គ្រូ​បង្រៀន​ ១១នាក់ ​ដែល​ត្រូវបណ្ដេញ​ចេញ​ពី​ក្រប​ខណ្ឌ ​​​រង​ការ​រើស​អើង និង​ជីវភាព​ធ្លាក់​ចុះ​ដុនដាប​

ដោយ ហេង រស្មី
2019-07-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​ រ៉ុង ឈុន​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​យក​បណ្តឹងទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩។ រូបថត​ពី​បណ្តាញ​សង្គម
លោក​ រ៉ុង ឈុន​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​យក​បណ្តឹងទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩។ រូបថត​ពី​បណ្តាញ​សង្គម


គ្រូ​បង្រៀន​ចំនួន​១១​នាក់ ដែល​ត្រូវ​បាន​​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លុប​ឈ្មោះ ​ចេញ​ពី​ក្រប​ខណ្ឌ ដោយសារ​ បាន​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំងនោះ ចាប់​ផ្ដើម​ធ្លាក់​ចុះ​ជីវភាព​​​ និង​រង​ការ​រើស​អើង​ធ្ងន់ធ្ងរ​ពី​​សង្គម។ គ្រូ​បង្រៀនទាំងនោះប្រាប់​ថា ចាប់​តាំង​ពី​​ត្រូវ​បណ្តេញ​ចេញ​​ពីក្របខណ្ឌមក ពួកគាត់​​​រក​ការងារ​​មិន​បាន​ធ្វើ​​​ទេ ហើយ​បច្ចុប្បន្ន​​​បន្ទុក​គ្រួសារ​ បាន​ធ្លាក់​ទៅលើ​ប្រពន្ធ ​​និងកូន​ ដោយ​ពួក​​គេត្រូវ​បង្ខំចិត្ត​ចេញ​ទៅធ្វើការ​ ​រក​ចំណូល​ចិញ្ចឹម​គ្រួសារ។

គ្រូ​បង្រៀន​ចំនួន ១១​នាក់ ​ដែល​កំពុង​មាន​ជីវភាព​លំបាក បន្ទោស​​​ក្រសួង​អប់រំ​ថា បាន​បំផ្លាញ​អនាគត​កូនគាត់ ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​​​​​លើ​​ក្រុម​គ្រួសារ និង​បំផ្លាញ​​កេរ្តិ៍​អា​ករ មុខ​របរ​ជា​​គ្រូ​បង្រៀន ដែល​ឪពុក​ម្ដាយ​ពួកគាត់ ខិតខំ​ប្រឹង​ប្រែង​ឲ្យ​គាត់​បាន​រៀន​សូត្រ​ តាំង​ពី​ក្មេង​មក។

គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ក្រុង​ព្រះសីហនុ លោក លី ឌី ឲ្យ​ដឹង​ថា ​តាំង​ពី​ក្រសួង​អប់រំ​ បញ្ឈប់​​មក​ ​គាត់​គ្មាន​មុខ​របរ​ត្រឹម​ត្រូវ​​​ធ្វើ​ទេ។ បច្ចុប្បន្ន​ លោក​​​ដឹក​ឥវ៉ាន់​អនឡាញ​ (Online) តាម​​ម៉ូតូ​ ហើយ​កូន​ជា​អ្នក​ផ្សព្វ​ផ្សាយ​លក់​តាម​ហ្វេសប៊ុក​ (facebook) ព្រម​ទាំង​​ការ​លក់​បាយ​ឆា​នៅមុខ​ផ្ទះ​។ លោក​បន្តថា ​បន្ទុក​ទាំងអស់​ក្នុង​គ្រួសារ​​ ត្រូវ​ធ្លាក់​លើ​ប្រពន្ធ និង​កូន។ លោក​ថ្លែង​ទៀតថា ពេល​នេះ លោក​មាន​បំណង​​ពឹង​​​​កូន ឲ្យ​ជួយ​​ទិញ​រ៉ឺម៉ក​កង់​បីមួយ​​គ្រឿង​ ​ដើម្បីដឹកភ្ញៀវ​រក​ចំណូល​​ចិញ្ចឹមគ្រួសារ «ដឹង​ស្រាប់​ហើយ​ តាំង​ពី​ក្មេង​មក​ដល់​ចំណាស់​នេះ​ហើយ រយៈ​ពេល​អតីត​ភាព​ការងារ​របស់​ខ្ញុំ​ជាង​ ៣០​ឆ្នាំ ហើយ​កេរ្តិ៍​អា​ករ​ ឪពុក​ម្ដាយ​របស់​ខ្ញុំ​​​មាន​តែ​ប៉ិន​ហ្នឹង​ចែក​ឲ្យ ដើម្បី​ចិញ្ចឹម​ជីវិត។ ដល់​ពេល​អ៊ីចឹង​ទៅ ខ្ញុំ​វា​ទៅ​ជា​មនុស្ស​មួយ​រស់​ដោយ​គ្មាន​ប្រាក់​ខែ​ ប្រាក់​បៀវត្សរ៍ ព្រោះ​អាជីព​យើង​អត់​មាន​អាជីព​អ្នក​រកស៊ី​អ្វី​ទេ។ សង្ឃឹម​កេរ្តិ៍​អា​ករ (ចំណេះ​ដឹង) ម៉ែ​ឪ ចែក​ឲ្យ​សម្រាប់​តែ​ យក​ដើម​ទុក​បម្រើ​ជាតិ យក​លុយ​ចិញ្ចឹម​ជីវិត​ទៅ។ ដល់​អ៊ីចឹង​ទៅ​ការ​ផ្ដាច់​ប្រាក់​បៀវត្សរ៍​របស់​ខ្ញុំ​ទៅ​ យើង​គួរ​តែ​យល់​ហើយ ខ្ញុំ​​រស់​របៀប​ម្ដេច។ រាល់​ថ្ងៃ​ហ្នឹង ខ្ញុំ​រស់​ដោយសារ​ប្រពន្ធ​កូន​ឲ្យ​លុយ​ចាយ»

គ្រូ​បង្រៀន​រូប​នេះ រៀបរាប់​ថា ដើម​ហេតុ​ដំបូង គឺ​លោក​បាន​ព្យួរ​ឈ្មោះ​តាម​ផ្លូវ​ច្បាប់​ត្រឹម​ត្រូវ​ ដើម្បី​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្រុម​ប្រឹក្សា​ខេត្ត​ព្រះសីហនុ តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ ​ក្រោយ​ពេល​មាន​ការ​រំលាយ​បក្ស​ប្រឆាំង លោក​បាន​ផ្ទេរ​មក​បង្រៀន​វិញ តែ​ត្រូវ​​​ក្រសួង​អប់រំ​លុប​ឈ្មោះ​ចោល​បាត់​ទៅ​ហើយ។ លោក​ថា ​ពេល​​នោះ ក្រុម​គ្រូ​បង្រៀន និងសិស្សានុសិស្ស​នៅ​សាលារៀន ព្រម​ទាំង​មន្ត្រី​នៅ​មន្ទីរ​អប់រំ​ខេត្ត​ព្រះសីហនុ​ផង បាន​​​ស្រឡាំងកាំង​ មិន​ដឹង​រឿង​​​ ព្រោះ​នេះ​​ជា​វិធានការ​ពី​ថ្នាក់​ក្រសួង​។

លោក បន្ថែម​ថា មន្ត្រី​រាជការ ​គ្រូ​បង្រៀន អ្នក​ធ្វើការ​​នៅ​មន្ទីរ​អប់រំ​ខេត្ត​ និង​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ព្រះសីហនុ​ មក​ពី​គណបក្ស​កាន់​អំណាច បាន​ត្រឹម​សម្ដែង​ការ​​អាណិតអាសូរ និង​សោកស្ដាយ​​ជំនួស​លោក។ ​ ហើយ​ក្រោយមក មន្ត្រី​ទាំង​នោះ បាន​​គេច​ចេញ លែង​ហ៊ាន​និយាយ​រក​លោក​ទៀត ដោយសារ​បារម្ភ​​​ខ្លាច​គេ ​ចោទ​ថា ​សេពគប់ ឬ ​និយាយ​រក​លោក ជា​ក្រុម​​គណបក្ស​ប្រឆាំង «កាល​នៅ​ក្រុម​ប្រឹក្សា​ខេត្ត​ ខ្ញុំ​ធ្លាប់​ជួយ​គ្រូៗ ដែរ ពី​ប្រាក់​ម៉ោង​ថែម បាត់​ប្រាក់​ម៉ោង​ថែម​អ៊ីចឹង​ទៅ គេ​ស្គាល់​ គេ​អរគុណ​ច្រើន។ ប៉ិន​ក្រោយ​ពេល​រំលាយ (បក្ស​ប្រឆាំង) ទៅ ជួន​កាល​គេ​ចោទ​ប្រកាន់​អ៊ីចឹង​ អ៊ីចុះ​ទៅ​វា​ខាត​បង់​ផល​ប្រយោជន៍ គេ​រៀង​រើស​អើង​ ដូច​ថា កម្មវិធី​សាលា​ កម្មវិធី​អ្វី​ផ្សេង​ គេ​លែង​ហៅ លែង​រក​យើង​អ៊ីចឹង​ទៅ​ណា។ លុះ​ត្រា​តែ​ការ​កូន ការ​អ្វី គេ​ហៅ​យើង​ទៅ។ បើ​ចំពោះ​បុគ្គល​គេ​មិន​រើស​អើង​ទេ ប៉ុន្តែ​ដូច​លក្ខណៈ​ភ័យ​ខ្លាច​ និង​សម្ពាធ​ផ្លូវ​ចិត្ត។ បើ​និយាយ​ពី​ទៅ​ស៊ីការ​វិញ ជូន​កាល​នៅ​អង្គុយ បើ​ថា​គ្នា​ពីរ បី​នាក់​អ៊ីចឹង នៅ​ចាំ​គេ​ទាល់​តែ​អស់​តុ»

កាល​ពី​ដើម​ឆ្នាំ២០១៨ កន្លងទៅ ​​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន និង​កីឡា បាន​​​លុប​ឈ្មោះ​បុគ្គលិក​អប់រំ និង​គ្រូ​បង្រៀន ​ចេញ​ពី​ក្រប​ខណ្ឌ​​ជា​បន្ត​បន្ទាប់ សរុប​​​ ១៣នាក់ ដោយ​លើក​ហេតុ​ផល​ថា ពួក​គេ​បោះបង់​ចោល​ការងារ​ និង​មួយ​ចំនួន​ទៀត​ អវត្តមាន​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។ គ្រូ​បង្រៀន​​១១​នាក់ អះអាង​ថា ​​ក្រសួង​អប់រំ គុំ​​​កួនពួកគាត់ ដោយសារ​​មិន​ព្រម​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច តាម​ការ​អំពាវនាវ​របស់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន។ ពួក​​គាត់​បន្ថែម​​ថា ការ​បញ្ឈប់​នេះ ធ្វើ​ឡើង​ចំពោះ​តែ​សមាជិក​បក្ស​ប្រឆាំង​ប៉ុណ្ណោះ ពោល​គឺសមាជិក​បក្ស​កាន់​អំណាច ដែល​សុំ​នៅ​ក្រៅ​ក្រប​ខណ្ឌ​ទៅ​ឈរ​ឈ្មោះ ឬ​អ្នក​​មិនដែល​មក​ធ្វើ​ការ​សោះ មិន​រង​ការ​លុប​ឈ្មោះ​ទេ។

គ្រូ​បង្រៀន​ម្នាក់​ទៀត អាយុ ៥០ឆ្នាំ​ប្លាយ ឯក​ទេស​គណិតវិទ្យា រូប​វិទ្យា នៅ​អនុវិទ្យាល័យ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង លោក ជុំ ចាន់ ប្រាប់​​ថា សព្វ​ថ្ងៃនេះ ​លោក​គ្មាន​មុខ​របរ​ទេ​។ កូន​ប្រុស​ស្រី ​ដែល​រៀបការ​រួច​ហើយ ត្រូវ​រង​បន្ទុក​ចិញ្ចឹម​លោក​វិញ ​។ លោក​បញ្ជាក់​ថា ​​លោក​គ្មាន​ដី​ធ្វើ​ស្រែ​ទេ ព្រោះ​កាល​នៅ​បង្រៀន​​ ប្រាក់​ខែ​ដែល​បើក​​មក​ គឺបាន​ត្រឹម​ចំណាយ​ប្រចាំ​ថ្ងៃ ស្ទើរ​មិន​គ្រប់​គ្រាន់​ផង«នៅ​ក្នុង​គ្រួសារ​របស់​ខ្ញុំ​ហ្នឹង គឺ​មាន​តែ​ខ្ញុំ​មួយ​អ្នក​គ្រប់គ្រង​សេដ្ឋកិច្ច ស៊ី​ប្រាក់​ខែ​គ្រូ​បង្រៀន ហើយ​និង​ប្រាក់​ខែ​ក្រុម​ប្រឹក្សា​។​ ឥឡូវ​យើង​បាត់​ទាំង​ពីរ​ហើយ​ អ៊ីចឹង​ខ្ញុំ​ជួប​ផល​លំបាក​ច្រើន។ និយាយ​រួម​ផ្ទះ​ខ្ញុំ​មួយ​ថ្ងៃ​ ចាយ​តែ​មួយ​ម៉ឺន​រៀល​ទេ សម្រាប់​ទិញ​ម្ហូប​ លើស​ពី​ហ្នឹង​អត់​មាន​ទេ។ ខ្ញុំ​នៅ​នេះ ខ្ញុំ​គ្មាន​ស្រែ​ទេ។ ឥឡូវ​នេះ ចូល​ដល់​សុភាសិត​ខ្មែរ​ថា ស្រែ​មិន​ស្រែ ផ្សារ​មិន​ផ្សារ មន្ត្រី​រាជការ​ក៏​គ្មាន​ទៀត។ សូន្យ​ទាំង​អស់»

សមាជិក​ក្រុម​ប្រឹក្សា​​ជាប់​ឆ្នោត​ខេត្ត​ព្រៃវែង មក​ពី​​គណបក្ស​សិទ្ធិ​មនុស្ស​រូប​នេះ ក៏​រង​ការ​រើស​អើង​មិន​​ខុស​ពី​ បុគ្គលិក​សិក្សា​ ដែល​​រង​ការ​​បញ្ឈប់​ផ្សេង​ទៀត​ទេ​ដែរ។ ទោះ​ជាបែប​ណា គ្រូ​បង្រៀន​រូប​នេះ​ប្រាប់​ថា លោក​នឹង​​ទ្រាំ​​ជីវភាព​លំបាក​លំបិន​​​ ហើយ​​​បន្តការ​ត​ស៊ូ​​​តាម​ផ្លូវ​តុលាការ ដើម្បី​ទទួល​បាន​ក្របខណ្ឌ​ឡើង​វិញលោក​អះអាង​ថា​ លោក​នឹង​មិន​ព្រម​ចុះចូល​ជា​មួយ​បក្ស​កាន់​អំណាច ជា​ថ្នូរ​ទទួល​បាន​ក្រប​ខណ្ឌ​វិញ​ដាច់​ខាត។

បច្ចុប្បន្ន​ បុគ្គលិក​អប់រំ ​ទាំង ១១​នាក់ កំពុង​តតាំង​ក្ដី នៅ​សាលា​ឧទ្ធរណ៍ និងស្នើសុំអន្តរាគមន៍​ពី​​ស្ថាប័ន​អប់រំអន្តរ​ជាតិ ​បន្ទាប់ពីសាលា​ដំបូង​​រាជធានី​ភ្នំពេញ​ ​បាន​បដិសេធ​បណ្ដឹងរបស់​ពួកគាត់ ​ ក្រោម​​ហេតុផល​ថា ការប្តឹងហួស​សុពលភាព។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជន និង​កីឡា លោក រស់ សុវាចា និង​ លោក ឌី ខាំ​បូលី​ កន្លង​មក​ មិន​ផ្ដល់​សេចក្ដី​ពន្យល់​​លម្អិត​ទេ ទាំង​ការ​សម្រេច​បញ្ឈប់​ និង​ការ​សម្រេច​របស់​តុលាការ។ តែ​​មន្ត្រី​ក្រសួង​អប់រំ​ទាំង​ពីរ​នេះ​ ប្រាប់​ថា ​ការ​ប្ដឹង​ផ្ដល់​រក​ខុស​ត្រូវ​ជា​សិទ្ធ ហើយ​ក្រសួង​គោរព​តាម​ការ​​សម្រេច​របស់​តុលាការ។

គ្រូ​បង្រៀន​ជាង ៣០​ឆ្នាំ លោក ជុំ ចាន់​ រៀបរាប់​ថា លោក​​ឈឺ​ចិត្ត​ណាស់​ នៅ​ពេល​តុលាការ​ឆ្លើយ​បែប​នេះ​ ព្រោះ​លោក​​គ្មាន​​ខុស​​សោះ។ លោក​ថា ​រយៈ​ពេល​១​ឆ្នាំ ​ទើប​ក្រុម​គ្រូ​បង្រៀន​ដាច់​ចិត្ត​ប្ដឹង​ទៅ​តុលាការ​ ដោយសារ ​នៅ​រង់​ចាំ​​ការ​ឆ្លើយ​តប ពី​ក្រសួង​អប់រំ។ លោក​ថា ​ពេល​​បម្រើ​ការងារ លោក​ខិត​ខំ​បង្រៀន​​​សិស្ស​ និង​​ជួយ​​​គណៈ​អភិបាល​ខេត្ត​ព្រៃវែង អស់​ពី​សមត្ថភាព តែ​លទ្ធផល​ពេល​នេះ បាន​ត្រឹម​សោក​ស្ដាយ​ រង​ការ​ប្រមាថ និង​រង​ការ​​រើស​អើងទាំង​ក្រុម​គ្រួសារ​តែ​ម្តង

បុគ្គលិក​អប់រំ ម្នាក់​ទៀត ដែល​រង​ការ​លុប​ឈ្មោះ​ចោល​ដែរ​ គឺ​​ជា​​គ្រូ​បង្រៀន​នៅ​សាលា​គរុកោសល្យ​ភូមិភាគ​​ខេត្ត​សៀមរាប លោក ពៀក ម៉ាប់ ប្រាប់​ថា កូនៗ​ របស់​លោក ត្រូវ​បង្ខំ​ចិត្ត​​​​រក​លុយ​រៀន​​បន្ត​ដោយ​ខ្លួន​​ឯងផង និង​ត្រូវ​ធ្វើ​ការ​​​ ​រក​លុយ​ផ្គត់ផ្គង់​ គ្រួសារ​ជំនួស​លោក​ផង។ សាស្ត្រាចារ្យ​បង្រៀន​គរុកោសល្យ​​រូប​​នេះ ថា តាំង​ពី​ពេល​ត្រូវ​​​លុប​ឈ្មោះមក​ លោក​រក​ការងារ​ធ្វើ​មិន​បាន​ទេ។ រីឯ​ការងារ​ជា​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប ក៏​រង​ការ​បណ្ដេញ​ចេញដូច​គ្នា ​ដោយសារ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថា ក្រសួង​អប់រំ ប្រើ​ទណ្ឌ​កម្ម​លើ​លោក​បែប​នេះ ​ប៉ះពាល់​ដល់​​អនាគត កូន​​ប្រុស​ស្រី​ លោកជា​ខ្លាំង៖ «ខ្ញុំ​ រស់​ មិន​ដឹង​ថា និយាយ​​​ម្ដេច​ឲ្យ​សម​រម្យ​ទេ។ រស់​ទាំង​លំបាក​លំបិន មិន​ដឹង​ធ្វើ​ម្ដេច​ ព្រោះ​សូម្បី​តែ​វិស័យ​ឯកជន​មួយ​ចំនួន ក៏​មិន​បាន​ស្វាគមន៍​ក្នុង​ការ​រក​ការងារ​ធ្វើ។ មាន​ការ​លំបាក​ច្រើន តែ​មិន​ដឹង​ធ្វើ​ម្ដេច​ បើ​ដំណើរ​ជីវិត កាតព្វកិច្ច យើង​ត្រូវ​តែ​បំពេញ»

គ្រូ​បង្រៀន​ទាំង ១១​នាក់ រង​ការ​បញ្ឈប់​នោះ ក៏​មាន​ លោក រ៉ុង​ ឈុន ជា​បុគ្គលិក​នៅ​នាយកដ្ឋាន​ស្រាវជ្រាវ​របស់​ក្រសួង​អប់រំ​ដែរ។ ការ​បញ្ឈប់​ លោក រ៉ុង​ ឈុន ​ដោយសារលោក​​មិន​ព្រម​បន្ត​​​ការ​ងារ​ជា ​សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ​ក្រោយ​​ពេល​​តុលាការ​កំពូល​រំលាយ​បក្ស​ប្រឆាំង និង​​មាន​ការ​​ណែនាំ​ឲ្យ គ.ជ.ប បែង​ចែក​អាសនៈ​៥៥ របស់​​គណបក្ស​សង្គ្រោះ​ជាតិ ​ឲ្យ​ទៅ​គណបក្ស​មិន​ជាប់​ឆ្នោត និង​បក្ស​កាន់​អំណាច។

កាល​ពី​ក្រសួង​អប់រំ លុប​ឈ្មោះ ​នៅ​ឆ្នាំ២០១៨ ក្រុម​គ្រូ​បង្រៀន​ធ្លាប់​ទទួល​បាន​ជំនួយ​​បន្តិច​បន្តួច​ខ្លះ​ដែរ ​ពី​សប្បុរសជន​នៅ​ក្រៅ​ប្រទេស។ តែ​អ្វី ដែល​គ្រូ​បង្រៀន ១១នាក់​ ចង់​បាន​នោះ គឺ​យុត្តិធម៌ ដោយ​​ការ​ទទួល​បាន​ក្រប​ខណ្ឌ​​ក្រសួង​អប់រំ​វិញ។ គ្រូ​បង្រៀន​ទាំង​ ១១នាក់ អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ​ផ្ដល់​ក្រប​ខណ្ឌ​ការ​ងារ​ឲ្យ​ពួកគេ​វិញ ឲ្យ​បាន​ឆាប់ ដើម្បី​អាច​​ចូល​បម្រើ​ការងារ​បម្រើ​ជាតិ​ និង​ទទួល​បាន​​ប្រាក់​កម្រៃ​ចិញ្ចឹម​ខ្លួន​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "គ្រូ​បង្រៀន​ ១១នាក់ ​ដែល​ត្រូវបណ្ដេញ​ចេញ​ពី​ក្រប​ខណ្ឌ ​​​រង​ការ​រើស​អើង និង​ជីវភាព​ធ្លាក់​ចុះ​ដុនដាប​"

  1. so socheath says:

    ​សូមនិយាយការពិតបន្តិចចុះ
    រដ្ឋាភិបាល មិនឲ្យរើសអើងទេ នរណា បុគ្គលណា បក្សណា នោះទេ !
    តែអ្នកភូមិ អ្នកស្រុក តាមការសង្កេតរបស់ខ្ញុំ គឺ​ពួកគាត់ខ្ពើមពួកវា ប្រៀបបានពួកគាត់ដើរ
    ជួបលាមក (អាចម៍) ​ក្នុងពេលគាត់ឃើញ គាត់លឺឈ្មោះ ​ពួក អាបក្សអាសាងគ្រោះជាតិ ។
    ​​ពួកគាត់តែងនិយាយថា ជួបពួកអាតិរច្ឆានបក្សសាងគ្រោះជាតិ ​រូបគាត់​ហាក់ដូចជាពួកវា
    ទាញឲ្យចុះនរកទាំងភ្នែកស្រស់​ ។