ស្ថានទូត​​នៅ​ទីក្រុង​ភ្នំពេញ​​ចំនួន៥ ចេញ​សារ​រំលែក​ទុក្ខ​ដល់​ជន​រង​គ្រោះ នៃ​ការ​បាក់​រលំ​អគារ​នៅ​ខែត្រ​ព្រះសីហនុ

ដោយ ទីន ហ្សាការីយ៉ា
2019-06-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គំនរ​កម្ទេចកំទី​ពី​អគាររលំ​នៅខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​ Samdech Hun Sen, Cambodian Prime Minister
គំនរ​កម្ទេចកំទី​ពី​អគាររលំ​នៅខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​ Samdech Hun Sen, Cambodian Prime Minister


ស្ថានទូត​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​​ចំនួន៥ ចេញ​សារ​រំលែក​ទុក្ខ​ដល់​ជន​រង​គ្រោះ ដោយសារ​ការ​បាក់​រលំ​អគារ​នៅ​ខែត្រ​ព្រះសីហនុ។

ស្ថានទូត​ទាំង៥ នោះ បាន​សរសេរ​រំលែក​ទុក្ខ​នៅ​លើ​ហ្វេសប៊ុក​របស់​ស្ថានទូត​របស់​ខ្លួន ដោយ​ស្ថានទូត​ខ្លះ​ចេញ​សារ​រំលែក​ទុក្ខ​នេះ កាល​ពី​ថ្ងៃ​ទី២៣ មិថុនា និង​ស្ថានទូត​ខ្លះ​ចេញ​នៅ​ថ្ងៃ​ទី២៤ មិថុនា​នេះ ដែល​មាន​ដូចជា ស្ថានទូត​សហរដ្ឋ​អាមេរិក ជប៉ុន បារាំង អូស្ត្រាលី និង​ចិន។

ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​បាន​ចេញ​សារ​រំលែក​ទុក្ខ​នៅ​ល្ងាច​ថ្ងៃ​ទី២៤ មិថុនា សំដែង​ការ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចិត្ត​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការ​បាត់​បង់​ជីវិត​នៅ​ទីក្រុង​ព្រះសីហនុ ដោយសារ​ការ​រលំ​អាគារ។ ស្ថានទូត​អាមេរិក​សូម​សម្ដែង​សមានទុក្ខ​ដោយ​ស្មោះ ចំពោះ​អ្នក​ដែល​បាត់​បង់​សមាជិក​គ្រួសារ និង​មិត្តភ័ក្ដិ នៅ​ក្នុង​គ្រោះថ្នាក់​នេះ។

សារ​រំលែក​ទុក្ខ​របស់​ឯកអគ្គរាជទូត​ជប៉ុន ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ សរសេរ​ថា «ខ្ញុំ​មាន​អារម្មណ៍​សោក​ស្ដាយ​ជា​ពន់​ពេក ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ស្ដីពី​ឧបទ្ទវហេតុ​បាក់​អាគារ​ ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា នៅ​ខេត្ត​ព្រះសីហនុ។ ខ្ញុំ​សូម​ចូល​រួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​ជន​រង​គ្រោះ​ទៅ​កាន់​សុគតិភព»

ស្ថានទូត​អូស្ត្រាលី​វិញ​ក៏ សូម​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​ក្នុង​ខេត្ត​ព្រះ​សីហនុ និង​សូម​ជូន​ពរ​ឲ្យ​ជន​រង​គ្រោះ ដែល​រង​របួស​បាន​ជា​សះ​ស្បើយ​ឆាប់ៗ។ ដោយ​ឡែក ស្ថានទូត​បារាំង​វិញ បាន​សរសេរ​សារ​រំលែក​ទុក្ខ​ខ្លី​មួយ គឺ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា សូម​សម្ដែង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ចំពោះ​គ្រួសារ​ជន​រង​គ្រោះ​នៃ​ការ​បាក់​រលំ​អគារ​កំពុង​សាងសង់​នៅ​ខេត្ត​ព្រះសីហនុ។

ដោយ​ឡែក ចំពោះ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា ដែល​ជា​ម្ចាស់​អគារ​ជា​ពលរដ្ឋ​របស់​ខ្លួន​នោះ បានចេញសាររំលែកទុក្ខកាលពីថ្ងៃទី២៣ មិថុនា នៅ​លើ​ហ្វេសប៊ុក​ស្ថានទូត​ចិន​វែង​ជាង​គេ។ សារ​រំលែក​ទុក្ខ​របស់​ស្ថានទូត​ចិន​នេះ គឺ​ស្ថានទូត​ចិន​មាន​អារម្មណ៍​ក្ដុកក្ដួល​ជា​ខ្លាំង​អំពី​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​ជា​ច្រើន​នាក់។ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា មាន​អារម្មណ៍​ក្ដុកក្ដួល​សោក​ស្ដាយ​ជា​ពន់ពេក និង​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ ដែល​បាត់បង់​ជីវិត​បាន​ទៅ​កាន់​សុគតិភព សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​ផង។ ជាមួយ​គ្នា​នេះ​ដែរ សូម​ជូនពរ​ឲ្យ​ជន​រង​គ្រោះ ដែល​កំពុង​ទទួល​ការ​ព្យាបាល​បាន​ជា​សះ​ស្បើយ​ក្នុង​ពេល​ឆាប់ៗ។

ក្រោយ​ឧបទ្ទេវ​ហេតុ​កើត​ឡើង ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ទាក់ទង​ផ្ទាល់​ជាមួយ​សភា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា និង​សហគ្រាស​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ជា​បន្ទាន់ ដើម្បី​រៀបចំ​កម្លាំង​ជំនួយ និង​សម្ភារៈ ចាត់ចែង​គ្រឿងចក្រ​អេស្កាវេទ័រ​ខ្នាត​ធំ​ជា​ដើម ចូលរួម​ក្នុង​សកម្មភាព​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេល។ តាម​ដំណឹង​ទទួល​បាន សភា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​មក​ទល់​ពេល​នេះ កំពុង​សម្របសម្រួល​កិច្ចការ​សង្គ្រោះ​ជា​បន្ត​បន្ទាប់​នៅ​កន្លែង​កើត​ហេតុ​នៅ​ឡើយ។

បច្ចុប្បន្ន ជនជាតិ​ចិន ដែល​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​បាក់​អគារ​នេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ឃាត់​ខ្លួន​បាន​ហើយ ភាគី​ចិន​គាំទ្រ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា បើក​ការ​ស៊ើបអង្កេត​តាម​ផ្លូវ​ច្បាប់ និង​គាំទ្រ​ទាំង​ស្រុង ចំពោះ​ភាគី​កម្ពុជា ដើម្បី​ចាត់​វិធានការ​​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ល្មើស​ទាំង​ឡាយ ដែល​ពាក់ព័ន្ធ​ក្នុង​ឧបទ្ទវហេតុ​លើក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles