ជនជាតិ​ចិន​៣​នាក់​ទៀត​ត្រូវ​ឃាត់​ខ្លួន​ជុំវិញ​ការ​នាំ​ចូល​លុយ​គ្មាន​ប្រភព​ច្បាស់លាស់​មក​កម្ពុជា

ដោយ សន ចាន់រដ្ឋា
2019-07-10
RFA

បុរស​ជន​ជនជាតិ​ចិន ឈ្មោះ លាវ ជីងឈីង (LIAO JINGQING) (រូប​ស្ដាំ​ទី២) និង​ក្រដាស​ប្រាក់​ដុល្លារ​ជិត ១​លាន​ដុល្លារ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន។ រូប​អគ្គស្នងការ​នគរបាល​ជាតិ
បុរស​ជន​ជនជាតិ​ចិន ឈ្មោះ លាវ ជីងឈីង (LIAO JINGQING) (រូប​ស្ដាំ​ទី២) និង​ក្រដាស​ប្រាក់​ដុល្លារ​ជិត ១​លាន​ដុល្លារ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន។ រូប​អគ្គស្នងការ​នគរបាល​ជាតិ


ប៉ូលិស និង​គយ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ចំនួន ៣​នាក់ កាលពី​ថ្ងៃទី៩ ខែ​កក្កដា ក្រោយ​ពី​រក​ឃើញ​ថា ជនជាតិ​ចិន​ទាំងនេះ បាន​នាំ​លុយ ៩០​ម៉ឺន​ដុល្លារ គ្មាន​ប្រភព​ច្បាស់លាស់ ចូល​មក​កម្ពុជា។

មន្ត្រី​គយ​ប្រចាំ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ជន​ជាតិ​ចិន​ទាំងនេះ​បាន​ដាក់​លុយ​ចំនួន ៩០​ម៉ឺន​ដុល្លារ នៅ​ក្នុង​កាបូប​យួរ​ដៃ​ចំនួន ៣ ដោយ​គ្មាន​ជូនដំណឹង​ដល់​មន្ត្រី​គយ តាមរយៈ​លិខិត​រាយការណ៍​របស់​គយ​នោះ​ឡើយ។

មន្ត្រី​ដដែល​បញ្ជាក់​ទៀត​ថា ការ​សម្រេច​ឃាត់ខ្លួន​នេះ ដោយសារតែ​ការ​នាំ​ចូល​ចំនួន​លុយ​ដ៏​ច្រើន​នេះ មិន​មាន​ប្រភព​ច្បាស់លាស់ និង​មិន​បាន​បង្ហាញ​ពី​គោលដៅ​នៃ​ការប្រើប្រាស់​ថវិកា​ទាំង​នេះ​ច្បាស់​លាស់។

នេះ​ជា​ករណី​លើក​ទី ៤ហើយ នៃ​ការ​បង្ក្រាប​ការ​នាំ​លុយ​ដែល​គ្មាន​ប្រភព​ចូល​មក​កម្ពុជា ដែល​សមត្ថកិច្ច​បង្ក្រាប​បាន បើ​គិត​ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៩។

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ឌី វិជ្ជា ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ឱ្យ​ដឹង​ថា គិត​ត្រឹម​ឆមាស​ទី​មួយ ក្នុង​ឆ្នាំ​២០១៩ បាន​បង្ក្រាប​ករណី​សម្អាត​ប្រាក់​បាន​ប្រមាណ ១៤​លាន​ដុល្លារ។ លោក​បញ្ជាក់​ថា បទល្មើស​សម្អាត​ប្រាក់​នេះ តែង​កើតមាន​ក្រោម​រូបភាព​នាំចូល​ដោយ​ផ្ទាល់ តាមរយៈ​បច្ចេកវិទ្យា និង​តាមរយៈ​ធនាគារ។

កាលពី​ថ្ងៃទី១២ ខែ​មិថុនា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​លាង​លុយ​កខ្វក់​នៅ​កម្ពុជា។ លោក​បារម្ភ​ថា​បញ្ហា​លាង​លុយ​កខ្វក់​នេះ អាច​នាំ​ឱ្យ​កម្ពុជា​ត្រូវ​បាន​គេ​ដាក់បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ ដែល​ជា​ហេតុ​នាំ​ឱ្យ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ដ៏​ធំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles