ច្បាប់ដាក់ទណ្ឌកម្មមន្រ្តីរបបលោក ហ៊ុន សែន នឹងត្រូវរដ្ឋសភាអាមេរិក អនុម័តព្រឹកនេះ

មួង ណារ៉េត
2019-07-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ថិត យ៉ូហូ (Ted YOHO) សមាជិកសភា​អាមេរិក​ពី​គណបក្ស​សាធារណរដ្ឋ ជា​តំណាង​រាស្ត្រ​ប្រចាំ​រដ្ឋ ហ្ល័រីដា (Florida)។ Screenshot from Ted Yoho facebok
លោក ថិត យ៉ូហូ (Ted YOHO) សមាជិកសភា​អាមេរិក​ពី​គណបក្ស​សាធារណរដ្ឋ ជា​តំណាង​រាស្ត្រ​ប្រចាំ​រដ្ឋ ហ្ល័រីដា (Florida)។ Screenshot from Ted Yoho facebok


ច្បាប់​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្រ្តីនៃ​របបក្រុងភ្នំពេញ នឹង​ត្រូ​វ​រដ្ឋសភាអាមេរិក អនុម័ត​​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី១៦ ខែ​កក្កដា​នេះ។

នាយក​ផ្នែក​ទំនាក់ទំនង នៃ​ការិយាល័យ​តំណាងរាស្ត្រ​របស់​លោក ថិត យ៉ូហូ (Ted YOHO) គឺ​​លោក ប្រ៊ៃអិន ខាវ៉ិននី (Brian Kaveney) ឲ្យ​អាស៊ីសេរីដឹង កាលពីយប់​ម្សិលមិញ ថា​សេចក្ដី​ព្រាងច្បាប់ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជាឆ្នាំ២០១៩ ឬ H.R 526 នឹង​​ត្រូវ​​រដ្ឋសភាបោះឆ្នោត​​អនុម័ត​នៅ​ម៉ោង ៦:៣០ ព្រឹកនេះ។

សមាជិកសភា​អាមេរិកលោក ថិត យ៉ូហូ (Ted YOHO) ដែលជាអ្នកស្នើច្បាប់នេះ ធ្លាប់​បាន​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ ថា​ច្បាប់​នេះ ​នឹង​ត្រូវ​សភាអនុម័ត ដោយ​គ្មាន​ជំទាស់ ឬ​អល់អែក​អ្វី​នោះ​ឡើយ។ លោក​សង្ឃឹមរហូត​ដល់ ១០០​ភាគរយ ថាច្បាប់​នេះ ​នឹង​ត្រូវ​រដ្ឋសភា​យល់ព្រម​ជា​ឯកច្ឆន្ទ។

ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្ដី​ស្នើ​ច្បាប់​នេះ គឺ​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របប​លោក និង​ជន​ឯទៀត ដែល​ចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។ ទណ្ឌកម្ម​ទាំងនោះ រួមមាន​ពីរ​ធំៗ គឺ​ទី​មួយ បិទ​ទិដ្ឋាការ ដោយ​មិន​ឱ្យ​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ​ទាំងនោះ ចូល​ទឹកដី​អាមេរិក និង​ពីរ បង្កក​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ​ទាំងនោះ។

សេចក្តី​ស្នើច្បាប់​ស្តីពីប្រជាធិបតេយ្យ​កម្ពុជានេះ​ ធ្លាប់​ត្រូវ​បាន​អនុម័តជាឯកច្ឆន្ទ​ម្តង​រួច​ទៅហើយ ដោយ​សមាជិកសភាទាំងពីរ​គណបក្ស កាលពីខែ កក្កដា ឆ្នាំ ២០១៨។ ប៉ុន្តែ ព្រឹទ្ធសភា​អាមេរិកកាលណោះ​ មិនមានពេលវេលាគ្រប់គ្រាន់ ដើម្បី​អនុវត្ត​ច្បាប់​​នេះ​ឲ្យ​​ទាន់​​មុន​ដាច់​​ឆ្នាំ​នោះ។

គិត​ត្រឹម​ខែមិថុនា ច្បាប់​នេះ មាន​សមាជិកសភា​ ៩រូប មកពី​ខាង​គណបក្ស​កាន់អំណាច និង​គណបក្សប្រឆាំង ចុះហត្ថលេខា​គាំទ្រ (sponsor) រួមមាន​ទាំង​លោក អាឡាន់ ឡូវិនថល (Alan LOWENTHAL) និង​លោក ស្ទីវ ឆាបុត (Steve Chabot) ផង។

លោក ថិត យ៉ូហូ (Ted YOHO) ​រំពឹង​ថា នៅ ៦​ខែ ឬ​មួយ​ឆ្នាំ មុន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន។ ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២០។

ស្របពេលដែលច្បាប់​ដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង មន្រ្តីរបបនេះ ត្រូវ​បាន​រដ្ឋសភា​គ្រោង​នឹងអនុម័តក្នុងថ្ងៃនេះ សមាជិករដ្ឋសភា និង សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ក៏បាន​ស្នើច្បាប់​មួយទៀត គឺច្បាប់​ស្តីពីពាណិជ្ជកម្ម​កម្ពុជាឆ្នាំ ២០១៩ ដើម្បី​ព្យួរការអនុគ្រោះពន្ធទូទៅ ឬ GSP ពីកម្ពុជា បើរបបលោក​ ហ៊ុន សែន មិន​ព្រម​ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឲ្យ​បាន​ឆាប់។

របបលោក ហ៊ុន សែន កំពុង​រង​សម្ពាធផ្ទួនៗ ពីសហគមន៍អន្តរជាតិ ជាពិសេស​សហដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ដែល​ទាមទារ​​ឲ្យ​​របប​នេះ អនុញ្ញាតឲ្យ​គណបក្សសង្គ្រោះជាតិ​ បើកដំណើរការ​ឡើងវិញ និង​រៀបចំឲ្យ​មានការបោះឆ្នោតមួយ ដោយ​សេរី​ ត្រឹមត្រូវ​ និង​ យុត្តិធម៌ ដោយ​មាន​គណបក្សប្រឆាំង​ចូលរួម។

សូម​លោកអ្នកនាង រង់ចាំស្តាប់​សេចក្តី​រាយការណ៍​លម្អិត ជុំវិញរឿងនេះបន្ថែមទៀត នៅ​ក្នុងការ​ផ្សាយ​របស់អាស៊ីសេរី នៅ​យប់នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "ច្បាប់ដាក់ទណ្ឌកម្មមន្រ្តីរបបលោក ហ៊ុន សែន នឹងត្រូវរដ្ឋសភាអាមេរិក អនុម័តព្រឹកនេះ"

  1. so socheath says:

    សេចក្តីស្នើច្បាប់របស់ សភាជាន់ទាបអាមេរិក ​ស្តី​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា (Cambodia Democracy Act) ឬ H.R. 526 នេះ ​បើនិយាយឲ្យចំទៅ វាដូចអត់មានប៉ះពាល់លើសសៃ
    រោមជើងរបស់ជនកម្ពុជាម្នាក់ណាផងហ្នឹង ។ អញ្ចឹង វាគ្មានអីចម្លែកទេ ។ គ្មានការរង្គោះរង្គើរសូម្បី
    រោមមួយសសៃ ។
    បិទទិដ្ឋាការ មិនឲ្យទៅអាមេរិក ? អាមេរិកមានស្អីល្អទៅ ដែលចង់ទៅនោះ ?
    អ្នកក្ររហេមរហាម សុំទានតាមដងផ្លូវ អំពើលួច ឆក់ ប្លន់ មានដូចបណ្តាប្រទេសដ៏ទៃដែរហ្នឹង ។
    ការរស់នៅស៊ីតែរបស់ផ្អាប់ ព្រោះចង់ទៅផ្សារ ស៊ីរបស់ស្រស់ៗ ត្រូវជិះឡានរាប់សឹប រយគីឡូ
    សូម្បីចង់ផឹកកាហ្វេជុំគ្នាមួយកែវក្តី ។
    ទាល់តែយូរបានចង់ ។ អត់មានភារកិច្ចឲ្យទៅបំពេញការងារនៅទីនោះ ចាំតែចង់ទៅ
    ចង់ទៅរស់នៅតើ ។
    គ្មានអ្វីល្អជាងកម្ពុជាទេ ផ្ទះថ្ម មិនប្រាកដថាល្អជាងផ្ទះឈើឯណា !
    ថែតែសន្តិភាពដែលតេជោហ៊ុន សែន រកបានដោយកម្រ ឲ្យបានគង់វង្ស អាមេរិក មិននៅឆ្ងាយ
    ​ប៉ុន្មាន ពីការរីកចម្រើនរបស់កម្ពុជានោះទេ ។