អាជ្ញាធរ​ ហាម និង​ព្រមាន​សហជីព​មួយ​ចំនួន​មិន​ឱ្យ​ជួបជុំ​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ

ដោយ មួង ណារ៉េត
2019-07-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ដំណើរការ​ដោះស្រាយ​ដីធ្លី​តំបន់​បឹងកក់ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧។ RFA
អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ដំណើរការ​ដោះស្រាយ​ដីធ្លី​តំបន់​បឹងកក់ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧។ RFA


អាជ្ញាធរ​ក្រុងភ្នំពេញ​ហាម និង​ព្រមាន​សហជីព​វិស័យ​ទេសចរណ៍ និង​សេវាកម្ម មិន​ឱ្យ​ជួបជុំគ្នា នៅមុខ​ក្រសួង​ការងារ ដើម្បី​ដាក់​ញត្តិ​ទាមទារ​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ទេ។ ប៉ុន្តែ​អាជ្ញាធរ​បាន​បង្គាប់​ឱ្យ​សហជីព និង​កម្មករ​ជួបជុំគ្នា​នៅ​ទីស្នាក់ការ ឬ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី នៅ​ខណ្ឌ​ឫស្សីកែវ​បាន។ សហជីព និង​កម្មករ រក្សា​ជំហរ​ជួបជុំគ្នា នៅមុខ​ក្រសួង​ការងារ​ដដែល ដោយ​សំអាង​ថា មិនបាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ដូច​ការចោទប្រកាន់​ឡើយ។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ព្រមាន​តំណាង​សហព័ន្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា ថា ក្នុង​ករណី​មានការ​ជួប​ប្រជុំ​រៀបចំ​កម្មវិធី​នៅមុខ​ក្រសួង​ការងារ ឬ​តាម​ដង​ផ្លូវ​សាធារណៈ ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ តំណាង​សហជីព​ទាំង​៣ គឺ​លោក ម៉ម រិទ្ធី លោក ហ៊ាំង រុន និង​លោក កែវ គឿន ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់។

លិខិត​ចុះ​ថ្ងៃ​ទី​១១ កក្កដា ដែល​អាស៊ីសេរី​ទើប​ទទួល​បាន លោក ឃួង ស្រេង បាន​បង្គាប់​ឱ្យ​តំណាង​សហជីព​ជួប​ប្រជុំ​គ្នា ចំនួន ១៥០​នាក់ នៅ​ថ្ងៃ​ចន្ទ ទី​១៥ កក្កដា ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ១១​ថ្ងៃត្រង់ នៅ​ទីស្នាក់ការ​របស់​ខ្លួន ឬ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី រួច​ចាត់​តំណាង ៥​នាក់ ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ។

សហព័ន្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា (CTSWF) និង​សហព័ន្ធ​សហជីព​កម្មករ​កសិកម្ម​កម្ពុជា (CAWF) គ្រោង​ជួបជុំ​តំណាង​កម្មករ​ចំនួន ១៥០​នាក់ នៅ​ថ្ងៃ​ទី​១៥ កក្កដា នៅមុខ​ក្រសួង​ការងារ ដើម្បី​ទាមទារ​ឱ្យ​មានការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​ក្នុង​វិស័យ​ទាំង​២។

ក្រោយ​អាជ្ញាធរ​ហាមឃាត់​បាន​មួយថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១២ កក្កដា សហភាព​ការងារ​កម្ពុជា បាន​ប្រកាស​ព័ត៌មាន​ថា នឹង​ចូលរួម​ជួយ​សម្របសម្រួល​សហព័ន្ធ​សហជីព​ទាំងពីរ​វិស័យ ក្នុង​ការ​ដាក់​សំណើ​ទៅ​ក្រសួង​ការងារ ដើម្បី​ឱ្យ​ក្រសួង​ចេញប្រកាស​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា កំណត់​ប្រាក់​ធនានុគ្រោះ ឬ​ហៅ​ថ្លៃ​សេវា​បន្ថែម (service charge) និង​ស្នើសុំ​ឱ្យ​មានការ​កែប្រែ លក្ខខណ្ឌ​ការងារ រៀបចំ​ប្រព័ន្ធ​សុខភាព សុវត្ថិភាព ស្នើសុំ​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​កិច្ចសន្យាការងារ សម្រាប់​កម្មករ​ក្នុង​វិស័យ​កសិកម្ម ជាដើម​។ សហភាព​ការងារ​ថា នឹង​មាន​កម្មករ​ទាំង​វិស័យ​ទេសចរណ៍ និង​កសិកម្ម ចូលរួម ចំនួន ២៥០​នាក់។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា (CTSWF) លោក ម៉ម រិទ្ធី ប្រាប់​ថា កម្មករ​នឹង​បន្ត​ជួប​គ្នា​នៅមុខ​ក្រសួង​ការងារ​ដដែល ព្រោះ​ការ​ជួបគ្នា​នោះ ដើម្បី​ទាមទារ​ផលប្រយោជន៍​កម្មករ ហើយ​គ្មាន​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ ឬ​ផ្ទុយ​ពី​ច្បាប់​ដូច​អាជ្ញាធរ ហាម​ទេ​។ លោក​ថា តំណាង​កម្មករ​ចូលរួម អាច​លើស​ពី ១៥០​នាក់​បន្តិចបន្តួច ហើយ​កម្មករ​នឹង​ឈរ​អែប​របង​ក្រសួង​ការងារ ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​ទទួល​ញត្តិ និង​អនុវត្ត​តាម​ការ​ស្នើសុំ​របស់​កម្មករ។

លោក ម៉ម រិទ្ធី ថា តាម​ការសិក្សា និង​ស្ទង់​ជីវភាព កម្មករ​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​ចំណាយ​មួយ​ខែ​ជាង ៣០០​ដុល្លារ។ តែ​ជំហាន​ដំបូង សហជីព និង​កម្មករ ស្នើសុំ​ឱ្យ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ៣០០​ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​វិស័យ​ទេសចរណ៍​បច្ចុប្បន្ន ស្ថិត​ក្នុង​ចន្លោះ ៨០​ដុល្លារ ទៅ ១៥០​ដុល្លារ៖ «ពួក​ខ្ញុំ​អត់​នេះ​ទេ ពួក​ខ្ញុំ​នៅតែ​ធ្វើ​។ យើង​ធ្វើ​ហ្នឹង វា​អត់​មាន​ខុស ឬ​ផ្ទុយ​នឹង​ច្បាប់​អ្វី​ទេ ហើយ​ការណ៍​យើង​ជូនដំណឹង​ទៅ​គាត់​ដើម្បី​ដាក់​ញត្តិ​នៅមុខ​ក្រសួង​ការងារ​ពាក់ព័ន្ធ​រឿង​ការ​ទាមទារ​ឱ្យ​មានការ​កំណត់​ប្រាក់ខែ ក្នុង​វិស័យ​ទេសចរណ៍ សេវាកម្ម និង​ប្រាក់​ធនានុគ្រោះ​ហ្នឹង វា​អត់​មាន​ទៅ​ប៉ះពាល់​សណ្ដាប់ធ្នាប់​អ្វី​ទេ ហើយក៏​ដើម្បី​កម្មករ​ដែរ​។ ខ្ញុំ​ជាមួយ​កម្មករ​ទាំងអស់​នៅតែ​រក្សា​ជំហរ​ថា យើង​នឹង​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​ដដែល»

ការ​ដាក់​ញត្តិ​នោះ នឹង​មាន​តំណាង​កម្មករ​មកពី​តាម​មូលដ្ឋាន​នានា​ចូលរួម​។ តំណាង​កម្មករ និង​ជា​ប្រធាន​សហជីព​វិស័យ​ទេសចរណ៍​នៃ​សណ្ឋាគារ​រ៉ាហ្វល ហ្គ្រែន (Raffle Grand Hotel) នៅ​ខេត្ត​សៀមរាប លោក រស់ ប៊ុនណាល់ ឱ្យ​ដឹង​ថា កម្មករ​ក្នុង​វិស័យ​ទេសចរណ៍​ច្រើន​នាក់ នឹង​ទៅ​ចូលរួម​ទាមទារ​នៅមុខ​ក្រសួង​ការងារ​។ លោក​ថា ប្រាក់​ឈ្នួល​បច្ចុប្បន្ន នៅ​សណ្ឋាគារ​រ៉ាហ្វល់ ហ្គ្រែន មាន ចន្លោះ ៨០ ទៅ ១២០​ដុល្លារ ហើយ​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​កម្មករ​បានទេ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កសិកម្ម​កម្ពុជា លោក ហេង ជឿន ប្រាប់​ថា ខាង​កម្មករ​ក្នុង​វិស័យ​កសិកម្ម ក៏បាន​ត្រៀម​ញត្តិ​រួចហើយ​ដែរ ដើម្បី​ទាមទារ​ផលប្រយោជន៍​កម្មករ​ក្នុង​វិស័យ​កសិកម្ម​៤​ចំណុច​។ លោក ថា កម្មករ​ក្នុង​វិស័យ​កសិកម្ម ក៏​ទទួល​បាន​ប្រាក់​ឈ្នួល​នៅ​កម្រិត ១០០​ដុល្លារ ឬ​ជាង​១០០​ដុល្លារ​តិចតួច ដែល​ធ្វើ​ឱ្យ​កម្មករ​ពិបាក​ចំណាយ និង​ធ្វើ​ឱ្យ​ស្ថានភាព​រស់នៅ​មិន​ស្ថិត​ក្នុង​ជីវភាព​សមរម្យ​។ លោក ហេង ជឿន ថា កម្មករ​វិស័យ​កសិកម្ម ក៏​ទាមទារ​ឱ្យ​កំណត់​ប្រាក់​ឈ្នួល​តិច​បំផុត ៣០០​ដុល្លារ​ដែរ ទើប​ចំណាយ​គ្រប់គ្រាន់៖ «យើង​ធ្វើ​រួមគ្នា។ ខាង​ទេសចរណ៍ គាត់​(​អភិបាលក្រុង​)​ចេញ​លិខិត​ជូន​ដំណឹង​។ តែ​ខាងយើង​ដែល​នឹង​ចូលរួម​ជាមួយ អម​ជាមួយ​ខាង​វិស័យ​ទេសចរណ៍​។ យើង​ក៏​មាន​សារ​របស់​យើង​ដាក់​ជូន​រដ្ឋាភិបាល​ដែរ។ ទាមទារ​៤​ចំណុច ទី​១ ទាក់ទង​នឹង​កិច្ចសន្យា​ការងារ​ក្នុង​វិស័យ​កសិកម្ម។ ទី​២ ទាក់ទង​នឹង​សុខភាព សុវត្ថិភាព​នៅ​កន្លែង​ការងារ​របស់​កម្មករ​វិស័យ​កសិកម្ម។ ទី​៣​ទាក់ទង​នឹង​ប្រាក់​ឈ្នួល​អប្បបរមា ក្នុង​វិស័យ​កសិកម្ម​ដែរ​។ ទី​៤ គឺ​ទាក់ទង​នឹង​សិទ្ធិ​សេរីភាព​របស់​កម្មករ​ក្នុង​វិស័យ​កសិកម្ម​ដែរ»

នៅ​កម្ពុជា មានតែ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​មួយ​ប៉ុណ្ណោះ ដែល​ទទួល​បាន​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា និង​ត្រូវ​ប្រជុំ​ដំឡើង​ប្រាក់​ឈ្នួល​រាល់​ឆ្នាំ​។ ចំណែក​កម្មករ​ក្នុង​វិស័យ​ផ្សេងទៀត ដូចជា កម្មករ​សំណង់ អ្នកធ្វើការ​តាម​ផ្ទះ ក្រុម​ស្ត្រី​លក់​ស្រា​បៀរ មិន​ទាន់​មាន​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ទេ ហើយ​ពួកគេ ក៏​ទាមទារ​ឱ្យ​ក្រសួង​ការងារ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា និង​ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ជាង​សព្វថ្ងៃ​ដែរ​។ ពួកគេ​បាន​ដាក់​ញត្តិ និង​ទាមទារ​ច្រើន​ឆ្នាំ​ហើយ ទាំង​នៅ​ក្រសួង​ការងារ និង​រដ្ឋសភា ប៉ុន្តែ​មិនទាន់​មាន​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា ឱ្យ​ពួកគេ នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles