មន្ត្រី​របប​ភ្នំពេញ​ថា រដ្ឋ​គ្មាន​គោលនយោបាយ​ចេញ​ថ្លៃ​ខាតបង់​ឱ្យ​ម្ចាស់​ជ្រូក​ងាប់​ដោយសារ​ជំងឺ

ដោយ យន់ សាមៀន
2019-07-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA


របប​ក្រុងភ្នំពេញ ពុំ​មាន​គោលនយោបាយ​ជួយ​កសិករ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ ខណៈ​ដែល​ជំងឺ​ជ្រូក​ប៉េស្ត​អាហ្វ្រិក​កំពុង​រាលដាល​ក្នុង​ខេត្ត​ចំនួន​៤ នៃ​ប្រទេស​កម្ពុជា។

អ្នកនាំពាក្យ​នៃ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ថ្លែង​ថា កម្ពុជា​មិន​មាន​ច្បាប់​កំណត់ ពី​ការ​ផ្ដល់​សំណង​ដល់​ពលរដ្ឋ​ចិញ្ចឹម​ជ្រូក ដែល​រង​ផល​ប៉ះពាល់ ដោយសារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ទេ​។ លោក ផៃ ស៊ីផាន បញ្ជាក់​ថា ការ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ នោះ​ជា​ការ​ទទួល​ខុសត្រូវ​របស់​ពលរដ្ឋ​ដោយ​ខ្លួនឯង ដោយហេតុថា ប្រទេស​កម្ពុជា​ជា​ប្រទេស​គោរព​គោលការណ៍​ទីផ្សារ​សេរី។ ការ​លើក​ឡើង​នេះ គឺ​ធ្វើឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ថ្ងៃ​ទី១១ កក្កដា នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​៖ «ដំណាក់កាល​នេះ​យើង​អត់​មាន​គម្រោង ក្នុង​ការ​ជួយ​ចែករំលែក​នូវ​ការ​បង់​ខាត​របស់​អ្នក​ចិញ្ចឹម​ក្នុង​គ្រួសារ​នោះ​ទេ​។ ប៉ុន្តែ​ក៏​មិន​បានសេចក្ដីថា​ដាច់​ណាត់ យើង​មិន​ធ្វើ​ទេ។ នេះ​ជា​ការ​សម្រេច​ចិត្តជា​នយោបាយ​ទៅវិញ​។ ខ្ញុំ​មិន​ដឹង​ទេ​ការសម្រេច​តាម​នយោបាយ ប៉ុន្តែ​តាម​គោលការណ៍​ច្បាប់ យើង​អត់​មាន​ទៅ​ជួយ​រំលែក នៅ​ក្នុង​ការខូចខាត​នោះ​ទេ​។ ហើយ​យើង​សួរ​ថា បើ​រដ្ឋ​មាន​កាតព្វកិច្ច​ឱ្យ​កម្ទេច​សត្វ​ដែល​មាន​ជំងឺ​នោះ ត្បិត​គាត់​បាន​ចូលរួម​នៅ​ក្នុង​ភ្នាក់ងារ​ចម្លង​ជំងឺ​ដែរ។ ហ្នឹង បានសេចក្ដីថា គាត់​ត្រូវតែ​ទប់ស្កាត់ រដ្ឋ​ត្រូវតែ​ទប់ស្កាត់​មិន​ឱ្យ​ចេញ មិន​ឱ្យ​ឆ្លង​តទៅទៀត»

អាស៊ីសេរី ព្យាយាម​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា លោក ស្រ៊ុន ពៅ តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជាច្រើន​ដង ដោយ​ហៅ​ចូល​តែ​គ្មាន​អ្នកទទួល។

ទោះបីជា​យ៉ាងណា របប​ក្រុងភ្នំពេញ នៅតែ​ជំរុញ​លើកទឹកចិត្ត ដល់​កសិករ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ ឱ្យ​បន្ត​សហការ​ជាមួយ​មន្ត្រី​ជំនាញ​កសិកម្ម​នៅ​តាម​សហគមន៍​របស់​ខ្លួន ដើម្បី​ការពារ​ប្រយោជន៍​របរ​ចិញ្ចឹម​ជ្រូក​។ ក្រៅ​ពី​នេះ លោក ផៃ ស៊ីផាន ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន ប្រញាប់​រាយការណ៍​ទៅ​សមត្ថកិច្ច ប្រសិនបើ​ឃើញ​មាន​ករណី​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ជិតខាង ជា​ពិសេស​ពី​ប្រទេស​វៀតណាម។

គិត​មកដល់​ពេល​នេះ អាជ្ញាធរ បាន​សម្លាប់​សត្វ​ជ្រូក​អស់​ជិត ៨​រយ​ក្បាល (៧៩៨) ហើយ​មាន​ជ្រូក​ជាង​១​ពាន់​ក្បាល​ទៀត​ងាប់ ដោយសារ​កើត​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ខណៈ​ដែល​តម្លៃ​សត្វ​ជ្រូក​១​ក្បាល លក់​បាន​ជាង​២​រយ​ដុល្លារ​។ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក កំពុង​កើតឡើង​នៅ​ក្នុង ខេត្ត​រតនគិរី ស្វាយរៀង តាកែវ​និង ខេត្ត​ត្បូងឃ្មុំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles