ស្ថានភាព​នៃ​ការ​រស់នៅ​របស់​គ្រួសារ​លោក​បណ្ឌិត កែម ឡី នៅ​ប្រទេស​អូស្ត្រាលី

ដោយ សុ ជីវី
2019-07-05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ភវិយា​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា និង​កូនប្រុស​ទាំង​៥។ AFP
ភវិយា​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា និង​កូនប្រុស​ទាំង​៥។ AFP


ជាង​មួយ​ឆ្នាំ​នៃ​ការរស់នៅ លើ​ទឹកដី​អូស្ត្រាលី គ្រួសារ​លោក កែម ឡី ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ពី​សំណាក់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​យ៉ាង​កក់ក្ដៅ។ ពេលនេះ គ្រួសារ​លោក កែម ឡី មាន​កន្លែង​រស់នៅ​បាន​សមរម្យ កូនប្រុស​បួន​នាក់​របស់​លោក កែម ឡី បាន​ចូលរៀន​សូត្រ​នៅ​ប្រទេស​នេះ ប៉ុន្តែ​កូនប្រុស​ពៅ​លោក កែម ឡី កើត​ជំងឺ​ម្យ៉ាង ដែល​មាន​អាការៈ​ខុស​ពី​ក្មេង​ដទៃ​ទៀត។

ជីវិត​ថ្មី​នៅ​លើ​ទឹកដី​អូស្ត្រាលី កូនប្រុស​បួន​នាក់​របស់​លោក បណ្ឌិត កែម ឡី បាន​ចូលរៀន​ហើយ​ពួកគេ​អាច​ជិះ​ឡាន​ក្រុង​ទៅ​រៀន​ដោយ​ខ្លួនឯង ចំណែក​កូនប្រុស​ច្បង​លោក កែម ឡី កំពុង​រៀន​បើកឡាន​ដើម្បី​ងាយស្រួល​ធ្វើដំណើរ ប៉ុន្តែ​គេ​មិនទាន់​គ្រប់​អាយុ​អាច​ប្រឡង​យក​ប័ណ្ណបើកបរ​បាន​នៅឡើយ​ទេ​។ រីឯ ភរិយា​លោក បណ្ឌិត កែម ឡី នៅផ្ទះ​មើលថែ​កូនប្រុស ដែល​ជា​កូន​ទី​ប្រាំ​ឈ្មោះ កែម ឡី វីរៈបុត្រ។ សព្វថ្ងៃ វីរៈបុត្រ មាន​អាយុ​ជាង​២​ឆ្នាំ​ហើយ​។ អ្នកស្រី ប៊ូ រចនា ក៏​ឆ្លៀត​រៀន​បើកបរ​ដែរ នឹង​គ្រោង​ប្រឡង​យក​ប័ណ្ណបើកបរ​នៅ​ពេល​ខាងមុខ​ឆាប់​នេះ។

អ្នកស្រី ប៊ូ រចនា ឱ្យ​អាស៊ីសេរី​ដឹង​ថា មកដល់​ប្រទេស​អូស្ត្រាលី​អ្វីៗ​សុទ្ធសឹងតែ​ថ្មីៗ​ចំពោះ​កូនប្រុស​ទាំង​បួន​នាក់​អ្នកស្រី ដូច្នេះ​ពួកគេ​ប្រឹងប្រែង​រៀន​សូត្រ ហើយ​ក៏​មាន​គ្រួ​ជួ​យមក​បង្រៀន​ដល់​ផ្ទះ​ផង​ដែរ​។ អ្នកស្រី​បន្ត​ថា មាន​ចំណុច​ខ្លះ​កូន​អ្នកស្រី​អាច​រៀន​សូត្រ​ប្រដំប្រសងគ្នា​នឹង​មិត្រ​រួម​ថ្នាក់​របស់​ពួកគេ ហើយ​មាន​ចំណុច​ខ្លះ​កូនលោក​ស្រី​មានការ​យល់ដឹង​ច្រើនជាង​ក្មេង​ផ្សេង​ទៀត។ «»

ប៉ុន្តែ​ទន្ទឹម​នឹង​ក្តី​រីករាយ​ព្រោះ​កូនប្រុស​បួន​ប្រឹង​ប្រឹង​រៀន​សូត្រ​ដូចនេះ អ្នកស្រី ប៊ូ រចនា ប្រែ​ទឹកមុខ​ស្រពោន​នៅ​ពេល​និយាយ​ពី​កូនប្រុស​ពៅ​វិញ​ម្ដង​។ កូនប្រុស​ពៅ​របស់ លោក បណ្ឌិត កែម ឡី ឈ្មោះថា កែម ឡី វីរបុត្រ សព្វថ្ងៃ​មាន​អាយុ​ជាង​២​ឆ្នាំ កំពុង​មាន​ជំងឺ​ម្យ៉ាង ដែល​ហៅថា ជំងឺ​អូទីសឹម ឬ​ហៅថា មនោវិក័ត ជា​ជំងឺ​រវើរវាយ​និង​ភាន់​វិញ្ញាណ ធ្វើ​ឱ្យ​គេ​មាន​អាកប្បកិរិយា​ប្លែកៗ មិន​ដូច​កុមារ​ទូទៅ។

អ្នកស្រី ប៊ូ រចនា រៀបរាប់​ទាំង​ក្ដុកក្ដួល​ថា គ្រួពេទ្យ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​បញ្ជាក់​ថា កូនប្រុស​ពៅ​មាន​ជំងឺ​នៅ​ពេល​អ្នកស្រី​នាំ​កូន​ទៅ​រក​ពេទ្យ ក្រោយពេល​អ្នកស្រី​សង្កេត​ឃើញ​ថា គេ​មិន​អាច​និយាយ និង​មាន​មាន​សញ្ញា​ឆ្លើយតប​មិន​ត្រឹមត្រូវ​ក្នុង​ពេល​ទំនាក់ទំនង​ជាមួយ​មនុស្ស​ទូទៅ។ «»

ជំងឺ​អូទីសឹម (Autism) ជា​ប្រភេទ​ពិការភាព​ម្យ៉ាង​កើតមាន​នៅ​លើ​កុមារ​។ ជំងឺ​នេះ​អាច​កើត​នៅ​លើ​កុមារ​ចាប់​តាំង​ពី​ក្នុងអំឡុងពេល​ចាប់កំណើត​ក្នុង​ផ្ទៃ​ម្ដាយ ឬ​ហៅថា​អំឡុង​ពេល​មាន​ផ្ទៃពោះ អំឡុង​ពេល​ផ្ដល់​កំណើត ហើយក៏​អាច​កើត​ចំពោះ​កុមារ​នៅ​ចន្លោះ​អាយុ​ពី ០​ខែ ដល់​៥​ឆ្នាំ​ដែរ។

ជំងឺ​នេះ អាច​បណ្ដាល​ពី​តំណពូជ ឬ​បញ្ហា​ផ្សេងៗ​ក្នុង​ពេល​ចាប់កំណើត ក្នុង​ចំណោម​នោះ ក៏​មាន​បញ្ហា​ដោយសារ​ម្ដាយ​កើតទុក្ខ​ធ្ងន់ធ្ងរ​ពេក​ដែរ។ កាលពី​លោក បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់សម្លាប់ កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ពេលនោះ​អ្នកស្រី ប៊ូ រចនា កំពុង​ពពោះ កុមារ កែម ឡី វីរបុត្រ ក្នុង​ផ្ទៃ​។ កាលនោះ​អ្នកស្រី ប៊ូ រចនា ដែល​មាន​ផ្ទៃពោះ​ប៉ុន​កញ្ជើ​អង្គុយ​យំ​អោប​សព្វ​ស្វាមី​ស្ទើរ​រាល់ថ្ងៃ ដែល​បញ្ហា​នេះ ទំនងជា​អាច​ជះឥទ្ធិពល​មិនល្អ​ដល់ វីរបុត្រ នៅ​ក្នុង​ផ្ទៃ​ម្ដាយ ដែល​អាច​ទទួល​ដឹងឮ​ទុក្ខសោក ការឈឺចាប់​ទាំងឡាយ​ដែល​ម្ដាយ​ជួបប្រទះ​។ ក្រៅ​ពី​នេះ នៅ​ពេល​សព​លោក បណ្ឌិត កែម ឡី តម្កល់​នៅ​វត្ត​ចាស់ អ្នកស្រី ក៏​មិនសូវ​ហូបចុក និង​សម្រាក​គ្រប់គ្រាន់​នោះ​ដែរ ហើយ​ថែមទាំង​រង​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​មួយ​ចំនួន​ដែល​តែងតែ​មក​រំខាន និង​ទាមទារ​ឱ្យ​អ្នកស្រី​ឆាប់​បញ្ចប់​ពិធីបុណ្យ ឬ​ត្រូវ​ប្រញាប់​ដឹក​សព​លោក​បណ្ឌិត កែម ឡី ទៅ​ធ្វើ​បុណ្យ​នៅ​ខេត្ត​វិញ។

កែម ឡី វីរបុត្រ កើត​នៅ​ថ្ងៃ​ទី​២ ខែ តុលា ឆ្នាំ​២០១៦ គឺ​ប្រមាណ​ជិត​៣​ខែក្រោយ​ឃាតក​បាញ់សម្លាប់​ឪពុក​។ បើ​ទោះ​ជា​យ៉ាងណា​អ្នកស្រី ប៊ូ រចនា ថា វីរបុត្រ មាន​សញ្ញា​គ្រាន់បើ​ខ្លះ​ក្រោយ​ការ​ព្យាបាល និង​ការណែនាំ​របស់​គ្រូពេទ្យ។

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​នៅតែ​យកចិត្ត​ទុក​លើក​ការរស់នៅ​របស់​គ្រួសារ​លោក​បណ្ឌិត កែម ឡី អ្វី​ដែល​ពួកគេ​ធ្វើ​មិនមែន​ជា​ការចាត់តាំង ប៉ុន្តែ​ជា​ការ​ស្ម័គ្រចិត្ត​ដើម្បី​តបស្នង​ទៅ​នឹង​ការ​លះបង់​ដ៏​ធំធេង​របស់​លោក​បណ្ឌិត កែម ឡី។ ភរិយា​និង​កូន​របស់​លោក​បណ្ឌិត កែម ឡី បាន​ទៅ​តាំង​លំនៅ​នៅ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ម្នាក់ លោកស្រី ម៉ាលី ណា ឱ្យ​ដឹង​ថា លោកស្រី​តែង​ឆ្លៀតពេល​ជូន​ភរិយា​លោក កែម ឡី ទៅ​ផ្សារ​ទិញ​ម្ហូប ឬ​ជូន​ទៅ​ធ្វើដំណើរ​នៅ​កន្លែង​ណាមួយ​។ លោកស្រី​បន្ត​ថា ពេលខ្លះ​លោកស្រី​ក៏​ជជែក​ផ្លាស់ប្ដូរ​គំនិត​គ្នា​ទៅវិញទៅមក​។ លោកស្រី ម៉ាលី ណា ស្នើ​ទៅ​ពលរដ្ឋ​ខ្មែរ​ទាំង​ជួយ​បន្ត​គាំទ្រ និង​តាម​ជួយ​លើកទឹកចិត្ត​ដល់​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី។ «»

មេឃុំ​ប្រចាំ​នៅ​តំបន់ ស្ព្រីងវែល (Springvale) រដ្ឋ​វ៉ិកតូរីយ៉ា និង​ជា​ប្រធាន​សមាគម​ខ្មែរ​មួយ នៅ​អូស្ត្រាលី លោក ជា យូហន ឱ្យ​អាស៊ីសេរី ដឹង​ថា ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​នៅ​តែ​មាន​ទឹកចិត្ត ចំណាយ​ពេល​វេលា ឧបករណ៍​សម្ភារៈ តាម​ជួយ​ថែរក្សា​គ្រួសារ​លោក កែម ឡី​។ ចំណែក កូន​លោក កែម ឡី លោក ជា យូហន ឱ្យ​ដឹង​ដែរ ពួកគេ​ជា​ក្មេង​ល្អ​និង​ឧស្សាហ៍​ព្យាយាម​ចូលរួម​ក្នុង​កិច្ចការ​សង្គម​ដែរ ដូចជា​ធ្វើ​អនាម័យ​នៅ​ទីធ្លា​សាធារណៈ​ជាដើម។

ទាក់ទង​ការ​ចំណាយ​លើ​ការ​រស់នៅ​ប្រចាំថ្ងៃ លោក ជា យូហន ឱ្យ​ដឹង​ថា រដ្ឋាភិបាល​អូស្ត្រាលី​បាន​ជួយ​ថវិកា​ផ្នែក​សង្គមកិច្ច​ចាប់​តាំង​ពី​គ្រួសារ​លោក កែម ឡី មកដល់​អូស្ត្រាលី​ម្ល៉េះ ហើយ​អ្នកស្រី ប៊ូ រចនា ក៏​សល់​ថវិកា​ខ្លះ​ពី​បុណ្យ​លោក កែម ឡី ផង​ដែរ។ «»

រីឯ ពិធី​បុណ្យខួប​គម្រប់​៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា និង​អំពាវនាវ​ដល់​ពលរដ្ឋ​នៅ​អូស្ត្រាលី និង​ពលរដ្ឋ​គ្រប់ទិសទី​ប្រារព្ធ​ពិធី និង​ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ​។ តាម​គម្រោង​កម្មវិធី​បុណ្យ​រម្លឹក​ខួប​៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នេះ​គណៈកម្មការ​បុណ្យ ចង់​ឱ្យ​មានការ​រម្លឹក​ឡើងវិញ​នូវ​អ្វី​ដែល​សាធារណជន​បាន​ចងចាំ​ពី​ព្រឹត្តិការណ៍ នៅ​ថ្ងៃ​ដែល​លោក​បណ្ឌិត ត្រូវ​ឃាតក​បាញ់សម្លាប់។ ពលរដ្ឋ​ដែល​គោរព​ស្រឡាញ់ លោក បណ្ឌិត កែម ឡី អាច​ចូលរួម​យុទ្ធនាការ​រម្លឹក​ឡើងវិញ​ពី​ការ​ចងចាំ​ព្រឹត្តិការណ៍​នេះ ដោយ​ការ​ចែករំលែក​នូវ​រូបភាព វីដេអូ ឬ​ព័ត៌មាន​នានា ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​១០ ខែ កក្កដា ឆ្នាំ​២០១៦។

ទោះ​អ្នកស្រី ប៊ូ រចនា បាន​មកដល់​ទឹកដី​អូស្ត្រាលី​ហើយ​ក្តី ប៉ុន្តែ​អ្នកស្រី​មិន​បាន​បំភ្លេច​ពលរដ្ឋ​ខ្មែរ ឬ​អ្នកធ្វើការ​សង្គម​នោះ​ទេ​។ ថវិកា​ដែល​បាន​ពី​ពិធី​បុណ្យខួប​គម្រប់​៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា គ្រោង​យក​ថវិកា​នោះ ផ្តល់​ជូន​ដល់​អ្នក​ធ្វើ​ការងារ​សង្គម អ្នកការពារ​សិទ្ធិមនុស្ស អ្នក​បរិស្ថាន ដែល​មាន​ទិសដៅ​ការងារ​ដូច​ការងារ​របស់​លោក បណ្ឌិត កែម ឡី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles