លោក​ សម​ រង្ស៊ី​ បបួល​លោក​ ហ៊ុន​ សែន​ ឡើង​តុលាការ​បារាំងករណីឃាតកម្មលោក​ កែម​ ឡី

លោក ហ៊ុន សែន (ឆ្វេង) លោក កែម ឡី (កណ្ដាល) និងលោក សម រង្ស៊ី (ស្ដាំ)។ រូបភាព៖ បណ្ដាញសង្គម

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ បបួល​មេដឹកនាំ​បក្ស​កាន់អំណាច​ លោក​ ហ៊ុន​ សែន​ ឡើង​តុលាការ​បារាំង​ ដើម្បី​​លាតត្រដាងការពិតនៃឃាតកម្មបាញ់សម្លាប់លោក​ កែម​ ឡី​ ។

លោក​ សម ​រង្ស៊ី​ លើកឡើងលើហ្វេ​សប៊ុ​ករបស់​លោក​ នា​ថ្ងៃទី៧ ខែកក្កដា​នេះ ​ថា​ លោក​នៅតែ​គិតថាលោក ​ហ៊ុន​ សែន​ ជា​អ្នក​រៀប​គម្រោងឲ្យ​សម្លាប់​លោក​ កែម​ ឡី​ ដើម្បី​បំបិទមាត់​មិនឲ្យមានការលាតត្រដាង​ការពិត​នៃ​បញ្ហា​សង្គម​។

លោក​ សម​ រង្ស៊ី​ ថ្លែង​ទៀត​ថា​ បើ​លោក​ ហ៊ុន​ សែន​ មិនសុខចិត្ត​ទៅ​នឹង​ការ​ចោទ​របស់​លោក​ជាថ្មី​ទៀត​នេះ​ អាចប្តឹង​ទៅ​តុលា​ការបារាំង ដើម្បី​តទល់​គ្នា​ស្វែងរក​យុត្តិធម៌​ឱ្យ​លោក​ កែម​ ឡី​។ លោក​ សម​ រង្ស៊ី​ មាន​សញ្ជាតិ​ពីរ​ គឺស​ញ្ជា​តិ​ខ្មែរ និងបារាំង​។

លោក​ ថា​៖ «ខ្ញុំ​ចោទប្រកាន់​លោក​ ហ៊ុន​ សែន ​ម្តង​ទៀត​ជា​សាធារណៈ​។ ចោទ​ ហ៊ុន​ សែន​ ត្រង់​ៗថា​ លោក​ ហ៊ុន​ សែន​ ជា​អ្នក​នៅ​ពីក្រោយ​អ្នក​ដែល​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​។ អត់មាន​នរណា​ជឿ​ទេ​ ឆាកល្ខោន​ដែល​ឱ្យ​មនុស្សម្នាក់​ រហ័ស​នាម​គេ​ «ជួប​ សម្លាប់»​។ ហើយ​បើ​លោក​ ហ៊ុន​ សែន​ គាត់​ឱ្យ​តុលាការ​ជា​អាយ៉ង​គាត់​ប្រើ​លេស​ថា​ «ជួប​ សម្លាប់»​ ហ្នឹង​ សម្លាប់​លោក​ កែម​ ឡី​ ដែល​មិន​សង​លុយ​គាត់​ រឿង​ហ្នឹង​លើគោក ​គ្មាន​នរណា​ជឿ​ទេ​»។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ លោក ​សុខ​ ឥសាន​ សុំ​មិន​​ឆ្លើយទៅនឹង​សារ​ចោទប្រកាន់​នេះ​ទេ ​លោកចាត់ទុកថា ការលើកឡើងនេះ​​ជា​រឿង​ដដែល​ៗ។

អំឡុង​ខែសីហា ​ឆ្នាំ២០១៧​ តុលាការ​កម្ពុជា​ បាន​កាត់​សេច​ក្ដី​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ជា​អ្នកឈ្នះ​ លោក ​សម​ រង្ស៊ី​ ដោយចាត់ទុកថា ការចោទប្រកាន់រដ្ឋាភិបាលថានៅពីក្រោយឃាតកម្មលោក កែម​ ឡី ជា​រឿង​បរិ​ហារ​កេរ្តិ៍​ជា​សាធារណៈ​ ។

សាល​ដីការ​សាលាឧទ្ធរណ៍​ ដែលបានតម្កល់​សាលក្រម​សាលាដំបូងនៅពេលនោះ សម្រេច​ឱ្យ​ លោក​ សម​ រង្ស៊ី​ ជាប់ពន្ធ​នា​គារ​ ១ឆ្នាំ​កន្លះ​ ពិន័យ ១០លាន​រៀល​ និងបង្គាប់ឲ្យ​សង​ជំងឺចិត្តដល់នាយករដ្ឋមន្ត្រីជាដើមបណ្តឹងចំនួន១០០រៀល​ ​។

ការដែល​លោក​ សម​ រង្ស៊ី​ ផ្ញើ​សារ​ចោទប្រកាន់​លោក​ ហ៊ុន​ សែន​ ថ្មីទៀត​នេះ​ ធ្វើឡើង ៣ថ្ងៃ​មុន គម្រប់​ខួប ៣ឆ្នាំ​នៃ​ព្រឹត្តិការណ៍បាញ់សម្លាប់​លោក​ កែម​ ឡី​ ​ ។

អ្នកវិភាគ​នយោបាយ​ លោ​ក ឯម​ សុវណ្ណ​រ៉ា​ មានប្រសាសន៍​ថា​ សំណុំរឿងនៃការបាញ់សម្លាប់លោក កែម ឡី នេះ​ ទំនងជា​បក្ស​កាន់អំណាច​មិន​ហ៊ាន​ប្តឹង​ទៅ​តុលាការ​បារាំង​ទេ។ លោកថា​ ចំណែកសារ​ចោទប្រកាន់​របស់​លោក​ សម​ រង្ស៊ី​ ក៏​ជាការទាក់ទាញ​ប្រជាប្រិយ​ភាពដែរ​ ខណៈ​ខួប ៣ឆ្នាំចូលមកដល់នោះ​។

អ្នកវិភាគ​រូប​នេះ​ផ្តល់​ជា​យោបល់​ថា ​អ្នកនយោបាយ​គួរ​រួមគ្នា​ពង្រឹង​នីតិរដ្ឋ​ បង្ហាញតម្លាភាពនៃការស៊ើបអង្កេត ដើ​ម្បី​ឲ្យ​មហាជនអស់មន្ទិល​សង្ស័យលើសំណុំរឿងដ៏ចម្រូងចម្រាសមួយនេះ​។

លោក​ ថា​៖ «កាលណា​នៅ​មានមន្ទិល​សង្ស័យ ​អ្នកនយោបាយ​នៅ​តែ​ឆ្លៀតកេង​ចំណេញ​អ៊ីចឹង​។ យើង​លើក​ឧទារ​ណ៍​សាមញ្ញ​អញ្ចេះ​ថា​ បើ​យើង​នេសាទ​ត្រី​ អា​ត្រី​ចាប់​អត់​បាន​តូច​ប៉ិន​មេ​ដៃ​ ប៉ុន្តែ​ គេ​ថា​ប៉ុន​កំភួន​ជើង​ ពេលនោះ​គេ​នឹង​នាំ​គ្នា​ដេញ​ចាប់​ដែរ​។ នេះ​ជា​រឿង​មួយ​នៃម​ន្ទិល​សង្ស័យ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ផ្សេង​ៗទៀត​មានមន្ទិល​សង្ស័យ​ដែរ​។ អ្វី​ដែល​ជា​ការ​លុបបំបាត់​មន្ទិលសង្ស័យ ​អាជ្ញាធរ​បង្ហាញ​ការពិត​ បើ​អត់​បង្ហាញ​ទេ​ គេ​នៅតែ​សង្ស័យ​អ៊ីចឹង​»។

លោក​ កែម​ ឡី​ ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​ នៅក្នុង​ស្តា​ម៉ាត​មួយ​កន្លែង​ ស្ថិត​ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​ជាប់​នឹង​ស្តុ​បបូ​កគោ​ រាជធានី​ភ្នំពេញ​ កាល​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​ ។

ឃាតកម្ម​នេះ​កើតឡើង​ក្រោយពី​លោក​ កែម​ ឡី​ វិភាគ​បន្ថែម​ទៅលើ​របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការ​អន្តរជាតិ​ ​Global​ Witness​ ​ដែល​របាយការណ៍​ស៊ើបអង្កេត​នោះ​ លាតត្រដាង​ពី​ការ​ក្តោប​ក្តាប់​មុខ​ជំនួញ​របស់​គ្រួសារ​«ត្រកូល​ហ៊ុន​»។

ជិត ៣ឆ្នាំក្រោយ​ឃាតកម្ម​ សមត្ថកិច្ច​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ​រួម​ទាំ​ងតុលាការ​ផង​ចាប់ខ្លួន​បុរស​ម្នាក់​ប៉ុណ្ណោះ​មក​ផ្តន្ទា​ទោស​ គឺ​ឈ្មោះ​ អឿ​ត អាង​ ហៅ​ ​«ជួប​ សម្លាប់​» ​ដោយ​កាត់ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ​មួយ​ជីវិត​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment