អ្នក​វិភាគថា ការស្នើសុំ​ជំនួយ​យោធា​បន្ថែម​​ពី​ចិន នឹងបង្កើន​ភា​​ព​ល្អក់កករ​ជាមួយ​​លោក​​ខាង​លិច

ដោយ មាន ឫទ្ធិ
2019-07-10
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គណៈប្រតិភូ​កងទ័ព​ចិន ដឹក​នាំ​ដោយ Senior Colonel Xu Wenhua (ទី៤​ជួរ​ខាងឆ្វេង) នាយក​រង​សាលា​បណ្ឌិត​សភា​កាំភ្លើង​ធំ និង​ការពារ​អាកាស​កងទ័ព​ជើង​គោក កងទ័ព​រំដោះ​ប្រជាជន​ចិន ក្នុង​ជំនួប​ជាមួយ​នាយ​ទាហាន​កម្ពុជា​ដឹក​នាំ​ដោយ​ឧត្ដមសេនីយ៍ឯក មែក ប៊ុន្នី មេបញ្ជាការ បញ្ជាការដ្ឋាន​បញ្ជូន​សារ នៃ​អគ្គបញ្ជាការ នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​ បញ្ជាការដ្ឋាន​បញ្ជូន​សារ នៃ​អគ្គបញ្ជាការ
គណៈប្រតិភូ​កងទ័ព​ចិន ដឹក​នាំ​ដោយ Senior Colonel Xu Wenhua (ទី៤​ជួរ​ខាងឆ្វេង) នាយក​រង​សាលា​បណ្ឌិត​សភា​កាំភ្លើង​ធំ និង​ការពារ​អាកាស​កងទ័ព​ជើង​គោក កងទ័ព​រំដោះ​ប្រជាជន​ចិន ក្នុង​ជំនួប​ជាមួយ​នាយ​ទាហាន​កម្ពុជា​ដឹក​នាំ​ដោយ​ឧត្ដមសេនីយ៍ឯក មែក ប៊ុន្នី មេបញ្ជាការ បញ្ជាការដ្ឋាន​បញ្ជូន​សារ នៃ​អគ្គបញ្ជាការ នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​ បញ្ជាការដ្ឋាន​បញ្ជូន​សារ នៃ​អគ្គបញ្ជាការ


អ្នក​វិភា​គ​​អះអាងថា ការ​​ដែលរបបក្រុង​ភ្នំពេញ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​ជំនួយ​យោធា​​របស់​ចិន នឹង​​ធ្វើ​ឱ្យ​​ប៉ះពាល់កាន់​តែ​ខ្លាំង​ដល់​​ទំនាក់​ទំនង​ជាមួយ​ក្រុម​​ប្រទេស​លោក​​ខាងលិច ដែល​កំពុង​មាន​ភាពល្អក់កករ​ស្រាប់​។ កាល​ពី​ពេល​ថ្មីៗ នេះ ថ្នាក់ដឹក​នាំ​​កងយោធពលខេមរភូមិន្ទ បាន​ស្នើ​សុំ​ភាគី​ចិន​ឱ្យ​ផ្តល់​ជំនួយ​បច្ចេក​​ទេស និង​ធន​ធាន​មនុស្ស​បន្ថែម​​ទៀត​ដល់​កម្ពុជា។

​​អ្នកជំនាញខាង​វិទ្យាសាស្ត្រ​​នយោបាយថា ការពឹង​ពាក់​លើ​ជំនួយ​យោធា​​ពី​ប្រទេស​ចិន​ខ្លាំង​ពេក​ មិន​មែន​ជា​បច្ច័យ​ល្អ​សម្រាប់​​កម្ពុជា​ឡើយ។

សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ថ្លែង​ថា កម្ពុជា​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ជំនួយ​បរទេស​ ដើម្បី​ពង្រឹង​សមត្ថភាព​​យោធា​របស់​ខ្លួន ក៏​ប៉ុន្តែ​ជំនួយ​ទាំងនោះ​​ត្រូវ​តែ​មាន​​តុល្យភាព​គ្នា​រវាង​ជំនួយប្រទេស​​​ចិន ​​អាមេរិក និង​ក្រុម​ប្រទេស​លោក​​ខាងលិច​ដទៃទៀត។ ទន្ទឹម​​នឹងនេះ លោក​​ថា កម្ពុជា​ក៏​ត្រូវប្រុង​ប្រយ័ត្ន ចំពោះ​ការ​គ្រប់​គ្រងព័ត៌មាន​​​សន្តិសុខ​ជាតិ​ដែរ នៅ​​ពេល​ស្នើសុំ​​អ្នក​​ជំនាញ​ការ​បរទេស​ម​ក​ពង្រឹង​សមត្ថភាព​យោធា​របស់​ខ្លួន៖ «កាល​ណា​​យើង​ទទួល​​ជំនួយ​​ យើង​ទទួលយក​​​មន្ត្រី​ជំនាញ​មកចូល​ក្នុង​បណ្តាញ​ប្រព័ន្ធ​សន្តិសុខ​ជាតិ​យើង។ ឧទាហរណ៍​បង្រៀន soft skill (ជំនាញ​​បន្ថែម) ពាក់ព័ន្ធ​នឹង​ចំណេះ​ដឹង​ខាង​ធនធាន​​បញ្ញា​​នេះ វា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​បច្ចេក​​វិទ្យា​អ៊ិនធើណិត អេឡិច​ត្រូនិកហ្នឹង អ៊ីចឹង​ប្រព័ន្ធ​ហ្នឹង​ឯងវា​​ត្រូវការ​សន្តិសុខ​ការពារ​រឹង​មាំ​ អ៊ីចឹង​ទាល់​តែ​កម្ពុជា​លើក​ស្ទួយ ឬក៏​ពង្រឹង​។ កម្ពុជា​ធនធាន​​ខាង​ហ្នឹង​នៅ​មាន​កម្រិតដែរ នៅត្រូវ​ការ​កិច្ច​​សហការ​ ឬការ​ជួយ​ជ្រោម​ជ្រែង​ពី​​បណ្តា​មិត្ត​ទាំងអស់​​នៅលើ​សាកល​លោក​​ហ្នឹង​ដែរ មិន​គិត​​តែ​ចិន​​ទេ ដើម្បី​​ជួយ​ទប់​ស្កាត់​ ឬក៏​​ការ​រក្សា​នូវ​សន្តិសុខ​ជាតិផ្ទៃក្នុង​​របស់​ខ្លួន​ផ្ទាល់ ដើម្បីកុំ​ឱ្យ​​វា​បែក​ខ្ចាយ ឬបែក​ខ្ញែក»

កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍នេះ អគ្គមេបញ្ជាការ​រង​ និង​​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ឥត សារ៉ាត់ បាន​ជួប​ជាមួយ​នាយក​រង​សាលា​បណ្ឌិត​សភា​កាំភ្លើង​ធំ និង​ការពារ​អាកាស​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន លោក ស៊ូ វិនហួ (Xu Wenhua)។ លោក​ ឥត សារ៉ាត់ បាន​ស្នើ​សុំ​ភាគី​ចិន​ឱ្យ​ផ្តល់​ជំនួយ​បន្ថែម​ទៀត ក្នុង​ការ​កសាង​ហេដ្ឋរចនាសម្ព័ន្ធ បំពាក់​គ្រឿង​បរិក្ខារ​ទ័ព ពង្រឹង​សមត្ថភាព និង​ចំណេះ​ដឹង​ខាង​ភាសា​ចិន​ដល់​យោធា​កម្ពុជា ពី​ព្រោះ​ភាគី​កម្ពុជា​នៅ​ជួប​ប្រទះ​ការ​ខ្វះ​ខាត​នៅ​ឡើយ។

(លោក ស៊ូ វិនហួ (Xu Wenhua) (ឆ្វេង) នាយក​រង​សាលា​បណ្ឌិត​សភា​កាំភ្លើង​ធំ និង​ការពារ​អាកាស​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន និង​លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង​ និង​​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ)


ចំណែក​មន្ត្រី​យោធា​ចិន​វិញ បាន​ឆ្លើយ​តប​ថា កងទ័ព​ចិន​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​ចំពោះ​ការ​ជួយ​ជ្រោម​ជ្រែង​កម្ពុជា ហើយ​គ្រោង​ពង្រីក​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​ទៀត ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​បណ្តុះ​បណ្តាល​នាយ​ទាហាន​ជំនាន់​ក្រោយ​របស់​កម្ពុជា។ ភាគី​ចិនបន្ថែម​ទៀត​ថា កង​ទ័ព​រំដោះ​ប្រជាជន​ចិន​នឹង​សហការ​ជាមួយ​ស្ថាប័ន​យោធា​កម្ពុជា ដើម្បី​ស្វែង​យល់​ពី​តម្រូវ​ការ​ជាក់ស្តែង និង​កំណត់​ទិស​ដៅ​គម្រោង​ជំនួយ​ទៅ​ថ្ងៃ​មុខ។​ ជា​ពិសេ​ស ក្រុម​ជំនាញ​​ការ​យោធាចិន​នឹង​ចុះ​សិក្សា​តាម​​បណ្តា​ប្រភេទ​ទ័ព​របស់​កម្ពុជា ស្វែង​យល់​ពី​​ចំណុច​ខ្វះខាត ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ជួយ​​បំពេញ​ចន្លោះ​ប្រហោង​ទាំង​នោះ។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​ (Facebook) ផ្លូវ​ការ​របស់​នាយក​សេនាធិកា​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​​ស្រុក​ស្និទ្ធិ​នឹង​របប​ក្រុង​ភ្នំពេញ​ កាល​ពី​ពេល​ថ្មីៗ នេះ។

សំណើសុំ​ជំនួយ​ពី​កង​ទ័ព​​ចិន​នេះ គឺនៅ​បន្ទាប់​ពី​​មាន​ព័ត៌មាន​ថា ក្រសួង​ការពារ​ជាតិ​​កម្ពុជា​ បាន​បដិសេធ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​ជួសជុល​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​កងទ័ព​​ជើង​ទឹក​រាម នៅ​ខេត្ត​ព្រះសីហនុ។ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​យោធា​របស់​អាមេរិក​​សម្តែង​មន្ទិល​​យ៉ាង​ខ្លាំង​អំពី​​បញ្ហា​នេះ និង​ទាម​​ទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​បក​ស្រាយ​ឱ្យ​បាន​​ច្បាស់លាស់ ពី​ព្រោះ​អាមេរិក​​បារម្ភ​​ថា កម្ពុជា​មាន​ផែន​​ការ​អនុញ្ញាត​ឱ្យ​កង​​ទ័ព​ចិន​​ឈរ​ជើង​នៅ​ទី​តាំង​នោះ។

ទោះជាយ៉ាង​ណា​ក៏​ដោយ មន្រ្តី​រដ្ឋាភិបាល​ប្រកែក​ថា កម្ពុជា​មិន​ដែល​បដិសេធ​ជំនួយ​យោធា​អាមេរិក ក្នុង​ការ​ជួយ​ជួសជុល​មូលដ្ឋាន​កងទ័ព​ជើង​ទឹករាម​នេះ​ទេ។

លោក ឯម សុវណ្ណរ៉ា ថ្លែងថា ​​អាមេរិក​​បាន​ដាក់​ចេញនូវ​យុទ្ធសាស្ត្រ “​ឥណ្ឌូប៉ាស៊ីហ្វិក” ដើម្បី​​ទប់​ទល់​នឹង​គម្រោង “គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់ និង​ផ្លូវ” របស់​​ចិន។ លោក​ពន្យល់​ថា អាស៊ាន​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​យុទ្ធសាស្ត្រ​ “​ឥណ្ឌូប៉ាស៊ីហ្វិក” របស់​អាមេរិក ហើយ​​កម្ពុជា​ស្ថិត​​នៅ​ចំ​ចំណុច​កណ្តាល​នៃ​តំបន់​អាស៊ាន ដូច្នេះ​មានន័យ​ថា​ កម្ពុជា​ស្ថិត​នៅ​ចំ​ចំណុច​កណ្តាល​នៃ​យុទ្ធសាស្ត្រ​នេះ។ លោក​អះអាង​ទៀត​ថា ដោយសារ​កម្ពុជា​មាន​ទំនោរខ្លាំង​ទៅ​រក​​ប្រទេ​​សចិន ទើប​អាមេរិក​​មិន​អាច​នៅស្ងៀម​បាន​ ជាពិសេស​ឱ្យតែ​​មាន​បញ្ហា​ទាក់ទង​នឹង​វិស័យ​យោធា។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រួល​​ទំនាក់​​ទំនង​លើ​វិស័យ​យោធា​ជាមួយ​សហរដ្ឋ​​អាមេរិក និង​​ប្រទេស​លោក​​ខាង​លិច​​ឡើងវិញ ដើម្បី​បញ្ចៀស​នូវ​វិបត្តិ​ទាំង​ឡាយ​នៅ​ពេល​ខាង​មុខ៖ «កសាង​ទំនាក់​​ទំនង ឬក៏​​សហការ​រៀបចំ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋ​​អាមេរិក ឆ្មាំអង្គរ ឬជាមួយ​អូស្ត្រាលី គោព្រៃ ឡើងវិញ​​ទៅ ខ្ញុំ​គិត​ថា ការ​​កសាង​ហ្នឹង​ វា​អាច​ប៉ះប៉ូវ​ វា​អាច​ជួស​ជុល​​​។ កុំ​ឱ្យ​តែ​កម្ពុជា​យើង​លែង​ទទួល​ពី​លោក​ខាង​លិច​រហូត ហើយ​យើង​ទទួល​តែ​លោក​​ខាង​កើត អា​ហ្នឹង​ទើប​កម្ពុជា​មាន​ការ​លំបាក»

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ របប​លោក​ ហ៊ុន សែន បាន​បែរ​ខ្នង​ដាក់​បស្ចឹម​ប្រទេស​កាន់​តែខ្លាំង នៅ​​លើ​វិស័យ​យោធា ក្រោយ​របប​នេះ​ទទួល​បាន​ជំនួយផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ជា​ច្រើន​​សន្ធឹក​សន្ធាប់​ពី​របប​ក្រុង​ប៉េកាំង។ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៨ កន្លង​ទៅ ចិន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ជា​ទឹក​ប្រាក់​ប្រមាណ ១០០លាន​ដុល្លារ​អាមេរិក ​សម្រាប់​វិស័យ​យោធា​ដល់​របប​ក្រុង​ភ្នំពេញ​ ហើយ​ភាគី​ទាំង​ពីរ​បាន​ធ្វើ​សមយុទ្ធ​យោធា​នាគ​មាស​ទ្រង់​ទ្រាយ​ធំ នៅ​ឆ្នាំ២០១៩​ នេះ។

ផ្ទុយ​​ទៅ​វិញ​របប​នេះ លែង​នឹក​នា​ដល់​ការ​​ធ្វើ​​សមយុទ្ធ​​យោធា “ឆ្មាំអង្គរ” ជាមួយ​​អាមេរិក និង​ “ដន​គោ​ព្រៃ” (Dawn Kouprey) ជាមួយ​អូស្ត្រាលី​ត​ទៅ​ទៀត​ហើយ បន្ទាប់​ពី​បាន​ប្រកាស​ផ្អាក កាល​ពី​ឆ្នាំ២០១៧ កន្លង​ទៅ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles