ភរិយាបណ្ឌិត កែម ឡី ចោទរបបក្រុងភ្នំពេញជាអ្នកសម្លាប់ស្វាមី

ដោយអ្នកស្រី សុ ជីវី
2019-07-02
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​វិភាគ​បញ្ហា​សង្គម​បណ្ឌិត កែម ឡី (កាលនៅមានជីវិត) និង អ្នកស្រី ប៊ូ រចនា (ភរិយា)។ បណ្ដាញ​សង្គម​ហ្វេសហ៊ុក
អ្នក​វិភាគ​បញ្ហា​សង្គម​បណ្ឌិត កែម ឡី (កាលនៅមានជីវិត) និង អ្នកស្រី ប៊ូ រចនា (ភរិយា)។ បណ្ដាញ​សង្គម​ហ្វេសហ៊ុក


ភរិយា​បណ្ឌិត​ កែម ឡី​ ចោទ​របប​ក្រុង​ភ្នំពេញ​នៅ​ពី​ក្រោយ​ឃាតកម្ម​ស្វាមី​អ្នកស្រី


ភរិយា​បណ្ឌិត​ កែម​ ឡី​ គឺ​អ្នកស្រី​ ប៊ូ​ រចនា​ បាន​សរសេរ​សារ​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​កផ្ទាល់ខ្លួន​ នៅ​ថ្ងៃទី២​ ខែកក្កដា​ថា​ នៅសល់​តែ៨ថ្ងៃ​ទៀត​ទេ​ គឺ​ដល់​គម្រប់​ខួប៣ឆ្នាំ​នៃ​ការបាត់បង់​ជីវិត​ របស់​ស្វាមី​ ដោយសារតែ​ជន​អគតិ​របប​ក្រុងភ្នំពេញ​ បាន​សម្លាប់​ កាលពី​ថ្ងៃទី១០​ ខែកក្កដា​ឆ្នាំ២០១៦​។

ក្រៅពី​ការចោទប្រកាន់​នេះ​ អ្នកស្រី​ ប៊ូ​ រចនា​ សរសេរ​រៀបរាប់​ពី​អារម្មរណ៍​នឹក​រលឹកប្តី​ថា​ ប្តីសម្លាញ់​ តាំងពី​អូន​បាន​រៀបការ​ជាមួយ​បង១៥ឆ្នាំមុន​ បង​បាន​ផ្តល់​ ភាព​សប្បាយរីករាយ​ ភាព​កក់ក្តៅ​ និង​ សុភមង្គល​ដល់​គ្រួសារ​មួយ​នេះ​មិនដែល​រអ៊ូ​មួយ​មាត់​ឡើយ​។ប៉ុន្តែ៣ឆ្នាំ​កន្លងមក​នេះ​ បង​បាន​ទុក​ ឱ្យ​អូន​នឹង​កូន​រស់នៅ​ខ្វះ​ភាព​កក់​ពី​បង​ សូម្បីតែ​មុខ​កូនពៅ​ កែម​ ឡី​វីរ​បុត្រ​ ក៏​មិនបាន​ឃើញ​ផង​ ។ ទោះ​យ៉ាងណា​ អ្នកស្រី​ ប្រាប់​បណ្ឌិត​ កែម​ ឡី​ កុំ​បារម្ភ​អី​ ព្រោះ​ជាង១ឆ្នាំ​ដែល​អ្នកស្រី​ និង​កូន​បាន​ទៅ​ តាំង​លំនៅ​ថ្មី​នៅ​លើទឹក​ដី​ប្រទេស​អូស្ត្រាលី​ ដែល​ជា​ប្រទេស​មាន​សន្តិភាព​ពិត​ ប្រទេស​មាន​ប្រជា​ ធិប​តេយ្យ​ពិត​ ប្រទេស​ដែល​គោរព​ច្បាស់​ពិត​ ប្រទេស​ដែល​យកចិត្ត​ទុកដាក់​លើ​ប្រជាពលរដ្ឋ​ពិ​តៗ​ សូម្បីតែ​អ្នកស្រី​ និង​កូន​ៗ ក៏​រដ្ឋាភិបាល​អូស្ត្រាលី​ បាន​ជួយឧបត្ថម្ភ​ថវិកា​សម្រាប់​ចំណាយ​ក្នុង​គ្រួសារ​ ជាពិសេស​ការរៀនសូត្រ​របស់​កូន​ៗ និង​ទៅ​មន្ទីរពេទ្យ​ជាដើម​។ អ្នកស្រី​ បន្ត​ថា​ ទោះបីជា​ អូន​និង​ កូន​ៗ រស់នៅ​បាន​សុខ​ហើយ​ក្ដី​ តែ​នៅ​រលឹក​ដល់​បង​គ្រប់ពេលវេលា​ នឹក​រហូត​។

Chinmalin


អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន​ ម៉ា​លីន​ ឆ្លើយតប​ថា​ វា​គឺជា​រឿង​ធម្មតា​ចំពោះ​សារ​របស់​ អ្នកស្រី​ ប៊ូ​ រចនា​ ដែល​បង្ហាញ​ពី​ការឈឺចាប់​ក្តុកក្តួល​និង​ឈឺចាប់​ក្នុង​ការបាត់បង់​ស្វាមី​ និង​ការ​ចោទ​ ប្រកាន់​អ្នកនេះ​ឬអ្នកនោះ​ថា​ ជា​ឃាត​ការ​សម្លាប់​ស្វាមី​។

«មានការចោទប្រកាន់អ្នកនេះអ្នកនោះអីនឹងគឺជារឿងធម្មតាទេ។គាត់បង្ហាញពីការឈឺចាប់ហើយគាត់ប្រហែលជារងឥទ្ធិពលពីបរិយាកាសពីអ្នកដែលកំពុងនៅជុំវិញខ្លួនដែលជួយទំនុកបម្រុងគាត់ហើយសុទ្ធតែជាអ្នកដែលមាននិន្នាការមិនពេញចិត្តប្រឆាំងនឹងរដ្ឋាភិបាល»

លោក​ ជិន​ ម៉ា​លីន​ បន្ត​ថា​ ចំពោះ​សំណុំរឿង​ឃាតកម្ម​បណ្ឌិត​កែម​ ឡី​ នេះ​ មិនទាន់​បិទ​បញ្ចប់​នោះ​ទេ​ គឺ​កំពុង​ដំណើរការ​នីតិវិធី​ក្នុង​តុលាការ​ដើម្បី​ស្វែ​ករ​កភាគី​ពាក់ព័ន្ធ​ដទៃទៀត​ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា​ សំណុំរឿង​នេះ​មាន​ភាព​ជឿនលឿន​ទៅមុខ​ឬអត់​នោះ​ទេ។​

«សំណុំរឿងមួយបានបិទបញ្ចប់ពាក់ព័ន្ធជាមួយជួបសម្លាប់នឹង។ចំណែកសំណុំរឿងមួយទៀតកំពុងដំណើការនីតិវិធីស្វែងរកភាគីដែលពាក់ព័ន្ធហើយយើងឃើញថាមកដល់ពេលនេះមានតែការចោទប្រកាន់ថារដ្ឋអំណាចឬអ្នកមានអំណាចនៅពីក្រោយប៉ុន្តែមិនមានភស្តុតាំងនិងសក្ខីកម្មផ្លូវច្បាប់ណាមួយបង្ហាញនោះទេ។ក្នុងនាមក្រសួងយុត្តិធម៌លើកទឹកចិត្តគ្រប់ភាគីទាំងអស់រួមទាំងអ្នកស្រីប៊ូរចនាផងដែរប្រសិនបើមានភស្តុតាំងសក្ខីកម្មរឹងមាំផ្នែកច្បាប់ច្បាស់លាស់អាចចូលរួមដំណើការនីតិវិធីនិងផ្តល់ទៅឱ្យអាជ្ញាធរមានសមត្ថកិច្ចដើម្បីស្វែករកភាគីដែលពាក់ព័ន្ធជាជាងចោទប្រកាន់ថាអ្នកនេះនៅពីក្រោយអ្នកមានអំណាចនេះអ្នកមានអំណាចនោះនៅពីក្រោយដោយមិនមានមូលដ្ឋានអីច្បាស់លាស់»

បើ​ទោះជាយ៉ាងណា ​មជ្ឈដ្ឋាន​ទូទៅ​សង្កេតឃើញ​ថា​របប​ ក្រុងភ្នំពេញ​ បាន​ទុក​សំណុំរឿង​នេះ​ចោល​យ៉ាង​ស្ងប់ស្ងាត់​។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​ភាព​ បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​ នៅ​ឯស្ដារ​ម៉ាត​ ​(Star​ Mart​) ​ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច​ (Caltex​)ក្នុង​ទីក្រុង​ភ្នំពេញ​។

អំពើ​ឃាតកម្ម​នេះ​បាន​កើតឡើង​រយៈពេល២​ ថ្ងៃ​ ក្រោយពី​លោក​បាន​ចូលរួម​ធ្វើជា​វាគ្មិន​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្តាប់​អាស៊ី​សេរី​ ដើម្បី​ជជែក​ពិភាក្សា​អំពី​រឿង​ការ​ក្ដោបក្ដាប់​ជំនួញ​របស់​ក្រុម​គ្រួសារ​លោក​ ហ៊ុន​ សែន​ នៅ​កម្ពុជា​។ តុលាការ​ បាន​ផ្ដន្ទាទោស​ អឿត​ អាង​ ដែល​ហៅ​ខ្លួនឯង​ថា​ ជួប​ សម្លាប់​ ឱ្យ​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត​។ ប៉ុន្តែ​សា​ធារ​ជន​នៅតែ​មិនអស់ចិត្ត​នៅឡើយ​ ព្រោះ​សំណុំរឿង​នេះ​មាន​ភាព​មិន​ស៊ីសង្វាក់​គ្នា​ជាច្រើន​ចំណុច​ជុំវិញ​មូលហេតុ​នៃ​អំពើ​ឃាតកម្ម​ ដែល​មជ្ឈដ្ឋាន​នានា​សុទ្ធតែ​ជឿ​ថា​ អឿត​ អាង​ មិន​អាច​ធ្វើ​រឿង​នេះ​បានតែ​ម្នាក់ឯង​នោះ​ឡើយ​។ ទំនងជា​ដើម្បី​បញ្ចៀស​ការរិះគន់​ តុលាការក្រុង​ភ្នំពេញ​បានសម្រេច​បំបែកសំណុំរឿង​នេះ​ជា​ពីរ​ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​ យក​មក​កាត់ទោស​។ ការស៊ើបអង្កេត​បន្ត​នោះ​ គឺ​ដើម្បី​រក​អ្នកលក់​កាំភ្លើង​ឱ្យ​ ជួប​ សម្លាប់​ អ្នកទទួល​ឱ្យ​ ជួប​ សម្លាប់​ ស្នាក់នៅ​ក្នុង​ក្រុងភ្នំពេញ​ និង​អ្នក​នៅ​ពីក្រោយខ្នង​ ជួប​ សម្លាប់​ ក៏ប៉ុន្តែ​តុលាការ​ខកខាន​មិនបាន​ផ្តល់​ព័ត៌មាន​ស្ដីពី​ការ​វិវឌ្ឍ​នៃ​សំណុំរឿង​ទីពីរ​នេះ​ឡើយ​រហូតមកដល់​ពេលនេះ​។

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ផាន​ បានទេ​ ដោយ​អ្នក​ ទទួល​ទូរសព្ទ​ប្រាប់​ថា​ លោក​ ផៃ​ ស៊ី​ផាន​ ជាប់​ប្រជុំ​មិន​អាច​និយាយ​បាន​។ចំណែក​នាំពាក្យ​ក្រសួង​ មហាផ្ទៃ​ និង​ជា​អនុប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ខៀវ​ សុភ័គ្រ បាន​បិទ​ទូរសព្ទ​ នៅ​ ពេល​អាស៊ី​សេរី​ទូរសព្ទ​ចូល​។

ប្រធាន​មូលនិធិ​បណ្ឌិត​ កែម​ ឡី​ គឺ​លោក​ សៅ​ កុសល​ ថ្លែង​ថា​ សារ​ចោទប្រកាន់​របស់​ភរិយា​បណ្ឌិត​ កែម​ ឡី​ គឺ​មិន​ខុសពី​គំនិត​របស់​អ្នក​គោរព​ស្រឡាញ់​លោក​បណ្ឌិត​កែម​ ឡី​ នោះ​ឡើយ​ ហើយ​ពួក​ គាត់​ គ្មាន​ ទទួលរង​ឥទ្ធិពល​ពី​ក្រុម​បក្ស​ប្រឆាំង​ឬក្រុម​អ្នក​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​នោះ​ ទេ​។ ផ្ទុយទៅវិញ​ ក្រុម​មន្ត្រី​រដ្ឋាភិបាល​ទៅវិញ​ទេ​ ដែល​មានគំនិត​អគតិ​មិន​ហ៊ាន​និយាយ​ការពិត​ ដោយសារតែ​មានផល​ប្រយោជន៍​ និង​ភាព​ភ័យខ្លាច​។

លោក​ សៅ​ កុសល​ បន្ត​ថា​ លោក​ ហ៊ុន​ សែន​ ខ្លួនឯង​នោះ​ទេ​ ដែល​ចេះតែ​ចោទប្រកាន់​និង​ទម្លាក់​ កំហុស​ទៅលើ​អ្នកដទៃ​តាមអំពើចិត្ត​។ ជាក់ស្តែង​ក្នុង​ពេល​កន្លងទៅ​ លោក​ ហ៊ុន​ សែន​ ធ្លាប់​ចោទ​ថា​ ឃាតកម្ម​បណ្ឌិត​ កែម​ ឡី​ អាច​ជា​អំពើ​របស់​ចារកម្ម​អាមេរិក​ ប៉ុន្តែ​ត្រូវ​ស្ថាន​ទួត​អាមេរិក​បដិសេធ​។ លោក​ បន្ត​ថា​ ស្ថាន​ទួត​អាមេរិក​ និង​រដ្ឋាភិបាល​កម្ពុជា​ គួរតែ​រួមគ្នា​ស្រាវជ្រាវ​រក​ឃាតករ​ពិត​។ លើស​ ពីនេះ​ទៀត​ លោក​ សៅ​ កុសល​ យល់ថា​ សំណុំរឿង​ឃាតកម្ម​ បណ្ឌិត​ កែម​ ឡី​នេះ​ ដូចជា​មិន​ចាំបាច់​ ប្រើ​ពេលវេលា​ស៊ើបអង្កេត​យូរ​នោះ​ទេ​ ប្រសិនបើ​អាជ្ញាធរ​មាន​ឆន្ទៈ​ពិតប្រាកដ​ ព្រោះ​ទីតាំង​ឃាតកម្ម​ មាន​កាមេរ៉ា​សុវត្ថិភាព​ដែល​អាច​ឃើញច្បាស់​ថា​ នរណា​ជា​ឃាតករ​ពិត​ ប៉ុន្តែ​បែរជា​អាជ្ញាធរ​ មិន​ហ៊ាន​ បង្ហាញ​ឱ្យ​បាន​ច្បាស់លាស់​។ករណីនេះ​ធ្វើ​ឱ្យ​គេ​សង្ស័យ​ថា​ អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ មាន​ចេត​ នា​អូស​បន្លាយពេល​វេលា​ ដើម្បី​ឱ្យ​ពលរដ្ឋខ្មែរ​ចេះតែ​ភ្លេច​ករណី​ឃាត់​កម្ម​ដ៏​ព្រៃផ្សៃ​លើ​បណ្ឌិត​ កែម​ ឡី​។

«ប្រសិនបើរដ្ឋាភិបាលមានចេតនាពិតប្រាកដក្នុងការស្វែងរកឃាតករគឺយើងអាចរកឃើញហើយប៉ុន្តែប្រហែលជាឃាតករនោះវាមានអ្នកនៅពីក្រោយខ្នងមានអំណាចធំពេកដែលធ្វើឱ្យរឿងក្ដីនេះប្រែប្រួលដោយឃាតករត្រូវផ្លាស់ប្តូរ»

ការរិះគន់​ និង​ការចោទប្រកាន់​នានា​លើ​របប​លោក​ ហ៊ុន​ សែន​ បាន​អូស​បន្លាយ​មកទល់​នឹង​ពេល​បច្ចុប្បន្ន​ ពីព្រោះ​របប​នេះ​នៅ​មិនទាន់​អាច​វែកមុខ​ចាប់​អ្នកបញ្ជា​ពីក្រោយខ្នង​ យក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​នៅឡើយ​។ អ្នក​តាមដាន​សង្គម​យល់ថា​ ប្រសិនបើ​របប​ក្រុងភ្នំពេញ​ចង់​លុបបំបាត់​ការចោទប្រកាន់​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​បណ្ឌិត​ កែម​ ឡី​ របប​នេះ​ត្រូវតែ​ហ៊ាន​នាំ​ខ្លួន​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មក​ជំនុំជម្រះ​ និង​ផ្ដន្ទាទោស​ ដើម្បី​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ជូន​ដល់​គ្រួសារ​ជន​ រងគ្រោះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ភរិយាបណ្ឌិត កែម ឡី ចោទរបបក្រុងភ្នំពេញជាអ្នកសម្លាប់ស្វាមី"

  1. Anonymous says:

    I agree it is every true every one knew that. please wait until those day every thing will come down to that person who did all kind of murder soon you will see it is a punishment from GOD