មេធាវី​ដាក់ពាក្យ​សុំ​ឱ្យ​តុលាការ​បំបែក​ថ្ងៃ​ជំនុំជម្រះ​រឿង​ក្ដី​អតីត​បុគ្គលិក​អាស៊ីសេរី

ដោយ សន ចាន់រដ្ឋា
2019-07-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​បុគ្គលិក​អាស៊ី​សេរី លោក អ៊ូន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ ហៅ សុជា មេត្តា  ពេល​ទៅ​សវនាការ​នៅ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី២១ មិថុនា ២០១៩។ Radio Free Asia
អតីត​បុគ្គលិក​អាស៊ី​សេរី លោក អ៊ូន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ ហៅ សុជា មេត្តា ពេល​ទៅ​សវនាការ​នៅ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី២១ មិថុនា ២០១៩។ Radio Free Asia


មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​បុគ្គលិក​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១២ កក្កដា​នេះ ដាក់​លិខិត​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ឱ្យ​តុលាការ​លើក​ពេល​សវនាការ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​វីដេអូ​អាសអាភាស​ទៅ​ថ្ងៃ​ក្រោយ​វិញ​។ សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​បើកសវនាការ​សំណុំរឿង​ទាំងពីរ​របស់​បុគ្គលិក​អាស៊ីសេរី ក្នុង​ពេល​ពីរ​សប្ដាហ៍​ខាងមុខ​ទៀត​នេះ។

មេធាវី សំ ចំរើន ថ្លែងប្រាប់​អាស៊ីសេរី​ថា លោក​មិនបាន​កំណត់​ថ្ងៃ​សវនាការ​ជាក់លាក់​នៅ​ក្នុង​លិខិត​ស្នើសុំ​នោះ​ឡើយ ដោយ​ទុក​សិទ្ធិ​នេះ​ឱ្យ​ចៅក្រម​ជំនុំជម្រះ​ជា​អ្នក​សម្រេច​។ ក៏ប៉ុន្តែ លោក​ថា ជា​ទម្លាប់​នៃ​ការអនុវត្ត តុលាការ​ប្រើ​ពេល​យ៉ាងហោចណាស់​មួយ​ខែ​ក្នុង​ការ​លើក​ពេល​សវនាការ​បែបនេះ​។ ទោះជា​បែបនេះ​ក្តី លោក​បញ្ជាក់​ថា កូនក្តី​របស់​លោក​មិន​ជំទាស់​នឹង​ការ​រង់ចាំ​នេះ​ឡើយ សំខាន់​ឱ្យ​តែ​សវនាការ​នីមួយៗ​ធ្វើឡើង​ដោយ​ហ្មត់ចត់ និង​មានការ​ដេញដោល​គ្រប់​ជ្រុងជ្រោយ៖ «សវនាការ​ពីរ​ដោយឡែក​ពី​គ្នា វា​ធ្វើ​ឱ្យ​យើង​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការ​ត្រៀមខ្លួន​ចូលរួម​ក្នុង​សវនាការ​ហ្នឹង​ឱ្យ​បាន​ពេញលេញ និង​ល្អិតល្អន់​ទាំងអស់គ្នា​។ ការ​យក​រឿង​ក្តី​ពីរ​ដាក់​ក្នុង​កាលបរិច្ឆេទ​ថ្ងៃ​តែមួយ​បែបនេះ យើង​យល់ថា វា​ដូច​ជា​ការ​មួយ​ប្រញិបប្រញាប់ និង​តក់ក្រហល់»

ទាក់ទង​នឹង​សំណើសុំ​វត្ថុ​ចាប់​យក និង​លិខិតឆ្លងដែន​វិញ មេធាវី​រូប​នេះ​បញ្ជាក់​ថា ចៅក្រម​ជំនុំជម្រះ​មិន​ប្រគល់​ឱ្យ​កូន​ក្ដី​របស់​លោក​ឡើយ ដោយ​រង់ចាំ​សម្រេច​រួមគ្នា​ក្នុង​សវនាការ​លើ​អង្គ​សេចក្ដី​នៅ​ពេល​ខាងមុខ។

ការ​ជំនុំជម្រះ​សំណុំរឿង​អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ខាងមុខនេះ​។ តុលាការ​គ្រោង​លើក​យក​សំណុំរឿង​ទាំងពីរ គឺ​រឿង​ធ្វើ​ចារកម្ម និង​រឿង​វីដេអូ​អាសអាភាស ទៅ​ជំនុំជម្រះ​ក្នុង​ថ្ងៃ​តែមួយ ដែល​បញ្ហា​នេះ​នាំ​ឱ្យ​មាន​ការ​បារម្ភ​ថា​នឹង​បាត់​ប្រយោជន៍​ជនជាប់ចោទ។

អតីត​បុគ្គលិក​អាស៊ីសេរី​លោក យាង សុធារិន្ទ សម្ដែង​​ការ​សោកស្ដាយ​ដែល​តុលាការ​មិន​ព្រម​ប្រគល់​វត្ថុ​ចាប់​យក និង​ឯកសារ​ផ្លូវ​ការ​ឱ្យ​រូបលោក និង​លោក អ៊ួន ឈិន វិញ បើ​ទោះ​បី​ជា​តុលាការ​បាន​ដឹង​ថា ពួក​លោក​ត្រូវការ​របស់​ទាំងនោះ​ជា​ចាំបាច់​ក្ដី។ ជាពិសេស​លោក​ថា ការ​មិន​ទទួល​បាន​ឯកសារ​សម្គាល់​ខ្លួន​ផ្លូវការ ដូចជា លិខិតឆ្លងដែន ជាដើម​នោះ ធ្វើ​ឱ្យ​លោក​បាត់​សិទ្ធិ​ដើរហើរ​ដោយ​ពេញលេញ។

ទោះជា​យ៉ាងណា លោក​អះអាង​ថា លោក​កំពុង​រង់ចាំ​ថ្ងៃ​សវនាការ​មកដល់ ដើម្បី​លាង​ជម្រះ​ខ្លួន​ពី​បទ​ចោទប្រកាន់​ដ៏​អយុត្តិធម៌​នេះ៖ «ការដែល​យើង​លើក​ថា សុំឱ្យ​ពន្យារ​ករណី​អាស​អាភាស​ទៅ​ថ្ងៃក្រោយ​ទៀត​ហ្នឹង មិនមែន​មានន័យថា យើង​គេចខ្វិល​មិន​ចង់​ឱ្យ​ជំនុំជម្រះ​រឿង​ហ្នឹង​ទេ ប៉ុន្តែ​គ្រាន់តែ​ថា​យើង​ចង់​ទុក​ពេលវេលា​ដកឃ្លា​បន្តិច ដើម្បី​ឱ្យ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​សួរដេញដោល និង​តទល់​គ្នា​នៅ​ក្នុង​តុលាការ​។ យើងខ្ញុំ​ទាំងពីរ​នាក់​បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ​ក្នុង​ការ​ទៅ​តទល់ និង​សួរដេញដោល​ដើម្បី​រក​ភាព​ត្រឹមត្រូវ​សម្រាប់​យើង​ទាំងពីរ​នាក់​ហ្នឹង»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ជាច្រើន​ដង​តាម​ទូរស័ព្ទ​ពី​ចៅក្រម​ជំនុំជម្រះ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ឹម វណ្ណៈ ក៏ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ។

លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ស្ទូឌីយោ​ថត​ចម្រៀង​ដោយ​គ្មាន​ការអនុញ្ញាត​។ ក៏ប៉ុន្តែ​ក្រោយមក អាជ្ញាធរ​បែរជា​ចោទ​អ្នក​ទាំង​២ ពី​បទ “​ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​” ទៅវិញ​។ បទ​ចោទ​នេះ​មាន​កម្រិត​ទោស​អតិបរមា​រយៈពេល ១៥ ឆ្នាំ ក្នុង​ពន្ធនាគារ។

បន្ទាប់​ពី​រក​មិន​ឃើញ​ភស្តុតាង​ដាក់​បន្ទុក​ត្រឹមត្រូវ អាជ្ញាធរ​របប ហ៊ុន សែន បាន​បន្ថែម​បទ​ចោទ​មួយទៀត​លើ​អ្នក​ទាំងពីរ គឺ​ការផលិត​វីដេអូ​អាសអាភាស ដែល​ជា​បទល្មើស​មជ្ឈិម មាន​កម្រិត​ទោស​អតិបរមា រយៈពេល ១​ឆ្នាំ ក្នុង​ពន្ធនាគារ។

មន្ត្រី​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ ពិនិត្យ​ឃើញ​ថា អតីត​បុគ្គលិក​អាស៊ីសេរី​ទាំង​ពីរ​រូប​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ជាប់ឃុំ​ជាង ៩​ខែ ដោយ​អយុត្តិធម៌ ដែល​ជា​ផ្នែក​មួយ​នៃ​វាយ​បង្ក្រាប​ឥត​ត្រា​ប្រណី​របស់​លោក ហ៊ុន សែន ទៅលើ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​។ មន្ត្រី​សិទ្ធិមនុស្ស​ទាំងនោះ អំពាវនាវ​ឱ្យ​តុលាការ​ក្រុងភ្នំពេញ​ទម្លាក់​ចោល​សំណុំរឿង​បែប​ប្រឌិត​នេះ​។ ពួកគេ​ក៏​ទាមទារ​ឱ្យ​របប ហ៊ុន សែន បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​តទៅទៀត ដោយ​ជំនួស​មកវិញ​នូវ​ការ​បើក​ចំហ​សិទ្ធិ​សេរីភាព​ផ្នែក​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment