ស្នងការ​ក្រុង​ភ្នំពេញ​បញ្ជូន​យុវជន គង់ រ៉ៃយ៉ា ទៅ​តុលាការ​រឿង​លក់​អាវ​បណ្ឌិត​ កែម ឡី

ដោយ ជុន ច័ន្ទបុត្រ
2019-07-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន គង់ រ៉ៃយ៉ា ពេល​ទើប​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ពី​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA
យុវជន គង់ រ៉ៃយ៉ា ពេល​ទើប​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ពី​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA


ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​គឺ​យុវជន គង់ រ៉ៃយ៉ា ទៅ​​តុលាការ បន្ទាប់​ពី​ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ពាក់ព័ន្ធ​ករណី​លោក​បង្ហោះ​ហ្វេសប៊ុក (Facebook) លក់​អាវ​មាន​រូប​បណ្ឌិត កែម ឡី​។ សង្គម​ស៊ីវិល ចាត់​ទុក​ចំណាត់ការ​របស់​អាជ្ញាធរ ជា​ការ​រំលោភច្បាប់ និង​ជំរុញ​ឱ្យ​អាជ្ញាធរ គួរតែ​ព្យាយាម​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ដែល​សម្លាប់​បណ្ឌិត កែម ឡី វិញ។

ភរិយា​របស់​លោក គង់ រ៉ៃយ៉ា គឺ​លោកស្រី សុខ ស្រីនិច សរសេរ​នៅ​លើ​ហ្វេសប៊ុក​ថា ស្វាមី​របស់​លោកស្រី ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​កក្កដា ។ ចំណែក​លោកស្រី និង​ប្អូនថ្លៃ​ឈ្មោះ គង់ មករា និង​ឈ្មោះ សុខ ឌីណា ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​រៀបចំ ឯកសារ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ លោកស្រី​អះអាង​ថា ស្វាមី មិន​បាន​ធ្វើ​អ្វី​ខុសច្បាប់​នោះ​ទេ និង​ទាមទារ​ឱ្យ​សមត្ថកិច្ច​ដោះលែង​វិញ។

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​លោកស្រី សុខ ស្រីនិច បាន​នៅឡើយ​ទេ ដោយសារ​លោកស្រី មិន​ទទួល​ទូរស័ព្ទ។

កាលពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​លោក គង់ រ៉ៃយ៉ា និង​ភរិយា របស់​លោក ព្រមទាំង​ប្អូនៗ​របស់​លោក​២​នាក់​ទៀត ដោយ​ចោទ​ប្រកាន់​ថា ញុះញង់​បង្ក​ចលាចល នៅ​ក្នុង​សង្គម ដោយសារតែ​លោក​បង្ហោះ​ហ្វេសប៊ុក​លក់​អាវ​មាន​រូប និង​ពាក្យ​បណ្ដាំ​របស់​លោក បណ្ឌិត​កែម ឡី ថា ”​បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ គង់តែ​នឹង​រង​គ្រោះ​ដែរ គ្រាន់តែ មិន​ទាន់​ដល់​វេន​អ្នក ប៉ុណ្ណោះ

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត និង​អ្នកនាំពាក្យ អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ជា​ច្រើន​ដង​តែ​ពុំ​មាន​អ្នកទទួល​ទូរស័ព្ទ​។ ចំណែក អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បដិសេធ​មិន​ឆ្លើយតប​សំណួរ​របស់​អាស៊ីសេរី និង​បាន​ចុច​បិទ​ទូរស័ព្ទ៖ «ធ្វើ​ម៉េច​ខ្ញុំ​ជឿ​ថា ជា​អាស៊ីសេរី​ទៅ បើ​អត់​ស្គាល់​លេខ​ទូរស័ព្ទ​នេះ​ផង»

លោក ស ថេត ប្រាប់​វិទ្យុ​វីអូឌី​ថា សមត្ថកិច្ច​ពិតជា​បញ្ជូន​យុវជន គង់ រ៉ៃយ៉ា ទៅ​តុលាការ​មែន ដោយ សារ​តែ​លក់​អាវ​បណ្ឌិត កែម ឡី។

ប្រធាន​មូលនិធិ​បណ្ឌិត កែម ឡី គឺ​លោក សៅ កុសល មាន​ប្រសាសន៍​ថា ចំណាត់​ការ​របស់​អាជ្ញាធរ នេះ​គឺ​ធ្វើ​ឡើង​តាម​អារម្មណ៍ មិន​ផ្អែក​តាមច្បាប់​នោះ​ទេ ព្រោះ​គ្រាន់តែ​លក់​អាវ​មាន​រូប និង​ពាក្យ​បណ្ដាំ​បណ្ឌិត​កែម ឡី មិន​អាច​បង្ក​ឱ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម​នោះ​ទេ។ លោក​ចាត់​ទុក​ទង្វើ​របស់ អាជ្ញាធរ​គឺជា​ការ​គំរាមកំហែង​ដល់​អ្នក កែម ឡី និយម និង​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បំភ្លេច​លោក​បណ្ឌិត កែម ឡី ចោល៖ «អាជ្ញាធរ​គួរតែ​ធ្វើ​ការងារ​ស្រាវជ្រាវ​រក​ឃាតក​ពិត​ដែល​សម្លាប់​លោក​បណ្ឌិត​កែម ឡី ប្រសើរ​ជាង​ដើរ​ចាប់​អ្នកនេះ​ចាប់​អ្នកនោះ​ដោយសារតែ​គាត់​គោរព​ស្រលាញ់​លោក​បណ្ឌិត។ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង​បញ្ហា​ឃាតកម្ម​នេះ វា​ពាក់ព័ន្ធ​នឹង​អ្នក​ធំៗ អ៊ីចឹង​វា​ពិបាក​ណាស់​សូម្បីតែ​ពួក​យើង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នេះ​ក៏​មិន​ឱ្យ»

រីឯ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​(CHRAC) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា ការ​ចាប់​ខ្លួន យុវជន គង់ រ៉ៃយ៉ា គឺជា​ការរំលោភ​សិទ្ធិ​បញ្ចេញមតិ។ សេចក្តី​ថ្លែងការណ៍​បន្ត​ថា ផ្អែក​តាម​គោល ការណ៍​សកល​ស្ដីពី​សិទ្ធិមនុស្ស គឺ​សកម្មភាព​របស់​គាត់ មិន​ខុសច្បាប់​អ្វី​ទេ ដូច្នេះ​ការចោទប្រកាន់ របស់​អាជ្ញាធរ គឺ​មិន​សម​ទំនង​ទាល់តែសោះ និង​ជា​ការ​រំលោភ​សិទ្ធិ​បញ្ចេញមតិ​ធ្ងន់ធ្ងរ​។ អង្គការ សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស ស្នើសុំ​ឱ្យ​ដោះលែង​យុវជន គង់ រ៉ៃយ៉ា ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ និង​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​ជួបជុំ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

យុវជន គង់ រ៉ៃយ៉ា ជា​អតីត​និស្សិត​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​ខេមរៈ ធ្លាប់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ ១​ឆ្នាំ ៦​ខែ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ បន្ទាប់ពី​យុវជន​រូប​នេះ​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ឆ្នាំ​២០១៥​។ បន្ទាប់​ពី​ចេញពី​ពន្ធនាគារ លោក​បាន​បង្កើត​បណ្ណាល័យ កែម ឡី ដើម្បី​តាំង​សៀវភៅ​ឱ្យ​សាធារណជន​ចូល​អាន​ដោយ​ឥតគិតថ្លៃ​។ បន្ទាប់​មក លោក​តែងតែ​បង្ហោះ​សារ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ទិញ​ក្រមា និង​អាវយឺត​ដែល​មាន​រូប​​បណ្ឌិត កែម ឡី ហើយ​សកម្មភាព​របស់​លោក​កាន់តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​ពលរដ្ឋ​នៅ​ពេល​ពិធីបុណ្យ​ខួប​គម្រប់ ៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាន់តែ​​ខិត​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment