ក្រុម​អ្នក​ឃ្លាំមើល​ ចង់​ឃើញ​របប​ក្រុង​ភ្នំពេញ​បើក​ជំហរ​កិច្ច​សហ​ប្រតិបត្តិការ​វិស័យ​យោធា​ប្រកប​ដោយ​តម្លាភាព ​រឿង​មូលដ្ឋាន​កងទ័ព​ចិន

ដោយលោក មាន ឫទ្ធិ
2019-07-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទង់ជាតិតំណាងមិត្ដភាពកម្ពុជា-ចិន (អាស៊ីសេរី)
ទង់ជាតិតំណាងមិត្ដភាពកម្ពុជា-ចិន (អាស៊ីសេរី)


ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​ លើកឡើង​ថា​ ដើម្បី​លាង​ជម្រះ​ក្តី​មន្ទិលសង្ស័យ​ និង​ភាព​ស្អាតស្អំ​របស់​កម្ពុជា​ ជុំវិញ​រឿង​មូលដ្ឋាន​យោធា​ចិន​នៅ​លើទឹក​ដី​ខ្លួន​នោះ​ ជា​ការ​ប្រសើរ​ដែល​កម្ពុជា​គួរបើ​កចំហរ​នូវ​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​យោធា​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ប្រកបដោយ​តម្លាភាព​។ ពួកគេ​បន្ត​ថា​ កម្ពុជា​ក៏​គួរ​អញ្ជើញ​សារព័ត៌មាន​អន្តរ​ជា​តិ​ល្បី​ៗ ឱ្យ​មក​ធ្វើទស្សនកិច្ច​នៅ​ទីតាំង​ឆ្នេរសមុទ្រ​កម្ពុជា​ ដែល​កំពុង​ចោទ​ជា​បញ្ហា​នេះ​ ដើម្បី​បញ្ចប់​បញ្ហា​នេះ​។

ទន្ទឹម​នឹង​ពេល​ដែល​សហរដ្ឋ​អាម៉េរិក​ និង​សាធារណៈ​មតិ​អន្តរជាតិ​ កំពុង​ដាក់​ការ​សង្ស័យ​កាន់តែ​ខ្លាំង​ឡើង​អំពី​លទ្ធភាព​ដែល​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​ចិន​ដាក់មូលដ្ឋាន​យោធា​នៅ​ឯខេត្តកោះកុង​ និង​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ នៅ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​មួយចំនួន​ ចង់​ឃើញ​កម្ពុជា​បើក​ចំហរ​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​យោធា​របស់​ខ្លួន​ជាមួយ​គ្រប់​បណ្តា​រប្រ​ទេស​ពាក់ព័ន្ធ​ទាំងអស់​ ឱ្យ​ប្រកបដោយ​តម្លាភាព​ ដើម្បី​លាង​ជម្រះ​នូវ​មន្ទិលសង្ស័យ​ទាំងនេះ​។

​ថ្លែង​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​អាស៊ី​សេរី​ កាលពី​យប់​ថ្ងៃសុក្រ​ទី០៥​ កក្កដា​ នាយក​ប្រតិបត្តិ​អង្គការ​ ខុ​មហ្វ្រែល​ លោក​ គល់​ បញ្ញា​ លើកឡើង​ថា​ កង្វល់​ចម្បង​របស់​សហរដ្ឋ​អាម៉េរិក​ និង​ក្រុម​ប្រទេស​លោកខាងលិច​នា​ពេលនេះ​ ជុំវិញ​រឿង​មូលដ្ឋាន​កងទ័ពជើងទឹក​ចិន​នៅ​ខេត្តកោះកុង​ និង​នៅ​ខេត្ត​ព្រះសីហនុ​នោះ​ គឺ​ដោយសារតែ​កម្ពុជា​ខ្វះ​តម្លាភាព​ផ្នែក​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​យោធា​ជាមួយ​គ្រប់​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់​ ជាពិសេស​ជាមួយ​ក្រុម​ប្រទេស​លោកខាងលិច​ ខណៈ​ដែល​ប្រព័ន្ធ​នយោបាយ​នៅ​កម្ពុជា​លែង​មាន​ភាព​ពហុបក្ស​ ពោល​គឺជា​ឯក​បក្ស​ ដែល​មិន​អាច​ឱ្យ​មានការ​សួរនាំ​ដេញដោល​ដោយសេរី​ក្នុង​រដ្ឋសភា​បាន​ និង​ការអនុវត្ត​នូវ​ប្រព័ន្ធ​មួយ​ដែល​ខ្វះ​នូវ​ការ​ត្រួតពិនិត្យ​ទៅវិញទៅមក​នោះ​។ លោក​ថា​ ជា​ការ​ប្រសើរ​ដែល​កម្ពុជា​របស់​លោក​ ហ៊ុន​ សែន​ គួរតែ​បើក​ចំហរ​កិច្ចសហការ​នេះ​ឡើងវិញ​។

«ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏ដោយ​ កម្ពុជា​គួរតែ​បើក​ចំហរ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ នេះ​ជា​ចំណុច​តម្លាភាព​ដែល​យើង​គួរតែ​ធ្វើ​ទៅ​។ មែនទែន​រឿង​នយោបាយ​វា​សំខាន់​ រឿង​ប្រជាធិបតេយ្យ​សិទ្ធិមនុស្ស​សំខាន់​ តែ​សហរដ្ឋ​អាម៉េរិក​ និង​ប្រទេស​មួយចំនួន​ គេ​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ​ភូមិសាស្ត្រ​នយោបាយ​នៅក្នុង​តំបន់​។ ចឹង​ហើយ​ គេ​ចង់​ប្រាកដប្រជា​ថា​កម្ពុជា​យើង​ប្រាកដជា​មាន​ជំហរ​អព្យា​ក្រឹត្យ​។ ទោះបី​គេ​សង្ស័យ​ គេ​មាន​តម្រុយ​ថា​មាន​បញ្ហា​ តែបើ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​សហរដ្ឋ​អាម៉េរិក​ខ្លះ​ក្នុង​វិស័យ​ហ្នឹង​ក្នុ​ ងវិស័យ​កងទ័ព​ វា​អាច​ជួយ​ឱ្យ​មាន​តុល្យភាព​ដែរ​។ អាច​ត្រួតពិនិត្យ​មើល​ បាន​ព័ត៌មាន​ពេញលេញ​ក្នុង​ការវាយតម្លៃ​ស្ថានការណ៍​ហ្នឹង​ទៅ​ នោះ​វា​ជួយ​។»

​បន្ថែម​ពីលើ​ការ​លើកឡើង​របស់​លោក​ គល់​ បញ្ញា​ នេះ​ អ្នកជំនាញ​ផ្នែក​វិទ្យ​សាស្ត្រ​នយោបាយ​ លោក​ ឯម​ សុវណ្ណារ៉ា​ ប្រាប់​អាស៊ី​សេរី​កាលពី​យប់​ថ្ងៃទី០៥​ កក្កដា​ ជុំវិញ​ការ​មើលឃើញ​របស់​លោក​អំពី​រឿងរ៉ាវ​ដែល​កម្ពុជា​គួរ​ធ្វើ​ ដើម្បី​លាង​ជម្រះ​ភាព​សង្ស័យ​អស់ទាំង​នេះ​។ ជម្រើស​ទីមួយ​ លោក​ថា​ កម្ពុជា​អាច​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ រួមមាន​សហរដ្ឋ​អាម៉េរិក​ ឬមន្ត្រី​យោធា​ឥណ្ឌា​ ដែល​បាន​លើកឡើង​ពី​តម្រុយ​ដែល​ថា​ ចិន​អាច​ដាក់មូលដ្ឋាន​យោធា​នៅ​ខេត្តកោះកុង​នោះ​ ឱ្យ​បង្ហាញ​ភស្តុតាង​ ឬអំណះអំណាង​បន្ថែម​មក​កម្ពុជា​ជុំវិញ​បញ្ហា​នេះ​។ លោក​ សុវណ្ណារ៉ា​ បន្ត​ថា​ ជម្រើស​ទីពីរ​ និង​ជា​ជម្រើស​ប្រសើរ​មួយ​នោះ​ កម្ពុជា​ គួរ​អញ្ជើញ​សារព័ត៌មាន​អន្តរ​ជា​តិ​ល្បី​ៗរបស់​ក្រុម​ប្រទេស​លោកខាងលិច​ ឱ្យ​ចុះទៅ​ពិនិត្យ​ និង​ធ្វើ​បទ​យកការណ៍​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ដែល​មានការ​សង្ស័យ​នេះ​។

«កម្ពុជា​ខ្លួនឯង​អាច​អញ្ជើញ​សារព័ត៌មាន​អន្តរជាតិ​ដែ​លល្បីៗ​ដូចជា​ ស៊ី​អ៊ិ​នអ៊ិ​ន (CNN​) ប៊ី​ប៊ី​ស៊ី​ (BBC​) ដែល​ជា​សារព័ត៌មាន​របស់​លោកខាងលិច​នោះ​ ឱ្យ​មក​យកការណ៍​ទៅ​ ឱ្យ​មក​យក​ធ្វើ​បទ​បង្ហាញ​មួយ​ ឬក៏​មក​កម្ពុជា​យើង​ ដឹកនាំ​គេ​ គណៈប្រតិភូ​មួយ​ទៅ​ ទស្សនកិច្ច​ស្វែងយល់​ ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​កម្ពុជា​។ នេះ​ប្រសិនបើ​កម្ពុជា​យើង​មាន​សុច្ឆន្ទៈ​ក្នុង​ការ​បង្ហាញ​ គឺ​យើង​អត់មាន​អី​ដែល​ជា​អាថ៌កំបាំង​ទេ​។ កន្លែងណា​ដែលគេ​ហៅថា​ ពាក់ព័ន្ធ​ កិច្ចការ​ផ្ទៃក្នុង​សន្តិសុខជាតិ​ យើង​កុំ​ឱ្យ​។ កន្លែងណា​ដែលគេ​សង្ស័យ​ថា​អាច​បាន​ យើង​ពិចារណា​ក្នុង​ក្របខណ្ឌ​ជាតិ​ថា​តើ​យើង​អាច​បង្ហាញ​បាន​ឬអត់​ បើ​យើង​បង្ហាញ​បាន​ វា​អាច​ជួយ​ លាង​សម្អាត​នូវ​ភាព​មន្ទិលសង្ស័យ​ហ្នឹង​។ »

​លោក​ ឯម​ សុវណ្ណារ៉ា​ គូសបញ្ជាក់​ថា​ ជា​ការ​ប្រសើរ​ទៅវិញ​ទេ​ ប្រសិនបើ​កម្ពុជា​ធ្វើ​ដូច្នេះ​ ហើយ​ប្រសិនបើ​សហគមន៍​អន្តរជាតិ​ រក​មិនឃើញ​ពី​ភស្តុតាង​ដើម្បី​គាំទ្រ​ការសង្ស័យ​របស់​ខ្លួន​នោះ​ទេ​ នោះ​ការណ៍​នេះ​ នឹង​ស្តារ​មុខមាត់​កម្ពុជា​ ព្រមទាំង​អាច​ធ្វើ​ឱ្យ​ស្តារ​ទំនាក់ទំនង​ការទូត​ និង​ពាណិជ្ជកម្ម​ជាមួយ​ក្រុម​ប្រទេស​លោកខាងលិច​ឡើងវិញ​បាន​។ ក៏ប៉ុន្តែ​ លោក​ព្រមាន​ថា​ បើ​កម្ពុជា​នៅតែ​មិនព្រម​លាង​ជម្រះ​ក្តី​មន្ទិលសង្ស័យ​ទាំងនេះ​ទេ​ នោះ​ភាពល្អក់​កករ​ផ្នែកការ​ទូត​ និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​លោកខាងលិច​ នឹង​នៅតែ​បន្ត​មាន​ ហើយ​សហរដ្ឋ​អាម៉េរិក​ អាច​ប្រើ​យន្តការ​ ឬវិធានការណ៍​ផ្សេង​ដទៃទៀត​។

«អ៊ីចឹង​បើ​លោកខាងលិច​គេ​មាន​ទិសដៅ​តម្រង់​ទិស​ ឬជំរុញ​កម្ពុជា​ឱ្យ​ឯករាជ្យ​ ពីព្រោះ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ គេ​ចង់​ឱ្យ​កម្ពុជា​យើង​ឯករាជ្យ​។ ហើយ​បើសិនជា​គេ​ចង់​ឱ្យ​យើង​ឈរ​ជំហរ​ឯករាជ្យ​នេះ​ ខ្ញុំ​គិតថា​ ចរន្ត​សហរដ្ឋ​អាម៉េរិក​ គេ​អាច​មាន​វិធានការណ៍​ពង្រីក​ និង​ឱ្យ​លំ​ហរ​ប្រជាធិបតេយ្យ​បើក​ចំហរ​បាន​ ដោយ​ប្រើ​យន្តការ​បច្ចេកវិជ្ជា​ទំនើប​ពាក់ព័ន្ធ​នឹង​សង្គម​ Social​ Media​ អាច​ឱ្យ​កម្ពុជា​បើក​ចំហរ​ផ្នត់គំនិត​។ កម្ពុជា​អត់មាន​អ្វីទៅ​ប្រឈម​ជាមួយ​គេ​បានទេ​ មិន​អាច​ទេ​ តែ​ចិន​ទប់​មិន​ជាប់​ផង​។ កម្ពុជា​យើង​ទៅ​ឈរពាំង​ជាមួយ​គេ​ ខ្ញុំ​គិតថា​លំបាកទៅ​វិញ​ទេ​។»

​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​ អាស៊ី​សេរី​នៅ​មិនទាន់​អាច​ទាក់ទង​មន្ត្រី​នាំពាក្យ​ក្រសួងការពារជាតិ​ ដើម្បី​សុំ​ប្រតិកម្ម​តប​ជុំវិញ​ការ​លើកឡើង​របស់​ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​ពី​ខាងលើ​នេះ​ បាន​នៅឡើយ​ទេ​។

បញ្ហា​សង្ស័យ​ ឬក​្តី​មន្ទិល​អំពី​លទ្ធភាព​ដែល​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​ចិន​មាន​មូលដ្ឋាន​យោធា​ក្នុងទឹក​ដី​របស់​ខ្លួន​ កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​ ស្រប​ពេល​ដែល​របប​លោក​ ហ៊ុន​ សែន​ កំពុង​ឱបក្រសោប​មហាយក្ស​ចិន​ជា​ចំហរ​ និង​កំណើន​កាន់​តែ​ខ្លាំ​នៃ​វិនិយោគទុន​ និង​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​មកកាន់​កម្ពុជា​។ មានការ​សង្ស័យ​ពីសំណាក់​អ្នកជំនាញ​បរទេស​ថា​ កំណើន​ភ្ញៀវ​ទេសចរ​ចិន​មកកាន់​កម្ពុជា​ ជាពិសេស​នៅ​តំបន់​ជាប់​ឆ្នេរសមុទ្រ​រួមមាន​ខេត្ត​ព្រះសីហនុ​ និង​ខេត្តកោះកុង​ នា​រយៈពេល​ចុងក្រោយ​នេះ​ អាច​ជាផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ចិន​ដើម្បី​បង្ហាញថា​ កម្ពុជា​ពិតជា​ត្រូវការ​នូវ​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខ្នាត​យក្ស​នៅ​ភូមិភាគ​និរតី​នៃ​ប្រទេស​នេះ​។ ក៏ប៉ុន្តែ​ មហាយក្ស​ចិន​អាច​ប្រើ​ឱកាស​នេះ​ដើម្បី​បម្លែង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ​;ឱ្យ​ក្លាយទៅជា​មូលដ្ឋាន​កងទ័ពជើងទឹក​របស់​ខ្លួន​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​៕

What Next?

Recent Articles

Leave a Reply

Submit Comment