«ការ​ចាប់ខ្លួន​លោក​ គង់ រ៉ៃយ៉ា ​ដើម្បី​បំបាក់​ស្មារតីពលរដ្ឋមិន​ឲ្យចួល​រួម​ខួប៣ឆ្នាំ ​បណ្ឌិត​ កែម ឡី​»

ដោយលោក ហេង រស្មី​
2019-07-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្សសង្គ្រោះជាតិ លោក គង់ រ៉ៃយ៉ា។ បណ្ដាញ​សង្គម​ហ្វេសប៊ុក
សកម្មជន​គណបក្សសង្គ្រោះជាតិ លោក គង់ រ៉ៃយ៉ា។ បណ្ដាញ​សង្គម​ហ្វេសប៊ុក


អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​បាន​ហៅ​ការ​ចាប់ខ្លួន​លោក​ គង់​ រ៉ៃ​យ៉ា​ និង​ក្រុម​គ្រួសារ​លោក​បី​នាក់​ផ្សេងទៀត​ ជា​ការ​បំបាក់ស្មារតី​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចូល​រួម​ប្រា​រព្វ​ខួប៣ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​លោក​ បណ្ឌិត​ កែម​ ឡី​។ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​អះអាង​ថា​ លោក​មិន​ទាន់​ដដឹងពី​ មូលហេតុ​នៃ​ការ​ចាប់ខ្លួន​នេះ​នៅឡើយ​ទេ​។

Amsamath_Thumnail


នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដូ​ (LICADHO​) លោក​ អំ​ សំអាត​ ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​គួរតែ​បើ​ក​ការស៊ើបអង្កេត​ឱ្យ​បាន​ត្រឹមត្រូវ​ទាក់ទិន​នឹង​ការ​ចាប់ខ្លួន​យុវជន ​គង់​ រ៉ៃ​យ៉ា​។ យុវជន​គង់​ រ៉ៃ​យ៉ា​ និង​មនុស្ស​បី​នាក់​ផ្សេងទៀត​ជា​សាច់​ញាត្តិ​ ត្រូវ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​កាលពី​ថ្ងៃទី ០៩ ខែកក្កដា​ ដោយ​ចោទប្រកាន់​ពី​បទ​សង្ស័យ​ថា​ ជាប់ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​បង្ក​ឱ្យ​មាន​ចលាចល​ក្នុង​សង្គម​។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ​លោក​ ស ថេត​ ​បានទេ​ដោយ​ទូរ​សព្ទ​របស់​លោក​ មិន​មាន​អ្នកទទួល​។ ចំណែក​ឯលោក​ ជិន​ ម៉ា​លីន​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បញ្ជាក់​ថា​ លោក​ មិនទាន់​បាន​ទទួល​ព័ត៌មាន​នៃ​ការ​ចាប់ខ្លួន​នេះ​នៅឡើយ​។

«ខ្ញុំ​មិនទាន់​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ចាំ​មើល​ខាង​សមត្ថកិច្ច​និង​តំណាង​អយ្យការ​គាត់​ធ្វើការ​បំភ្លឺ​ថា​មានការ​ចាប់ខ្លួន​អត់​ ហើយ​ការ​ចាប់ខ្លួន​នេះ​ជាប់ពាក់ព័ន្ធ​នឹង​ករណី​អ្វី​?»។

តែ​ទោះជាយ៉ាងណា​ លោក​អំ​ សំអាត​ បញ្ជាក់​ថា​ យុវជន​គង់​ រ៉ៃ​យ៉ា​ និង​មនុស្ស​បី​នាក់​ផ្សេងទៀត​កំពុង​ឃុំខ្លួន​នៅ​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ​នៅឡើយ​ក្រោយពី​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​។ លោក​បាន​ហៅ​ការ​ចាប់ខ្លួន​លោក​ គង់​ រ៉ៃ​យ៉ា ​ថាជា​ការ​គំរាម​បំបាក់ស្មារតី​ដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត​មិន​ឱ្យ​ចូល​រូ​មគម្រប់​ខួប​បី​ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​​បណ្ឌិត ​កែម​ ឡី​ ដែល​គ្រោង​នឹង​ប្រា​រព្វ​ធ្វើឡើង​នៅ​ថ្ងៃទី១០​ កក្កដា​នេះ​។

​«ធ្វើ​ឱ្យ​ប៉ះពាល់​ឬជា​ការ​គំរាមកំហែង​មួយ​នៅ​ទិដ្ឋភាព​នៅ​ថ្ងៃស្អែក​ សមាគម​ និង​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ ប្រជាពលរដ្ឋ​ដែល​និយម​លោក​បណ្ឌិត​កែម​ ឡី​គ្រោង​នឹង​ធ្វើពិធី​គម្រប់​ខួប​បី​ឆ្នាំ​បានន័យ​ថា​គម្រប់​វិញ្ញាណក្ខន្ធ​លោក​ បណ្ឌិត​ កែម​ ឡី​»។

មុន​ពេល​ចាប់ខ្លួន​ លោក​ គង់​ រ៉ៃ​យ៉ា​ លោក​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ករបស់​លោក​ថា​ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ចង់​ទិញ​អាវយឺត​លោក​ បណ្ឌិត​កែម​ ឡី​ មាន​ពណ៌ស​ និង​ ពណ៌ខ្មៅ​ បញ្ជាទិញ​តាម​បណ្តាញ​សង្គម​ និង​ លេខ​ទូរ​សព្ទ​របស់​លោក​បាន​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​។


អតីត​និស្សិត​សាកល​វិទ្យាល័យ​ខេមរៈ​ លោក​ គង់​ រ៉ៃ​យ៉ា​ និង​ជា​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ត្រូវ​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ ក្រោយពី​តុលាការក្រុង​ភ្នំពេញ​ បានសម្រេច​ផ្ដន្ទាទោស​លោក​ ឱ្យ​ជាប់​ក្នុង​ពន្ធនាគារ​ចំនួន១៨ខែ​ កាលពី​ខែ​មិនា​ ឆ្នាំ​ ២០១៦​ ក្រោម​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ដែល​បាន​ធ្វើឡើង​ កាលពី​ខែសីហា​ ឆ្នាំ២០១៥តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក។

លោក​ គង់​ រ៉ៃ​យ៉ា​បាន​ចេញមុខ​យ៉ាងសកម្ម​ដើម្បី​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ទិញ​អាវយឺត​ដើម្បី​ចូលរួម​ខួប​គម្រប់៣ឆ្នាំ​នៃ​ការ​បាញ់​សម្រាប់​លោក​បណ្ឌិត​កែម​ ឡី​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១០​ ខែកក្កដា​ នេះ​។

អ្នកវិភាគ​នយោបាយ​នឹង​សង្គម​លោក​បណ្ឌិត​ កែម​ ឡី​ត្រូវ​ឃាដករ​បាញ់សម្លាប់​កាលពី​ថ្ងៃទី១០កក្កដា​កាលពី​ឆ្នាំ២០១៦​ នៅ​ស្ថានីយ​ប្រេងសាំង​កាល់​តិច​ជិ​តស្តុ​បបូ​កគោ​។

ចំពោះ​ឃាតកម្ម​របស់​លោក​កែម​ ឡី​នេះ​ដែរ​ អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​ អន្តរជាតិ​ចំនួន​ ២៤​ អំពាវនាវ​ឱ្យ​របប​លោក​ ហ៊ុន​ សែន​ បង្កើត​គណ​កម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ លើ​ករណី​ឃាតកម្ម​លោក​បណ្ឌិត​ កែម​ ឡី​ ដើម្បី​រក​យុត្តិធម៌​ ជូន​ក្រុម​គ្រួសារ​លោក​បណ្ឌិត​។

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​ កាល​ថ្ងៃទី​ ០៩​ ខែ​ កក្កដា​នេះ​ អង្គការ​ទាំងនេះ​ ដែល​រួមមាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ​ និង​ សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស​ផង​ រក​ឃើញថា​ បើ​ទោះជា​រយៈពេល​បី​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ​ក្ដី ក៏​នៅតែ​គ្មាន​ការស៊ើបអង្កេត​ណាមួយ​ ប្រកបដោយ​ប្រសិទ្ធភាព​នោះ​ដែរ​ ដោយសារតែ​គ្មាន​គណ​កម្មការ​ស៊ើបអង្កេត​ឯករាជ្យ​ និង​ ឥត​លម្អៀង​ ដើម្បី​ស៊ើបអង្កេត​ករណី​ឃាតកម្ម​នេះ​ឱ្យ​បាន​ហ្មត់ចត់​ និង​ ត្រឹមត្រូវ​។

ការស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​ និង​ ត្រឹមត្រូវ​នេះ​ អង្គការ​ទាំងនេះ​ រម្លឹក​របប​លោក​ ហ៊ុន​ សែន​ អំពី​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​កម្ពុជា​ ដែល​ជារ​ដ្ឋ​ភាគី​នៃ​អនុសញ្ញា​អន្តរជាតិ​ ស្ដី​ពី​សិទ្ធិពល​រដ្ឋ​ និង​ សិទ្ធិ​នយោបាយ​ តម្រូវ​ឱ្យ​កម្ពុជា​ បង្កើត​គណ​កម្មការ​ស៊ើបអង្កេត​មួយ​ភ្លាម​ៗ ដោយ​ឯករាជ្យ​ ឥត​លម្អៀង​ និង​ មានប្រសិទ្ធភាព​ ក្នុង​ការស៊ើបអង្កេត​ករណី​នៃ​ការ​ស្លាប់​នេះ​។

ការស៊ើបអង្កេត​នោះ​ទៀតសោត​ ត្រូវ​រក​ឱ្យ​ឃើញ​ មិនមែន​ត្រឹមតែ​ជន​ដៃដល់​ទេ​ គឺ​ត្រូវ​រក​ជន​ដែល​ពាក់ព័ន្ធ​ទាំងអស់​ ដែល​ចូលដៃ​ ឬ នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​នេះ​។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​លោក​ សុខ​ ឥសាន្ត ចាត់ទុកថា​ ការ​លើកឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ថា​ជាប់ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។លោក​អំពាវនាវ​ឱ្យ​សង្គម​ស៊ីវិល​បង្ហាញ​ភស្តុតាង​នៃ​ការ​បាញ់សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​កុំ​ឱ្យ​សន្និដ្ឋាន​គ្មាន​ការពិត​។

​«ខ្ញុំ​យល់ថា​ពួក​អស់លោក​ខាង​សង្គម​ស៊ីវិល​មួយចំនួន​ដែល​មាន​និន្នាការ​ខាងនយោបាយ​ហ្នឹង​គួរតែ​អាណិត​ស្រុកទេស​ផង​។កុំ​បង្ក​បញ្ហា​មួយ​ហើយ​ទៅ​មួយទៀត​ រឿង​ខ្លះ​ហ្នឹង១០ទៅ២០ឆ្នាំ​ហើយ​យក​រំលឹក​ធ្វើថ្មី​។ដំបៅ​វា​សៈ​អស់ទៅហើយ​ធ្វើ​រំលឹក​ឱ្យ​ដំបៅ​ហ្នឹង​វា​ឈាម​ឡើងវិញ​ វា​អត់​ត្រូវ​រឿង​ទេ​»។

រហូតមកដល់​ពេលនេះ​ គ្មាន​ជន​ណា​ម្នាក់​ផ្សេង​ ក្រៅពី​ឈ្មោះ​ អឿត​ អាង​ ដែល​ដាក់ឈ្មោះ​ខ្លួនឯង​ថា​ ជួប​ សម្លាប់​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ហើយ​ក្រោយមក​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត​ ប៉ុន្តែ​អាជ្ញាធរ​មិន​រក​ឃើញ​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​បណ្ឌិត​កែម​ ឡី​នៅឡើយ​ទេ​៕

What Next?

Recent Articles

Leave a Reply

Submit Comment