ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​​រាលដាល​ដល់​ស្រុក​ស្អាង​ខេត្ត​កណ្ដាល

ដោយ វ៉ែន សុមេធ
2019-07-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​ថែទាំ​ជ្រូក របស់​ពលរដ្ឋ។ រូប​​ហ្វេសប៊ុក​ក្រសួង កសិកម្ម
សកម្មភាព​ថែទាំ​ជ្រូក របស់​ពលរដ្ឋ។ រូប​​ហ្វេសប៊ុក​ក្រសួង កសិកម្ម


ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​រាលដាល​ដល់​ខេត្ត​កណ្ដាល​ហើយ គឺ​នៅ​ឃុំ​ក្រាំងយ៉ូវ ក្នុងស្រុក​ស្អាង។

មន្ត្រី​ក្រសួងកសិកម្ម​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ឱ្យ​ដឹង​ថា សត្វ​ជ្រូក​របស់​ពលរដ្ឋ​ជាង​៥០០​ក្បាល​បាន​ស្លាប់​ដោយសារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ហើយ មន្ត្រី​ជំនាញ នៃ​មន្ទីរ​បសុព្យាបាល ខេត្ត​កណ្ដាល ចុះ​ទៅដល់​កន្លែង ទីតាំង​ចិញ្ចឹម​សត្វ​ជ្រូក របស់​ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ គឺ​ស្ថិត​នៅ​ក្នុង​ឃុំ​ក្រាំងយ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្ដាល។ សត្វ​ជ្រូក​ដែល​ឈឺ​ងាប់​នោះ​ត្រូវ​បាន​អាជ្ញាធរ​យក​ទៅ​កប់​ចោល​ដើម្បី​ការពារ​កុំ​ឱ្យ​ឆ្លង​ទៅ​តំបន់​ផ្សេងទៀត។

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បសុព្យាបាល ខេត្ត​កណ្ដាល​ក៏បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ដែរ​ថា​ការ​ផ្ទុះ​ជំងឺ ប៉េស្ត​ជ្រូក​អាហ្វ្រិក ក្នុង​ឃុំ​ក្រាំងយ៉ូវ​នេះ គឺ​ដោយសារ​មាន​ប្រជាពលរដ្ឋ​ជា​អ្នក​ចិញ្ចឹម​សត្វ​ជ្រូក ហើយ​គាត់​លក់​សាច់​ជ្រូក​ផង នាំ​យក​សាច់​ជ្រូក​មាន​ជំងឺ មក​លក់​នៅ​លើ​ទីផ្សារ​ផង ទើប​បណ្ដាល​ឱ្យ​ឆ្លង​រាលដាល​នៅ​តំបន់​នោះ។ មន្ត្រី​ដដែល​បាន​បន្ត​ទៀត​ថា សត្វ​ជ្រូក​ដែល​កើត​ជំងឺ គឺ​ត្រូវតែ​កម្ទេច​ចោល ហើយ លោក​អំពាវនាវ​ដល់​ព​ល​រដ្ឋ​នៅ​ឃុំ​ក្រាំងយ៉ូវ ត្រូវ​ប្រុងប្រយ័ត្ន និង​ឈប់​បរិភោគ​សាច់​ជ្រូក។

សេចក្ដីប្រកាស​របស់​ក្រសួង​កសិកម្ម​បង្ហាញ​ថា ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​នេះ បណ្ដាល​ឱ្យ​សត្វ​ជ្រូក​ឈឺ ងាប់​យ៉ាង​ឆាប់រហ័ស មាន​អត្រា​ខ្ពស់​រហូតដល់ ១០០​ភាគរយ បង្ក​ឱ្យ​ខាត​ប្រយោជន៍​ពលរដ្ឋ​ធ្ងន់ធ្ងរ​។ ក្រសួង​អះអាង​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នឹង​មិន​ឆ្លង ឬ​ប៉ះពាល់​ដល់​មនុស្ស​ឡើយ។

មក​ទល់​ពេល​នេះ​ជំងឺ​ប៉េស្ត​ជ្រូក បាន​ឆ្លង​រាលដាល ដល់​ខេត្ត​ចំនួន​៥ សុទ្ធសឹងតែ​ជា​ខេត្ត​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​រួមមាន ខេត្ត​រតនគិរី ខេត្ត​ត្បូងឃ្មុំ ខេត្ត​កណ្ដាល ខេត្ត​តាកែវ និង​ខេត្ត​ស្វាយរៀង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles