សារព័ត៌មាន​តៃវ៉ាន់​ថា ​ចិន​អាច​បម្លែង​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​តារា​សាគរ​​ទៅ​ជា​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​ចិន​ក្នុង​ពេល​ដ៏​ខ្លី​

ដោយ មាន ឫទ្ធិ
2019-07-03
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គេហទំព័រ​សារព័ត៌មានតៃវ៉ាន (Taiwan News)។ Screenshot
គេហទំព័រ​សារព័ត៌មានតៃវ៉ាន (Taiwan News)។ Screenshot


កំណើន​ភ្ញៀវ​ទេសចរ​ចិន​មកកាន់​កម្ពុជា​ ជាពិសេស​នៅ​តំបន់​ជាប់​ឆ្នេរសមុទ្រ​រួមមាន​ខេត្ត​ព្រះសីហនុ​ និង​ខេត្តកោះកុង​ នា​រយៈពេល​ចុងក្រោយ​នេះ​ អាច​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ចិន​ដើម្បី​បង្ហាញថា​ កម្ពុជា​ពិតជា​ត្រូវការ​នូវ​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខ្នាត​យក្ស​នៅ​ភូមិភាគ​និរតី​នៃ​ប្រទេស​នេះ​។ ក៏ប៉ុន្តែ​ មហាយក្ស​ចិន​អាច​ប្រើ​ឱកាស​នេះ​ដើម្បី​បម្លែង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ឱ្យ​ក្លាយទៅជា​មូលដ្ឋាន​កងទ័ពជើងទឹក​របស់​ខ្លួន​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។

សារព័ត៌មាន​តៃវ៉ាន់​ជា​ភាសាអង់គ្លេស​ឈ្មោះ​ តៃវ៉ាន់​ ញ៉ូវស៍​ (Taiwan​ News​) រាយការណ៍​ថា​ មហាយក្ស​ចិន​អាច​បម្លែង​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ តារា​សាគរ​ នៅ​ខេត្តកោះកុង​ ដែល​បច្ចុប្បន្ន​កំពុង​វិនិយោគ​ និង​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ចិន​ឈ្មោះ​ Union​ Development​ Group​ (UDG​) ឱ្យ​ក្លាយទៅជា​មូលដ្ឋាន​កងទ័ពជើងទឹក​ចិន​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។ ក្នុង​អត្ថបទ​ចេញផ្សាយ​កាលពី​ថ្ងៃទី០២​ កក្កដា​ ដាក់​ចំណងជើង​ថា​ «រមណីយដ្ឋាន​ទេសចរណ៍​អភិវឌ្ឍន៍​ដោយ​ចិន​នៅ​កម្ពុជា​ អាច​ក្លាយជា​មូលដ្ឋាន​កងទ័ពជើងទឹក​ចិន​ នា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​» សារព័ត៌មាន​នេះ​ សរសេរ​ដោយ​ស្រង់​ប្រភព​ពី​មន្ត្រី​យោធា​ឥណ្ឌា​ចូល​និវត្ត​មួយ​រូប​ដែល​បាន​សន្និដ្ឋាន​ថា​ ភ្ញៀវ​ទេសចរ​ចិន​ ទំនងជា​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ឱ្យ​មក​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជា​ ពីសំណាក់​រដ្ឋបាល​ទេសចរណ៍​ជាតិចិន​ ឬ CNTA​ ដើម្បី​ជា​ការ​បំប៉ោង​តួលេខ​ចំនួន​ភ្ញៀវ​ទេសចរ​របស់​ខ្លួន​នៅ​កម្ពុជា​ ក្នុង​គោលដៅ​ធ្វើ​ឱ្យ​សមស្រប​ទៅ​នឹង​គម្រោងការ​សាងសង់​ដ៏​សម្បើម​នៅ​តំបន់​រមណីយដ្ឋាន​តារា​សាគរ​ ខេត្តកោះកុង​ ដែល​កំពុងតែ​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ចិន​នេះ​។ មន្ត្រី​យោធា​ឥណ្ឌា​ចូលនិវត្តន៍​ដែល​ត្រូវ​សារព័ត៌មាន​នេះ​បាន​ដកស្រង់​ប្រសាសន៍​នោះ​ ឈ្មោះ​ វីណា​យ៉ា​ក់់​ ផាត​ (Vinayak​ Bhat​) ធ្លាប់​មាន​ឋាន្តរ​សក្តិ​ជាវ​រៈ​សេនីយ៍​ឯក​។ មន្ត្រី​យោធា​ឥណ្ឌា​រូប​នេះ​ បាន​ផ្តល់​អំណះអំណាង​ថា​ ពលរដ្ឋខ្មែរ​នៅ​តាម​មូលដ្ឋាន​ ត្រូវ​បាន​វិនិយោគិន​ចិន​ផាត់ចោល​ ​; ដោយសារតែ​សណ្ឋាគារ​ និង​កាស៊ីណូ​របស់​ចិន​ទាំងអស់​ ជ្រើសរើស​និយោជិត​ និង​កម្មករ​សុទ្ធតែ​ជា​ជនជាតិ​ចិន​ និង​អ្នក​ដែល​ចេះនិយាយ​ភាសា​ចិន​ស្ទាត់ជំនាញ​ឱ្យ​ចូល​ធ្វើការ​ឱ្យ​ពួកគេ​តែប៉ុណ្ណោះ​។

