សង្គម​ស៊ីវិល​ថា របប​ភ្នំពេញ​មិន​អាច​លាក់បាំង​រឿង​រំលោភ​សិទ្ធិ​មនុស្ស​ពី​ភ្នែក​អន្តរជាតិ​បាន​ឡើយ

ដោយ ហេង រស្មី
2019-07-04
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា (រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ)
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា (រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ)


អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហជីព ថ្លែង​ថា របប​លោក ហ៊ុន សែន មិន​អាច​បិទបាំង​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដែល​កំពុង​កើត​មាននៅ​កម្ពុជា​បាន​ឡើយ ពីព្រោះ​សហគមន៍​អន្តរជាតិ​បាន​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ។ សង្គម​ស៊ីវិល​ថា អ្វី​ដែល​របប​នេះ​ត្រូវ​ធ្វើជា​ចាំបាច់​នោះ គឺ​ប្រឹងប្រែង​ស្ដារ​ស្ថានការណ៍​សិទ្ធិមនុស្ស មិនមែន​ជា​ការ​វាយ​ប្រហារ​ក្រុម​ប្រទេស​ដែល​រិះគន់​កម្ពុជា​រឿង​រំលោភ​សិទ្ធិមនុស្ស​នោះ​ឡើយ​។ កាលពី​សប្ដាហ៍​មុន តំណាង​របប​ក្រុងភ្នំពេញ​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​លើកឡើង​ថា ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​កំពុង​បញ្ហា​សិទ្ធិមនុស្ស​ជា​ចំណាប់ខ្មាំង នៅ​ពេល​និយាយ​ពី​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា។

អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា កត់​សម្គាល់​ថា រដ្ឋាភិបាល និង​តំណាង​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស តែងតែ​ឆ្លើយតប​ទៅ​នឹង​ការរិះគន់​របស់​សហគមន៍​អន្តរជាតិ​អំពី​បញ្ហា​សិទ្ធិមនុស្ស ក្នុង​របៀប​មួយ​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ជាក់ស្ដែង និង​គេចវេះ​ពី​ការទទួលខុសត្រូវ​។ លោក​បន្ត​ថា រដ្ឋាភិបាល ឬ​តំណាង​រដ្ឋាភិបាល​មិន​អាច​លើក​យក​ករណី​ដាច់ដោយឡែក​ណាមួយ​មក​លាង​ជម្រះ​ខ្លួន​អំពី​រឿង​សិទ្ធិមនុស្ស​បានទេ ហើយក៏​មិន​អាច​យក​រឿង​បេសកកម្ម​ថែរក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​មក​ប៉ះប៉ូវ​ពី​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​របស់​ខ្លួន​បាន​នោះ​ដែរ​។ លោក​ជឿជាក់​ថា មូលហេតុ​ដែល​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ឈឺឆ្អាល​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពីព្រោះ​ប្រទេស​ទាំងនោះ​ចង់​ឃើញ​កម្ពុជា​មានការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ និង​អនុវត្ត​តាម​គន្លង​ប្រជាធិបតេយ្យ​។ ម្យ៉ាងវិញទៀត កម្ពុជា​ក៏​ជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា និង​អនុសញ្ញា​អន្តរជាតិ​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​រឿង​សិទ្ធិមនុស្ស​នេះ​ដែរ៖ «EU ក៏​គេ​ឃើញ​ពី​ភាព​លំបាក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ ប៉ុន្តែ​ដោយសារ​គេ​រក​ឃើញ​ថា យើង​ទៅវិញ​ទេ ដែល​អត់​បាន​គោរព​តាម​គោលការណ៍​ទាំងអស់​ហ្នឹង អ៊ីចឹង​ប្រសិនបើ​ចង់​បញ្ចប់​បញ្ហា EBA ហ្នឹង គឺ​នៅតែ​រដ្ឋាភិបាល​ជា​អ្នកដើរ​ជួរមុខ មិនមែន EU ទេ​។ EU គ្រាន់តែ​ជា​អ្នក​គេ​ធ្វើការ​តាម​អ្វី​ដែល​ជា​កិច្ចសន្យា​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​ខាង EU តែប៉ុណ្ណោះ»

កាល​ពី​ពេល​ថ្មីៗ​នេះ តំណាង​របប​លោក ហ៊ុន សែន ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) បាន​ច្រានចោល​ការ​លើកឡើង​របស់​គណៈប្រតិភូ​អឺរ៉ុប ចក្រភព​អង់គ្លេស បារាំង និង​អូស្ត្រាលី ស្ដីពី​ការ​រួម​តូច​នៃ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​។ តំណាង​របប​ក្រុងភ្នំពេញ​បាន​បញ្ជាក់​ថា រាល់​ចំណាត់​ការ​ទាំងឡាយ​ទៅលើ​សំឡេង​ប្រឆាំង និង​សំឡេង​ឯករាជ្យ​នា​ពេល​កន្លងមក​នោះ សុទ្ធសឹងតែ​ជា​ការ​អនុវត្ត​ច្បាប់។ឯកអគ្គរាជទូត និង​ជា​តំណាង​របប​ក្រុងភ្នំពេញ​ប្រចាំ​អង្គការសហប្រជាជាតិ លោក ណី សំអុល បាន​ថ្លែង​នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កាលពី​សប្ដាហ៍​មុន​ថា ការ​លើកឡើង​របស់​តំណាង​ប្រទេស​ប្រជាធិបតេយ្យ​នោះ គឺជា​ការចោទប្រកាន់​ដោយ​ខុសឆ្គង។ លោក​បន្ត​ថា ប្រទេស​ទាំងនោះ​ច្រើនតែ​សន្មត​ទុក​ជាមុន​ថា វិធានការ​របស់​រដ្ឋាភិបាល​ជា​រឿង​ខុសឆ្គង និង​រំលោភ​សិទ្ធិមនុស្ស​។ ត្រង់​ចំណុច​នេះ លោក​បាន​លើក​ឧទាហរណ៍​ពី​រឿង​ករណី​ពលរដ្ឋ​ម្នាក់​ឈ្មោះ ស៊ុំ មឿន ដែល​បាន​រត់​គេច​​ដោយ​ខ្លួនឯង​ទាក់ទង​នឹង​ការ​ឈូស​ឆាយដី​ព្រៃ​ដោយ​ខុសច្បាប់ ក៏ប៉ុន្តែ​រដ្ឋាភិបាល​បែរ​ត្រូវ​បាន​ចាប់​ឱ្យ​ទទួល​ខុសត្រូវ​ចំពោះ​រឿង​នេះ​ដោយ​អយុត្តិធម៌​ទៅវិញ​។ មន្ត្រី​រូប​នេះ​បាន​ឆ្លៀត​វាយប្រហារ​ថា ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​វាយតម្លៃ​ដោយ​វង្វេង​អំពី​ស្ថានការណ៍​នៅ​កម្ពុជា៖ «វា​ជា​រឿង​វង្វេងវង្វាន់​មួយ​ដែល​គណៈប្រតិភូ​ទាំងនោះ​ស្នើសុំ​ឱ្យ​កម្ពុជា​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ ប៉ុន្តែ​នៅ​ពេល​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់ និង​បទបញ្ជា ដើម្បី​ធ្វើតាម​ការ​ស្នើសុំ​នោះ ពួកគេ​បែរជា​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​បាន​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ទៅវិញ។ ហើយ​កាន់តែ​ជា​អកុសល​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ពួកគេ​បាន​យក​សិទ្ធិមនុស្ស​ធ្វើជា​ចំណាប់​ខ្លាំង​នៅ​ពេល​និយាយ​ពី​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា»

តំណាង​របប​ក្រុងភ្នំពេញ​រូប​នេះ បាន​ថ្លែង​បន្ត​ដោយ​ជំហរ​បែប​រឹងត្អឹង​ថា កម្ពុជា​ត្រូវការ​ជំនួយ និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប ក៏ប៉ុន្តែ​របប​នេះ​នឹង​មិន​យក​ជំនួយ​ទាំងនោះ​ជា​ថ្នូរ​នឹង​អធិបតេយ្យ​ជាតិ​នោះ​ឡើយ។ លោក​បាន​ប្រើ​សំនួន​ប្រៀបធៀប​ថា “​ប្រសិនបើ​កម្ដៅ​ឡើង​ខ្លាំង​រហូត​មិន​អាច​ទ្រាំ​បាន នោះ​យើង​នឹង​ចាក​ចេញពី​ផ្ទះបាយ” ដែល​អាច​កាត់​ន័យ​យល់​ជា​សាមញ្ញ​ថា របប​នេះ​នឹង​មិន​ខ្វល់​ពី​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឡើយ បើ​សហភាព​អឺរ៉ុប​នៅតែ​ទាមទារ​ឱ្យ​អនុវត្ត​លក្ខខណ្ឌ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នោះ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា សហគមន៍​អន្តរជាតិ ជាពិសេស​សហភាព​អឺរ៉ុប វាយតម្លៃ​ស្ថានភាព​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយមាន​ការសិក្សា​ស្រាវជ្រាវ និង​ការអង្កេត​បាន​ល្អិតល្អន់ មិនមែន​ធ្វើ​ដោយ​វង្វេងវង្វាន់​ដូច​ការ​លើកឡើង​របស់​តំណាង​របប​ក្រុងភ្នំពេញ​នោះ​ឡើយ​។ លោក​បន្ត​ថា ចំណុច​ដែល​តំណាង​រដ្ឋាភិបាល​កម្ពុជា​បកស្រាយ​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នោះ មិន​ឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា​ឡើយ ហើយក៏​មិន​អាច​យក​គុណ​សម្បត្តិ​ខ្លះ​ដែល​កម្ពុជា​មាន​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ទៅ​បញ្ចុះបញ្ចូល​ឱ្យ​សហភាព​អឺរ៉ុប​រក្សា​ប្រព័ន្ធ​អនុគ្រោះ EBA បាន​នោះ​ដែរ​។ លោក​បន្ថែម​ថា ការ​អនុវត្ត​តាម​លក្ខ​ខណ្ឌ​របស់​សហភាព​អឺរ៉ុប​នោះ មិន​មែន​ជា​រឿង​បាត់បង់​អធិបតេយ្យ​ជាតិ​នោះ​ទេ ពីព្រោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ត្រូវ​បាន​ផ្ដល់​ឱ្យ​កម្ពុជា​ដោយ​ភ្ជាប់​នឹង​លក្ខខណ្ឌ​គោរព​សិទ្ធិមនុស្ស ហើយ​លើស​ពី​នេះ​កម្ពុជា​ខ្លួន​ឯង​បាន​បាន​ទទួល​ស្គាល់​យន្តការ​អន្តរជាតិ​ទាំងឡាយ​ទាក់ទង​នឹង​ការ​គោរព​សិទ្ធិមនុស្ស​នេះ៖ «យើង​គួរតែ​ប្រើ​ពាក្យ​កុំ​គ្រោតគ្រាត ប្រើ​ពាក្យ​ការទូត​ឱ្យ​បាន​ប្រសើរ យើង​គិត​ថា វា​ជា​ការ​ល្អ​ប្រសើរ​។ ហើយ​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ក៏​មិនមែន​ជា​ធ្ងន់ធ្ងរ​សម្រាប់​កម្ពុជា​យើង ធ្វើ​មិន​បានទេ គ្រាន់តែ​យើង​កែ​លម្អ​ស្ថានភាព​បច្ចុប្បន្ន​ហ្នឹង ដូចជា​ផ្តល់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ ដោះលែង​លោក កឹម សុខា ផ្ដល់​សិទ្ធិ​ដល់​អ្នកនយោបាយ ឱ្យ​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​មក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ទៅ ពេល​ហ្នឹង​វា​អត់​មានអី​ដែល​ធ្ងន់ធ្ងរ​ទេ»

សហគមន៍​អន្តរ​ជាតិនិយម​ប្រជាធិបតេយ្យ​បាន​វាយតម្លៃ​ពី​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយសារ​របប​លោក ហ៊ុន សែន បាន​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ ដោយ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ពី​បទ​ក្បត់ជាតិ​។ ក្រោយ​មក​របប​នេះ​បាន​ប្រើ​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល ហើយ​យក​អាសនៈ​សភា និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​បក្ស​នេះ ទៅ​ចែក​គ្នា​កាន់កាប់​។ ទន្ទឹម​នឹង​នេះ របប​នេះ​បាន​ហាមប្រាម​អ្នកនយោបាយ​បក្ស​ប្រឆាំង​ជាង ១០០​នាក់ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ ថែមទៀត​។ ការ​វិវឌ្ឍ​ចុងក្រោយ​បំផុត​នោះ គឺ​ការ​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​រាប់រយ​នាក់​ឱ្យ​មក​ឆ្លើយ​បំភ្លឺ​រឿង​បំពាន​សាលដីកា​តុល​ការ​កំពូល ដោយ​ក្នុង​នោះ​មាន​អ្នកខ្លះ ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ផង​ដែរ។

ស្រប​ពេល​នៃ​ការ​កម្ទេច​ដៃគូ​ប្រជែង​ដ៏​ធំ​របស់​ខ្លួន​នេះ របប​ក្រុងភ្នំពេញ​ក៏បាន​វាយ​បង្ក្រាប​ឥត​ត្រា​ប្រណី​ទៅលើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ផង​ដែរ ប្រសិនបើ​ពួកគេ​មិន​ដើរ​តាម​គន្លង​ដែល​របប​នេះ​បាន​គូសវាស​ឱ្យ​ដើរ។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ គឺ​របប​នេះ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ទាំង​នៅ​ក្នុង​សង្គម និង​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ថែមទៀត។​អង្គការ​សង្គម​ស៊ីវិល និង​សហជីព ស្នើ​យ៉ាង​ទទូច​ដល់​របប​លោក ហ៊ុន សែន ឱ្យ​ងាក​មក​ស្ដារ​ស្ថានការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​កុំ​ឱ្យ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​ទីផ្សារ​សហភាព​អឺរ៉ុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles