លោក សម រង្ស៊ី៖ «ចិនកំពុងអនុវត្តនយោបាយវាតទីនិយមនៅកម្ពុជា»

លោក មាន ឫទ្ធិ
2019-06-28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទង់ជាតិតំណាងមិត្ដភាពកម្ពុជា-ចិន (អាស៊ីសេរី)
ទង់ជាតិតំណាងមិត្ដភាពកម្ពុជា-ចិន (អាស៊ីសេរី)


មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម ​រង្ស៊ី​ ​អះអាង​សារជាថ្មី​ម្តង​ទៀត​ថា​ ​ចិន​កំពុង​អនុវត្ត​គោលនយោបាយ​វាត​ទីនិយម​នៅ​កម្ពុជា​ ​ដោយ​មាន​ការជួយជ្រោមជ្រែង​ពីសំណាក់​របប​លោក​ ហ៊ុន ​សែន ​ដែល​ហេតុការណ៍​នេះ​កំពុង​ធ្វើឲ្យ​ប្រទេស​ជិតខាង​ក្នុង​តំបន់​មាន​ការព្រួយបារម្ភ​ខ្លាំង​។ ​អ្នកវិភាគ​យល់ស្រប​នឹង​ការលើកឡើង​នេះ​ ​និង​ព្រមាន​ថា​ ​កម្ពុជា​របស់​លោក​ ហ៊ុន ​សែន​ ​កំពុង​ស្ថិត​ក្នុង​វិថី​គ្រោះថ្នាក់​នៃ​ការប្រជែង​អំណាច​រវាង​ចិន​ ​និង​វៀតណាម​។​

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ សម ​រង្ស៊ី​ ​ថ្លែង​ក្នុង​នាទី​វេទិកា​អ្នកស្តាប់​អាស៊ី​សេរី​ ​កាលពី​ថ្ងៃ​ទី ២៨ ​មិថុនា​ថា​ របប​លោក​ ហ៊ុន ​សែន​ ​កំពុង​បើក​ដៃ​ឲ្យ​ចិន​មក​គ្រប់គ្រង​ប្រទេស​កម្ពុជា​តាម​អំពើចិត្ត​។ ​លោក​ហៅ​ហេតុការណ៍​នេះ​ថា​ ​ជា​ការបើកដៃ​ឲ្យ​ចិន​អនុវត្ត​នយោបាយ​វាត​ទី​និយម ​ដែល​ធ្វើឲ្យ​ប្រទេស​ជិតខាង​កាន់តែមានការព្រួយ​បារម្ភ​ខ្លាំង​។​


«​គេ​បារម្ភ​ពី​នយោបាយ​របស់​ ហ៊ុន ​សែន ​ដែល​បើក​ដៃ ដែលបើកទ្វា ដែលបើកផ្លូវ ​ឲ្យ​ចិន​មក​គ្រប់គ្រង​ប្រទេសកម្ពុជា​ ​ហើយ​ចិន​ធ្វើ​អី​បាន​តាមចិត្ត​។ ​ចិន​មិន​មែន​គ្រាន់តែ​ធ្វើបាប​ប្រជារាស្ត្រ​ខ្មែរ​ ​មិន​គ្រាន់តែ​ប្លន់​ដី​ ​មិន​ត្រឹមតែ​ប្លន់​ការងារ​ពី​ប្រជារាស្ត្រ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ​តែ​ចិន​អនុវត្ត​នយោបាយ​វាត​ទី​ដោយ​មាន​ការគាំទ្រ​ពី​ ហ៊ុន ​សែន​។​ អញ្ចឹងហើយវាប៉ះពាល់ផលប្រយោជន៍ប្រទសជិតខាង ទោះប្រទេសជិតខាងគេមិនអាណិតខ្មែរក៏ដោយ ប៉ុន្តែបើប៉ះពាល់ផលប្រយោជន៍គេ គឺគេប្រតិកម្មហើយ។ គេត្រូវតែជួយធ្វើម៉េចឲ្យប្រទេសខ្មែរ ប្រជារាស្ត្រខ្មែរ រើបម្រះពីឥទ្ធិពលរបស់ចិន។ ហើយដើម្បីឲ្យប្រជារាស្ត្រខ្មែររើបម្រះពីឥទ្ធិពលរបស់ចិន ទាល់តែប្រជារាស្ត្រខ្មែររើបម្រះពីអំណាចផ្តាច់ការរបស់ ហ៊ុន សែន។»

ការលើកឡើង​របស់​លោក​ សម ​រង្ស៊ី​ នា​ពេលនេះ​ ​កើត​មាន​ឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ ​ម្តង​ជា​ពីរ​ដង​ ​មិន​ត្រឹមតែ​ថ្លែង​សារ​គាំទ្រ​ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ​តែ​លោក​ ហ៊ុន ​សែន ​ថែមទាំង​ថ្កោលទោស​ជន​រួម​ជាតិ​ខ្លួនឯង​ទាំងឡាយ​ដែល​ហ៊ាន​រិះគន់​ថា​ របប​របស់​លោក​ ​កំពុង​ក្លាយជា​អាយ៉ង​របស់​ចិន ​ដោយ​អនុញ្ញាតឲ្យ​ចិន​ដាក់​អាណានិគម​លើ​កម្ពុជា​។ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​លោក​ ហ៊ុន ​សែន ​ថែមទាំង​ហ៊ាន​ថ្លែង​ការពារ​វិនិយោគ​ចិន​ ​ក្នុង​អំឡុងពេល​ដែល​ប្រជាជាតិ​ខ្មែរ​ខ្លួនឯង​ទាំងមូល​កំពុង​ជួប​សោកនាដកម្ម ​ការបាក់​រលំ​សំណង់​អាគារ​ខុស​ច្បាប់​របស់​ចិន​នៅ​ខេត្ត​ព្រះសីហនុ ​ទន្ទឹម​ពេល​ដែល​ប្រតិបត្តិការ​រុករក​ និង​ជួយសង្គ្រោះ​នៅ​មិន​ទាន់​បិទ​បញ្ចាប់​នៅឡើយ​។ ​យ៉ាងហោចណាស់​ ពលរដ្ឋ​ខ្មែរ​ជិត ២៨ ​នាក់​ស្លាប់​ ​និង ២៦ នាក់​រងរបួស​។​

«​ខ្ញុំ​សូម​ថ្កោល​ទោស​ជា​សាធារណៈ​ទៅលើ​បញ្ហា​ទាក់ទង​នឹង​យក​បញ្ហា​វិនិយោគ​របស់​ចិន​មក​ធ្វើ​ការចោទប្រកាន់​រាជ​រដ្ឋាភិបាល​ថា​ជា​អាយ៉ង​របស់​ចិន​លក់​ដី​ឱ្យ​ចិន​‍​»​។​ឥឡូវ​បើ​ថា​ក្រុង​ព្រះសីហនុ​គ្មាន​អ្នកវិនិយោគ​ចិន​ទេ​សួរ​ថា​យើង​មាន​អគារ​សំណង់​ខ្ពស់​ៗ​ធំ​ៗ​យ៉ាង​ដូច្នេះ​ទេ​?​ចំណុច​នេះ​កុំ​យក​បញ្ហា​តូច​មួយ​ឱ្យ​ក្លាយជា​ភ្លើង​អគ្គិភ័យ​កំទេច​ភ្លើង​ក្លាយទៅជា​អគ្គិភ័យ​បំផ្លាញ​នូវ​ទំនាក់ទំនង​បំផ្លាញ​នូវ​បរិយាកាស​វិនិយោគ​ដែល​យើង​ខិតខំ​ទាក់ទាញ​យក​មក​។​អ្នកណា​ទទួល​អ្នកណា​ខុសត្រូវ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​‍​»​

គិត​រហូត​មក​ទល់​ពេលនេះ​ របប​លោក​ ហ៊ុន ​សែន ​ពុំ​បាន​បង្ហាញ​ចេតនា​ណាមួយ​ចង់​ឲ្យ​មហា​មិត្ត​ចិន​របស់​ខ្លួន​ចេញមុខ​មក​សុំទោស​ខ្មែរ​នោះ​ទេ​ ​បើ​ទោះបីជា​មាន​ការលើកឡើង​ពី​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ចង់​ឲ្យ​ចិន​ ​បង្ហាញ​ការទទួលខុសត្រូវ​ផ្នែក​សីលធម៌​ ​និង​សង្គម​តាមរយៈ​ការសុំទោស​ខ្មែរ​ជា​សាធារណៈ​នោះ​។​

Kimsok


អ្នកវិភាគ​នយោបាយ​ លោក​ ​គឹម​ ​សុខ​ ​ប្រាប់​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ពី​ប្រទេស​ហ្វាំងឡង់ (Finland)កាលពី​ថ្ងៃ​ទី ២៨ ​មិថុនា​ថា​ ​លោក​យល់​ស្រប​នឹង​ការលើកឡើង​របស់​លោក​ សម ​រង្ស៊ី​ ​ជុំវិញ​នយោបាយ​វាត​ទី​និយម​របស់​ចិន​នេះ​។ ​លោក​ហៅ​ការថ្លែង​ការពារ​ចិន​ម្តង​ហើយ​ម្តង​ទៀត​ពីសំណាក់​មេដឹកនាំ​ខ្មែរ​លោក​ ហ៊ុន ​សែន ​នេះ​ ​ថា​ ​ជា​ការលក់​ប្រទេស​កម្ពុជា​ ​ទាំង​ទឹក​ទាំង​ដី​ ​និង​អធិបតេយ្យ​ឲ្យ​ចិន ​ជា​ថ្នូរ​នឹង​ការការពារ​អំណាច​របស់​លោក​ ​ក្រុមគ្រួសារ​ បក្ខពួក​លោក​។ ​លោក​ ​គឹម​ ​សុខ​ ​បន្ត​ថា​ ​ចិន​អនុវត្ត​គោលនយោបាយ​វាត​ទីនិយម​នេះ​ ​ដោយ​ចម្លង​យក​គម្រូ ​ដែល​ខ្លួន​បាន​អនុវត្ត​នៅ​ប្រទេស​ឡាវ​ភាគ​ជើង​ និង​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​។​

«​យើង​ឃើញ​នឹង​ភ្នែក​ ​គឺ​ក្រុង​ព្រះសីហនុ​កំពង់សោម​។ ​ចិន​មក​ធ្វើ​អ្វី​តាម​ចិត្ត​ ​សង់​សំណង់​អាណាធិបតេយ្យ​ ​ទាំង​មិន​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​បាក់​អាគារ​ដូច​ដែល​យើង​ឃើញ​ហ្នុង​។ ​ចំណែក​ព័ត៌មាន​ជា​រឿង​ដែល​គេ​មិន​ទម្លាយ​ ​ហើយ​ខ្ញុំ​បាន​ដឹង​ពី​ក្រុម​មន្ត្រី​ ​រដ្ឋាភិបាល​ខ្លះ​ ​ផែនការ​របស់​ចិន ​គឺ​បញ្ជូន​ជនជាតិ​ចិន​ទៅ​កំពង់សោម ​ទៅ​ខេត្ត​បាត់ដំបង​ ​កំពង់ឆ្នាំង​ ​សៀមរាប​ និង​ខេត្ត​ធំ​ៗ​មួយចំនួន​ទៀត​ ​ក្នុង​មួយ​ខេត្ត​ៗ​ ​ពី​ប្រាំពាន់​ ​ទៅ​ប្រាំ​ម៉ឺន​នាក់​ ​ហើយ​គេ​ជួយ​ឧបត្ថម​ទៅ​ដល់​ជនជាតិ​ចិន​គ្នា​គេ​នោះ​ ​ពង្រីក​ពង្វាត​ទិញ​ដី​ប្រទេស​កម្ពុជា​ ​ជាពិសេស​គេ​ធ្វើជា​របៀប​អភិវឌ្ឍន៍​កសិកម្ម​ ​ក៏ប៉ុន្តែ​កសិកម្ម​ដែល​ស្ថិត​នៅ​ក្រោម​ផលប្រយោជន៍​របស់​ចិន​ទាំងអស់​។ ​គឺ​ប្រព័ន្ធ​ធារាសាស្ត្រ ​ដី​កសិកម្ម​ទាំងឡាយ​ ​ត្រូវបាន​ជនជាតិ​ចិន​ទាំងនោះ​ប្រើ​លុយ​ ​ទាំង​លុយ​ងងិត ​ទាំង​លុយ​ភ្លឺ​របស់​គេ​ទិញ​ដើម្បី​ពង្វាត ​ហើយ​ហ្នឹង​គ្រប់គ្រង​ប្រទេស​កម្ពុជា​ ​តាម​របៀប​យូរ​អង្វែង​។​»​

លោក​ ​គឹម​ ​សុខ ​មើល​ឃើញ​ដំណើរការ​អនុវត្ត​នយោបាយ​វៀត​ទី​និយម​របស់​ចិន​នេះ​ ​ថា​ជា​គ្រោះ​ជាន់​គ្រោះ​សម្រាប់​កម្ពុជា​ ​ស្រប​ពេល​ដែល​ប្រទេស​វៀតណាម​ ​ក៏​មាន​មហិច្ឆតា​ចង់​គ្រប់គ្រង​កម្ពុជា​ផងដែរ​នោះ​ តាម​របៀប​អ្វី​មួយ​ដែល​លោក​ ​គឹម​ ​សុខ​ ​ហៅ​ថា​ ​ជា​នយោបាយ​ឥណ្ឌូចិន​ទី​ពីរ ​ឬ​ឥណ្ឌូចិន​តូច​។​

«​មុខ​ព្រួញ​ទាំង​ពីរ​នេះ​ ​គឺ​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ ​ប្រឈម​ទៅ​នឹង​ហានិភ័យ​ខ្ពស់​ណាស់​។ ​គឺ​ប្រទេស​កម្ពុជា​មួយ​ដែល​អាច​ ប្រសិនបើ​ចិន​មាន​ឥទ្ធិពល​លុប​លើ​ខ្លាំង​ ស្ទើរតែ​ទៅ​ជា​អាណាខេត្ត​របស់​ចិន​ ​ក៏ប៉ុន្តែ​ប្រសិនបើ​យួន​លុប​លើ​ខ្លាំង​ ស្ទើ​តែ​ក្លាយទៅជា​ផ្នែក​មួយ​ដែល​ចាំ​តែ​បម្រើ​យួន​ ​ក៏ប៉ុន្តែ​ប្រសិនបើ​ប្រទេស​ទាំង​ពីរ​នេះ​ លុប​លើ​ខ្លាំង​ វា​ស្ទើ​តែ​ជា​ផលប្រយោជន៍​ ​ហែក​ចែក​គ្នា​រវាង​យួន​ ​និង​ចិន ​នៅលើ​ទឹកដី​ខ្មែរ​។ ​ហើយ​អ្នក​កាន់អំណាច​នៅ​កម្ពុជា​ ​លោក​ ហ៊ុន ​សែន ​គឺ​គ្រាន់តែ​ជា​ទីង​មោង​ ​ចាំ​សង្កត់​ខ្មែរ​ និង​បម្រើ​យួន​ចិន​។​»​

បន្ថែម​ពីលើ​ការព្រមាន​របស់​អ្នកវិភាគ​រូប​នេះ​ ​សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ​ Occidental Collegeបណ្ឌិត​ ​អៀ ​សុផល​ ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក​ថា​ ​វៀតណាម​ ​កំពុងតែ​មាន​ការខឹងសម្បារ​នឹង​រឿង​ដែល​កម្ពុជា​របស់​លោក​ ហ៊ុន ​សែន ​ឱប​ក្រសោប​ចិន​ ​ហើយ​កំពុង​គិតគូរ​ខ្លាំង​លើ​រឿង​នេះ​ ​ព្រោះ​កម្ពុជា​ជា​អតីត​កូន​ជឹង​របស់​ខ្លួន​។ ​លោក​ថា​ ​វៀតណាម​កំពុង​ចោទ​សួរ​ខ្លួនឯង​ថា​ ​ហេតុអ្វី​បាន​ជា​របប​ក្រុង​ភ្នំពេញ​ ​បាន​យក​កាំបិត​ចាក់​ពី​ក្រោយ​ខ្នង​ខ្លួន​ ​ជុំវិញ​រឿង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ឆ្នាំ ២០១២ ​ដែល​កម្ពុជា​បាន​ជួយ​ចិន​ពេល​នោះ​?តើ​នេះ​មាន​ន័យ​យ៉ាង​ដូចម្តេច​ចំពោះ​ការណ៍​ដែល​ខ្លួន​បាន​ជួយ​លើក​បន្តុប​របប​លោក​ ហ៊ុន ​សែន ​កាលពី​ពេល​អតីតកាលនោះ​?​បណ្ឌិត​ ​អៀ ​សុផល​ ​បន្តថា​ ​យ៉ាងណា​ក៏ដោយ​ ​វៀតណាម​ហាក់​មាន​ប្រៀប​ជាង​ចិន ​ដោយសារ​វៀតណាម​មាន​មនុស្ស​របស់​ខ្លួន​នៅ​កម្ពុជា​ស្រាប់​ ​បាន​ដើរ​មុន​ចិន​មួយ​ជំហ៊ាន​ ​និង​មាន​ទឹកដី​ជាប់​កម្ពុជា​ស្រាប់​។ ​លោក​ ​វាយតម្លៃ​ថា​ ​វៀតណាម​ក៏​មើល​ឃើញ​ដែរ​ថា​ ​ខ្លួន​ចាំបាច់​ត្រូវតែ​ធ្វើឲ្យ​មាន​តុល្យភាព​ឡើងវិញ​ចំពោះ​រឿងរ៉ាវ​កំពុង​កើតមាន​ឡើង​នៅ​កម្ពុជា​នា​ពេលនេះ​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

2 Responses to "លោក សម រង្ស៊ី៖ «ចិនកំពុងអនុវត្តនយោបាយវាតទីនិយមនៅកម្ពុជា»"

  1. Anonymous says:

    if Cambodian take more research they will find out that this nation is in a great dangers. why we said that ?? please take a look the nation around us, are they love us that much?? or they just love us and wanted to swallow us alive. after 1970 this nation have gone down hill and start to lost their identity as the time go by. under HUN SEN leadership every thing is possible that mean this sad nation can be wipe out from the world. please take a look Cambodian can be desegregate by Vietnam or China, the worse thing we can see is Cambodian going to another country looking for work and will become another citizen and they will never going back. please take a look if you can see what I see>> Vietnamese is filling up Cambodia population at the same time Chinese are also came to Cambodia whit their policy. I know these nation around Cambodia will device this poor nation a part. the only solution that Cambodia can recue themselves from this great dangers is>>> having a true democracy in Cambodia but sorry not HUN SEN’s democracy please.

  2. Anonymous says:

    Communist have been here since si hak nouk ask them to killed khmer ‘ O K