ម្តាយ​យុវជន​ សួង នាគព័ន្ធ​ ថា​ សមត្ថកិច្ច​តាម​ឃ្លាំមើល​ផ្ទះ​អ្នកស្រី​ខណៈ​ពេល​កូន​កំពុង​ជាប់ឃុំ

ដោយ ហេង រស្មី
2019-07-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន សួង នាគព័ន្ធ ពេល​នគរបាល​នាំ​ខ្លួន​មក​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​សាកសួរ នៅ​ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ២០១៩ អំពី​ខិតប័ណ្ណ​ចំនួន ១០សន្លឹក ដែល​មាន​រូប​មនុស្ស​លើក​ដៃ និង​សរសេរ​ទាមទារ​ឲ្យ​បញ្ឈប់​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់។ រូប៖ RFA
យុវជន សួង នាគព័ន្ធ ពេល​នគរបាល​នាំ​ខ្លួន​មក​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​សាកសួរ នៅ​ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ២០១៩ អំពី​ខិតប័ណ្ណ​ចំនួន ១០សន្លឹក ដែល​មាន​រូប​មនុស្ស​លើក​ដៃ និង​សរសេរ​ទាមទារ​ឲ្យ​បញ្ឈប់​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់។ រូប៖ RFA


ម្ដាយ​យុវជន​ សួង នាគព័ន្ធ​ និយាយ​ថា​ ក្រុម​សមត្ថកិច្ច​បាន​តាម​ឃ្លាំ​មើល​ផ្ទះ​អ្នក​ស្រី​ខណៈ​កូន​ប្រុស​ដែល​និយម​បណ្ឌិត កែម ឡី ​កំពុង​ជាប់​ឃុំឃាំង​ដោយ​អយុត្តិធម៌​។ មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ចាត់ទុកថា​ ទង្វើ​របស់​សមត្ថកិច្ច​បង្ហាញ​កាន់តែ​ច្បាស់​នូវ​អំពើ​អាក្រក់​របស់​ខ្លួន​ថែម​ទៀត​ពាក់ព័ន្ធ​នឹង​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។

អ្នក​ស្រី​ ថង លុន​ ម្ដាយ​យុវជន​សួង​ នាគព័ន្ធ​បញ្ជាក់​ថា​ អ្នក​ស្រី​មាន​​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​តាម​ឃ្លាំ​មើល​ផ្ទះ​របស់​អ្នកស្រី​ដែល​ធ្វើ​អោយ​សមាជិក​ក្រុម​គ្រួសារ​មិន​ហ៊ាន​ដើរ​ហើរ​បាន​ដោយ​សេរី​ដូច​ពី​ពេល​មុន​ទៀត​ឡើយ។

អ្នក​ស្រី​បញ្ជាក់​ថា​ ការ​ឃ្លាំ​មើល​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី១៥ ខែ​កក្កដា​កន្លងទៅ​នេះ​ ដោយ​មាន​ក្រុម​សមត្ថកិច្ច​ក្នុង​ឯកសណ្ឋាន​ស៊ីវិល​​ និង​ ឯកសណ្ឋាន​ប៉ូលិស​ចំនួន ៣នាក់ បាន​ដាក់​ពង្រាយ​​ឃ្លាំ​មើល​ផ្ទះ​របស់​អ្នក​ស្រី​ដែល​មាន​ទីតាំង​ នៅ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ខាងជើង​ក្រុង​ភ្នំពេញ​។​អ្នកស្រី​ទាមទារ​អោយ​អង្គការ​សង្គម​ស៊ីវិល​ជួយ​ការពារ​សុវត្ថិភាព​ដល់​ក្រុម​គ្រួសារ​អ្នកស្រី ​ខ្លាច​ក្រែង​មាន​គ្រោះថ្នាក់​ដល់​សមាជិក​ក្រុម​គ្រួសារ​ខណៈ​កូន​របស់​ស្រី គឺ​លោក​ សួង នាគព័ន្ធ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស៖ «ខ្លះ​មាន​ខោ​អាវ​ទាហាន​ ខ្លះ​ខោអាវ​ធម្មតា»

យុវជន សួង នាគព័ន្ធ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ តាម​មាត្រា៤៩៤ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​ក្រោយ​មក​ត្រូវ​កងកម្លាំង​សមត្ថកិច្ច​របស់​របប​ក្រុង​ភ្នំពេញ​យក​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី១២ ខែ​កក្កដា ជាមួយ​នឹង​យុវជន​ គង់​ រ៉ៃយ៉ា​ ដោយសារ​តែ​លោក​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​លក់​អាវយឺត​ដែល​មាន​រូបលោក​បណ្ឌិត ​កែម ឡី និង​មាន​សារ​នៅ​លើ​អាវ​យឺត​ថា “បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ ក៏​គង់​នឹង​រង​គ្រោះ​ដែរ គ្រាន់​តែ​មិន​ទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ”។

របប​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​យុវជន សួង នាគព័ន្ធ​កាល​ពី​ថ្ងៃ​ទី១០ កក្កដា ជាមួយ​នឹង​កូន​ភ្លោះ​ពី​នាក់​បង​ប្អូន​ជុំ ហួត និង​ ជុំ ហួរ តែ​ក្រោយ​មក​សមត្ថកិច្ច​បាន​ដោះ​លែង​បងប្អូន​ទាំង​ពីរ​នាក់​នោះ​មក​វិញ។

ការ​ចាប់​ខ្លួន​យុវជន​ សួង នាគព័ន្ធ​នេះ​ដោយ​សារ​តែ​ក្រុម​សមត្ថកិច្ច​ចោទ​ប្រកាន់​ថា យុវជន​រូប​នេះ​បាន​ចែក​ចាយ​ខិត្តប័ណ្ណ​ក្នុង​ថ្ងៃ​គម្រប់​ខួប ៣ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម ឡី ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ ឆាយ គឹមឃឿន​ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​ទេ​ដោយ​សារ​តែ​លោក​ មិន​លើក​ទូរស័ព្ទ។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​​​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ ចាត់​ទុក​ថា​ ការ​ដាក់​កម្លាំង​ឃ្លាំ​មើល​របស់​សមត្ថកិច្ច​គឺ​ជា​ការ​រំលោភ​ច្បាប់​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​​​ ហើយ​ជាពិសេស​ គឺជា​ការ​គំរាម​កំហែង​ថ្មី​មួយ​ទៀត​ដល់​ការ​រស់​នៅ​ សន្តិសុខ​ និង​ សុវត្ថិភាព​ របស់​​គ្រួសារ​រងគ្រោះ៖ «ទិដ្ឋភាព​ទាំង​អស់​នេះ​ធ្វើ​ឱ​កាន់តែ​មើល​ឃើញ​ថា វា​ជា​រឿង​មួយ ដែល​គួរ​ឱ្យ​ហួស​ចិត្ត និង​សោក​ស្ដាយ​កាន់​តែ​ខ្លាច​ទៅ​លើ​ទិដ្ឋភាព​ខ្លាច​ទៅ​លើ​ស្រមោល​លោក​បណ្ឌិត​ កែម ឡី​ តទៅទៀត ហើយ​បញ្ហា​ទាំង​អស់​នេះ​នឹង​អាច​ឈាន​ទៅ​រង​ការរិះគន់​បន្ថែម​ទៀត​ទាក់​ទិន​ទៅ​នឹង​ការ​បំបិទ​សិទ្ធិ​សេរីភាព​ របស់​ក្រុម​គ្រួសារ​លោក កែម ឡី»

បណ្ឌិត​ កែម ឡី​ ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០១៦ នៅ​ក្នុង ស្តារ ម៉ាត នៃ​ស្ថានីយ​ប្រេងសាំង កាល់តិច ជិត​ស្តុប​បូក​គោ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​ ក្រុម​យុវជន​មួយ​ចំនួន​ដែល​និយម​បណ្ឌិត កែម ឡី​ បាន​នាំគ្នា​យក​កម្រងផ្កា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ទៅ​ទី​កន្លែង​ដែល​ឃាតក​បាញ់​សម្លាប់​កាល​ពី​៣​ឆ្នាំ​មុន​តែ​សកម្មភាព​ត្រូវ​របប​ក្រុង​ភ្នំពេញ​ហាម​ឃាត់​នឹង​ចាប់​ខ្លួន​ លោក សួង នាគព័ន្ធ និង​លោក​ គង់ រ៉ៃយ៉ា​ ដែល​អ្នក​ទាំងពីរ​ជា​អ្នក​និយម​លោក​បណ្ឌិត​ កែម ឡី ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង​ដើម្បី​រង់ចាំ​ជំនុំ​ជម្រះ​ទោស។

ចំណែក​ឯ​លោក​ស្រី​ សុខ ស្រីនីច​ ភរិយា​គង់ រ៉ៃយ៉ា ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី​១៥​ កក្កដា​ថា​ ផ្ទះ​ជួល​របស់​អ្នកស្រី​នៅ​សង្កាត់​អូរ​បែក​ក្អម​ ក៏​ត្រូវ​កងកម្លាំង​មាន​សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​ដាក់​កម្លាំង​តាម​ឃ្លាំ​មើល​ក្រោយ​ពី​ស្វាមី​បាន​ជាប់​ឃុំ។

តុលាការ​ក្រុង​​ភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក​ គង់ រ៉ៃយា​ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ តាម​មាត្រា៤៩៤ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ដូច​លោក​ សួង នាគព័ន្ធ ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles