“ការ​តម្រូវ​ឱ្យ​អ្នក​កាសែត​សុំ​មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគិរី​មុន​ចុះ​យក​ព័ត៌មាន ជា​ការ​បំពាន​ធ្ងន់ធ្ងរ”

ដោយ យន់ សាមៀន
2019-07-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)។ រូបថត៖ ហ្វេសប៊ុក លោក ណុប វី
នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)។ រូបថត៖ ហ្វេសប៊ុក លោក ណុប វី


សង្គម​ស៊ីវិល និង​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​យល់​ថា ការ​តម្រូវ​ឱ្យ​អ្នកកាសែត ជូនដំណឹង ឬ​សុំច្បាប់​ទៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគិរី​សិន មុននឹង​អាច​ចូល​យក​ព័ត៌មាន​បាន ជា​ការ​បំពាន​សេរីភាព​សារព័ត៌មាន​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​លទ្ធផល​ស៊ើបអង្កេត និង​វិជ្ជាជីវៈ​សារព័ត៌មាន។ តែ​មន្ត្រី​ក្រសួង​ព័ត៌មាន​យល់​ថា វិធានការ​របស់​ខេត្ត ជា​ការ​ជួយ​លើកស្ទួយ​សេរីភាព​សារព័ត៌មាន និង​ការពារ​សុវត្ថិភាព​អ្នកកាសែត​ទៅវិញ។

និពន្ធ​នាយក​កាសែត ខ្មែរថាមស៍ (Khmer Times) លោក ម៉ៃ ទិត្យថារ៉ា ហៅ​វិធានការ​អាជ្ញាធរ​ខេត្ត ជា​ការ​ដាក់​សម្ពាធ និង​ប៉ះពាល់​វិជ្ជាជីវៈ​សារព័ត៌មាន​ធ្ងន់ធ្ងរ។ លោក​ថា ត្បិត​អភិបាល​ខេត្ត​រតនគិរី បារម្ភ​ខ្លាច​មាន​ជនខិលខូច ប្រើ​ឈ្មោះ​អ្នកកាសែត ធ្វើ​សកម្មភាព​ផ្ដេសផ្ដាស​នៅ​ខេត្ត​នេះ តែ​អាជ្ញាធរ​គួរ​មាន​វិធានការ​ច្បាប់ ជាជាង​ការ​តម្រូវ​ឱ្យ​អ្នកកាសែត​ទាំងអស់​សុំ​ច្បាប់​បែបនេះ។ «»

អភិបាល​ខេត្ត​រតនគិរី លោក ថន សាវុន បាន​ជូនដំណឹង​ដល់​អ្នកកាសែត​ទាំងអស់​ដែល​ចុះ​ទៅ​យក​ព័ត៌មាន​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​រតនគិរី​ត្រូវ​ជូនដំណឹង​ទៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​ជាមុន​សិន មុននឹង​ធ្វើ​សកម្មភាព​ចុះ​យក​ព័ត៌មាន។

អភិបាលខេត្ត​រតនគិរី អះអាង​ថា ការ​តម្រូវ​នេះ ដោយសារ​មាន​ជនខិលខូច​ខ្លះ បាន​ប្រើប្រាស់​កាត​អ្នកសារព័ត៌មាន និង​លិខិត​បញ្ជា​បេសកកម្ម​របស់​ចាងហ្វាង​កាសែត​ហួស​សុពលភាព និង​ប្រើ​ឯកសារ​ផ្សេងៗ មិន​ត្រឹមត្រូវ ដើម្បី​ឆ្លៀត​ធ្វើ​សកម្មភាព​ខុសច្បាប់ ប្រាសចាក​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​។ លោក ថង សាវុន ថា ការ​បង្ហាញ​អត្តសញ្ញាណ និង​គោលបំណង​ច្បាស់លាស់ នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគិរី ជា​ការ​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ គោរព​សិទ្ធិមនុស្ស និង​ប្រកាន់​លិទ្ធ​ប្រជាធិបតេយ្យ។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ ថ្លែង​ថា ការ​អំពាវនាវ​ឱ្យ​មានការ​ជូនដំណឹង​ជាមុន​នេះ ជា​ប្រការ​ល្អ ដើម្បី​បង្ការ​ជនខិលខូច និង​ការពារ​សុវត្ថិភាព​អ្នកសារព័ត៌មាន ពេល​ចុះ​យក​ព័ត៌មាន​នៅ​ខេត្ត​នេះ​។ លោក មាស សុភ័ណ្ឌ បន្ត​ថា ការ​ជូន​ដំណឹង​របស់​អភិបាលខេត្ត​រតនគិរី ជា​ការ​អំពាវនាវ ដូច្នេះ​អ្នកសារព័ត៌មាន មាន​កាតព្វកិច្ច​ចូលរួម​សហការ។ «»

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃ​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​កម្ពុជា​ឯករាជ្យ (CCIM) លោក ណុប វី ហៅ​ការ​ជូន​ដំណឹង​នេះ ជា​រឿង​មិន​ត្រឹមត្រូវ ផ្ទុយ​ពី​ខ្លឹមសារ​ច្បាប់ និង​រឹតត្បិត​សេរីភាព​អ្នកសារព័ត៌មាន​។ លោក​ថា ការ​ឱ្យ​អ្នកសារព័ត៌មាន​ទៅ​សុំ​ច្បាប់ ឬ​ប្រាប់​ពី​គោលបំណង នឹង​ប៉ះពាល់​ដល់​លទ្ធផល​ព័ត៌មាន​ស៊ើបអង្កេត ពិសេស​ឈ្មួញ​ឈើ​រកស៊ី​ខុសច្បាប់​នៅ​ខេត្ត​រតនគិរី នឹង​ដឹងខ្លួន​ជាមុន​។ លោក ណុប វី ផ្ដល់​យោបល់​ថា អាជ្ញាធរ​ខេត្ត គួរ​ពង្រឹង​ការអនុវត្ត​តួនាទី​របស់​ខ្លួន ជា​អ្នក​សម្របសម្រួល និង​ការពារ​អ្នកកាសែត ជាជាង​ការ​រឹតត្បិត​អ្នកកាសែត។ «»

របាយការណ៍​របស់​អង្គការ​អ្នករាយការណ៍​ព័ត៌មាន​គ្មាន​ព្រំដែន (Reporters without Border) ចេញផ្សាយ​ថា សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​កម្ពុជា ឆ្នាំ​២០១៩ បាន​បន្ត​ធ្លាក់​ចុះ​ពី​លេខ ១៤២ ទៅ​លេខ​១៤៣ នៅ​លេខ​រៀង​ទី​១៤៣ ក្នុងចំណោម​ប្រទេស ១៨០ ទូទាំង​ពិភពលោក។ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៧ មក ដោយសារ​របប​ក្រុងភ្នំពេញ​បាន​បើក​យុទ្ធនាការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បិទ​ស្ថានីយ​វិទ្យុ​ជាង​៣០ នៅ​ទូទាំង​ប្រទេស ដែល​បាន​ជួល​ម៉ោង​ឱ្យ​សារព័ត៌មាន​ឯករាជ្យ​ផ្សព្វផ្សាយ​បន្ត និង​ការ​ចាប់ខ្លួន​អតីត​អ្នក​កាសែត​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment