្តី​របស់​លោក​ថា ​វៀតណាម​បាន​លើកទ័ព​លុកលុយ​ឈ្លានពាន​កម្ពុជា​កាលពី​ជាង​៤០​ឆ្នាំ​មុន។​

កាលពី​ថ្ងៃ​ទី​២៣​ខែ​មិថុនា​កន្លង​ទៅ​នេះ ​លោក​ ហ៊ុន សែន ​និង​លោក​ ងៀង ស៊ុនហ្វុក​ នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​វៀតណាម​ បាន​សុំ​ជួប​ជាមួយ​លោក ​លី សៀនឡុង​ នៅ​ក្រៅ​ជំនួប​លើក​ទី​៣៤​ក្នុង​ទី​ក្រុង​បាងកក​ ហើយ​លោក​ ហ៊ុន សែន ​និយាយ​ថា​ការ​ខ្វែង​គំនិត​គ្នា​រវាង​រូប​លោក​ និង​លោក​ លី សៀនឡុង​ ករណី​កងទ័ព​ទីក្រុង​ហាណូយ​ដែល​លើក​ទ័ព​ចូល​ប្រទេស​កម្ពុជា​ក្នុង​គ្រា​នោះ​ មិន​អាច​នរណា​កែប្រែ​គំនិត​យល់​របស់​នរណា​ទៀត​ឡើយ ​ហើយ​គួរ​តែ​ទុក​បញ្ហា​នេះឲ្យ​នៅ​ដោយ​ឡែក។ ​លោក​ ហ៊ុន សែន​ បន្ត​ថា​ ទុក​អតីត​កាលជា​របួស​ចាស់​ចុះ​ កុំ​ទៅ​ឆ្កឹះ ​ហើយ​យើង​កាន់​ដៃ​គ្នា​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ។​

ប៉ុន្តែ​លោក ​គឹម សុខ​ អះអាង​ថា ​កាល​លោក​ ខៀវ សំផន ​បាន​ចូល​មក​ភ្នំពេញ​ជា​លើក​ដំបូង​ កាល​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​១៩៩១​ ក្រោម​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​២៣​តុលា​១៩៩១​ អតីត​ប្រធាន​រដ្ឋ​កម្ពុជា​ប្រជា​ធិបតេយ្យ​បាន​និយាយ​ថា​ សូម​ឲ្យ​បំភ្លេច​រឿង​កាល​ពី​អតីត​កាល​ ដែល​កន្លង​ហួស​ឲ្យ​វា​ហួស​ទៅ។​

សារ​ព័ត៌មាន​ Straits Times ​របស់​ប្រទេស​សិង្ហបូរី​ បាន​ដក​ស្រង់​សម្តី​លោក​ លី សៀនឡុង ​​ចុះ​ផ្សាយ​ថា​ ជា​ធម្មតា​ជំហរ​របស់​មេដឹក​នាំ​ប្រទេស​វៀតណាម ​និង​កម្ពុជា​ខុស​ពី​លោក​ហើយ​លោក​មិន​រំពឹង​ថា​ នឹង​អាច​ផ្លាស់​ប្តូរ​គំនិត​របស់​ពួក​គេ​បាន​ទេ ​ហើយ​ពួកគេ​ក៏មិន​រំពឹង​ថា​ សិង្ហបូរី​នឹង​អាច​ផ្លាស់​ប្តូរ​គំនិត​របស់​ខ្លួន​លើ​បញ្ហា​នេះ​បាន​ដែរ។​

កាលពី​ចុង​ខែ​ឧសភា ​លោក ​លី សៀនឡុង​​ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ ព្រេម ទីនស៊ូឡាណន់ ​(Prem Tinsulanonda) ​ដែល​ស្លាប់​កាលពី​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​នោះ ​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ប្រឆាំង​វៀតណាម​ដែល​ចូល​ឈ្លាន​ពាន​កម្ពុជា​នៅ​ដើម​ឆ្នាំ​១៩៧៩។​ ក្រោយ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​នេះ​ មាន​ប្រតិកម្ម​បន្ត​បន្ទាប់​​ពីរដ្ឋាភិបាល​កម្ពុជា​ និង​វៀតណាម។​

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម​អ្នកស្រី ​Le Thi Thu Hang​ បាន​តវ៉ា​​ថា ​ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​នេះ ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការណ៍​ពិត​នោះ​ទេ។ ​អ្នក​​ស្រី​អះអាង​ថា​ ​អន្តរាគមន៍​កងទ័ព​វៀតណាម​ពេល​នោះ​គឺ​វៀតណាម​ជួយ​ដោយ​ស្មោះ​ចង់​បញ្ចប់​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា។​ មួយ​ថ្ងៃ​ក្រោយ​មក​ លោក​ ហ៊ុន សែន ​អះអាង​ថា​ ការ​ថ្លែង​របស់​លោក​លោក​ លី សៀនឡុង​ គឺ​ជា​ការ​គាំទ្រ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរក្រហម​ និង​ជា​ការ​ប្រមាថ​ដល់​អាយុ​ជីវិត​ប្រជាជន​ខ្មែរ។​

ទោះជាយ៉ាង​ណា​ក៏ដោយ​ សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​បាន​គាំទ្រ​សម្តី​របស់​លោក ​លី សៀនឡុង។​ ក្រុម​នេះ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧​ខែ​មិថុនា​ថា ​ក្រោយពេល​វៀតណាម​បញ្ជូន​កងទ័ព​ជាង​២០​ម៉ឺន​នាក់​មក​រំដោះ​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ​វៀតណាម​មិន​ព្រម​ដក​កងទ័ព​ត្រឡប់​ទៅ​វិញ​ ភ្លាមៗ​ឡើយ ​ដោយ​រង់​ចាំ​១០​ឆ្នាំ​ក្រោយ ​ទើប​ដក​ទ័ព​ចេញ។​

សមាគម​នេះ​បញ្ជាក់​ថា​ វៀតណាម​បាន​រៀប​រចនា​សម្ព័ន្ធ​គ្រប់គ្រង​កម្ពុជា ​ដែល​រំលោភ​ទៅ​នឹង​ច្បាប់​អន្តរជាតិ​យ៉ាង​ពិត​ប្រាកដ​ ហើយ​ថា​ វៀតណាម​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ពេល​នោះ​ដែល​លើក​បន្តុប​ដោយ​វៀតណាម​ ចុះ​ហត្ថលេខា​ទទួល​យក​​ ​ដែល​បាន​កាត់​កោះ​ត្រល់​របស់​ខ្មែរ​ ឱ្យទៅ​ប្រទេស​វៀតណាម​បង្ខំ​ឱ្យ​កម្ពុជា​អនុវត្ត​ផែន​ការ​ក​៥​រួមទាំង​ការ​បញ្ជូន​អន្តោប្រវេសន៍​វៀតណាម​រាប់ម៉ឺន​នាក់​មក​រស់​នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់​ទៀត​ផង៕


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles