អង្គការ​​សេរី​និយម​​អន្តរជាតិ​​ប្រកាស​​គាំទ្រ ​និង ​អម​ដំណើរ​​លោក​​សម រង្ស៊ី​ ចូល​មក​​កម្ពុជា​​វិញ​

ដោយ វណ្ណ សុគន្ធា
07/07/2019
RFI

media
លោក​ សម រង្ស៊ី ​និង ​លោកស្រី​ មួរ សុខហួរ ​(@ Mu Sochau)
@ Mu Sochau


អង្គការ​សេរីនិយម​អន្តរជាតិ (Liberal International) កាលពី​ថ្ងៃទី០៦ កក្កដា បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ខ្លួន​ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង។ គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​សេរីនិយម​អន្តរជាតិ បានប្រកាស​ជំហរ​គាំទ្រ​និង​ចូលរួម​អមដំណើរ​លោក​ សម រង្ស៊ី ចូលមក​កម្ពុជា​វិញ។ ការសម្រេច​នេះ ធ្វើឡើង​ស្របពេល​ដែល​ក្រសួងការបរទេស​កម្ពុ​ជា​ទើប​បង្ហាញ​ការខកចិត្ត និង បាន​ប្រាប់​សមាជិកសភា​អឺរ៉ុប​ដែល​ចង់​អមដំណើរ​លោក​ សម រង្ស៊ី​ ចូល​ស្រុក​ឱ្យ​គិត​ឡើងវិញ​ពី​បញ្ហា​នេះ។

នៅក្នុង​សេចក្តីសម្រេច​របស់ខ្លួន អង្គការ​សេរីនិយម​អន្តរជាតិ (Liberal International) ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស បាន​អំពាវនាវ​ជាថ្មី​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ទម្លាក់​រាល់​បទចោទប្រកាន់​ទាំងអស់​មកលើ​លោក​ កឹម សុខា និង​ការប្រើប្រាស់​ច្បាប់​ប្រឆាំង​អ្នកនយោបាយ​ប្រឆាំង​រួមទាំង​លោក​ សម រង្ស៊ី​ ផង។ បន្ថែម​លើ​នេះ អង្គការ​អន្តរជាតិ​នេះ​ក៏បាន​បង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ទៅនឹង​គម្រោងការ​វិលត្រឡប់​ចូល​ស្រុក​វិញ​របស់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឈានទៅរក​ការដោះលែង​លោក​ កឹម សុខា និង ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

មិនតែប៉ុណ្ណោះ អង្គការ​សេរីនិយម​អន្តរជាតិ (Liberal International)ក៏បាន​ប្រកាស​អញ្ជើញ​សមាជិក​របស់ខ្លួន ដើម្បី​ចូលរួម​អមដំណើរ​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​វិល​ចូល​កម្ពុជា​វិញ និង ធានា​សុវត្ថិភាព​ដល់​ពួកគេ។ លើសពីនេះ​ទៀត ប្រធាន​អង្គការ​សេរីនិយម​អន្តរជាតិ គឺ លោកស្រី Hakima El Haite ក៏បាន​ប្រកាស​ផ្ទាល់មាត់​តែម្តង​ពី​ការគាំទ្រ​ដល់​ក្រុម​លោក​ សម រង្ស៊ី និង បានបញ្ជាក់ច្បាស់ៗថា លោកស្រី​នឹងចូលរួម​អមដំណើរ​លោក​សម រង្ស៊ី និង មន្ត្រីជាន់ខ្ពស់​អតីត​បក្សប្រឆាំង​ផ្សេងទៀត​ចូលមក​ប្រទេស​កម្ពុជា​វិញ។

សូម​កត់សម្គាល់ថា អង្គការ​សេរីនិយម​អន្តរជាតិ(Liberal International) គឺជា​អង្គការ​អន្តរជាតិ​ទីមួយ​ហើយ​ដែល​បានប្រកាស​គាំទ្រ និង អមដំណើរ​ក្រុម​លោក​ សម រង្ស៊ី ចូលមក​ប្រទេស​កម្ពុជា​វិញ។ កន្លងទៅថ្មីៗនេះ មាន​សមាជិកសភា​អឺរ៉ុប​ចំនួន៦ រូប​បានប្រកាសថា នឹងចូលរួម​អមដំណើ​រ​ក្រុម​លោក​ សម រង្ស៊ី។ ក្រុម​លោក​ សម រង្ស៊ី បាន​អះអាងថា នឹង​វិល​ចូល​ស្រុក​វិញ​ក្នុងអំឡុង​ខែសីហា ឫ​យ៉ាងយូរ​នៅក្នុង​ខែកញ្ញា​ខាងមុខនេះ។

ប៉ុន្តែ​ក្រុម​សមាជិកសភា​អឺរ៉ុប​ទាំងនេះ បាន​រង​នូវ​ការព្រមាន​ឱ្យ​គិតពិចារណា​ឡើង​ចំពោះ​ការសម្រេចចិត្ត​របស់​ពួកគេ​ពី​សំណាក់​ក្រសួងការបរទេស​កម្ពុ​ជា។ ក្រសួងការបរទេស​ក​ម្ពុ​ជាតា​មរយៈ​អ្នកនាំពាក្យ​កាលពី​សៅរ៍ បាន​បញ្ជាក់ថា បើសិន​សមាជិកសភា​អឺរ៉ុប​ទាំងនេះ​ពិតជា​ចូលមក​កម្ពុជា​ជាមួយ​លោក សម រង្ស៊ី មែន នោះ​គឺ ជា​ទង្វើ​គ្មាន​លក្ខណៈ​ការទូត មិន​គោរព​អធិបតេយ្យភាព និង​នីតិរដ្ឋ​របស់​កម្ពុជា។ ដូច្នេះហើយ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ស្នើឱ្យ​ពួកគេ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ទង្វើ​ដែល​បង្កប់​ដោយ​ឧបាយកល​នយោបាយ និង​គ្មាន​លក្ខណៈ​ការទូត​នេះ៕

What Next?

Recent Articles

One Response to "អង្គការ​​សេរី​និយម​​អន្តរជាតិ​​ប្រកាស​​គាំទ្រ ​និង ​អម​ដំណើរ​​លោក​​សម រង្ស៊ី​ ចូល​មក​​កម្ពុជា​​វិញ​"

  1. so socheath says:

    Send to facebook
    មេមាន់ចង់បណ្តេីរកូនទា !
    ***
    ការពិតទៅមាន់ហេីយនិងទា ចរឹកសត្វទាំងពីរនេះ មិនដូចគ្នាទេ ។
    សម្រាប់មេមាន់ដែលចង់បណ្តេីរកូនទា វាគឺជាការផ្សងព្រេង
    ដ៏ចម្លែកសម្រាប់ជិវិតនៃសត្វទាំងពីរ ។ កូនទាមិនអាចស្ថិត
    នៅក្រោមការឃុំគ្រងរបស់មេមាន់ ក្នុងពេលដែលវាចង់ទៅ។
    ត្រីឆ្តោ និងសុីកូនទា គ្រាដែលមេមាន់មិនចេះហែលទឹក អាច
    មានលទ្ធភាពជួយកូនទាបាន។
    សម្រាប់មេមាន់វិញ ទោះបីនៅលេីគោក ក៏មិនប្រាកដថា
    អាចរក្សាជិវិតកូនទាបាន ជាមួយសត្វស្ទាំង ឆ្កែ ឆ្មា ដែលជា
    សត្រូវជាមួយកូនទា ហេីយដែលជួនកាល ជិវិតមេមាន់
    ខ្លួនឯង ដែលចង់រក្សាកូនទា អាចក្ស័យ ជាមួយកូនទាផង
    ក៏ថាបាន ។
    យ៉ាងណាមុិញ សមាជិកសភាសហភាពអឺរ៉ុបមួយចំនួន
    និងអង្គការសេរីនិយមអន្តរជាតិ ដែលមាននិន្នាការ គាំទ្រអតីត
    មេដឹកនាំបក្សសង្គ្រោះ ហេីយ
    អះអាងក្នុងការហែហមសមរង្សុីចូលមកក្នុងប្រទេសកម្ពុជា
    ក្នុងពេលដែលសមរង្សុី ស្ថិតទៅក្នុងសមាសភាពជាទណ្ឌឹត
    នោះ សមាជិកសភាសហភាពអឺរ៉ុបមួយចំនួនដែលចង់
    ហែហមអមដំណេីរសមរង្សុី អាចមានវាសនាដូចមេមាន់
    ដែលចង់បណ្តេីរកូនទាដូច្នោះដែរ។
    កម្ពុជាជារដ្ឋអធិបតេយ្យ តាមរដ្ឋធម្មនុញ្ញដែលជា
    ច្បាប់កំពូលរបស់ជាតិបានកំណត់។ អធិបតេយ្យភាពកម្ពុជា
    មិនអាចឲ្យបុគ្គលណា រដ្ឋណារំលោភបំពានបាននោះទេ។
    ភាពបំពានណាមួយលេីច្បាប់ របស់កម្ពុជាពីសំណាក់
    សមាជិកសភាសហភាពអឺរ៉ុប នោះអាចរាប់បានថា ជាការ
    បំពានលេីដែនអធិបតេយ្យជាតិកម្ពុជា ដែលច្បាប់កម្ពុជា
    មិនអាចលេីកលែងឲ្យបាននោះឡេីយ ។
    សម្រាប់សមរង្សុី និងបក្សពួក ដែលជាទណ្ឌឹត នឹងជា
    ជនជាប់ចោទចោទក្នុងបទឧក្រឹដ្ឋ ថាបានរួមគំនឹតប្រព្រឹត្ត
    អំពេីរក្បត់ជាតិ សុំសួរសមាជិកសភាសហភាពអឺរ៉ុបប៉ុន្មាន
    អ្នកនោះវិញថា សម្រាប់ប្រទេសអស់លោក រដ្ឋាភិបាល
    ប្រទេសអស់លោក ដែលមានការលេីកលែងចំពោះ បទឧក្រឹដ្ឋ
    ទាំងនេះទេ។
    ដូចនេះ ភាពជាមេមាន់ហេីយចង់បណ្តេីរកូន បំណងរបស់
    អ្នក នឹងមិនសមបំណងប្រាថ្នាឡេីយ។ អ្នកនឹងជួបនូវក្តីវិយោគ
    នឹងតក់ស្លុត ជាមួយហេតុផល ខុសទំនងរបស់អ្នកជាក់
    ជាមិនខាន ៕