សកម្មជន​បក្ស​ប្រឆាំង​នៅ​បន្ទាយមានជ័យ​ត្រៀម​កម្លាំង​រួច​រាល់​ចាំ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក

ដោយ សុ ជីវី
2019-07-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី ក្នុង​ពេល​ដែល​លោក​ត្រូវ​បាន​អ្នក​គាំទ្រ​លោក​អញ្ជើញ​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សន្និសីទ​រយៈ​ពេល ២​ថ្ងៃ នា​ទីក្រុង​អាត្លង់តា (Atlanta) រដ្ឋចចចា (Georgia) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៨។ រូប៖ សន ចាន់រដ្ឋា
លោក សម រង្ស៊ី ក្នុង​ពេល​ដែល​លោក​ត្រូវ​បាន​អ្នក​គាំទ្រ​លោក​អញ្ជើញ​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សន្និសីទ​រយៈ​ពេល ២​ថ្ងៃ នា​ទីក្រុង​អាត្លង់តា (Atlanta) រដ្ឋចចចា (Georgia) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៨។ រូប៖ សន ចាន់រដ្ឋា


សកម្មជន​គណបក្សប្រឆាំង​នៅ​ខេត្ត​បន្ទាយមានជ័យ​អះអាង​ថា ពួកគេ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទៅ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ក្នុង​ពេល​ពេល​ឆាប់ៗ​ខាងមុខ ដោយ​មិន​ខ្លាច​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ​នោះ​ទេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ការ​ទៅ​ទទួល​លោក សម រង្ស៊ី ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ស្រប​តាម​ច្បាប់។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បន្ទាយមានជ័យ​លោក ជាតិ ខេមរា ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​៥ កក្កដា​ថា សកម្មជន​នៅ​តាម​មូលដ្ឋាន​បាន​ត្រៀម​កម្លាំង​រាប់​រយ​នាក់​តាម​ស្រុក​នីមួយៗ ដើម្បី​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដោយ​មិន​ខ្លាច​អាជ្ញាធរ​គំរាមកំហែង​នោះ​ទេ។ លោក​បន្ត​ថា សកម្មជន​នៅ​តាម​មូលដ្ឋាន​អន្ទះសា​ចង់​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ​ឱ្យ​បាន​ឆាប់ កាន់តែ​ល្អ ព្រោះ​វត្តមាន​របស់​ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​អាច​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើងវិញ​បាន៖ «បាទ​គឺ​ហ៊ាន​លះបង់​តែម្ដង ដោយ​មិន​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​នោះ​ទេ ហើយ​រំភើប​ពេល​ដែល​ឮ​ព័ត៌មាន​ថា គាត់​មក​ខ្មែរ។ យើង​ត្រៀមលក្ខណៈ​ទាំង​ធនធាន​ទាំង​ការ​លះបង់​របស់​សកម្មជន ដោយ​អ្នកខ្លះ​លក់​មាន់​លក់​ទា ដើម្បី​ទទួល​លោក​ប្រធាន ទោះបី​ក្នុង​ពេល​ទទួល ឬ​បន្ទាប់ពី​ទទួល​ហើយ​មានការ​ធ្វើបាតុកម្ម ឬ​មានការ​ប្រឈម​ផ្សេង​គឺ​គាត់​ត្រៀម​លះបង់​រួច​អស់ហើយ ដោយសារ​ពួកគាត់​ចង់បាន​ការផ្លាស់ប្ដូរ ហើយ​គាត់​មិន​បារម្ភ ពី​អាយុជីវិត​នោះ​ទេ»

កាល​ពី​ពេល​ថ្មីៗ​នេះ​លោក សម រង្ស៊ី បាន​ប្រកាស​ជា​លើក​ទី​២​ថា នឹង​ចូល​ស្រុក​វិញ​យ៉ាង​យូរ​ក្នុង​ខែ​កញ្ញា​ខាងមុខ។

លោក សម រង្ស៊ី បន្ត​ថា គម្រោង​វិល​ត្រលប់​ចូល​កម្ពុជា នៅ​ឆ្នាំ​២០១៩​នេះ លោក​នៅតែ​មាន​បំណង​ចង់​ចរចា​ជាមួយ​របប​ក្រុងភ្នំពេញ ហើយ​លោក​ក៏​អំពាវនាវ​ឱ្យ​បង្កើន​ការ​ដាក់​សំពាធ លើ​របប​ក្រុងភ្នំពេញ គ្រប់​វិធីសាស្ត្រ ដើម្បី​បង្ខំ​ឱ្យ​លោក ហ៊ុន សែន ងាក​មក​រក​ការចរចា ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។ គណបក្ស​កាន់អំណាច​បាន​ទាត់ចោល គំនិត​របស់​លោក សម រង្ស៊ី ឲ្យ​មាន​ការចរចា ហើយ​ថា លោក សម រង្ស៊ី នឹង​ជាប់ពន្ធនាគារ​ពេល​មក​ដល់​កម្ពុជា​វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា លោក​គ្មាន​ជំនឿ​ថា លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នោះ​ទេ ព្រោះ​លោក​ជា​មាន់​សម្ល​និយាយ​បានតែ​មាត់ ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។ លោក​បន្ត​ថា កន្លងមក​ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​រូប​នេះ បាន​ប្រកូក​ប្រកាស​ជាច្រើន​ដង​រួចមក​ហើយ តែ​លោក​មិន​បាន​ចូល​ស្រុក​ដូច​ការសន្យា​នោះ​ទេ។ ទោះជា​យ៉ាងណា​លោក​អះអាង​ថា ពលរដ្ឋ​ដែល​ទៅ​ទទួល​នោះ អាច​ប្រឈម​បញ្ហា​ផ្លូវច្បាប់ ព្រោះ​លោក សម រង្ស៊ី ជា​ទណ្ឌិត​មាន​ដីកា​ចាប់ខ្លួន​ពី​តុលាការ៖ «មួយទៀត​ការ​ចូល​ទៅ​ក្នុង​គោលបំណង​ថា ទៅ​ចាប់​សម្ដេច ហ៊ុន សែន ដែល​ធ្វើ​មាតុភូមិ​និវត្ត​ចូល​ទៅ​កម្ពុជា​នឹង ឥឡូវ​សម្ដេច​ទៅដល់​ប្រទេស​ស្វីស​ជាប់​របង​ប្រទេស​បារាំង​ហើយ​ម៉េច​បាន​មិន​ចាប់ ចាំបាច់​ជិះ​យន្តហោះ​ជាង​មួយ​គីឡូម៉ែត្រ​មក​ធ្វើ​អី ដើម្បី​ចាប់។ ត្រង់​អ្នក​ផ្កាប់មុខ​អី​ប៉ុន្មាន​នាក់​ដែល​គេ​ជឿ​ស្រេច​លើ​គេ យើង​អត់​មាន​សិទ្ធិ​បិទ​សេរីភាព​របស់​គេ ក៏ប៉ុន្តែ​ចំពោះ​ខ្ញុំ​ថា​គ្មាន​ផ្លូវ​មក​ទេ»

អ្នក​សម្របសម្រួល និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើកឡើង​ថា ការ​ទៅ​ទទួល​លោក សម រង្ស៊ី ជា​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ ដែល​ស្រលាញ់​បុគ្គល​ណា​ម្នាក់ គឺ​មិន​ខុសច្បាប់​នោះ​ទេ​។ ទោះជា​យ៉ាងណា​លោក បន្ត​ថា ការ​វិល​ចូល​ស្រុក​ឬ​មិន​ចូល​ស្រុក​មិនមែន​ជា​ដំណោះស្រាយ​នយោបាយ​នោះ​ឡើយ ប្រសិនបើ​មេដឹកនាំ​គណបក្ស​កាន់​អំណាច និង​គណបក្សប្រឆាំង​មិន​ឆាប់​ចរចា​ត្រូវរ៉ូវ​គ្នា​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើងវិញ​នោះ៖ «ខ្ញុំ​គិត​ថា​គួរតែ​មាន​ការ​សម្របសម្រួល​គ្នា​មកដល់​នេះ​ហើយ យើង​ត្រូវ​មើល​ក្បែរ​យើង​ផង គេ​បាន​ទ្រព្យ​សម្បត្តិ​គេ​បាន​លាភសក្ការៈ​យ៉ាង​ច្រើន​ទាញ​ចេញពី​ជម្លោះ​របស់​ខ្មែរ​។ យើង​គួរតែ​ល្មម​ដោះដូរ​កែសម្រួល​ការងារ​ចារឹក​នយោបាយ​ឱ្យ​អា​ចរក​វិធី​ជជែក​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​ប្រសើរ​ជាង កុំ​ឱ្យ​ខ្លាំង​រៀងខ្លួន​នាំ​ឱ្យ​ខាតបង់​ប្រយោជន៍​ជាតិ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន​អូស​បន្លាយ​ពេល​ប្រមាណ ២​ឆ្នាំ​មក​នេះ បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ជា​បន្តបន្ទាប់ និង​ធ្វើ​អោយ​កម្ពុជា​មានឈ្មោះ​មិនល្អ​នៅ​លើ​ឆាក​អន្តរជាតិ​។ លើស​ពី​នេះ សេដ្ឋកិច្ច​កម្ពុជា​អាច​ប៉ះពាល់​កាន់​តែ​ខ្លាំង​នៅ​ពេល​សហគមន៍​អឺរ៉ុប​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ​EBA ជា​ផ្លូវការ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment