តុលាការ​កោះ​ហៅ​លោក សម រង្ស៊ី ចូល​បំភ្លឺ​បណ្តឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ

ដោយ ហេង រស្មី
2019-07-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ Photo: RFA
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ Photo: RFA


តុលាការ​របប​ក្រុង​ភ្នំពេញ ​កោះ​ហៅ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​បំភ្លឺ​នៅ​តុលាការ​ នៅ​ថ្ងៃ​ទី៣១​ ខែ​កក្កដា​ តាម​បណ្តឹង​របស់​មេ​ដឹក​នាំ​កំពូល​លំដាប់​ទី២​នៃ​របប​ក្រុង​ភ្នំពេញ។ អ្នក​វិភាគ នយោបាយ​ យល់​ថា​ ចំណាត់ការ​របស់​តុលាការ​នេះ ​គឺ​មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ គឺ​ជា​រឿង នយោបាយ។

តុលាការ​របប​ក្រុង​ភ្នំពេញ ​ចាប់​ផ្តើម​ចាត់​វិធានការ​ថ្មី​មួយ​ទៀត​ប្រឆាំង​លោក ​សម​ រង្ស៊ី ​បន្ទាប់​ពី​ទទួល បណ្តឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក​ ស​ ខេង​ កាល​ពី​សប្តាហ៍​មុន។

តំណាង​អយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ​ លោក​ សេង ​គីមឡាក់​ ចេញដីការ​កោះហៅ ​ឲ្យ​លោក ​សម រង្ស៊ី ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី៣១ ​ខែ​កក្កដា ​ខាង​មុខ ​ខណៈ​លោក​ សម ​រង្ស៊ី​ កំពុង​រស់​នៅ និរទេស​ខ្លួន។ លោក ​សេង ​គីមឡាក់ ​ក៏​បាន​ចេញ​ដីកា​កោះ​ហៅ​មេធាវី ៣រូប របស់​លោក​ ស​ ខេង ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី១៧ ខែ​កក្កដា​ផង​ដែរ។

កាល​ពី​សប្ដាហ៍​មុនមេធាវី​ ៣​រូប​របស់​លោក ស ខេង បាន​ដាក់​ពាក្យ​ប្ដឹង​លោក សម រង្ស៊ី ពី​បទ​ញុះញង់ និង​ស្នើ​សុំឲ្យ​តុលាការ​ផ្តន្ទា​ទោស​លោ​ក សម រង្ស៊ី ឲ្យ​បាន​ធ្ងន់​ធ្ងរ​តាម​ច្បា​ប់ និង​ទាម​ទារ​សំណង ៤ពាន់​លាន​រៀល ឬ ១លាន​ដុល្លារ។ កា​រប្ដឹង​នេះ​ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ដែល​បាន​អះអាង​ថា លោក ឌី វិជ្ជា អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​ដឹង​ច្បាស់​ថា លោក ហ៊ុន សែន ដែល​ជា​ឪពុក​ក្មេក ​គឺ​ជា​អ្នក​រៀបចំ​សម្លាប់​ លោក ​ហុក ​ឡង់ឌី ដែល​ជា​ឪពុក​បង្កើត កាល​ពី​ឆ្នាំ២០០៨។ លោក សម រង្ស៊ី អះអាង​បន្ត​ថា លោក ឌី វិជ្ជា កំពុង​រៀបចំ​ផែនការ​សងសឹក​ឱ្យ​ឪពុក ដែល​ផែនការ​សងសឹក​នេះ ទទួល​បាន​ការ​គាំទ្រ​ពី​លោក ស ខេង ផង ព្រោះ​លោក ស ខេង ដឹង​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​ផែនការ​កម្ចាត់​លោក​ចេញ ដើម្បី​លើក​បន្តុប​កូន​ប្រុស​ទាំង ៣ ឱ្យ​កាន់​តំណែង​បន្ត​ពី​លោក។

ប្រធានក្រុមអ្នកវិភាគ​វ័យ​ក្មេង​កញ្ញា លី ស្រីស្រស់ យល់​ថា ចំណាត់ការ​ដ៏​លឿន និង​ជា​ហូរហែ​ប្រឆាំង​លោក ​សម រង្ស៊ី នេះ មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ គឺ​ជា​រឿង​នយោបាយ ដើម្បី​បន្ថែម​សម្ពាធ កុំ​ឲ្យ​លោក​ សម ​រង្ស៊ី វិល​ចូល​កម្ពុជា៖ «ការ​បន្ថែម​បណ្តឹង​តទៅទៀត​ដល់លោក​ សម​ រង្ស៊ី​ វាអាច​ជា ការ​បន្ថែម​ទម្ងន់​មួយទៀត​ផ្នែកផ្លូវច្បាប់​ ប្រសិនបើ​លោក​សម រង្ស៊ី​ហ៊ានមក​ស្រុកខ្មែរ ​ប៉ុន្តែ​ខ្ញុំគិត​ថា ចំណាត់ការលើបណ្តឹងទាំងនេះ​វាគ្មាន​ប្រយោជន៍​អីទេ ដោយសារតែ​លោក ​សម ​រង្ស៊ី​មានបន្ទុក​លើផ្លូវ​ច្បាប់ ច្រើនមកហើយ»

ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នេះ ត្រូវ​បាន​លោក ហ៊ុន សែន និង​លោក ស ខេង ចាត់​ទុក​ថា ជា​អំពើ​ញុះញង់​ឱ្យ​បក្ស​កាន់​អំណាច​បែក​បាក់ និង​សង្ស័យ​គ្នា និង​បាន​ប្រកាស​រួម​គ្នា​ថា នឹង​ប្តឹង​លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង។ តែ​ទី​បំផុត លោក ស ខេង សម្រេច​ប្តឹង​នៅ​តុលាការ​កម្ពុជា ហើយ​លោក ហ៊ុន សែន មិន​ទាន់​ប្តឹង​នៅ​ឡើយ។ ចំណែក លោក ឌី វិជ្ជា ដែល​បាន​ប្រកាស​ត្រៀម​ប្តឹង​លោក សម រង្ស៊ី ដែរ​នោះ ក៏​មិន​ទាន់​ឃើញ​បណ្តឹង​អ្វី​ដែរ។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ​សម រង្ស៊ី​ លើក​ឡើង​ថា លោក ហ៊ុន សែន មិន​ហ៊ាន​ប្តឹង​លោក​ទេ ​ព្រោះ​ករណី​នេះ​មិន​អាច​ប្រកែក​បាន។ ចំណែក​លោក ឌី វិជ្ជា មាន​តែ​អរគុណ​លោក​ថែម ទៀត ដែល​លោក​ជួយ​លាត​ត្រដាង​ការ​ពិត។ ចំពោះ​បណ្តឹង​របស់​លោក ស ខេង វិញ គឺ​គ្រាន់​តែ​ធ្វើ ​តាម​បញ្ជា​ពីលោក ​ហ៊ុន សែន ​ដើម្បី​បិទបាំង​ការ​បែក​បាក់​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក សម រង្ស៊ី បន្ត​ថា ប្រសិន​បើ​លោក ស ខេង ចង់​មាន​ភាព​ថ្លៃថ្នូរ​មែន មិន​គួរ​ទៅ​លេង​សើច ជាមួយ​តុលាការ​ទីក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ​នេះ​ទេ ព្រោះ​ជា​តុលាការ​អាយ៉ង ដែល​ចាំ​តែ​ស្តាប់​បញ្ជា​ពី​អ្នក​នយោបាយ​កាន់​អំណាច។ សាលក្រម​ប្រកាស​ដោយ​តុលាការ​នេះ គ្មាន​តម្លៃ​អ្វី​ទេ បើ​គិត​ពី​ គតិ​យុត្តិធម៌​ ពី​ព្រោះ​អ្នក​ទន់​ខ្សោយ​គ្មាន​សែ​ស្រឡាយ​នយោបាយ និង​អ្នក​ក្រ​គ្មាន​លុយ​សូក​ចៅក្រម គឺ​ជា​អ្នក​ដែល​គេ​ឲ្យ​ចាញ់ ​និង​ជា​អ្នក​រងគ្រោះ​ជា​និច្ច​យ៉ាង​អយុត្តិធម៌​ជា​ទីបំផុត។

លោក​ សម​ រង្ស៊ី ជំរុញ​ឱ្យ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ គួរ​តែ​ប្តឹង​លោក​ទៅ​តុលាការ​បារាំង​វិញ ព្រោះ​លោក​កំពុង​រស់​នៅ​ប្រទេស​បារាំង ហើយ​តុលាការ​បារាំង​ឯករាជ្យ ដូច្នេះ​គ្មាន​នរណា​អាច​ដឹង​ជា​មុន​ថា នរណា​ឈ្នះ​ ឬ​នរណា​ចាញ់​ឡើយ។ លើស​ពី​នេះ​ទៀត មេ​បក្ស​ប្រឆាំង​រូប​នេះ ​ក៏​ជំរុញ​ឲ្យ​មេ​ដឹក​នាំ របប​ក្រុង​ភ្នំពេញ ​ប្តឹង​លោក​ជា​ច្រើន​ករណី​ទៀត ​ដែល​លោក​បាន​ចោទ​ថា លោក ហ៊ុន សែន និង​ប្រពន្ធ ជា​អ្នក​បញ្ជា​ឱ្យ​ឃាតក​បោក​គ្រាប់​បែក សម្លាប់​បាតុករ​ឆ្នាំ១៩៩៧ បាញ់​សម្លាប់​សិល្បករ អ្នកស្រី ពិសិដ្ឋ ពីលិកា បាញ់​សម្លាប់​ព្រះតេជព្រះគុណ​ សំ ប៊ុនធឿន មេ​ដឹក​នាំ​សហជីព ​លោក​ ជា ​វិជ្ជា សកម្មជន​ការពារ​ព្រៃ​ឈើ​លោក​ ឈុត​ វុទ្ធី និង​អ្នក​វិភាគ​នយោបាយ បណ្ឌិត កែម ឡី។

អ្នកវិភាគ​នយោបាយ​ កញ្ញា ​លី ស្រីស្រស់ ​ទទួល​ស្គាល់​ថា ​សាលក្រម​ដែល​ប្រកាស​ដោយ​តុលាការ​ កម្ពុជា​ មិន​សូវ​មាន​តម្លៃ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​អាច​ជឿ​ទុក​ចិត្ត​បាន​នោះ​ទេ ក្នុង​សំណុំ​រឿង​នយោបាយ​បែប​នេះ ហើយ​ក្នុង​ស្ថានភាព​បែប​នេះ​ វា​កាន់​តែ​បន្ថែម​បន្ទុក​ក្នុង​ការ​បាត់បង់​ប្រព័ន្ធអនុគ្រោះ EBA ​ផងដែរ។ កញ្ញា ​បារម្ភ​ថា​ កម្ពុជា ​នឹងកាន់តែ​ជួបវិបត្តិ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ប្រសិន​បើ​ការ​វិល ចូល​កម្ពុជា​របស់​លោក សម រង្ស៊ី​ គ្មាន​ការ​ចរចារ​នយោបាយ​ជា​មុន ប៉ុន្តែ​បែរ​ជា​បង្ក​ជម្លោះ នយោបាយ​កាន់​តែ​ស្រូចស្រាវ​បែប​នេះ៖ «បញ្ហា​ទាំង​អស់​នេះ​ក៏​ជា​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ការ​សម្រេច​ ចុង​ក្រោយ​របស់​សហភាព​អឺរ៉ុប​ទៅ​លើ​ការ​ដក EBAដែរ។ អីចឹង​ខ្ញុំ​មើល​ឃើញ​អ៊ីចេះ​ថា ការ​វិល​ចូល​កម្ពុជា ​របស់​លោក ​សម​ រង្ស៊ី នេះ​វា​អាច​ជា​សញ្ញា​មួយ​នៃ​ការ​សម្រេច​ចុង​ក្រោយ​នៃ​ការ​ដក​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ប៉ុន្តែ​បើលោក​ សម រង្ស៊ី ​មក ​ហើយ​មិន​មាន​ការ​ចាប់​ខ្លួន​វិញ​ ខ្ញុំ​គិត​ថា​ជា​ចំណុច មួយ​ដែល​ល្អ​ហើយ ​កម្ពុជា​អាច​នឹង​ទទួល​បាន​ការ​ស្វាគមន៍​ច្រើន»

មក​ដល់​ពេល​នេះ លោក ​សម រង្ស៊ី កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​កម្ពុជា ជាង ១០បណ្ដឹង សុទ្ធតែ​ចាញ់​ក្ដី​ក្រុម​មេ​ដឹក​នាំ​របប​មេ​យោធា និង​សកម្មជន​បក្ស​កាន់​អំណាច។ បណ្ដឹង​ទាំង​នោះ គឺ​បទ​ចោទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង ញុះញង់​កងទ័ព​មិន​ឱ្យ​ស្ដាប់​បញ្ជា ញុះញង់​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ប្រមាថ​ព្រះមហាក្សត្រ និង​បរិហារកេរ្តិ៍ ទិញ​ចំនួន​ឡៃ (Like) ហ្វេសប៊ុក​ជា​ដើម។ បណ្ដឹង​ទាំង​នោះ សុទ្ធ​តែ​ប្ដឹង​ឱ្យ​ចាប់​ខ្លួន លោក សម រង្ស៊ី និង​សង​ជំងឺ​ចិត្ត រាប់​ម៉ឺន​ដុល្លារ។ ប៉ុន្តែ​បណ្ដឹង​ទាំង​ជាង ១០ករណី​នេះ នៅ​មិន​ទាន់​មាន​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ណា​ម្នាក់ ប្ដឹង​លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង ឬ​តុលាការ​អន្តរជាតិ​ទេ សូម្បី​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "តុលាការ​កោះ​ហៅ​លោក សម រង្ស៊ី ចូល​បំភ្លឺ​បណ្តឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ"

  1. Anonymous says:

    well what do you think HUN SEN…. if you can fine guilty on all count from SAM RASY in those million cases . what can we do?? hang him?? shot him?? eat him alive?? OH my GOD ..I can not believing you Mr

  2. Anonymous says:

    well what do you think HUN SEN…. if you can fine guilty on all count from SAM RASY in those million cases . what can we do?? hang him?? shot him?? eat him alive?? OH my GOD ..I can not believing you Mr. and about sewing those money you can get it from your CHAK CRORPOUTH AMERICANG.