ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​យុវជន​ ជំរុញ​រដ្ឋាភិបាល​ឱ្យ​ពិនិត្យ​ឡើង​វិញ​រាល់​សំណង់​នៅ​ទូទាំង​ប្រទេស

ដោយ សេក បណ្ឌិត
2019-06-26
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​ក្រុង​ព្រះសីហនុ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​សំណង់​​អគារ​កំពុង​សាងសង់​​ថ្មីៗ ជា​ច្រើន។ រូប៖ ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​ព្រះសីហនុ
ទិដ្ឋភាព​ក្រុង​ព្រះសីហនុ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​សំណង់​​អគារ​កំពុង​សាងសង់​​ថ្មីៗ ជា​ច្រើន។ រូប៖ ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​ព្រះសីហនុ


ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​ក្រុម​យុវជន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ ធ្វើ​អធិការកិច្ច​ និង​ពិនិត្យ​ឡើងវិញ​រាល់​សំណង់​អគារ​ទូទាំង​ប្រទេស​ មិន​ត្រឹមតែ​នៅ​ខេត្ត​ព្រះសីហនុ​ទេ​ ដើម្បី​ធានា​ថា​ សំណង់​អាគារ​ទាំងអស់​ សាងសង់​មានគុណ​ភាព​ និង​ស្តង់ដារ។ ក្រៅ​ពី​​នេះ​ ពួកគេ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ និង​អ្នកម៉ៅការ​សាងសង់​ទាំងអស់​ ត្រូវ​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ និង​សុខភាព​កម្មករ​និ​យោគ​ជិ​ក។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​ក្រុម​យុវជន​សម្ដែង​ក្តី​បារម្ភ​ពី​ហានិភ័យ​ជាច្រើន​ក្នុង​វិស័យ​សំណង់​បណ្ដាល​មក​ពី​ ភាព​ស្មុគស្មាញ​ទាក់ទិន​ការ​សុំច្បាប់​អនុញ្ញាត​ អំពើពុករលួយ​ និង​ការសាងសង់​សំណង់​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ។ បញ្ហា​ទាំងនេះ​នៅតែ​ជា​ឧបសគ្គ​ធ្ងន់ធ្ងរ​ ចាក់ឫស​ជ្រៅ​ក្នុង​សង្គម​ខ្មែរ។ រី​ឯ​សមត្ថភាព​ដោះស្រាយ​បញ្ហា​ប្រឈម​ របស់​រដ្ឋាភិបាល​នៅ​មានកម្រិត​ខ្សោយ​នៅឡើយ​។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ យល់ថា​ រដ្ឋាភិបាល​ និង​ក្រសួង​សាមី​ ត្រូវ​ពិនិត្យ​ឡើងវិញ​ ពី​នីតិវិធី​សុំច្បាប់​សាងសង់​ ហើយ​អាជ្ញាធរ​រដ្ឋ​ត្រូវ​មាន​យន្តការ​ច្បាស់លាស់​ ដើម្បី​ធានា​ថា​ ការ​សុំច្បាប់​សាងសង់​ គ្មាន​មាន​ឧបសគ្គ​ និង​គ្មាន​អំពើពុករលួយ​។ លោក​ថា​ កន្លងទៅ​ មាន​ភាព​ខ្វះ​ចន្លោះ​ច្រើន​ ក្នុង​កា​ត្រួត​ពិនិត្យ​គុណភាព​សំណង់​ ដោយសារ​អំពើពុករលួយ​ និង​ការរំលោភ​អំណាច​ជាដើម​។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ ត្រូវ​ពិនិត្យ​ឡើងវិញ​ ពី​ការទទួលខុសត្រូវ​ខ្ពស់​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ តើ​ពួកគេ​បំពេញភារកិច្ច​ត្រឹមត្រូវ​បាន​កម្រិត​ណា​? ដែល​អាច​ធានា​ថា​ សំណង់​ទាំងឡាយ​សាងសង់​មានគុណ​ភាព​ និង​ស្តង់ដារ​ខ្ពស់៖ «ឱកាស​នៃ​ការរំលោភ​អំណាច​ក្នុង​វិស័យ​សំណង់​មាន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ រួមផ្សំ​នីតិវិធី​ និង​ការ​ប្រព័ន្ធ​អំពើពុករលួយ​ ទៅ​គួស​យក​លុយ​ពី​ការសាងសង់​មួយ​ចំនួន​នៅតែ​ជា​រឿង​មួយ​ដែល​ពលរដ្ឋ​លើកឡើង​ច្រើន​ នៅតែ​ជា​ស្មុគស្មាញ​ច្រើន​ ផ្ទះ​ខ្លះ​ទៅ​សង់​លើ​ដី​ចំណី​ផ្លូវ​ក៏​មាន​ដែរ»

អង្គការ​សង្គម​ស៊ីវិល​សង្កេតឃើញ​ថា​ បច្ចុប្បន្ន​វិស័យ​សំណង់​នៅ​កម្ពុជា​ ចែក​ជា​ពីរ​ប្រភេទ​គឺ​ ក្រុមហ៊ុន​សាងសង់​ និង​ក្រុម​អ្នកម៉ៅការ​សាងសង់​។ ពួកគេ​នៅ​មិនទាន់​ជឿ​ថា​ ក្រុម​អ្នកម៉ៅការ​សាងសង់​ និង​ក្រុមហ៊ុន​សាងសង់​ មាន​អាជ្ញាប័ណ្ណ​សាងសង់​ត្រឹមត្រូវ​ឬទេ?

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ខេត្ត​ព្រះសីហនុ​ អ្នក​ស្រី​ ជៀប​ សុធា​រី​ យល់ថា អំពើពុករលួយ​ និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ គឺជា​ដើមហេតុ​យ៉ាង​សំខាន់​ ធ្វើឲ្យ​បាក់​រលំ​អាគារ​នៅ​ក្រុង​ព្រះសីហនុ​ថ្មីៗ នេះ។ អ្នក​ស្រី​ថា សំណង់​ជន​បរ​ទេស​ច្រើន​ស្អេកស្កះ​នៅ​ខេត្ត​ព្រះសីហនុ​ រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​ឡើងវិញ​ ឲ្យ​ច្បាស់លាស់​ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បាតុភាព​អាក្រក់​នេះ កើតឡើង​លើកក្រោយ​ទៀត​។ លោកស្រី​អំពាវនាវ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​គិត​ពី​ផលប្រយោជន៍​រួម​ និង​សុខ​សុវត្ថិភាព​ពលរដ្ឋ​ជាចម្បង​ និង​ត្រូវ​ចៀស​វៀង​ប្រព្រឹត្ត​អំពើពុករលួយ​ ក្នុង​វិស័យ​សំណង់​ បំណង​ទប់ស្កាត់​ហានិភ័យ​នានា៖ «សូមឲ្យ​យើង​យក​ជីវិត​ពលរដ្ឋ​ជា​ចម្បង​ កាល​ណា​យើង​ដើម្បី​ខ្លួនឯង​ម្នាក់​ឯង​ នាំឲ្យ​ការ​វិនាស​ព្រាត​ប្រាស់​ ដល់​ពេល​យើង​ឃើញ​សោកនាដកម្ម​ហ្នឹង​បាន​យើង​នឹក​ថា​ ផល​ប្រយោជន៍​បាន​មក​សម្រាប់​យក​ម្នាក់​ពីរ​នាក់​ហ្នឹង​ យើង​ឃើញ​សេចក្ដី​ទុក្ខសោក​គាត់​ យើង​មិន​អាច​រស់​បាន​លើ​គំនរ​ទឹកភ្នែក​ជន​ក្រីក្រ»

ក្រោយពី​កើតមាន​បាតុភាព​បាក់​រលំ​អាគារ​នៅ​ក្រុង​ព្រះ​សីហនុ​ថ្មីៗ នេះ រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​គុណភាព​សាងសង់​ ក្នុង​ទិសដៅ​ពិនិត្យ​បទដ្ឋាន​បច្ចេកទេស​ ស្តង់ដារ​ គុណភាព​ និង​សុវត្ថិភាព។ ពិនិត្យ​លក្ខណៈ​សម្បត្តិ​ក្រុមហ៊ុន​ដែល​ទទួល​ម៉ៅការ​សាងសង់​ និង​ធ្វើ​បច្ចុប្បន្នភាព​ សំណង់​អគារ​ដែល​បាន​សាងសង់​រួច​ និង​កំពុង​សាងសង់​ ក្នុង​ខេត្ត​ព្រះសីហនុ​។

អាស៊ី​សេរី​បាន​ទាក់ទង​ អ្នក​នាំ​ពាក្យ​ក្រសួង​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​ សេង​ ឡូត​ ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​ គ្មាន​ទទួល​នៅ​ថ្ងៃ​ទី២៥​ មិថុនា​។ រី​ឯ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ ស៊ីផាន​ ក៏​មិន​លើក​ទូរស័ព្ទ​ដែរ​។

យុវជន​រស់នៅ​រាជធានី​ភ្នំពេញ​ លោក​ ម៉ា​ ចិ​ត្រា​ នៅ​មិនទាន់​មាន​ជំនឿ​ចិត្ត​ពី​ប្រសិទ្ធភាព​ការងារ​មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​ជាតិ​ថា​ នឹង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ ក្នុង​វិស័យ​សំណង់​បាន​កម្រិត​ណា​នោះ​ទេ? ខណៈ​ដែល​សំណង់​មួយ​ចំនួន​ ដែល​កំពុង​សាងសង់​នៅ​រាជធានី​ភ្នំពេញ​ ក៏​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ និង​អាគារ​ដែល​បាក់​រលំ​នៅ​ខេត្ត​ព្រះសីហនុ​ដែរ​។ លោក​ថា​ កន្លងទៅ​ពលរដ្ឋ​តែងតែ​ត្អូញ​ ពី​អំពើពុករលួយ​របស់​មន្ត្រី​ជំនាញ​ នៅ​ពេល​សុំច្បាប់​សាងសង់​ និង​ការ​ចុះ​ពិនិត្យ​គុណភាព​​សំណង់៖ «ការអនុវត្ត​ច្បាប់​ឲ្យ​ម៉ឹង​ម៉ាត់​ ហើយ​ត្រូវតែ​មាន​អ្នក​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ កុំ​ទៅ​ត្រួត​ពិនិត្យ​គ្រាន់តែ​ហុច​សំបុត្រ​ឲ្យ​ឈប់​ត្រួត​ពិនិត្យ​ អា​ហ្នឹង​ខ្ញុំ​បារម្ភ​។ នៅ​ស្រុក​យើង​អត់​មាន​រញ្ជួយ​ដី​អី​ផង​ សុ​ខៗ​បាក់​រលំ​អ៊ីចឹង​យើង​ព្រួយ​បារម្ភ​មែនទែន​។ មាន​អាគារ​ខ្លះ​សាងសង់​របៀប​បាក់​ហ្នឹង​ផង​ យើង​បារម្ភ​ថា​ មនុស្ស​ប៉ុន្មាន​នាក់​ទេ​ ដែល​អាច​រងគ្រោះ​ដោយសារ​អាគារ​ទាំងអស់​ហ្នឹង»

ចំណែក​ អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​ លោក ស ម៉ូរី សង្កេតឃើញ​ថា​ កម្មករ​សំណង់​ និង​អ្នក​ដែល​ធ្វើ​ការងារ​ក្នុង​វិស័យ​សំណង់​ ភាគច្រើន​ជា​យុវជន​ពេញកម្លាំង​ ហើយ​ពួកគេ​ប្រឈម​ហានិភ័យ​ច្រើន​ទាក់ទិន​សុវត្ថិភាព​ និង​សុខភាព​ នៅ​គ្រា​ដែល​កំពុង​បំពេញភារកិច្ច។ លោក​ថា​ រដ្ឋាភិបាល​ត្រូវ​ធ្វើ​អធិការកិច្ច​សំណង់​ទាំងអស់​ នៅ​ទូទាំង​ប្រទេស​ មិន​ត្រឹម​តែ​នៅ​ខេត្ត​ព្រះសីហនុ​ទេ​ ដើម្បី​ធានា​ថា​ សំណង់​ទាំងឡាយ​មានគុណ​ភាព​ និង​ស្តង់ដារ​ខ្ពស់៖ «បណ្ដាញ​យុវជន​កម្ម​ធ្លាប់​ចូលរួម​យុទ្ធការ​ទិវា​ពលកម្ម​អន្តរជាតិ​ យើង​ទាមទារ​ឲ្យ​មានការ​ធានា​សុខភាព​ សុវត្ថិភាព​នៅកន្លែង​ការងារ​យុវជន​ សម្រាប់​យុវជន​ដែរ​ ព្រោះ​យុវជន​មិន​លក់​អាយុជីវិត​ និង​សេចក្ដី​ថ្លៃថ្នូរ​។ រដ្ឋាភិបាល​ និង​អ្នក​វិនិយោគ​ ត្រូវ​គិត​ពី​សុវត្ថិភាព​កម្មករ និយោជិក និង​កម្មករ​សំណង់​ជា​យុវជន»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ មើល​ឃើញ​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​សាងសង់​ និង​អ្នក​ម៉ៅ​ការ​សាង​សង់​មួយ​ចំនួន​ គ្មាន​ប្រព័ន្ធ​សុវត្ថិភាព​ត្រឹម​ត្រូវ​ទេ​ ខណៈ​ដែល​រដ្ឋាភិបាល​មិន​បាន​ធ្វើ​ការ​អធិការ​កិច្ច​ឲ្យបាន​ទៀង​ទាត់​លើ​ក្រុមហ៊ុន​សំណង់​ និង​ក្រុម​អ្នក​ម៉ៅ​ការ​សាងសង់។ លោក​សង្កេត​ឃើញ​ថា​ នៅ​មាន​ការដ្ឋាន​សំណង់​ជា​ច្រើន​ទៀត​ នៅ​ទូទាំង​ប្រទេស​ ខ្វះ​អធិការកិច្ច ខ្វះ​ប្រព័ន្ធ​សុវត្ថិភាព​ និង​ភាព​ស្រប​ច្បាប់​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment