លោក ហ៊ុន សែន ស្នើ​អន្តរជាតិ​ពិចារណា​ឱ្យ​ដិតដល់​មុន​សម្រេចចិត្ត​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

ដោយ ហេង រស្មី
2019-07-03
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ថ្លែង​ក្នុង​វេទិកា​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ នៅ​ប្រទេស​ស្វីស ​នា​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ​២០១៩។ រូបហ្វេសប៊ុកលោក ហ៊ុន សែន
លោក ហ៊ុន សែន ថ្លែង​ក្នុង​វេទិកា​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ នៅ​ប្រទេស​ស្វីស ​នា​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ​២០១៩។ រូបហ្វេសប៊ុកលោក ហ៊ុន សែន


លោក ហ៊ុន សែន ស្នើអន្តរ​ជាតិពិចារ​ណាការសម្រេចចិត្តដកប្រព័ន្ធអនុគ្រោះ


មេដឹកនាំ​របប​ក្រុងភ្នំពេញ​ដែល​ធ្លាប់តែ​អះអាង​ក្តែងៗ​នៅ​ក្នុង​ស្រុក​ថា មិន​ខ្លាច​សហភាព​អឺរ៉ុប​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​បាន ស្នើ​ទៅ​អន្តរជាតិ​ឱ្យ​ពិចារណា​ឱ្យ​បាន​ដិតដល់​មុន​សម្រេចចិត្ត​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ពី​ប្រទេស​ដែល​សេដ្ឋកិច្ច​រីក​ចំរើន​តិច​តូច ឬ​ពី​កម្ពុជា។ ប៉ុន្តែ អ្នកវិភាគ​យល់ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន គឺជាការ​បំភ័ន្ត​ ការពិត​និង​ជា​ការ​ភូត​កុហក​ទាំង​សហគមន៍​អន្តរជាតិ និង​ពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ ព្រោះ​មេដឹកនាំ​រូប​នេះ​គ្មាន​ចេតនា​ថែរក្សា​ប្រព័ន្ធ​អនុគ្រោះ​នោះ​ទេ។

លោក ហ៊ុន សែន ថ្លែង​ក្នុង​វេទិកា​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ ដោយ​ចោទ​ប្រកាន់​ថា បើ​អន្តរជាតិ ឬ​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ឬ​ពី​កម្ពុជា ជា​ការ​ដើរ​ផ្ទុយ​ពី​គោលការណ៍​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​ចង់​ជួយ​ឱ្យ​ប្រទេស​ទាំងនោះ​ចាក​ផុត​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ។ ប៉ុន្តែ​លោក​មិន​បាន​លើកឡើង​ពី​ហេតុ​ណាមួយ​ដែល​ធ្វើ​ប្រទេស​មានការ​អភិវឌ្ឍ​ជឿនលឿន​ព្យួរ ឬ​ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នោះ​ទេ​៖ «ការ​ផ្ដល់​ភាព​អនុគ្រោះ​នានា​តាមរយៈ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ឬ​ឯកតោភាគី​ហើយ​សូម​ធ្វើការ​ពិចារណា​ឱ្យ​បាន​ដិតដល់​មុននឹង​ដាក់​វិធានការ​ព្យួរ ឬ​ដកចេញ​នូវ​ភាព​អនុគ្រោះ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ព្រោះ​ការ​ព្យួរ ឬ​ការ​ដក​នោះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ទាំងនោះ​មិន​អាច​ជួយ​ពិភពលោក​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព និង​អាច​ជួយ​ពួកគេ​ឱ្យ​ចាក​ចេញពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បាន​ឡើយ»

ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដូច្នេះ​ខណៈ​សហភាព​អឺរ៉ុប កំពុង​ដំណើរការ​នីតិវិធី​ដែល​នឹង​ឈាន​ទៅ​រក​ការ​ព្យួរ​ជា​បណ្ដោះអាសន្ន ឬ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA «​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» ពី​កម្ពុជា ក្រោយ​របប​ក្រុងភ្នំពេញ រំលោភ​សិទ្ធិ​មនុស្ស និង​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ។

ប៉ុន្តែ​លោក ហ៊ុន សែន បាន​ចោទប្រកាន់​សហ​អន្តរជាតិ​ថា ចេះតែ​យក​លេស​បញ្ហា​សិទ្ធិមនុស្ស និង​ដាក់​គំនាប់​លើ​របប​របស់​លោក។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ លើកឡើង​ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន គ្រាន់តែ​សំដី​បោកប្រាស់​ជា​លក្ខណៈ​ការទូត បង្ហាញ​ថ ខ្លួន​ព្រួយបារម្ភ​ពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ ប៉ុន្តែ លោក គឹម សុខ យល់ថា បើ​លោក ហ៊ុន សែន មិន​ចង់​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​មែន​នោះ លោក ហ៊ុន សែន ត្រូវ​ធ្វើ​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ៖ «សេចក្ដី​អំពាវនាវ​របស់​លោក ហ៊ុន សែន គឺ​គ្រាន់តែ​ជា​សំឡេង​បំពាន​ការពិត​ដោយសារ​គាត់​ថ្លែង​នៅ​ក្នុង​វេទិកា​អន្តរជាតិ​មួយ​ដែល​មាន​បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​ក្រីក្រ​ចូលរួម​ដែរ ម្ល៉ោះហើយ​គាត់​មិន​ហ៊ាន​និយាយ​បញ្ច្រាស​ពី​ជំហរ​នៃ​មេដឹកនាំ​ប្រទេស​ផ្សេងៗ​ទៀត​ដែល​គេ​កំពុង​ធ្វើ​បញ្ចុះបញ្ចូល​ឱ្យ​ជួយ​ប្រទេស​របស់​គេ»

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​សភា​អឺរ៉ុប​ថា វាសនា​ពលរដ្ឋ​ខ្មែរ ល្អ ឬ អាក្រក់ គឺ​ស្ថិត​នៅ​លើ​កណ្ដាប់ដៃ​របស់​លោក ហ៊ុន សែន ដែល​លោក​បាន​បំផ្លាញ​ប្រជាធិបតេយ្យ រំលោភ​សិទ្ធិ​មនុស្ស និង​រំលាយ​គណបក្សប្រឆាំង។

សហភាព​អឺរ៉ុប​នឹង​បិទ​បញ្ចប់​ដំណើរការ​តាមដាន និង​វាយតម្លៃ​ស្ថានការណ៍​កម្ពុជា នៅ​ពាក់កណ្ដាល​ខែ​សីហា​ខាងមុខ។ បន្ទាប់​ពី​នេះ សហភាព​អឺរ៉ុប​នឹង​ចេញ​របាយការណ៍​ស្ដីពី​របកគំហើញ និង​ធ្វើ​សេចក្ដីសន្និដ្ឋាន​នៅ​ខែ​វិច្ឆិកា។ ពេលនោះ សហភាព​អឺរ៉ុប​នឹង​ទុក​ពេល ១​ខែ ឱ្យ​របប​លោក ហ៊ុន សែន ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍​នេះ។ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០ សហភាព​អឺរ៉ុប​នឹង​សម្រេច​ចិត្តជា​ចុងក្រោយ​ថា ត្រូវ​ដក ឬ​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ហើយ​បើ​អឺរ៉ុប​សម្រេច​ដកហូត​មែន នោះ​ការ​យកពន្ធ​លើ​ទំនិញ​កម្ពុជា​នឹង​ត្រូវ​ចាប់ផ្ដើម​ជា​ផ្លូវការ​នៅ​ខែ​សីហា ឆ្នាំ​២០២០ ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment