បទសម្ភាសន៍​ជាមួយ​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​កម្ពុជា​និង​វៀតណាម

ដោយ មាន ឫទ្ធិ
2019-07-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាស្ត្រុម (Cecilia Malmstrom) (Screenshot: Cecilia Malmstrom Twitter)
ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាស្ត្រុម (Cecilia Malmstrom) (Screenshot: Cecilia Malmstrom Twitter)


ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប អ្នកស្រី សេស៊ីលៀ ម៉ាស្ត្រុម (Cecilia Malmstrom) គូស​បញ្ជាក់​ថា ដំណើរការ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ ហៅ​កាត់​ថា EBA ពី​កម្ពុជា មិនមែន​ជា​ការ​ដាក់​ទណ្ឌកម្ម​កម្ពុជា​ទេ តែ​ជា​ការ​អនុវត្ត​កាតព្វកិច្ច​ផ្លូវច្បាប់ ដូចដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​អំពី​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ នៅ​ពេល​ដែល​មាន​កា​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​ការងារ និង​ដំណើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​។ អ្នកស្រី​ថ្លែង​ការពារ​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប និង​ប្រទេស​វៀតណាម​កាល​ពី​ពេល​ថ្មីៗ​នេះ ថា ផ្ដល់​អំណោយ​ផល​ល្អ​ផ្នែក​សេដ្ឋកិច្ច និង​ថា វា​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ឱ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​បន្ថែម​ជាមួយ​អាជ្ញាធរ​វៀតណាម រឿង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ផង​ដែរ​។ អ្នកស្រី​រំឭក​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តែឯង មិន​អាច​ដោះស្រាយ​រាល់​បញ្ហា​នយោបាយ និង​បញ្ហា​សង្គម​នៅ​ក្នុង​ប្រទេស​ណាមួយ​បាន​នោះ​ទេ ដរាបណា​គ្មាន​ការ​រួម​ផ្សំ​ជាមួយ​ឆន្ទៈ​នយោបាយ និង​ឧបករណ៍​ដទៃ​ទៀត​នោះ។

ខាង​ក្រោម​នេះ​ជា​បទសម្ភាស​រវាង​អ្នកយកព័ត៌មាន​អាស៊ីសេរី និង​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប អ្នកស្រី សេស៊ីលៀ ម៉ាស្ត្រុម ជុំវិញ​បញ្ហា​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា និង​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប ជាមួយ​ប្រទេស​វៀតណាម​កាល​ពី​ពេល​ថ្មីៗ​នេះ ដូច​តទៅ​៖

អាស៊ីសេរី​៖ សហភាព​អឺរ៉ុប បាន​បញ្ជូន​គណៈប្រតិភូ ដែល​រួមមាន​តំណាង​មកពី​គណៈកម្មការ​អឺរ៉ុប ក្នុង​ដំណើរ​បេសកកម្ម​ស្វែងរក​ការពិត​ទៅកាន់​ប្រទេស​កម្ពុជា កាលពីដើម​ខែ​មិថុនា ដែល​នេះ​គឺជា​ផ្នែក​មួយ​នៃ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​បាន​ធ្វើ​តាំងពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​ឆ្នាំនេះ​។ សូម​អ្នក​ស្រី​ជួយ​ប្រាប់​បន្តិច​មើល ថា​តើ​មានការ​ពិភាក្សា​គ្នា​ជុំវិញ​រឿងរ៉ាវ​អ្វីខ្លះ​កាលពី​ក្នុង​ដំណើរ​បេសកកម្ម​នោះ?

សេស៊ីលៀ ម៉ាស្ត្រុម៖ ចាស៎​! នេះ​គឺជា​ផ្នែក​មួយ​នៃ​ដំណើរការ ដែល​យើង​បាន​ប្រកាស​តាំងពី​ឆ្នាំទៅ អំពី​លទ្ធភាព​នៃ​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​ប្រទេស​កម្ពុជា ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​ការងារ និង​បញ្ហា​ដទៃ​ទៀត​។ ដូច្នេះ ការប្រកាស​អំពី​នីតិវិធី​នេះ មិនមែន​ជា​រឿង​កើតឡើង​ដោយ​ស្វ័យប្រវត្តិ​នោះ​ទេ​។ វា​គឺជា​ការ​ចាប់ផ្តើម​នៃ​ដំណើរការ​នីតិវិធី​ដ៏​វែងឆ្ងាយ​មួយ ដែល​យើង​ចង់​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​កម្ពុជា​។ យើង​បាន​និយាយ​ជាមួយ​ពួកគេ ក្នុង​កម្រិត​ផ្សេងៗ​ពី​គ្នា​។ ក្នុង​នោះ​ក៏​មាន​រដ្ឋមន្ត្រី​របស់​ក្រសួង​ពាក់ព័ន្ធ​កម្ពុជា​បាន​អញ្ជើញ​មក​ទីនេះ បាន​ជួប​ជាមួយ​ខ្ញុំ និង​សហការី​មួយ​ចំនួន​របស់ខ្ញុំ​។ យើង​ក៏​មាន​បេសកកម្ម​ផ្សេងៗ​ពី​គ្នា​ផង​ដែរ។

បេសកកម្ម​ចុងក្រោយ ដែល​នឹង​ត្រៀម​ធ្វើ​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន រួមមាន​ការ​ជួប​ពិភាក្សា​ថ្នាក់​ក្រសួង ជាមួយ​សង្គម​ស៊ីវិល ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​នៅ​កម្ពុជា ដើម្បី​ទទួល​បាន​នូវ​ការ​ស្វែង​យល់​កាន់តែ​ទូលំទូលាយ​មួយ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ហើយក៏​ជា​របៀប​មួយ ធ្វើឡើង​ប្រកបដោយ​តម្លាភាព​ទាំងស្រុង ជាមួយ​នឹង​អាជ្ញាធរ ដោយមាន​ការចូលរួម​របស់​ពួកគេ និង​កិច្ច​សន្ទនា​ជាមួយ​ពួកគេ ដើម្បី​ពន្យល់​ពួកគេ​អំពី​អ្វី​ដែល​យើង​រំពឹង​ចង់បាន​ពី​ពួកគេ​។ យើង​ក៏​ចង់​និយាយ​ឱ្យ​បាន​ច្បាស់​ជាមួយ​ពួកគេ​ថា យើង​ចង់​ឃើញ​ពួកគេ​ចាត់​វិធានការណ៍​ឱ្យ​បាន​សមស្រប។

ឥឡូវនេះ លទ្ធផល​នៃ​បេសកកម្ម​នេះ នឹង​ក្លាយ​ជា​របាយការណ៍​មួយ ហើយ​ថា​អាជ្ញាធរ​កម្ពុជា​មាន​ពេល​ដល់​ពាក់​កណ្ដាល​ខែ​សីហា ដើម្បី​ឆ្លើយតប​។ បន្ទាប់​មក​ទៀត យើង​នឹង​ពិភាក្សា​គ្នា ដើម្បី​ចេញ​របាយការណ៍​ថ្មី​មួយទៀត ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋ​សមាជិក​របស់​យើង​ជុំវិញ​បញ្ហា​នេះ ថា​តើ​យើង​ដើរ​ដល់​ណា​ហើយ​ក្នុង​រយៈពេល​ជាង ៦ ខែ​មកនេះ​។​

អាស៊ីសេរី​៖ តើ​គណៈប្រតិភូ​អឺរ៉ុប​នេះ គ្រោង​នឹង​ជួប​ជាមួយ​លោក ហ៊ុន សែន ដែរ​ឬ​ទេ នៅ​ពេល​អនាគត?

សេស៊ីលៀ ម៉ាស្ត្រុម​៖ ចាស៎​! យើង​មាន​ទំនាក់ទំនង​ជាមួយ​ខុទ្ទកាល័យ​របស់​លោក តាមរយៈ​តំណាង​របស់​យើង​នៅ​កម្ពុជា​។ ខ្ញុំ​ក៏បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ជាច្រើន​នាក់​របស់​គាត់​ដែរ ក៏ដូចជា​សហការី​មួយ​ចំនួន​របស់ខ្ញុំ ក្នុង​នោះ​រួមមាន​ស្នងការ​ផ្នែក​កិច្ចការ​សង្គម និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ក្នុង​រឿង​នេះ​។ ដូច្នេះ ពិត​ជា​មាន​កិច្ច​សន្ទនា ទាំង​កម្រិត​ទ្វេភាគី និង​កម្រិត​អាស៊ាន។

អាស៊ីសេរី​៖ តើ​អ្នកស្រី អាច​ជម្រាប​បានទេ​ថា​តើ នឹង​មាន​បេសកកម្ម​ស្វែងរក​ការពិត​នា​ពេល​បន្ទាប់​មក​ទៀត ដែរ​ឬ​ទេ​?

សេស៊ីលៀ ម៉ាស្ត្រុម៖ មិន​មាន​ទៀត​ទេ​។ នេះ​គឺជា​បេសកកម្ម​លើក​ទី​ពីរ ហើយ​ជា​លើក​ចុង​ក្រោយ​ដែរ។

អាស៊ីសេរី​៖ និយាយ​ពី​ស្ថានភាព​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន តើ​អ្នកស្រី​មាន​ក្តី​សង្ឃឹម​ប៉ុណ្ណា​ដែរ ដែល​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ទីនោះ នឹង​មាន​ការ​កែ​លម្អ ហើយ​ប្រទេស​នេះ នឹង​ព្យាយាម​ត្រលប់​មក​រក​គន្លង​ត្រឹមត្រូវ​តាម​បែប​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ?

សេស៊ីលៀ ម៉ាស្ត្រុម៖ ចាស៎​! រឿង​នេះ គឺ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ទាំងស្រុង​របស់​លោក ហ៊ុន សែន និង​រដ្ឋបាល​របស់​លោក​។ ពី​ព្រោះ​ថា យើង​គិត​ថា ស្ថានភាព​បាន​ដើរ​ថយក្រោយ ជុំវិញ​រឿង​សិទ្ធិមនុស្ស​នា​រយៈពេល​ចុងក្រោយ​នេះ​រឿង​ដែល​គណបក្សប្រឆាំង​ត្រូវ​បាន​គេ​រម្លាយ ការបោះឆ្នោត​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​…​។ យើង​ឃើញ​មានការ​កម្រិត​លំហ សង្គម​ស៊ីវិល និង​ប្រព័ន្ធ​សារព័ត៌មាន​ជាដើម​។ ក៏​មាន​ក្តី​បារម្ភ​មួយ​ចំនួន​អំពី​បទដ្ឋាន​ការងារ អំពើ​ច្បាម​យក​ដីធ្លី​ជាដើម​។ យើង​គិត​ថា មានការ​កែ​លម្អ​តិចតួច​ដែរ​ខាង​វិស័យ​សង្គមកិច្ច ដែល​ជា​រឿង​ល្អ ប៉ុន្តែ​យើង​សង្ឃឹមថា មានការ​កែ​លម្អ​ច្រើនជាង​នេះ​។ អ្វីៗ​គឺ​អាច​កើតមានឡើង​បាន​។ ប៉ុន្តែ ក្នុង​កណ្តាប់​ដៃ​លោក ហ៊ុន សែន ទំនង​ដូចជា​មិន​អាច​កើតឡើង​បាន​ច្រើន​នោះ​ទេ។

អាស៊ីសេរី​៖ តើ​អ្នកស្រី​អាច​ផ្ដល់​ឧទាហរណ៍​មួយ​បាន​ទេ អំពី​ការ​កែ​លម្អ​តិចតួច​ផ្នែក​សង្គមកិច្ច​នោះ​?

សេស៊ីលៀ ម៉ាស្ត្រុម៖ យើង​នឹង​ធ្វើ​ការវាយតម្លៃ​ជា​ស្ថាពរ​មួយ​។ តែ​មនុស្ស​របស់​យើង បាន​ប្រាប់​មក​ថា មានការ​កែ​លម្អ​ខ្លះ​អំពី​ករណី​នេះ នៅ​ក្នុង​ស្ថានភាព​វិស័យ​ការងារ​នេះឯង។

អាស៊ីសេរី​៖ អ្នកស្រី​មាន​អ្វី​ចង់​បន្ថែម​ទៀត​ទេ ជុំវិញ​បញ្ហា​របស់​កម្ពុជា​នេះ​?

សេស៊ីលៀ ម៉ាស្ត្រុម​៖ រឿងរ៉ាវ​នេះ ភាគច្រើន​គឺ​ពាក់ព័ន្ធ​នឹង​ដំណើរការ​នៃ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ ខ្ញុំ​ចង់​មានន័យថា វា​ធ្វើ​ឡើងជា​លក្ខណៈ​តម្លាភាព​ទាំងស្រុង ជាមួយ​នឹង​ជំហ៊ាន​នានា​ដែល​ពាក់ព័ន្ធ​នឹង​លទ្ធភាព​សម្រាប់​ឱ្យ​អាជ្ញាធរ​កម្ពុជា​ធ្វើការ​ឆ្លើយតប​។ ហេតុអ្វី​បាន​យើង​ត្រូវ​ដូច្នេះ​? មិនមែន​ដើម្បី​ដាក់ទោស​ទណ្ឌ​នោះ​ទេ ពីព្រោះ​នៅ​ពេល​ដែល​យើង​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ទៅ​ឱ្យ​កម្ពុជា វា​ពិត​ជា​មាន​សារសំខាន់​សម្រាប់​ពួកគេ ហើយ​ចាំបាច់​សម្រាប់​ពួកគេ ក្នុង​ការ​ចូលរួម​ឱ្យ​មានការ​បង្កើត​ការងារ​ធ្វើ​បាន​ច្រើន និង​កំណើន​នៃ​ការនាំចេញ​ជាដើម​។ នេះ​គឺ​អ្វី​ដែល​យើង​ចង់បាន។

ក៏ប៉ុន្តែ នៅ​ក្នុង​អត្ថបទ​ផ្លូវច្បាប់​អំពី​កិច្ចព្រមព្រៀង​នេះ មាន​ការ​ចែង​ច្បាស់​ថា ប្រសិនបើ​មានការ​ធ្លាក់​ចុះ​ដុនដាប​នៃ​បញ្ហា​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ អាច​ត្រូវ​បាន​ដកហូត​ដោយ​ផ្នែក ឬ​ទាំងស្រុង​។ ដូច្នេះ​ហើយ ក្នុង​នាម​ជា​ស្នងការ យើង​មាន​កាតព្វកិច្ច ក្នុង​ការ​ត្រួត​ពិនិត្យមើល​បញ្ហា​អស់ទាំង​នេះ​។ យើង​ពិតជា​គិត​ថា បើ​ប្រៀបធៀប​ទៅ​ពីរ​បី​ឆ្នាំ​មុន​នេះ ស្ថានភាព​នៅ​កម្ពុជា​កំពុង​ដើរ​ធាក់​ថយក្រោយ​។ ដូច្នេះ​យើង​ពិត​ជា​មាន​កាតព្វកិច្ច ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​របស់​យើង មិនមែន​តែ​ក្រុមហ៊ុន តែ​រួម​ទាំង​សភា​អឺរ៉ុប និង​បណ្ដា​រដ្ឋ​សមាជិក ឱ្យ​មាន​ការ​ត្រួត​ពិនិត្យមើល​ឱ្យ​បាន​ដិតដល់​ជុំវិញ​ករណី​នេះ​។ អ៊ីចឹង​ហើយ​បានជា​យើង​ចេញ​នូវ​ការព្រមាន​ធ្ងន់ធ្ងរ​មួយ​នេះ​។ តែ​ដំណើរការ​នេះ នៅ​មិនទាន់​បិទ​បញ្ចប់​នៅឡើយ​ទេ។

អាស៊ីសេរី​៖ ឥឡូវ​យើង​ងាក​ទៅ​បញ្ហា​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ភាគី​សហភាព​អឺរ៉ុប ជាមួយ​នឹង​ប្រទេស​វៀតណាម​វិញ​ម្ដង​។ ក្រុម​អ្នក​រិះគន់​កិច្ចព្រមព្រៀង​នេះ និយាយ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ ពុំបាន​ពង្រឹង​ស្តង់ដារ​សិទ្ធិមនុស្ស និង​បន្ត​ផ្ទេរ​ការងារ​ទៅ​ឱ្យ​ប្រទេស​ដទៃ ដែល​បណ្ដាល​ឱ្យ​កម្មករ​និយោជិក​នៅ​អឺរ៉ុប​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ។ តើ​អ្នកស្រី​មាន​អំណះអំណាង​យ៉ាង​ដូចម្ដេច​ដែរ​ជុំវិញ​ការ​លើកឡើង​នេះ​?

សេស៊ីលៀ ម៉ាស្ត្រុម​៖ យើង​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ នូវ​ជំពូក​មួយ​ស្ដីពី​ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។ យើង​ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​វៀតណាម ផ្ដល់​សច្ចាប័ន​លើ​កតិកាសញ្ញា​ស្នូល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO ដែល​ពួកគេ​បាន​ចុះហត្ថលេខា​…​។ យើង​ក៏បាន​ជំរុញ​ពួកគេ​ឱ្យ​ធ្វើ​ដូច្នោះ​ដោយ​ផ្អែក​តាម​បរិបទ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម។

ទន្ទឹម​នឹង​នេះ ក៏​មាន​ការ​ចែង​អំពី​សិទ្ធិ​ការងារ សិទ្ធិ​បរិស្ថាន និង​សិទ្ធិមនុស្ស​នៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ដែរ​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ ក៏​កើត​មានឡើង​ព្រម​គ្នា​ជាមួយ​នឹង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ទូលំទូលាយ​ដែរ​។ វា​ក៏​កើតមានឡើង​ជាមួយ​កិច្ចព្រមព្រៀង​ជាមួយ​សមាគម ដែល​ក៏​រួមមាន​ការ​ចែង​ភាសា​ធ្ងន់ៗ អំពី​សិទ្ធិមនុស្ស ដែល​ក្នុង​បរិបទ​នេះ បង្កើត​ឱ្យ​មាន​ជា​កិច្ច​សន្ទនា​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​។ យើង​ក៏​មាន​ការ​ព្រួយបារម្ភ​ផង​ដែរ​អំពី​បញ្ហា​សិទ្ធិមនុស្ស​មួយ​ចំនួន​នៅ​វៀតណាម​។ ជា​ការ​ពិត​ណាស់ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប្រាកដជា​មិន​អាច​ដោះស្រាយ​រឿង​ទាំងអស់​នេះ​បានទេ ក៏ប៉ុន្តែ​វា​បង្កើត​នូវ​យន្តការ​មួយ​ជាមួយ​នឹង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ជាមួយ​សមាគម ដើម្បី​បន្ត​កិច្ច​ពិគ្រោះ​យោបល់ ជំរុញ និង​ធ្វើការ​ជាមួយ​អាជ្ញាធរ​វៀតណាម ដើម្បី​កែ​លម្អ​ស្ថានភាព​ទាំងនោះ។

អាស៊ីសេរី​៖ មួយវិញទៀត​ក្រុម​អ្នក​រិះគន់​ថា សហភាព​អឺរ៉ុប​ពុំបាន​អនុវត្ត​ស្តង់ដារ​ប្រកបដោយ​ភាព​ស៊ី​សង្វាក់​គ្នា​នោះ​ទេ តាមរយៈ​ការ​ចុះ​ហត្ថលេខា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​វៀតណាម​នេះ ខណៈ​ដែរ​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​កម្ពុជា និង​មីយ៉ាន់ម៉ា ឬ​ភូមា ដោយសារតែ​បាន​រំលោភ​សិទ្ធិ​មនុស្ស​។ តើ​អ្នកស្រី​ឆ្លើយតប​បែប​ណា​ដែរ​ទៅ​នឹង​ការ​លើក​ឡើង​នេះ​?

សេស៊ីលៀ ម៉ាស្ត្រុម៖ វា​ជា​រឿងរ៉ាវ​ពីរ​ផ្សេង​ពី​គ្នា​។ នៅ​ពេល​ដែល​យើង​ផ្ដល់​ឆន្ទានុសិទ្ធិ​ផ្នែក​ពាណិជ្ជកម្ម​នេះ​ទៅ​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា និង​កម្ពុជា យើង​ដឹង​ច្បាស់​ទាំងអស់​គ្នា​ណាស់​ថា ប្រទេស​ទាំងពីរ​នេះ មិន​មែនមាន​ប្រជាធិបតេយ្យ​ល្អឥតខ្ចោះ​នោះ​ទេ​។ យើង​ក៏​មិនបាន​ដាក់ទណ្ឌកម្ម​ពួក​គេ​ទេ តែ​ក្នុង​ឯកសារ​ផ្លូវច្បាប់​មាន​ចែងថា ប្រសិនបើ​មាន​ការ​ដើរ​ថយ​ក្រោយ​ប្រសិនបើ​ស្ថានភាព​មិន​ធ្វើដំណើរ​តាម​ទិសដៅ​ត្រូវ​ទេ យើង​អាច​ចាត់​វិធានការណ៍​បាន​។ តាម​ពិត​ទៅ យើង​មាន​កាតព្វកិច្ច​ផ្លូវច្បាប់ ដើម្បី​ពិនិត្យមើល​បញ្ហា​ទាំងនេះ ហើយ​ដើម្បី​ធានា​ថា យើង​ចាប់ផ្ដើម​បើក​ការស៊ើបអង្កេត ឬក៏​កិច្ច​ពិគ្រោះ​យោបល់​ឱ្យ​បាន​ដិតដល់ ដើម្បី​ពិនិត្យមើល អំពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។​

សម្រាប់​ប្រទេស​វៀតណាម​វិញ យើង​ដឹង​ច្បាស់​ណាស់​ថា ពិត​ជា​មាន​បញ្ហា​អំពី​ការរំលោភ​សិទ្ធិមនុស្ស​មែន ដែល​គ្មាន​នរណា​ម្នាក់​អាច​ប្រកែក​រឿង​នេះ​បាន​ឡើយ​។ ក៏ប៉ុន្តែ យើង​នៅតែ​គិត​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​គឺជា​រឿង​ល្អ​សម្រាប់​សេដ្ឋកិច្ច តែ​វា​ក៏​ផ្ដល់​នូវ​លទ្ធភាព​សម្រាប់​យើង​ទាំងអស់​គ្នា ឱ្យ​អាច​ធ្វើ​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ប្រទេស​នេះ​បាន​។ …​ថា​តើ​យើង​អាច​ធ្វើ​កិច្ចការ​បាន​យ៉ាង​ដូចម្ដេច​ខ្លះ ក្នុង​ការ​ជួយ​ជំរុញ​បន្ថែម​នោះ​? នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ហើយ​ជាមួយ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ជាមួយ​សហគមន៍ ប្រសិនបើ​មាន​ស្ថានការណ៍​នេះ គឺ​មាន​យន្តការ​ដើម្បី​ដកហូត ឬ​បន្ត​កិច្ចព្រមព្រៀង​នេះ​។ ដូច្នេះ យើង​មាន​កិច្ច​ពិគ្រោះ​យោបល់​ច្រើន ដែល​ពាក់ព័ន្ធ​នឹង​គុណ​តម្លៃ​របស់​យើង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ។ គេ​ក៏​ត្រូវ​ដឹង​ដែរ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តែឯង មិន​អាច​ដោះស្រាយ​រាល់​បញ្ហា​នយោបាយ និង​សង្គម​នៅ​ក្នុង​ប្រទេស​ណាមួយ បាន​នោះ​ទេ​។ វា​អាច​ចូលរួម​បាន ប្រសិនបើ​មានការ​ផ្ដល់​តម្លៃ រួមផ្សំ​ជាមួយ​ឆន្ទៈ​នយោបាយ​ក្នុង​ប្រទេស​នោះ និង​ឧបករណ៍​ជាច្រើន​ដទៃ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles