កម្មករ​រោងចក្រ​មួយ​នៅ​អង្គស្នួល​បន្ត​ចេញ​បាតុកម្ម​មុខ​រោងចក្រ​ទាមទារ​ឱ្យ​ផ្លាស់ប្ដូរ​រដ្ឋបាល

ដោយ វ៉ែន សុមេធ
2019-07-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បូវឃើរ ហ្គាមេន ហ្វេកធើរី (ហ្វេសប៊ុក)
បូវឃើរ ហ្គាមេន ហ្វេកធើរី (ហ្វេសប៊ុក)


កម្មករ​រោងចក្រ ប៊ូវឃ័រ (Bowker Garment Factory) នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បន្ត​ចេញ​ធ្វើបាតុកម្ម​មុខ​រោងចក្រ ទាមទារ​ឱ្យ​ផ្លាស់ប្ដូរ​ប្រធាន​រដ្ឋបាល​រោងចក្រ​ចេញ​។ កម្មករ​និយាយ​ថា ប្រធាន​រដ្ឋបាល​រោងចក្រ​បាន​បង្ក​ការ​លំបាក និង​បណ្ដេញ​កម្មករ​ចេញ​ដោយ​គ្មាន​ហេតុផល ទើប​ពួកគេ បាតុកម្ម​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​បញ្ឈប់​ប្រធាន​រដ្ឋបាល​នោះ។

កម្មការិនី​ម្នាក់ អ្នកស្រី លី ផល្លា ប្រាប់​ថា ដើមចម​ដំបូង គឺ​មាន​មូលហេតុ​៣ ដែល​កម្មករ​នាំគ្នា​តវ៉ា គឺ ប្រធាន​រដ្ឋបាល​បញ្ឈប់​កម្មករ​គ្មាន​ហេតុផល កាត់​លុយ​កម្មករ​ចំនួន​១​ពាន់ (.០០០) រៀល រាល់ពេល​កម្មករ​ចេញពី​ធ្វើការ​មុន​ម៉ោង និង​ធ្វើ​ឱ្យ​បាត់​លុយ​ប៉ូវ​របស់​កម្មករ។

ថ្លែងប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ ពី​កន្លែង​ធ្វើបាតុកម្ម​មុខ​រោងចក្រ នៅ​ថ្ងៃ​ទី​១២ កក្កដា កម្មការិនី​រូប​នេះ ឱ្យ​ដឹង​ថា ការ​តវ៉ា​ច្រើន​ថ្ងៃ​មកនេះ មាន​មន្ត្រី​ក្រសួង​ការងារ និង​មន្ទីរ​ការងារ​នៅ​ខេត្ត​កណ្ដាល មក​ជួយ​សម្របសម្រួល​ដែរ តែ​គ្មាន​លទ្ធផល ដែល​អាច​ទទួល​យក​បាន​ទេ ដោយសារ កម្មករ​ទាមទារ​ឱ្យ​បញ្ឈប់​ប្រធាន​រដ្ឋបាល​ដាច់ខាត ឯ​ខាង​ក្រុមហ៊ុន​ទាមទារ​ឱ្យ​រក្សាទុក​ប្រធាន​រដ្ឋបាល​ដាច់ខាត​ដែរ៖ «បញ្ហា​ជាច្រើន ដែល​មិន​ពេញ​ចិត្តនឹង​រដ្ឋបាល​ហ្នឹង ដោយសារតែ​គាត់ ចំណុច​ទី ១​ហ្នឹង គាត់​បញ្ឈប់​កម្មករ ដោយ​គ្មាន​ហេតុផល​។ នៅតែ​មិន​អស់ចិត្ត ពេលព្រឹក​ខាង​មន្ត្រី​ក្រសួង​ការងារ​ម្នាក់​ចេញ​មក​ថា បញ្ឈប់​ហើយ​។ ដល់​ល្ងាច ម្នាក់​ទៀត​ថា អត់​បញ្ឈប់​ទេ»

កម្មករ​រោងចក្រ​ប៊ូវឃ័រ ហ្គា​មិន ហ្វេកតូរី (Bowker Garment Factory) ជាង ១​ពាន់ (១ ០០០)​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា ផ្ដើម​តវ៉ា​តាំងពី ថ្ងៃ​ច័ន្ទ ទី​៨ កក្កដា​មក ដោយ​ធ្វើបាតុកម្ម​មុខ​រោងចក្រ។

រោងចក្រ​ប៉ូវឃ័រ ស្ថិតនៅ​ឃុំ​បែកចាន ស្រុក​អង្គស្នួល​។ រោងចក្រ​នេះ មាន​កម្មករ​សរុប​ជាង ៤​ពាន់​នាក់ ហើយ​មាន​សហជីព​មូលដ្ឋាន​ចំនួន​៤​។ កម្មករ ជាង​១​ពាន់​នាក់ កំពុង​តវ៉ា​មុខ​រោងចក្រ ជា​សមាជិក​របស់​សហជីព​អភិវឌ្ឍន៍​កម្ពុជា​។ ចំណែក​ក្រុម​កម្មករ​ប្រហែល​៣​ពាន់​នាក់​ផ្សេងទៀត មិន​បាន​ចេញ​តវ៉ា​ទេ ដោយសារ​ពួកគេ​អះអាង​ថា ការ​តវ៉ា​របស់​ក្រុម​សហជីព​អភិវឌ្ឍន៍​កម្ពុជា គឺ​ពួកគេ​មិន​ពេញចិត្ត​ប្រធាន​រដ្ឋបាល មិនមែន​ជា​បាតុកម្ម​ទាមទារ​ផលប្រយោជន៍​រួម​ឱ្យ​កម្មករ​រោងចក្រ​ទេ។

អាស៊ីសេរី បាន​ទូរស័ព្ទ ទៅ​សុំ​ការ​បំភ្លឺ​ពី​ខាង​ភាគី​ប្រធាន​រដ្ឋបាល​រោងចក្រ ប៉ូវឃ័រ លោក យង់ គង់ តាម​លេខ​ទូរស័ព្ទ​ដែល​កម្មករ និង​អ្នកសារព័ត៌មាន​ក្នុងស្រុក​ផ្ដល់​ឱ្យ តែ​អ្នក​លើក​ទូរស័ព្ទ ប្រាប់​ថា​ច្រឡំ​លេខ។

អាស៊ីសេរី ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​ភាគី​ក្រសួង​ការងារ គឺ អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​រោងចក្រ លោក ទេស រុក្ខាផល និង​អនុប្រធាន​ផ្នែក​អន្តរាគមន៍ និង​ដោះស្រាយ​បាតុកម្ម​កូដកម្ម​គ្រប់មុខ​សញ្ញា លោក អ៊ូ រតនា ដែល​បាន​ចុះទៅ​ដោះស្រាយ​ផ្ទាល់​នៅ​រោងចក្រ​នោះ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ដោយសារ លោក​មិន​ទទួល​ទូរស័ព្ទ។

ប៉ុន្តែ​លោក អ៊ូ រតនា ប្រាប់​សារព័ត៌មាន​ក្នុងស្រុក (VOD) ថា ការ​ចរចា​រក​ដំណោះស្រាយ​ជាមួយ​ភាគី​រោងចក្រ និង​តំណាង​កម្មករ គឺ ដោះស្រាយ​បាន​ច្រើន​ចំណុច​ហើយ នៅសល់​ចំណុច​តិចតួច​ប៉ុណ្ណោះ។

តែ​តំណាង​កម្មករ​ម្នាក់ ក្នុងចំណោម​ជាង​១០​នាក់ ដែល​ចូលរួម​ប្រជុំ​រក​ដំណោះស្រាយ​ជាមួយ​ភាគី​ថៅកែ​រោងចក្រ និង​តំណាង​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា អ្នកស្រី ស៊ុន ស្រីនាង ឱ្យ​ដឹង​ថា កិច្ចប្រជុំ​ប៉ុន្មាន​ថ្ងៃ​មកនេះ គ្មាន​លទ្ធផល​អ្វី​ទេ ដោយសារ​ភាគី​ថៅកែ ទាមទារ​រក្សាទុក​រដ្ឋបាល​ដដែល ឯ​តំណាង​កម្មករ​ទាមទារ​ដក​ប្រធាន​រដ្ឋបាល​ចេញ​ដាច់ខាត។

អ្នកស្រី ស៊ុន ស្រីនាង ប្រាប់​ថា ដោយសារ​ភាគី​ទាំងពីរ​នៅ​ជម្នះ​បែបនេះ ខាង​មន្ត្រី​ក្រសួង​ការងារ មិនទាន់​សម្រេច​បែប​ណា​ទេ ហើយក៏​មិនទាន់​កំណត់ពេល​វេលា​ចរចា​ប​ន្ត​ទៀត នៅ​ពេល​ណា​ដែរ៖ «អត់​ទាន់​ដឹង​ទេ អត់​ទាន់​ដឹង​ទេ​អូន​។ ប៉ុន្តែ​ខាង​រោងចក្រ​គាត់​មាន​គោលជំហរ​មួយ​ថា មិន​ព្រម​ដក​រដ្ឋបាល​ទេ​ណា​។ តែ​ខាង​កម្មករ ក៏​គាត់​មាន​គោលជំហរ​មួយ​ដែរ គឺថា បើ​មិន​ដក កម្មករ​ក៏​មិន​ព្រម​ចូល​ធ្វើការ​ដែរ​។ បងប្អូន​កម្មករ​ថា ទទួល​យក​លែង​បាន​ហើយ»

រោងចក្រ​នេះ មាន​ថៅកែ ជា​ជនជាតិ​ចិន ហើយ​កាត់ដេរ​ខោអាវ​កីឡា ម៉ាក អេឌីដាស់ (Adidas) នាំ​ចេញទៅ​ទីផ្សារ​នៅ​អឺរ៉ុប​។ កម្មករ ថា ពួកគេ​នឹង​បន្ត​ការ​តវ៉ា​នៅមុខ​រោងចក្រ​បន្ត​ទៀត មុននឹង​សម្រេច​ចិត្ត​ទៅ​ស្នើសុំ​កិច្ច​អន្តរាគមន៍​នៅ​តាម​ស្ថាប័ន​រដ្ឋ​ផ្សេង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment