លោក ហ៊ុន សែន ប្រើ​វេទិកា អ.ស.ប វាយ​ប្រហារ​មហា​អំណាច​ថា​ប៉ង​ផ្តួល​រដ្ឋាភិបាល​របស់​លោក

នយោបាយ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងពិធីស្បថចូលកាន់តំណែង​របស់​សមាជិករដ្ឋសភាថ្មីក្នុងអាណត្តិទី៦ នៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។


04 កក្កដា 2019
ទុំ ម្លិះ
វីអូអេខ្មែរ

មុន​ចេញ​ដំណើរ​ទៅ​កាន់​អង្គការ​សហ​ប្រជាជាតិ​នៅ​ទី​ក្រុង​ហ្ស៊ឺណែវ​ ប្រមុខ រដ្ឋាភិបាល​កម្ពុជា​​​បាន​ប្រកាស​ថា ​លោក​មិន​ឱនក្បាល​ចំពោះ​ការ​ទូន្មាន​ពី​បរទេស​ជាពិសេស​ប្រទេស​ដែល​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​កំពុង​ធ្លាក់ចុះ​ ដូចជា​អឺរ៉ុប។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ថា បាន​ប្រើ​ប្រាស់​របៀប​វារៈសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដើម្បី​ប៉ុនប៉ង​ផ្តួល​រំលំ​របប​គ្រប់​គ្រង​របស់​លោក។​

ថ្លែង​ទៅ​កាន់​កិច្ច​ប្រជុំ​លើក​ទី​៤១ របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ ក្នុង​ទីក្រុង​ហ្ស៊ឺណែវ ​ប្រទេស​ស្វីស នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ ហ៊ុន សែន បាន​លើក​ឡើង​ថា​ មាន​ការ​រីក​ចម្រើន​ផ្នែក​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រាប់​ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​នៅ​ឆ្នាំ ១៩៧៩​មក ក៏​ប៉ុន្តែ​ប្រទេស​របស់​លោក​មិន​ទទួល​បាន​ការ​កោត​សរសើរ ឬ​ការ​អបអរសាទរ​ទេ។​

ផ្ទុយទៅវិញ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​«ត្រូវ​បានលាបពណ៌»ដើម្បី​អ្វី​មួយ​ដែល​លោក​ហ៊ុន សែន​ ចាត់​ទុក​ថា​គឺជា ​«ឧបករណ៍​នយោបាយ​សម្រាប់​ប្រទេស​មហាអំណាច​មួយ​ចំនួន»​ដើម្បី​ផ្លាស់​ប្តូរ​រដ្ឋា​ភិបាល​របស់​លោក។

ទោះជាយ៉ាង​ណា​ លោក​នាយក​រដ្ឋ​មន្ត្រី​មិន​បាន​បញ្ចេញ​ឈ្មោះ​ចំៗ​ទៅលើ​ប្រទេស​មហា​អំណាច​ដែល​លោក​បាន​លើក​នោះ​ទេ។ ក៏ប៉ុន្តែ​លោក​បង្ហើប​អំពី​សម្ពាធ​របស់​ប្រទេស​ទាំងនោះ​ដែល​បាន​ដាក់​លក្ខខណ្ឌ​ជំនួយ​ និង​ការ​ដកហូត​ការ​អនុគ្រោះពន្ធ​ពាណិជ្ជកម្ម​មក​លើ​ប្រទេស​កម្ពុជា​ ជាថ្នូរទៅ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ។​

«វា​ជា​រឿង​ចម្លែក​ណាស់ ដែល​កម្ពុជា​ត្រូវ​បាន​ស្នើឲ្យ​ពង្រីក​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ ប៉ុន្តែ​នៅ​ពេល​ដែល​អាជ្ញាធរ​អនុវត្ត​ច្បាប់ ពួកគេ​ចោទ​ប្រកាន់​យើង​ពី​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ ហើយ​អាក្រក់​ជាង​នេះទៅទៀត ប្រទេស​និង​ស្ថាប័ន​មួយ​ចំនួន បាន​យក​សិទ្ធិ​មនុស្ស​ធ្វើជា​ចំណាប់​ខ្មាំង​ ទាក់ទង​នឹង​ការ​ផ្តល់​ជំនួយ​ ឬ​ការ​អនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា»។

p>ក្រោយ​ពី​តុលាការ​កំពូល​កម្ពុជា​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជាគណបក្ស​ប្រឆាំង​ដ៏​មាន​សក្តានុពល​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៧ សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ព្រមាន​ជា​បន្ត​បន្ទាប់​ឲ្យ​ប្រទេស​កម្ពុជា​ស្តារ​លទ្ធិប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​ ដោយ​គំរាម​ដកហូត​ការ​អនុគ្រោះពន្ធ​នាំទំនិញពី​ប្រទេស​កម្ពុជា​ចូល​ទៅ​កាន់​សហភាព​អឺរ៉ុប​និង​ទៅ​កាន់​សហរដ្ឋ​អាមេរិក។ សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​គឺជា​ទី​ផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា។

ទោះជា​យ៉ាង​ណា មុន​ចេញ​ដំណើរ​ទៅ​កាន់​អង្គការ​សហ​ប្រជាជាតិ​នៅ​ទី​ក្រុង​ហ្ស៊ឺណែវ​ ប្រមុខ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា ​លោក​មិន​ឱនក្បាល​ចំពោះ​ការ​ទូន្មាន​ពី​បរទេស​ជាពិសេស​ប្រទេស​ដែល​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​កំពុង​ធ្លាក់ចុះ​ ដូចជា​អឺរ៉ុប។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​(Licadho)​ មិន​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន​ ទាក់ទិន​នឹង​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​នៃ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើយ ខណៈ​ដែល​សារព័ត៌មាន​ឯករាជ្យ​នៅ​ក្នុង​កម្ពុជា​មិនទាន់​ទទួល​បាន​សេរីភាព​ពេញ​លេញ​ ហើយ​អតីត​អ្នក​នយោបាយ​របស់​គណបក្ស​ជំទាស់​និង​អង្គការ​សង្គម​ស៊ីវិល​តែង​តែ​ត្រូវ​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅឡើយ។

«សិទ្ធិ​ទាំង​អស់ហ្នឹង​ គឺ​វានៅមាន​កម្រិត​ ហើយ​មាន​ការរឹតត្បិត​ហើយ​ជាពិសេស​យើង​ឃើញ​ថា​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចូល​រួម​ជីវភាព​នយោបាយ​ទៅ​លើ​អតីតគណបក្ស​ប្រឆាំង​ក៏​មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ អា​ទាំង​អស់ហ្នឹង​ ហើយ​ដែល​យើង​គិត​ថា​ សិទ្ធិ​សេរីភាព​ជា​មូល​ដ្ឋាន​គឺ​នៅ​មាន​ការ​រឹតត្បិត»។​

អង្គការ​ Freedom House កាលពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​ ក៏​បាន​ដាក់​ពិន្ទុ​ផ្នែក​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា​នៅ​បាត​តារាង​សម្រាប់​ឆ្នាំ​២០១៩​នេះ​ផង​ដែរ៕

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ប្រើ​វេទិកា អ.ស.ប វាយ​ប្រហារ​មហា​អំណាច​ថា​ប៉ង​ផ្តួល​រដ្ឋាភិបាល​របស់​លោក"

  1. Anonymous says:

    too bad you should have known what you been doing.