គម្រោង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​តារា​សាគរ​នេះ​ ក៏​រួមមាន​កំពង់ផែ​ទឹកជ្រៅ​ និង​ព្រលា​នយន្តហោះ​អន្តរជាតិ​ និង​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ដទៃទៀត​ ព្រមទាំង​ទីក្រុង​រណប​ ឬហៅ​ថា​ «ទីក្រុង​មិត្តភាព​កម្ពុជា​ចិន​» ជាផ្នែក​មួយ​ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃដី​វិនិយោគ​សរុប​ ៤ម៉ឺន៥ពាន់​ហិ​កតា​ ស្ថិត​ក្នុង​ស្រុក​បុទុមសាគរ​ និង​ស្រុក​ថ្មបាំង​ ខេត្តកោះកុង​។ គម្រោង​នេះ​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ចិន​ឈ្មោះ​ Union​ Development​ Group​ (UDG​) ក្នុងទឹក​ប្រាក់​ជិត​ ៤ពាន់​លាន​ដុល្លារ​ ឬ៤ប៊ី​លាន​ដុល្លារ​អាម៉េរិក​ (,៨ប៊ី​លាន​ដុល្លារ​អាម៉េរិក​) ក្រោម​រូបភាព​ជា​ដីសម្បទាន​សេដ្ឋកិច្ច​ ជួល​ពី​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​រយៈពេល​វែង​ដល់ទៅ​ ៤០​ ឆ្នាំ​ ក្នុង​តម្លៃ​ជួល១ឆ្នាំ​ ១លាន​ដុល្លារ​អាម៉េរិក​។ តាមរយៈ​គម្រោង​អភិវឌ្ឍន៍​នេះ​ ចិន​អាច​គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​ រហូតដល់​ទៅ​ ២០ភាគរយ​។

សារព័ត៌មាន​តៃវ៉ាន់​ដដែល​នេះ​ បាន​ស្រង់​ប្រសាសន៍​មន្ត្រី​យោធា​ឥណ្ឌា​រូប​នោះ​ថា​ កំពង់ផែ​ទឹកជ្រៅ​ថ្មី​នោះ​ ទំនងជា​មាន​ស្ពាន​លយ​តភ្ជាប់​ទៅ​កំពង់ផែ​ប្រវែង៥០០ម៉ែត្រ​ ច្រកចូល​ផែ​ពី​សមុទ្រ​ប្រវែង​ប្រមាណ៩០០​ ម៉ែត្រ​ ដែល​លោក​ថា​ អាច​អនុញ្ញាត​ឱ្យ​កប៉ាល់​គ្រប់​ប្រភេទ​ចូល​ចត​បាន​។ ដោយឡែក​សម្រាប់​ គម្រោ​ងព្រលា​នយន្តហោះ​អន្តរជាតិ​កោះកុង​ឯណោះ​វិញ​ មានផ្លូវ​យន្តហោះ​រត់​ប្រវែង​ជាង៣ពាន់​ម៉ែត្រ​ និង​ទំហំ​ទទឹង៥០ម៉ែត្រ​។ លោក​ថា​ ផ្លូវ​យន្តហោះ​រត់​នេះ​ អាច​អនុញ្ញាត​ឱ្យ​យន្តហោះ​យោធា​ធន់​ធំ​ចុះ​បាន​។ មន្ត្រី​យោធា​ឥណ្ឌា​រូប​នោះ​ បាន​សន្និដ្ឋាន​ថា​ ផ្លូវ​យន្តហោះ​រត់​នេះ​ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​តែ១០​ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ពី​តំបន់​រមណីយដ្ឋាន​តារា​សាគរ​នេះ​ ដែល​លោក​ថា​ អាច​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ ឬទីបញ្ជាការ​ដ្ឋាន​យោធា​ ក្នុងករណី​ដែល​រមណីយដ្ឋាន​តារា​សាគរ​នេះ​ ត្រូវ​បាន​គេ​បម្លែង​ឱ្យ​ក្លាយទៅជា​បរិវេណ​យោធា​។​

អាស៊ី​សេរី​នៅ​មិនទាន់​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការផ្សាយ​របស់​សារព័ត៌មាន​តៃវ៉ាន់​នេះ​បាន​នៅឡើយ​ទេ​ គិត​ត្រឹម​យប់​ថ្ងៃទី០៣​ កក្កដា​។ ក៏ប៉ុន្តែ​កន្លងមក​ មន្ត្រី​ជាន់ខ្ពស់​គ្រប់​ជាន់ថ្នាក់​នៃ​របប​លោក​ ហ៊ុន​ សែន​ រួម​ទាំង​លោក​ ហ៊ុន​ សែន​ ខ្លួនឯង​ផង​ តែង​ចេញមុខ​បដិសេធ​ជា​ស្វ័យប្រវត្តិ​អំពី​ព័ត៌មាន​សង្ស័យ​ថា​កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​ដាក់មូលដ្ឋាន​យោធា​ ឬកងទ័ពជើងទឹក​នៅ​ខេត្តកោះកុង​នេះ​ ដោយ​ចាត់ទុកថា​ជា​ព័ត៌មាន​ក្លែងក្លាយ​ ជា​ពាក្យ​ចចាមអារ៉ាម​ និង​យុទ្ធនាការ​របស់​ក្រុម​ប្រទេស​លោកខាងលិច​ ប្រឆាំង​នឹង​របប​របស់​លោក​ ក្រោយ​របប​នេះ​បាន​ងាក​ទៅ​ឱបក្រសោប​មហាយក្ស​ចិន​កាន់តែ​ច្បាស់​ ក្រោយ​រម្លាយ​បក្ស​ប្រឆាំង​ និង​រៀបចំ​ការបោះឆ្នោត​«ក្លែងក្លាយ​»រួចមក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ លោក​ ហ៊ុន​ សែន​ ថែមទាំង​ថ្លែង​ការពារ​ចិន​ និង​ចិន​មិនបាន​មក​ដាក់​អាណានិគម​ ឬធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់ខ្លួន​ផុង​ចូល​ ក្នុង​អន្ទាក់​បំណុល​នោះ​ទេ​។

«ខ្ញុំ​បញ្ជាក់​មុខ​អគ្គរដ្ឋទូត​ចិន​ បញ្ជាក់​ចំពោះ​មុខ​សាធារណៈ​ និង​ជា​សារ​សម្រាប់​ប្រជាជន​ទូទាំង​ប្រទេស និង​ទៅ​កាន់​ពិភពលោក​ ថា​ខ្ញុំ​មិន​យល់​ព្រម​ឲ្យ​ចិន​ត្រួត​ត្រា​ទេ​ ហើយ​ខ្ញុំ​ស្គាល់​ច្បាស់​នយោបាយ​របស់​ចិន​ ក៏​មិន​ចង់​ត្រួត​ត្រា​អ្នកណា​ទាំង​អស់​ ត្រួតត្រា​អ្នកណា​ទាំង​អស់»

បញ្ហា​នៃ​ការសង្ស័យ​ ឬការ​ប៉ាន់ស្មាន​កាន់តែ​ខ្លាំង​ឡើង​ៗអំពី​លទ្ធភាព​ដែល​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​ចិន​ដាក់មូលដ្ឋាន​នៅ​ខេត្តកោះកុង​ និង​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ នៅ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​នៅ​កម្ពុជា​ ស្រប​ពេល​ដែល​ចុងក្រោយ​នេះ​ សហរដ្ឋ​អាម៉េរិក​ទាមទារ​ឱ្យ​កម្ពុជា​បកស្រាយ​អំពី​មូលដ្ឋាន​ហេតុ​ដែល​ខ្លួន​លែង​ចង់​ឱ្យ​អាម៉េរិក​ជួយ​ជួសជុល​តំបន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ ក្រោម​លេស​ថា​ ផ្លាស់​ប្តូរ​ទីតាំង​ទៅ​កន្លែង​ថ្មី​។ សហរដ្ឋ​អាម៉េរិក​ បាន​ជំរុញ​ឱ្យ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ រក្សា​ឱ្យ​បាន​ដូច​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ ដូចដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ អំពី​ឯករាជ្យ​ភាព​នៃ​ គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​ និង​ព្រមាន​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ បើ​កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​ដាក់មូលដ្ឋាន​យោធា​ខ្លួន​នៅ​កម្ពុជា​មែន​។​

បណ្ឌិត​ ប៉ូល​ ឆែម​ប័រ​ (Paul​ Chambers​) សាស្ត្រា​ចារ្យ​ផ្នែក​កិច្ចការ​អន្តរជាតិ​ នៃ​សាកល​វិទ្យាល័យ​ Naresuan​ University​ នៃ​ប្រទេស​ថៃ​ ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក​ កាលពី​ថ្ងៃទី០២​ កក្កដា​ ថា​ កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ងាយ​នឹង​បាត់បង់​អធិបតេយ្យ​របស់​ខ្លួន​ ហើយ​ក្លាយជា​កូនអុក​របស់​មហាយក្ស​ចិន​យ៉ាង​ពិតប្រាកដ​ ប្រសិនបើ​អនុញ្ញាត​ឱ្យ​ចិន​ដាក់មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​កម្ពុជា​មែន​នោះ​។ លោក​ព្រមាន​ថា​ ជាថ្មី​ម្តង​ទៀត​ កម្ពុជា​ នឹង​ក្លាយជា​ឧបករណ៍​ ដែល​ចិន​ និង​សហរដ្ឋ​អាម៉េរិក​ កំពុង​ប្រជែង​គ្នា​ដើម្បី​អត្ថ​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "សារព័ត៌មាន​តៃវ៉ាន់​ថា ​ចិន​អាច​បម្លែង​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​តារា​សាគរ​​ទៅ​ជា​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​ចិន​ក្នុង​ពេល​ដ៏​ខ្លី​"

  1. Anonymous says:

    HUN SEN is worry about losing EBA he also worry about losing his powers. the question is witch one of this two critical problem will he take . No 1 EBA is the food that feeding Cambodia from staving 50%of Cambodian is depending on it. No2 HUN SEN’s powers is the reason that making him worry . in the near future HUN SEN have to chose one of these critical matters. I knew from the start HUN SEN rather die if he lost powers. EBA was the help from EU that cam whit some condition. the question is why they put some condition whit it?? the reason was world community is felling so sad about genocide leader that took over two million Cambodian life. they wanted this poor nation got up on their feet and living together in peace. after all EBA that cam whit some condition is to preventing Cambodian leader from doing harmful to it’s people. the big question is what going to happen if Cambodia lost EBA . most investor will withdraw from Cambodia it will take all Cambodian job away . it will not affecting right away but when people getting stave they will fighting back to HUN SEN leadership. you can not imagine what kind of bloody will happen . we Cambodian knew EBA condition is not that hart to do just following a true democracy that all. we Cambodian knew that HUN SEN will choose to keep his powers no matter what that right he gone to depending to CHINA. the whole world knew CHINA is a rising star that can be the supper powers in the future . world community did not like CHINA communist policy that right a lot of problem are happen in the world right now. world community is worry right now is all about HUN SEN dictatorship is in CHINA policy 100%. sorry HUN SEN you can lie to Cambodian but you can not lei to the world. I tell you what the US satellite is watching you every step what CHINISE have don in Cambodia you can not hiding from them. as a Cambodian born I worry that Cambodian can be a battle field of these supper power nation.