ភរិយា​យុវជន គង់ រ៉ៃយ៉ា ថ្លែង​សារ​ឈឺចាប់​បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ស្វាមី​លោកស្រី​ទាំង​អយុត្តិធម៌

ដោយ មួង ណារ៉េត
2019-07-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន គង់ រ៉ៃយ៉ា និង​ភរិយា​គឺ​លោកស្រី សុខ ស្រីនិច បង្ហោះ​រូប​អាវ​មាន​រូប និង​បណ្ដាំ​បណ្ឌិត កែម ឡី នៃ​ខួប​៣​ឆ្នាំ។ Photo courtesy
យុវជន គង់ រ៉ៃយ៉ា និង​ភរិយា​គឺ​លោកស្រី សុខ ស្រីនិច បង្ហោះ​រូប​អាវ​មាន​រូប និង​បណ្ដាំ​បណ្ឌិត កែម ឡី នៃ​ខួប​៣​ឆ្នាំ។ Photo courtesy


ភរិយា​អតីត​អ្នកទោស​មនសិការ​យុវជន គង់ រ៉ៃយ៉ា ថ្លែង​សារ​ឈឺចាប់ ដែល​សមត្ថកិច្ច​ចាប់​ស្វាមី​លោកស្រី​ទាំង​អយុត្តិធម៌។ លោកស្រី​រៀបរាប់​ថា ស្វាមី​លោកស្រី មិន​ខុស​អ្វី​ទាល់តែ​សោះ​។ លោកស្រី​អំពាវនាវ ឱ្យ​អាជ្ញាធរ​របប​លោក ហ៊ុន សែន ដោះលែង​ស្វាមី​លោកស្រី​ជាបន្ទាន់ និង ដោយ​ឥត​លក្ខខណ្ឌ។

ភរិយា​យុវជន គង់ រ៉ៃយ៉ា លោកស្រី សុខ ស្រីនិច ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី១០ ខែ​កក្កដា ក្នុង​ថ្ងៃ​ដែល​ស្វាមី​លោកស្រី ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ថា មិន​គួរ​ណា​សង្គម​នេះ អយុត្តិធម៌ និង​គ្មាន​មេត្តា​ចំពោះ​ស្វាមី និង ក្រុម​គ្រួសារ​លោកស្រី ដោយសារតែ​មុខរបរ​ចិញ្ចឹមជីវិត​ដោយ​សុចរិត​យ៉ាង​ដូច្នេះ​សោះ​។ លោកស្រី​មិន​យល់​ទាល់តែសោះ ថា​ហេតុអ្វី​បាន​ជា​គ្រាន់តែ​ស្វាមី​លោកស្រី រកស៊ី​លក់​អាវយឺត ដែល​មាន​រូបលោក​បណ្ឌិត កែម ឡី ដែល​ពលរដ្ឋ​ខ្មែរ​គោរព​ស្រលាញ់ និង​នឹក​ស្ដាយ​ស្រណោះ​អាឡោះអាល័យ​ពេញ​ផ្ទៃ​ប្រទេស​សោះ បែរជា​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ទៅវិញ៖ «កុំ​ឱ្យ​ចោទប្រកាន់​ប្ដី​ខ្ញុំ​ថា លក់​អាវ​ខុសច្បាប់​! អត់​មាន​ខុសច្បាប់​ទេ ព្រោះ​ពួក​អ្នកឯង​ទាំងអស់​គ្នា​ហ្នឹង អ្នក​ថ្នាក់​ធំ​ហ្នឹង មិនដែល​មាន​ចេញ​លិខិត​អ្វី ហាមឃាត់​ប្ដី​ខ្ញុំ​ម្ដង​ទេ អត់​ដែល​សោះ​! មិនដែល​ហាមឃាត់​ប្ដី​ខ្ញុំ ថា​អាវ​ហ្នឹង​លក់ មិនបាន​ឬ​មិន​ពេញចិត្ត​អ្នកឯង ឬ​អាវ​ហ្នឹង​ធ្វើ​ឱ្យ​ចលាចល​ក្នុង​សង្គម​អ្វី គឺ​អត់​ដែល​មាន​ខាង​ណា មក​ណែនាំ ឬ ប៉ុស្តិ៍​ណា​មក​ប្រាប់​ប្ដី​ខ្ញុំ​សោះ​។ នៅ​ក្នុង​ប្រទេស​ហ្នឹង ទាំងអស់​គ្នា គេ​បោះពុម្ព​អាវ​ហ្នឹង​ទាំងអស់​គ្នា ហេតុ​ដូចម្ដេច​បាន​ជា​ម​ក​ចាប់​តែ​ប្ដី​ខ្ញុំ?»

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​យុវជន គង់ រ៉ៃយ៉ា។ អតីត​និស្សិត​សាកលវិទ្យាល័យ​ខេមរៈ និង​ជា​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​ផ្ដន្ទាទោស​លោក​ម្ដង​រួច​មក​ហើយ ដោយ​ឱ្យ​ជាប់​ក្នុង​ពន្ធនាគារ​ចំនួន ១៨​ខែ កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ ក្រោម​ការចោទប្រកាន់ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ពាក់ព័ន្ធ​នឹង​សារ​តាម​ហ្វេសប៊ុក​របស់​លោក​។ លោក គង់ រ៉ៃយ៉ា បាន​អនុវត្ត​ទោស​គ្រប់​ចំនួន​កំណត់ ដោយ​ត្រូវ​ជាប់​ពន្ធនាគារ​ពេញ ១៨​ខែ រហូតដល់​ថ្ងៃ​កំណត់​ចេញពី​ពន្ធនាគារ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។

លើក​នេះ ពីរ​ថ្ងៃមុន​បុណ្យខួប​គម្រប់​បី​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី និង​មួយ​ថ្ងៃមុន​ការ​ចាប់ខ្លួន លោក គង់ រ៉ៃយ៉ា បាន​ចេញមុខ​យ៉ាងសកម្ម ដើម្បី​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចូលរួម​ទិញ​អាវយឺត ដើម្បី​ចូលរួម​រម្លឹក​ខួប​នៃ​ករណី​ឃាតកម្ម​នេះ​។ លោក​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​ពពាយនាយ​លក់​អាវយឺត​លោក​បណ្ឌិត កែម ឡី ដែល​មាន​ពណ៌​ស និង​ពណ៌​ខ្មៅ ដែល​អតិថិជន អាច​បញ្ជា​ទិញ​តាម​បណ្ដាញ​សង្គម និង​លេខ​ទូរស័ព្ទ​របស់​លោក ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​នោះ​។ លោក​សរសេរ​បន្ថែម​ថា ប្តី​ប្រពន្ធ​លោក បាន​យក​អាវ​រូបលោក​បណ្ឌិត កែម ឡី ជា​អាវ​គូស្នេហ៍។

ប៉ុន្តែ ការប្រកាស​លក់​អាវ​គូស្នេហ៍​នេះ បាន​ធ្វើ​ឱ្យ​លោក ត្រូវ​ឃ្លាត​ចាក​ឆ្ងាយ​ពី​ភរិយា និង​កូន​តូច​ដែល​អាយុ​ទើបបាន​ជាង ៨​ខែ ព្រោះ​ត្រូវ​ជាប់​ឃុំឃាំង មិន​ដឹង​ពេលណា​នឹង​រួច​ពី​ការ​ចោទ​ប្រកាន់​នេះ​។ លោកស្រី សុខ ស្រីនិច រៀបរាប់​អំពី​ការ​ចាប់​ខ្លួន​នោះ ថា​ធ្វើឡើង​ទាំង​កម្រោល ដោយ​បំពាន​ច្បាប់ ដូច​គេ​ចាប់​ចោរ​ប្លន់ និង ធ្វើឡើង​ដោយ​ភាព​អមនុស្ស ព្រោះ​សមត្ថកិច្ច​សម្រុក​ទៅ​ចាប់​លោក គង់ រ៉ៃយ៉ា និង​ក្រុម​គ្រួសារ​នៅផ្ទះ ទាំង​គ្មាន​ដីកា​ចាប់ខ្លួន និង​គ្មាន​មេត្តាធម៌​ចំពោះ​កូន​តូច​របស់​លោក​ស្រី ដែល​យំ​ស្រេកឃ្លាន​ចំណី និង​ទឹកដោះគោ ដែល​ម្ដាយ​មិន​អាច​បញ្ចុក​បាន ព្រោះ​សមត្ថកិច្ច​បង្ខំ​ឱ្យ​ឡើង​រថយន្ត​យ៉ាង​ប្រញាប់ <<គាត់​ចូល​ផ្ទះ​ខ្ញុំ​ព្រូ ធ្វើ​សកម្មភាព​អូស​ប្ដី​ខ្ញុំទៅតែម្តង។ ថា​នៅ​ក្នុង​ផ្ទះហ្នឹង​មាន​ប៉ុន្មាននាក់? ហើយ​ប្តីខ្ញុំ​សួរ​ថា បង​ចុះ​មកហ្នឹង​មាន​ដីកា​ឬទេ? អត់​មានទេ!​ អត់​មាន​ដីកា​ តែបទល្មើស​ជាក់ស្តែង! គាត់​សួរ​ទៀតថា បទ​ល្មើសជាក់ស្តែង​ស្អីគេបង? ខាង​សមត្ថកិច្ច​ថា អត់​ប្រាប់​ទេ! ពេលទៅដល់ហ្នឹង នឹងដឹង​ហើយ! ពេលនោះ​ក៏ចាប់​ទាំង​ខ្ញុំ​ទៀត ខ្ញុំ​កំពុង​បញ្ចុកបបរ​កូន បបរ​កូន​នៅនឹង​មាត់​ បញ្ចុក​មិន​ទាន់​ទាំងអស់​ស្រួល​បួល​ផង! ពេល​ចាប់​ខ្ញុំ​ទៅដែរ ខ្ញុំថាឈប់​សិន​បង ខ្ញុំសុំ​បញ្ចុក​ទឹក​កូន​ខ្ញុំសិន! ​សមត្ថកិច្ច​ឆ្លើយ​ថា អត់​ទេ! អ៊‌ីចឹង​ខ្ញុំ​សុំ​បងឯង អនុញ្ញាត​ឲ្យ​ខ្ញុំ​បញ្ចុក​ទឹក​ដោះ​គោ​កូន​ខ្ញុំ​សិន! សមត្ថកិច្ចឆ្លើយ​ថាអត់​ទេ​ទៀត។ ពេល​នោះ​ប្ដី​ខ្ញុំអង្វរ! ប្តីខ្ញុំ​ថា ឥឡូវ​បង បងឯង​អាណិត​ខ្ញុំ! អាណិត​ដល់​ក្មេង​តូចគ្នា​អត់​ដឹង​អី! បង​ឯង​ចាប់​តែ​ខ្ញុំ​បានហើយ។ បង​ឯង​កុំ​ចាប់​កូន​ប្រពន្ធខ្ញុំ​ទៅអី។ ទុក​ឲ្យ​ពួកគាត់​នៅ​ទីនេះ បាន​មឹម​សិន​ទៅ។ សមត្ថកិច្ចថា អត់​ទេ ទៅ​ទាំងអស់គ្នា! រុញ​ប្តី​ខ្ញុំ​ទៅ អូសប្តី​ខ្ញុំ​ទៅ សឹង​តែង​ដូច​អ្នក​ទោស​ហ្មង និយាយ​រួម​ដូច​អ្នកទោសឧក្រិដ្ឋ​ជន​​​ហ្មង។ ប្តី​ខ្ញុំ​រកតែពាក់​ទ្រនាប់​ជើង​ សឹង​មិន​ទាន់ផង! អូសកក្របួច​ប្តី​ខ្ញុំ​ទៅ។ និយាយ​រួម​ចាប់ក្រៀកកគាត់​ទៅ​>>។

លោកស្រី​បន្ថែម​ថា លោក គង់ រ៉ៃយ៉ា ស៊ាំ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​នេះ ហើយ​លោកស្រី​សរសើរ​ភាព​រឹងប៉ឹង​របស់​ស្វាមី ដែល​ទោះជា​ក្នុង​ស្ថានការណ៍​បែបនេះ ក៏​នៅតែ​បង្ហាញ​ស្នាម​ញញឹម មិន​ទន់ជ្រាយ ឬ​តក់ស្លុត​សូម្បីតែ​បន្តិច​។ ប៉ុន្តែ លោកស្រី​ឈឺចាប់ និង​អាណិត​ស្វាមី​ខ្លោចចិត្ត ដែល​ត្រូវ​បង្ហូរទឹកភ្នែក​ជា​លើកដំបូង តាំងពី​រៀបការ​ជាមួយ​លោកស្រី គឺ​ដោយសារតែ​ខឹង និង​មិន​អាច​ស៊ូទ្រាំ បាន​ចំពោះ​ទង្វើ​របស់​សមត្ថកិច្ច ដែល​គ្មាន​ធម៌​មេត្តា​ចំពោះ​កូន​តូច​របស់​លោក​ស្រី ដែល​មិនទាន់​ដឹង​ក្តី​បែបនេះ <<ប្ដី​ខ្ញុំ​អត់​ដែលស្រក់​ទឹក​ភ្នែកទេ! ពេលគេ​អូស​ទៅ​ដល់​ស្នង​ការ​ គាត់​ស្រក់ទឹកភ្នែក ព្រោះ​ធម្មតាគាត់​ក្លាហាន​ណាស់​ គាត់​អត់ស្រក់​ទឹក​ភ្នែក​ងាយៗទេ​​ តែ​គាត់​អាណិត​កូ​នគាត់​ ដែលធ្វើរំលោភសិទ្ធិ​កូន​គាត់ អាយុមិន​ទាន់​គ្រប់​មួយខួប​ផង អត់​ឲ្យ​កូន​គាត់មឹម ហើយ គេអត់ឲ្យ​យកទឹក​មក​តាម​ខ្លួន​ទៀត​​>>។

អ្វីដែលលោកស្រីរឹតតែស្រណោះខ្លាំងជាង​នេះទៅទៀតនោះ គឺ​ការណ៍​ដែលកូនតូចរបស់​លោកស្រី ខាន​បានប្រលែងលេង​​ជាមួយឪពុកដូច​មុន ដោយសារ​តែការ​ចាប់ចង ធ្វើ​ឲ្យ​ឳពុកនិង​កូន​ ត្រូវបែកគ្នានេះ <<ស្រណោះបំផុត គឺស្រណោះ​កូន​ខ្ញុំ ដែល​វា​នៅ​តូច​ណាស់! វា​ស្រលាញ់​ឳវា នឹក​ឳវា! វា​ធ្លាប់​នៅ​ក្បែ​រឳវា! ខ្ញុំ​ឈឺចាប់​ដែលឃើញ​គាត់​ព្រាត់ប្រាស​ពី​ឳពុក​របស់​គាត់អ៊‍ីចឹង!>>។

ទោះជា​យ៉ាង​នេះ​ក្ដី លោកស្រី​ក៏​បង្ហាញ​ស្មារតី​រឹងប៉ឹង របស់​លោក​ស្រី ដែល​មិន​ចុះ​ញ៉ម​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ មក​លើ​គ្រួសារ​លោកស្រី​ឡើយ។ លោកស្រី សុខ ស្រីនិច បញ្ជាក់​ថា លោកស្រី​រឹងមាំ​គ្រប់គ្រាន់​ហើយ សុំ​កុំ​ឱ្យ​លោក គង់ រ៉ៃយ៉ា បារម្ភ​អ្វី ព្រោះ​លោកស្រី ក៏​មិន​តក់ស្លុត​នោះ​ដែរ ចំពោះ​បញ្ហា​ទាំងអស់​នេះ​។ ដោយ​មិន​ជឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា លោកស្រី​យក​ការ​បន់ស្រន់​ជំនួស ដោយ​បួងសួង​សុំ​ឱ្យ​លោក គង់ រ៉ៃយ៉ា កុំ​មាន​គ្រោះថ្នាក់​អ្វី​ឱ្យ​សោះ ហើយ​លោកស្រី និង​កូន​ប្រាជ្ញា​នៅ​រង់ចាំ​រហូត​។ លោក​ស្រី​ថា លោកស្រី​ចាំ​មិន​ភ្លេច​លុះ​ថ្ងៃ​ស្លាប់ លោកស្រី​ឈឺចាប់​ណាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "ភរិយា​យុវជន គង់ រ៉ៃយ៉ា ថ្លែង​សារ​ឈឺចាប់​បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ស្វាមី​លោកស្រី​ទាំង​អយុត្តិធម៌"

  1. so socheath says:

    លោក​សួង នាគព័ន្ធ អ្នក​ដឹកនាំ​ការ​រៀបចំ​ពិធី​រំលឹក​ដល់​លោក​បណ្ឌិត​កែម ឡី​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

    «យើង​រំលឹក​នូវ​ការ​បាញ់សម្លាប់​ហ្នឹង​ដោយ​មិន​មាន​យុត្តិធម៌​សម្រាប់​គាត់​ យើង​និយាយ​សារ​មួយ​ទៅ​រដ្ឋាភិបាល​ ឱ្យ​រដ្ឋាភិបាល​វែក​មុខ​ឃាតក​ពិត​ ឃាតក​ដែល​គាត់​ចាប់​បាន​គឺជា​ឃាតក​សិប្បនិម្មិត ​ជា​ឃាតក​ក្លែងបន្លំ ​ជា​ឃាតក​ដូរ​មនុស្ស​ មិនមែន​យើង​មិន​ដឹង​ទេ ប៉ុន្តែ​យើង​ចង់​ឱ្យ​រដ្ឋាភិបាល​វែកមុខ​រក​ឃាតក​ពិត​មក​ថា​នៅ​ពីក្រោយ​ខ្នង​ជា​អ្នកណា‍»។ (ប្រភព VOA )

    និយាយភ្លើៗបែបនេះ ​សួង នាគព័ន្ ​ សមនឹងជាប់គុកអត់ថ្ងៃចេញហើយ ។ ព្រោះថា
    ពាក្យថា​ ( មិនមែន​យើង​មិន​ដឹង​ទេ ) មានន័យថា សួង នាគព័ន្ ជាអ្នកដឹងច្បាស់ដោយប្រាកដ ។
    អញ្ចឹង ឃាតកពិតជានរណា ? បើគាត់ចោទថា ឃាតកបាញ់សម្លាប់ កែម ឡី
    ដែលសមត្ថកិច្ចចាប់បានថាជា​ឃាតក​សិប្បនិម្មិតនោះ តើគាត់មានអំណះអំណាង​បែបណា ដើម្បីទូទាត់់រក​ភាពសមហេតុផលសម្រាប់ការអះអាងរបស់គាត់នោះ ? ៕