មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​ហៅ​សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ថា​ជា​ការ​​ប្រឆាំង​សន្តិភាព​នៅ​កម្ពុជា

នយោបាយ


រូបឯកសារ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាល ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)


16 កក្កដា 2019
កាន់ វិច្ឆិកា
វីអូអេខ្មែរ

មួយថ្ងៃ​បន្ទាប់​ពី​សភា​តំណាងរាស្រ្ត​​​សហរដ្ឋ​អាមេរិក ​​​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ ក្រុម​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រតិកម្ម​​ថា ​​សេចក្តី​ព្រាង​ច្បាប់​នេះ​ ជា​ទង្វើ​ប្រឆាំង​សន្តិភាព​នៅ​​កម្ពុជា។

ក្រុម​មន្ត្រី​កម្ពុជាបាន​ស្តី​បន្ទោស​ដល់​សភា​សហរដ្ឋ​អាមេរិក​ថា ​«មិន​បាន​យល់​ពី​ការពិត​នៅ​កម្ពុជា» ​ដោយបានអនុម័ត​សេចក្តី​ស្នើ​ច្បាប់​មួយ​ដែល ​«ប្រឆាំង​នឹង​សន្តិភាព» ​របស់​ប្រទេស​កម្ពុជា។

កាលពី​ថ្ងៃ​ច័ន្ទ​សមាជិក​សភាតំណាងរាស្រ្តរបស់​សហរដ្ឋ​អាមេរិក​ បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​នូវ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា (Cambodia Democracy Act) ឬ H.R. 526 ដើម្បី​ដាក់​ទណ្ឌកម្ម មន្ត្រី​កម្ពុជា​និង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​ ក្រោយ​ពី​មាន​ការធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​ជាង​២ឆ្នាំ​មក​នេះ។

សេចក្តី​ស្នើ​ច្បាប់​ដែល​គាំទ្រ​ដោយ​គណបក្ស​ធំៗ​ទាំងពីរ​នៅ​សហរដ្ឋ​អាមេរិក​គឺ​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ បង្កើត​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ឱ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ គោរព​សិទ្ធិ​សេរីភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា ​និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ទិដ្ឋាការ​លើ​មន្ត្រី​យោធា​និង​មន្ត្រីស៊ីវិល​កម្ពុជា​ណា​ ដែល​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​រំលោភ​សិទ្ធិ​មនុស្ស។

​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​បាន​ឆ្លើយ​តបនា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា «ថ្នាក់​ដឹកនាំ​នៃ​រាជ​រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា មិន​អាច​ទទួល​យក»​សេចក្តី​ស្នើ​ច្បាប់​នេះបាន​ទេ។​ មូលហេតុ​គឺ​ដោយសារ​សេចក្តីស្នើ​ច្បាប់​នេះ«បាន​ធ្វើ​ឡើង​ផ្អែក​ទៅ​លើ​ការ​ចោទ​ប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ បង្ហាញ​តែ​មហិច្ឆិតា​នយោបាយ​ជា​ប្រវត្តិ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​តែ​ប៉ុណ្ណោះ»។

ក្នុង​សេចក្តី​អត្ថា​ធិប្បាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​ដដែល​បានចាត់ទុក​ថា​ សេចក្តី​ស្នើ​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ «ជា​ទង្វើ​ប្រឆាំង​សន្តិភាព ស្ថិរភាព និង​វិបុលភាព​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។

ជាមួយ​គ្នា​នេះ​លោក ផៃ ស៊ីផាន អំពាវ​នាវ​ទៅ​កាន់​ព្រឹទ្ធសភា​និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ឲ្យ​ពិចារណា​ឡើង​វិញ​នូវ​ជំហរ​របស់​ខ្លួន​សម្រាប់​កម្ពុជា​ដើម្បី​ជា​ប្រយោជន៍​នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី។

សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​រៀបរាប់​អំពី​ការ​បន្ត​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន រហូត​ដល់​ទៅ​ជិត​៤០​ឆ្នាំ​និង​គ្រប់គ្រង​រាល់​ក្បាល​ម៉ាស៊ីន​សំខាន់ៗ​ទាំងអស់របស់​រដ្ឋ ព្រម​ទាំង​លើកឡើង​ថា ការបោះឆ្នោត​ចំនួន​៦​ដង ពី​ឆ្នាំ​១៩៩១​មក សុទ្ធ​តែ​មិនមាន​ភាព​សេរី និង​យុត្តិធម៌។ សេចក្តី​ព្រាង​ច្បាប់​នោះ​ក៏​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ក្រាប​ក្រុម​អង្គការ​សង្គម​ស៊ីវិល និងសារព័ត៌មាន​ឯករាជ្យ ព្រម​ទាំង​ចាប់​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​ ដាក់​ពន្ធនាគារ​និង​បន្ត​ឃុំខ្លួន​នៅ​លំនៅដ្ឋាន ហើយ​រំលាយ​គណបក្ស​នេះ​ចោល​និង​រៀបចំ​ការបោះឆ្នោត​ដោយ​មិន​មាន​គូ​ប្រជែង។

រូបឯកសារ៖ លោក​ សុខ ឥសាន ឆ្លើយ​សំណួរ​របស់​ VOA នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ព្រឹទ្ធសភា អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

រូបឯកសារ៖ លោក​ សុខ ឥសាន ឆ្លើយ​សំណួរ​របស់​ VOA នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ព្រឹទ្ធសភា អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)


លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន និង​ជា​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​មួយ​រូប ​បាន​សម្តែងការ​សោក​ស្តាយ​ចំពោះ​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​នៃ​សមាជិក​សភា​អាមេរិកដោយ​លោក​យល់​ថា​សហរដ្ឋ​អាមេរិកមិន​បាន​សិក្សា​អំពី​ការ​ពិត​នៅ​កម្ពុជា។

«ខ្ញុំ​យល់​ថា​ អាហ្នឹង​គាត់​ទី​១​ក្តាប់​ព័ត៌មាន​ពិត​ពី​កម្ពុជាមិន​បាន។ ទី២​គាត់​មាន​សតិ​អារម្មណ៍​លម្អៀង​ខាងនយោបាយ គាត់​មិន​ឯករាជ្យ​ទេ។ ហើយទី​៣​ខ្ញុំ​មើល​ទៅ​ដូច​ថាគាត់​អនុវត្ត​តួនាទី​ភារកិច្ច​ជា​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​មក​ធ្វើ​ការ​ឲ្យ​កម្ពុជា​ហ្នឹង​ដូចជាមិន​ត្រូវ​ទេ»។

​ទោះ​យ៉ាង​ណា​លោក​ សុខ ឥសាន បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​មក​លើ​មន្រ្តី​ជាន់​ខ្ពស់​របស់​កម្ពុជា មិន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​កម្ពុជា​នោះ​ទេ។

រូបឯកសារ៖ ឡេង ប៉េងឡុង អ្នកនាំពាក្យព្រឹទ្ធសភា កំពុងផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបន្ទាប់ពី ក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី ០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

រូបឯកសារ៖ ឡេង ប៉េងឡុង អ្នកនាំពាក្យព្រឹទ្ធសភា កំពុងផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបន្ទាប់ពី ក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី ០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)


ដូច​គ្នា​នេះ​ដែរ​លោក ឡេង ប៉េងឡុង​ អ្នកនាំពាក្យ​រដ្ឋសភា​ជាតិបាន​ហៅ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា «មិន​ឆ្លុះ​បញ្ចាំង​ពី​ការពិត»។ លោក​បន្ត​ថា​ សហរដ្ឋ​អាមេរិក​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​តាម​បង្គាប់​របស់​ខ្លួន។

«តាំង​ពី៥៩ (១៩៥៩) រហូត​ដល់​ឥឡូវ​ហ្នឹង។ ៥៩ ហើយ សម័យ លន់ នល់ ទៀត ហើយ​មក​ដល់​ឥលូវ​ហ្នឹង​ទៀត គឺ​នៅ​តែ​ចង់​បាន​យក​កម្ពុជា​ដើរ​តាម​ការបង្គាប់​បញ្ជា​របស់​អាមេរិកាំង»។

អ្នកស្រី Emily Zeeberg អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជាប្រាប់​ VOA តាម​រយៈ​សារ​អេឡិច​ត្រូ​និច ឬ​អ៊ីម៉ែល​ថា «ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ២០១៩​ ដែល​បាន​អនុម័ត​ដោយ​សភា​តំណាងរាស្ត្រ​អាមេរិក​ បាន​បង្ហាញ​ពី​ការព្រួយ​បារម្ភ​របស់​សមាជិក​សភា​វ៉ាស៊ីន​តោន​យ៉ាង​ពិត​ប្រាកដ​ អំពី​ការលុប​បំបាត់​សិទ្ធិ​មនុស្ស និង​ការធ្លាក់​ចុះ​នៃ​ស្ថាប័ន​ប្រជា​ធិបតេយ្យ​នៅកម្ពុជា»។

រូបឯកសារ៖ លោក ​អំ សំអាត មន្រ្តី​ជាន់ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ។

រូបឯកសារ៖ លោក ​អំ សំអាត មន្រ្តី​ជាន់ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ។


លោក អំ សំអាត មន្រ្តី​ជាន់ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លើកឡើង​ថា ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​របស់​សហរដ្ឋ​អាមេរិក​អាច​នឹង​ជួយ​ជំរុញ ឲ្យ​ស្ថានភាព​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ប្រសើរ​ជាង​មុន។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​ពិនិត្យ​រាល់​សំណើ​របស់​អន្តរជាតិ ដែល​ស្នើ​ឲ្យ​មាន​ការពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​រក្សា​មុខ​មាត់ និង​ផល​ប្រយោជន៍​របស់​កម្ពុជា។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ​ត្រូវ​ឆ្លង​កាត់​ការ​អនុម័ត​ពី​ស្ថាប័ន​ព្រឹទ្ធសភា​និង​ការិយាល័យ​ប្រធានាធិបតី​ជាមុន​សិន​ ដើម្បី​អាច​ក្លាយ​ជា​ច្បាប់៕

What Next?

Recent Articles

One Response to "មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​ហៅ​សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ថា​ជា​ការ​​ប្រឆាំង​សន្តិភាព​នៅ​កម្ពុជា"

  1. so socheath says:

    សេចក្តីស្នើច្បាប់របស់ សភាជាន់ទាបអាមេរិក ​ស្តី​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា (Cambodia Democracy Act) ឬ H.R. 526 នេះ ​បើនិយាយឲ្យចំទៅ វាដូចអត់មានប៉ះពាល់លើសសៃ
    រោមជើងរបស់ជនកម្ពុជាម្នាក់ណាផងហ្នឹង ។ អញ្ចឹង វាគ្មានអីចម្លែកទេ ។ គ្មានការរង្គោះរង្គើរសូម្បី
    រោមមួយសសៃ ។
    បិទទិដ្ឋាការ មិនឲ្យទៅអាមេរិក ? អាមេរិកមានស្អីល្អទៅ ដែលចង់ទៅនោះ ?
    អ្នកក្ររហេមរហាម សុំទានតាមដងផ្លូវ អំពើលួច ឆក់ ប្លន់ មានដូចបណ្តាប្រទេសដ៏ទៃដែរហ្នឹង ។
    ការរស់នៅស៊ីតែរបស់ផ្អាប់ ព្រោះចង់ទៅផ្សារ ស៊ីរបស់ស្រស់ៗ ត្រូវជិះឡានរាប់សឹប រយគីឡូ
    សូម្បីចង់ផឹកកាហ្វេជុំគ្នាមួយកែវក្តី ។
    ទាល់តែយូរបានចង់ ។ អត់មានភារកិច្ចឲ្យទៅបំពេញការងារនៅទីនោះ ចាំតែចង់ទៅ
    ចង់ទៅរស់នៅតើ ។
    គ្មានអ្វីល្អជាងកម្ពុជាទេ ផ្ទះថ្ម មិនប្រាកដថាល្អជាងផ្ទះឈើឯណា !
    ថែតែសន្តិភាពដែលតេជោហ៊ុន សែន រកបានដោយកម្រ ឲ្យបានគង់វង្ស អាមេរិក មិននៅឆ្ងាយ
    ​ប៉ុន្មាន ពីការរីកចម្រើនរបស់កម្ពុជានោះទេ